សុបិន (គ្មានជើង ត ទេ)

សូមផុស្ដម្ដងទៀត សម្រាប់អ្នកដែលមិនទាន់បានអាន

សុបិន ឬ សុបិន្ត មួយណាត្រូវ ???
សុបិន សរសេរបែបនេះគឺ ត្រូវ (មិនមានជើង ត ទេ)
សុបិន្ដ សរសេរបែបនេះគឺ ខុស
————————–
ដែលខ្ញុំលើកយកពាក្យនេះមកចែករំលែក ព្រោះខ្ញុំបានឃើញសរសេរខុសស្ទើរទាំងអស់ក៏ថាបាន ខ្ញុំពុំមានចេតនានឹងមើលងាយមើលថោកអ្នកណាមួយឡើយ
មុននឹងអធិប្បាយប្រភពនៃពាក្យនេះ សូមជូនជាយោបល់សម្រាប់អ្នកដែលចេះសូត្រធម៌ ដែលហៅដោយខ្លីថាធម៌ យន្ទុន សម្រាប់ជាជំនួយចាំមិនឱ្យសរសេរខុស ធម៌នេះព្រះសង្ឃលោកសូត្រជាទួទៅក្នុងពិធីបុណ្យផ្សេងៗថា

យន្ទុន្និមិត្តំ អវមង្គលញ្ច យោ ចាមនោបោ សកុណស្ស សទ្ទោ បាបគ្គហោ [ទុស្សុបិនំ] អកន្ដំ ពុទ្ធានុភាវេន វិនាសមេន្តុ ។ (ចប់ទី ២ និងទី ៣ ដូរត្រង់ ពុទ្ធានុភាវេន ជា ធម្មានុវេន… សង្ឃានុភាវេន តាមលំដាប់)

ត្រង់ពាក្យថា [ទុស្សុបិនំ] ខ្ញុំដាក់សញ្ញា […] ទុកដើម្បីឱ្យឃើញច្បាស់ គឺ ទុ(អាក្រក់ + សុបិនំ(ការយល់សប្ដិ), សុបិនំ អានថា សុ-ប៉ិ-ណាំង នេះគឺពាក្យសម្រាប់ជួយចាំ មិនមានជើង ត ទេ បើមានជើង ត ត្រូវសូត្រថា (សុបិន្តំ) សុ-ប៉ិន-តាំង ហើយ

សូមប្រែជូនតាមការចេះដឹងបន្ដិចបន្ដួចរបស់ខ្ញុំដូចតទៅនេះ

យំ ទុន្និមិត្តំ ច និមិត្តអាក្រក់ឯណាក្ដី, យំ អវមង្គលំ ច អពមង្គលឯណាក្ដី, យោ អមនាបោ សកុណស្ស សទ្ទោ ច សំឡេងសកុណជាតិ ដែលមិនជាទីគាប់ចិត្តឯណាក្ដី, យោ បាបគ្គហោ ច បាបគ្រោះឯណាក្ដី, យំ ទុស្សុបិនំ អកន្ដំ ច សុបិនអាក្រក់ ដែលមិនជាទីពេញចិត្តឯណាក្ដី, វិនាសមេន្ដុ ចូរឱ្យវិនាសបាត់បង់ទៅ, ពុទ្ធានុភាវេន ដោយអានុភាពនៃព្រះពុទ្ធជាម្ចាស់ ។ (ប្រែរួបដោយអំណាច ច សព្ទ)

យប់ណាមានការយល់សប្ដីមិនល្អកើតឡើង បុរាណលោកថា ពេលភ្ញាក់ដឹងខ្លួនពេលណា ឱ្យសូត្រភ្លាម អ្នកណាចង់បដិបត្តិតាមវិធីបុរាណនេះក៏បាន ….
———————-
ប្រភពនៃពាក្យ

វចនា. សម្ដេចជ.ណ. ទំព័រ ១៣៧៦ ថា
សុបិន ន. (បា.; សំ. ស្វប្ន) ការដេកលក់ ។ ប្រើសំដៅសេចក្ដីថា “ការយល់សប្ដិឃើញ” ។

ក្នុងបទានុក្រមធម្មបទ ភាគ ៣ ទំព័រ ៤៤១-៤៤២ ថា
សុបិន នបុំ. [សុប + ឥន] យល់សប្ដិ, សេចក្ដីយល់សប្ដិ ។ វិ. សុបនំ > សុបិនំ សុបិយតេតិ វា > សុបិនំ ។
———————

សេចក្ដីអធិប្បាយបន្ថែម

សុបិន (សុ-ប៉ិ-ណៈ) នេះជាភាសាបាលី
សុប ធាតុ = ដេកលក់ + ឥន(អិ-ណៈ)បច្ច័យ
សុប + ឥន = សុបិន (សន្ធិស្រៈ ឥ ទៅលើ ប)
ថ្វីត្បិតតែតាមសព្ទប្រែថា ការដេកលក់ ប៉ុន្ដែក្នុងការប្រើជាទូទៅសំដៅយកការយល់សប្ដិដូចវចនានុក្រមបានពន្យល់ដែលខ្ញុំលើកមកជូនខាងលើរួចហើយ

សម្រាប់សំស្ក្រឹត តាមគម្ពីរអភិធានមាន ២ ពាក្យគឺ
១. ស្វបន ន. និទ្រា, ការដេកលក់, ការដេក, sleep, sleeping.
២. ស្វប្ន ន. និទ្រា, ការយល់សប្ដិ sleep; dreaming; a dream.

ក្នុងគម្ពីរ(មានសមន្ដបាសាទិកា អដ្ឋកថាព្រះវិន័យជាដើម) លោកបានសម្ដែងហេតុនៃការយល់សប្ដិទុកថាមាន ៤ យ៉ាងគឺ

១. ធាតុក្ខាភតោ ធាតុក្នុងរាងកាយប្រែប្រួលមិនប្រក្រតី
២. អនុភូតបុព្វតោ រឿងដែលឃើញមកពីមុន ចិត្តទាក់ទាញយករឿងនោះមកជាអារម្មណ៍
៣. ទេវតោបសំហារតោ ទេវតានាំរឿងនោះៗមកបណ្ដាលឱ្យយល់សប្ដិឃើញ
៤. បុព្វនិមិត្តតោ មានហេតុជាបុព្វនិមិត្តឱ្យដឹងថានឹងមានរឿងកើតឡើង

បណ្ដាហេតុឱ្យយល់សប្ដិទាំង ៤ នេះ លោកថា
យល់សប្ដិព្រោះខទី ១, ២ ជឿមិនបានទេ គឺមិនពិតនោះឯង
យល់សប្ដិព្រោះខទី ៣ ជឿបានខ្លះ មិនបានខ្លះ
យល់សប្ដិព្រោះខទី ៤ ជឿបាន គឺនឹងកើតរឿងពិត
—————-

មនុស្សក្លាហាន ហ៊ានក្លានឹងធ្វើសុបិនឱ្យជាការពិត
មនុស្សកំសាកចិត្ត សូម្បីតែការពិតក៏មិនហ៊ានឱ្យជាសុបិន ។

តាអារាមប៊យ
១៥ កក្កដា ២០១៧

🔸Last Updated កំណែចុងក្រោយ on March 27, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram