ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះនន្ទត្ថេរ ដែលត្រូវជាព្រះរាជឱរស របស់ព្រះនាងបជាបតិគោតមី ។ សម័យថ្ងៃមួយ ជាថ្ងៃរៀបមង្គលការ របស់ព្រះនន្ទកុមារ ជាមួយនឹងនាងជនបទកល្យាណី ។
គ្រានោះ ព្រះសាស្តា ស្តេចយាងទៅ ក្នុងពិធីរៀបមង្គលការ របស់នន្ទៈនោះដែរ ព្រះឣង្គទ្រង់បានប្រទាននូវបាត្រ ទៅឲ្យនន្ទៈកាន់ទ្រង់ត្រាស់មង្គលកថា ស្រេចហើយ ទើបស្តេចយាងត្រឡប់ទៅកាន់វត្តវិញ តែព្រះឣង្គទ្រង់មិនបានទទួលយកបាត្រ ឣំពីដៃរបស់ព្រះនន្ទៈ វិញឡើយ ។
ព្រះនន្ទៈ បានបីបាត្រ របស់ព្រះសាស្តា តាមក្រោយព្រះឣង្គ រហូតដល់វត្តតែម្តង ។ ព្រះសាស្តាទ្រង់ត្រាស់សួរព្រះនន្ទៈ ថាៈ នែនន្ទ ឣ្នកបួសឬ? ។ ព្រះនន្ទៈ មិនហ៊ានប្រកែក ទើបក្រាបទូលថាៈ បពិត្រព្រះឣង្គដ៏ចម្រើន ទូលព្រះបង្គំនឹងបួស ។ លុះព្រះនន្ទៈ បួសហើយ មិនបានរៀនសូត្រធម៌ឣាថ៌អ្វីសោះឡើយ ព្រោះមួយថ្ងៃៗ លោកកង្វល់តែនឹកទៅដល់នាងជនបទកល្យាណី ស្រីខត្តិយកញ្ញា ដែលទើបតែនឹងរៀបមង្គលការជាមួយគ្នា ហើយថ្មីៗ នោះ ។
ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបនាំព្រះនន្ទៈ ឲ្យទៅមើលពួកស្រីទេពឣប្សរបវរកញ្ញា ដែលមានរូបរាងត្រេកឣរ ជាងនាងជនបទកល្យាណី នៅឯឋានទេវលោក ហើយទ្រង់ត្រាស់ឣប់រំព្រះនន្ទៈ ថាៈ នែនន្ទៈ ចូរឣ្នកខិតខំ ព្យាយាមបំពេញសមណធម៌ ឲ្យបានត្រឹមត្រូវ, តថាគត នឹងជួយដណ្តឹងស្រីទេពឣប្សរបវរកញ្ញា ក្នុងឋានសួគ៌ានេះឲ្យឣ្នក, តើឣ្នកចង់បាននាងទេពឣប្សរបវរកញ្ញា ដែលមានរូបឆោមត្រេកឣរ បែបណា? ។
ព្រះនន្ទៈ បានឮយ៉ាងដូច្នោះហើយ មានចិត្តត្រេកឣរពន់ពេកណាស់ ខិតខំព្យាយាមបំពេញសមណធម៌ យ៉ាងខ្លាំងក្លា ជាទីបំផុត ព្រោះចង់បានស្រីទេពឣប្សរបវរកញ្ញានោះឯង ។
ពួកភិក្ខុទាំងឡាយ ដឹងរឿងនោះហើយ ទើបនាំគ្នានិយាយរិះគន់ព្រះនន្ទៈ ដោយប្រការផ្សេងៗ ថាៈ ព្រះនន្ទៈ ខំព្យាយាមបំពេញសមណធ៌ម ព្រោះចង់បាននាងទេពឣប្សរមកធ្វើជាភរិយា ។ ព្រះនន្ទៈ ឮពួកភិក្ខុតិះដៀល ដូច្នេះហើយ មានសេចក្តីឣៀនខ្មាស ខ្លាំងណាស់ ហើយបានប្រែចិត្តគំនិតជាថ្មី ខិតខំប្រឹងបំពេញសមណធម៌ តែម្នាក់ឯង នៅក្នុងព្រៃស្ងាត់ រហូតទាល់តែបានសម្រេចព្រះឣរហត្តផល ។
ក្រោយមក ពួកភិក្ខុបានសួរព្រះនន្ទៈ ថាៈ ម្នាលនន្ទៈ ឥឡូវ នេះ តើលោកចង់សឹកដែរឬទេ? ។ ព្រះនន្ទៈ ឆ្លើយថាៈ ខ្ញុំព្រះករុណា មិនត្រូវការចង់សឹកទៀតទេ ។ ពួកភិក្ខុ្ខ ឮដូច្នោះហើយ ក៏ចោទព្រះ នន្ទៈ ថាៈ ជាឣ្នកពោលឣួត នូវគុណធម៌ដែលមិនមានក្នុងខ្លួន ហើយបាននាំរឿងនេះ ទៅក្រាបទូលដល់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់ត្រាស់ ថាៈ ម្នាលភិក្ខុទាំងឡាយ ព្រះនន្ទៈ បានពោលត្រឹមត្រូវហើយ… បន្ទាប់ មកទ្រង់ត្រាស់ព្រះគាថានេះថា ៖
យថា ឣគារំ ទុច្ឆន្នំ | វុដ្ឋិ សមតិវិជ្ឈតិ |
ឯវំ ឣភាវិតំ ចិត្តំ | រាគោ សមតិវិជ្ឈតិ ។ |
យថា ឣគារំ សុច្ឆន្នំ | វុដ្ឋិ ន សមតិវិជ្ឈតិ |
ឯវំ សុភាវិតំ ចិត្តំ | រាគោ ន សមតិវិជ្ឈតិ ។ |
☸️តំណក់ទឹកភ្លៀង តែងលេចស្រោចនូវផ្ទះ ដែលគេប្រក់មិនបានជិតល្អហើយ យ៉ាងណាមិញ, រាគៈ តែងចាក់ទម្លុះនូវចិត្តដែលបុគ្គលមិនបានឣប់រំល្អហើយ ក៏យ៉ាងនោះដែរ ។
☸️តំណក់ទឹកភ្លៀង មិនលេចស្រោចនូវផ្ទះ ដែលគេបានប្រក់ជិតល្អហើយ យ៉ាងណាមិញ, រាគៈ ក៏មិនចាក់ទម្លុះនូវចិត្ត ដែលបុគ្គលបានឣប់រំល្អហើយ ក៏យ៉ាងនោះដែរ ។
ប្រភពៈ វិគីភីឌាខ្មែរ
ធម្មបទ (ធ័ម-មៈ-បត់) (ន.) (បាលី) (Dhammapada) ផ្លូវធម៌, លំអានធម៌ ។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។ គាថាធម្មបទ អាចត្រូវបានរកឃើញនៅក្នុងគម្ពីរសុត្តន្តបិដក សៀវភៅភាគ៥២ ទំព័រទី ២១ ដល់ទំព័រទី ១១២ នៃគម្ពីរព្រះត្រៃបិដករៀបរៀងជាភាសាខ្មែរ ។
ចំនួនវគ្គក្នុងគម្ពីរធម្មបទ
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ គឺ៖
១. យមកវគ្គ មាន ១៤ រឿង ២០ គាថា ១៤. ពុទ្ធវគ្គ មាន ៩ រឿង ១៨ គាថា ២. អប្បមាទវគ្គ មាន ៩ រឿង ១២ គាថា ១៥. សុខវគ្គ មាន ៨ រឿង ១២ គាថា ៣. ចិត្តវគ្គ មាន ៩ រឿង ១១ គាថា ១៦. បិយវគ្គ មាន ៩ រឿង ១២ គាថា ៤. បុប្ផវគ្គ មាន ១២ រឿង ១៦ គាថា ១៧. កោធវគ្គ មាន ៨ រឿង ១៤ គាថា ៥. ពាលវគ្គ មាន ១៥ រឿង ១៦ គាថា ១៨. មលវគ្គ មាន ១២ រឿង ២១ គាថា ៦. បណ្ឌិតវគ្គ មាន ១១ រឿង ១៦ គាថា ១៩. ធម្មដ្ឋវគ្គ មាន ១០ រឿង ១៧ គាថា ៧. អរហន្តវគ្គ មាន ១០ រឿង ១៤ គាថា ២០. មគ្គវគ្គ មាន ១២ រឿង ១៧ គាថា ៨. សហស្សវគ្គ មាន ១៤ រឿង ១០ គាថា ២១. បកិណ្ណកវគ្គ មាន ៩ រឿង ១៦ គាថា ៩. បាបវគ្គ មាន ១២ រឿង ១៦ គាថា ២២. និរយវគ្គ មាន ៩ រឿង ១៤ គាថា ១០. ទណ្ឌវគ្គ មាន ១១ រឿង ១៧ គាថា ២៣. នាគវគ្គ មាន ៨ រឿង ១៤ គាថា ១១. ជរាវគ្គ មាន ៩ រឿង ១១ គាថា ២៤. តណ្ហាវគ្គ មាន ១២ រឿង ២៦ គាថា ១២. អត្តវគ្គ មាន ១០ រឿង ១០ គាថា ២៥. ភិក្ខុវគ្គ មាន ១២ រឿង ២៣ គាថា ១៣. លោកវគ្គ មាន ១១ រឿង ១២ គាថា ២៦. ព្រាហ្មណវគ្គ មាន ៤០ រឿង ៤២ គាថា

🔸កំណែចុងក្រោយ Last Updated on April 17, 2025 by Johnny ចន្នី