សួរ- បើលោភៈ ទោសៈ មោហៈ នៅកើតបាន តើមនុស្សយើងនឹងអាចផុតអំពីអបាយភូមិបានដែរឬទេ? ពីព្រោះអ្វី?
ឆ្លើយ- មិនអាចផុតបានទេ ពីព្រោះមិនមានអ្វីជាគ្រឿងការពារបានឡើយ ។
សួរ- បើដូច្នោះ តើយើងត្រូវនាំគ្នាដើរតាមផ្លូវណា ទើបនឹងផុតអំពីអបាយភូមិបាន?
ឆ្លើយ- យើងត្រូវនាំគ្នាដើរតាមផ្លូវទៅកាន់ព្រះនិព្វាន ទើបនឹងផុតអំពីអបាយភូមិបាន ។
សួរ- ផ្លូវទៅកាន់ព្រះនិព្វាននោះ តើបានដល់អ្វី?
ឆ្លើយ- បានដល់ការចម្រើនសតិប្បដ្ឋានទាំង ៤ តាមបែបវិបស្សនាភាវនា គឺកាយានុបស្សនា- វេទនានុបស្សនា- ចិត្តានុបស្សនា- និងធម្មានុបស្សនាសតិប្បដ្ឋាន ។
ដកស្រង់ចេញពីសៀវភៅ ផ្លូវទៅនិព្វាន ទ. ១០៨-១០៩
———————
សេចក្ដីអធិប្បាយបន្ថែម(គោលធម៌)
អបាយភូមិ ៤ (ភាវៈឬទីកន្លែងដែលប្រាសចាកសេចក្ដីចម្រើន – Apāya: states of loss and woe; low states of existence; unhappy existence)
១. និរយៈ (នរក, សភាវៈឬទីកន្លែងដែលគ្មានសេចក្ដីសុខសេចក្ដីចម្រើន, ភាវៈក្ដៅរោលរាលអន្ទះសារ. Niraya:hell; woeful state)
២. តិរច្ឆានយោនិ (កំណើតតិរច្ឆាន, ពួកងងឹតល្ងង់ខ្លៅ. Tiracchānayoni: the animal kingdom; realm of beasts)
៣. បិត្តិវិស័យ (ដែនប្រេត, ភូមិនៃសត្វស្រេកឃ្លានប្រាសចាកសេចក្ដីសុខ – Pittivisaya: Realm of hungry ghosts)
៤. អសុរកាយ (ពួកអសុរ, ពួកញាប់ញ័រប្រាសចាកសេចក្ដីរីករាយ – Asurakāya: host of demons; the unrelenting and dejected; frightened ghosts)
———————
និព្វាន ២ (សភាពដែលរលត់កិលេសនិងកងទុក្ខហើយ, ភាវៈដែលជាសុខមានកម្រឹតខ្ពស់បំផុត ព្រោះប្រាសចាកកិលេសទុក្ខ ជាបូរណភាពនៃឥស្សរភាព – Nibbāna: Nirvāṇa; Nibbāna)
១. សឧបាទិសេសនិព្វាន (និព្វានដែលមានឧបាទិនៅសល់ – Saupādisesa-nibbāna: Nibbāna with the substratum of life remaining)
២.អនុបាទិសេសនិព្វាន (និព្វានដែលមិនមានឧបាទិនៅសល់ – Anupādisesa-nibbāna: Nibbāna without any the substratum of life remaining)
—————–
ពាក្យថា ឧបាទិ (ឬឧបធិ) ក្នុងទីនេះបានដល់ខន្ធ ពោលតាមភាសាសមញ្ញសឧបាទិសេសនិព្វាន គឺនិព្វានដែលមានបញ្ចក្ខន្ធនៅសល់ ហេតុដូច្នេះនិព្វានក្នុងខទី ១ គឺនិព្វានរបស់ព្រះអរហន្ដដែលនៅមានជីវិត ។ ចំណែកអនុបាទិសេសនិព្វាន គឺនិព្វានរបស់ព្រះអរហន្ដដែលរំលត់បញ្ចក្ខន្ធហើយ ។
ដូចមានសេចក្ដីអធិប្បាយម្យ៉ាងទៀតថា
១. និព្វានក្នុងខទី ១ គឺរលត់តែកិលេស នៅមានបញ្ចក្ខន្ធនៅសល់ (= កិលេសបរិនិព្វាន – Kilesa-parinibbāna: extinction of the defilements)
២. និព្វានក្នុងខទី ២ គឺរលត់កិលេស មិនមានបញ្ចក្ខន្ធនៅសល់ (= ខន្ធបរិនិព្វាន – Khandha-parinibbāna: extinction of the Aggregates)
និព្វានក្នុងខទី ១ ជានិព្វានរបស់ព្រះអរហន្ដដែលនៅសោយអារម្មណ៍ជាទីគាប់ចិត្តនិងមិនជាទីគាប់ចិត្តតាមឥន្ទ្រិយ៍ ៥ នៅទទួលដឹងសុខទុក្ខ ។
និព្វានក្នុងខទី ២ ជានិព្វានរបស់ព្រះអរហន្ដដែលរម្ងាប់ការសោយអារម្មណ៍ទាំងពួងហើយ ។
ន័យមួយទៀត ពោលសំដៅបុគ្គលថា
១. សឧបាទិសេសបុគ្គល បានដល់ព្រះសេខៈ
២. អនុបាទិសេសបុគ្គល បានដល់ព្រះអសេខៈ
🔸Last Updated កំណែចុងក្រោយ on March 26, 2023