ប្រាសាទព្រះវិហារ

ប្រាសាទ​ព្រះវិហារ គឺជា​ប្រាសាទខ្មែរ នៅលើ​ពយ​តា​ឌី នៅជាប់​ច្រាំង​ថ្ម​កម្ពស់​៥២៥ ម៉ែត្រ នៃ​ភ្នំ​ដងរែក ក្នុង​ខេត្ត​ព្រះវិហារ នៃ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ ប្រាសាទ​នេះ បាន​ផ្តល់​ឈ្មោះ​ដល់​ខេត្ត​ព្រះវិហារ និង​មាន​ចម្ងាយ​១៤០​គ​.​ម ពី​ប្រាសាទ​អង្គរវត្ត និង​ប្រហែល ៣២០​គ​.​ម ពី​ទីក្រុង​ភ្នំពេញ​។

ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅ ភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរ៉ែក (ភ្នំព្រះវិហារ) ជាប់ព្រំប្រទល់ ប្រទេសថៃឡង់ដ៍ មានចំងាយ១០៨គ.ម ពីទីរួមខេត្តព្រះវិហារ (ស្រុកត្បែងមានជ័យ) តាមផ្លូវលេខ ២១១។ ខេត្តព្រះវិហារ បានបង្កើតឡើង នៅក្នុងឆ្នាំ ១៩៦៤ ដោយកាត់ដីពី ខេត្តស្ទឹងត្រែង កំពង់ធំ និង សៀមរាប។ ខេត្តនេះគឺនៅភាគខាងជើង នៃព្រះរាជាណាចក្រកម្ពុជា ជាខ្ពង់រាបដែលសំបូរទៅដោយព្រៃឈើ ភ្នំ និង ស្ទឹង ដងអូរ។

ប្រាសាទ​ព្រះវិហារ មាន​ទីតាំង​ដ៏​អស្ចារ្យ​បំផុត ក្នុងចំណោម​ប្រាសាទ​ដែល​បាន​សាងសង់​ក្នុងសម័យ​អាណាចក្រ​ខ្មែរ នៃ​សតវត្ស​ទី​៦​។ ប្រាសាទ​នេះ មាននូវ​វិហារ​ជាច្រើន ត​ភ្ជាប់​ដោយ​ប្រព័ន្ធ​កម្រាល​ថ្ម និង​ជណ្តើរ​មាន​ប្រវែង​ប្រហែល ៨០០​ម៉ែត្រ និង​ត្រូវបាន​សាងសង់​ឲ្យមើល​ឃើញ​នូវ​ទេសភាព​ដែល​នៅ​ជុំវិញ​នោះបាន​យ៉ាងច្បាស់​។ ប្រាសាទ​នេះ​ត្រូវបាន​ឧទ្ទិស​ដល់​ព្រះ​សិវៈ គឺ​មាន​ភាពខុសប្លែក​ពី​ប្រាសាទ​ដទៃ ក្នុងចំណោម​ប្រាសាទខ្មែរ ដែល បាន​សាងសង់ តាម​បណ្តោយ​អ័ក្ស​ជើង​ត្បូង ជា​ជាង​មាន​រាង​ជា​ចតុកោណកែង ឆ្ពោះ​ទៅ​ខាងកើត​។ ប៉ុន្តែ​ទោះបីជា​ប្រាសាទ​នេះ មាន​ភាព​ខុសប្លែក​គ្នា​ច្រើន​ពី​ប្រាសាទ​ភ្នំ ដែល​បាន​រកឃើញ​នៅ​អង្គរ គេ​ជឿ​ថា​ប្រាសាទ​ទាំងនេះ​ត្រូវបាន​សាងសង់​ឡើង តំណាងឲ្យ ភ្នំ​ព្រះ​សុ​មេរុ ដែល​ជា​ទីលំនៅ​របស់​អាទិទេព​។​

ប្រាសាទព្រះវិហារ មានទំហំ ៨០០ម×៤០០ម ស្ថិតនៅលើភ្នំព្រះវិហារដែលមានកំពស់ ៦២៥ម នៅតាមជួរភ្នំដងរែក ដោយមានចំណោតខ្លាំងពីផ្ទៃនៃ ព្រះរាជាណាចក្រកម្ពុជា និង រាងទេរពីប្រទេស ថៃឡង់ដ៏។ ប្រាសាទព្រះវិហារ មានច្រកចូល ៣ ទៅកាន់ប្រាសាទ៖
ច្រកតាមប្រទេសយើង គឺចូលតាមស្វាយជ្រុំ ដែលផ្លូវចាស់ មានកាំជណ្តើរឡើង ទៅកាន់កំពូលភ្នំ ដងរែកនៃប្រាសាទ ព្រះវិហារ។

ច្រកតាមប្រទេសយើង ដដែលគឺតាមផ្លូវ គ១ ដែលជាផ្លូវជួសជុលចាក់បេតុង សំរាប់ឡើងទៅកាន់ ប្រាសាទព្រះវិហារដែរ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងនៅក្នុងខេត្ត ក៏ដូចជាអ្នករកស៊ី លក់ដូរនៅទីនោះភាគច្រើននាំគ្នា ឡើងតាមផ្លូវនេះ ព្រោះងាយស្រួល ក្នុងការធ្វើដំណើរឡើង។
ច្រកចូលតាម ប្រទេសថៃឡង់ដ៏ ដែលភ្ញៀវទេសចរ អន្តរជាតិចូលចិត្តធ្វើដំណើរ តាមច្រកនេះ។

ប្រាសាទព្រះវិហារ ត្រូវបានបារាំង ប្រគល់ទៅឱ្យប្រទេសថៃឡង់ដ៏ កាន់កាប់នៅឆ្នាំ ១៩៥៤ ហើយត្រូវបាន ប្រគល់មកឱ្យព្រះរាជាណាចក្រ កម្ពុជាវិញតាមសាលដឺកា ចុះថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិ នាក្រុងឡាអេ។
ប្រាសាទព្រះវិហារ ជាប្រភេទរមណីយដ្ឋាន ប្រវត្តិសាស្រ្ត ដែលពីដើមមានឈ្មោះថា ស្រីសិខរីស្វារៈ ប្រែថា បារមីភ្នំ។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី៩ និង ដើមសតវត្សរ៍ទី១២ ដោយស្តេច៤អង្គគឺ៖

  1. ព្រះបាទ យសោវ័រ្មនទី១ (គ.ស ៨៨៩​ – ៩១០ ឬ ៩១០?)៖ ព្រះអង្គបានសាងសង់ ប្រាសាទកណ្តាល។ ព្រះបាទយសោវ័រ្មនទី១ បានបង្កើតរាជធានី យសោធរបុរៈ និង ជាក្សត្រដែលចូលចិត្ត សាងសង់ប្រាសាទ លើកំពូលភ្នំធម្មជាតិ។
  2. ព្រះបាទ សូរ្យវ័រ្មនទី១ (គ.ស ១០០២ – ១០៥០)៖ ព្រះអង្គបានសាងសង់ អាគារដ៏វែង នៅជិតប្រាសាទ កណ្តាល កំពែងព័ទ្ធជុំវិញ និង គោបុរៈបី។ យោងទៅតាម សិលាចារិករបស់ប្រាសាទ ព្រះបាទ សូរ្យវ័រ្មន បានរៀបចំពិធី ដើម្បីអញ្ជើញទេវ ភទ្រស្វរៈ ដែលគង់នៅវត្តភូ (ប្រទេសឡាវបច្ចុប្បន្ន) មកគង់នៅជាមួយនឹងទេវ ស្រីសិខរីស្វារៈ ដើម្បីជួយការពារ និង ថែរក្សាអាណាចក្រខ្មែរ និង ប្រជារាស្រ្ត។
  3. ព្រះបាទ ជ័យវ័រ្មនទី៦ (គ.ស ១០៨០ – ១១០៩)៖ ព្រះអង្គបានសាងសង់ បណ្ណាល័យពីរ និង ជួសជុល ផ្នែកមួយចំនួននៃប្រាសាទ។
  4. ព្រះបាទ សូរ្យវ័រ្មនទី២ (គ.ស ១១១៣ – ១១៥០)៖ ព្រះអង្គបានសាងសង់ ព្រះលាន ដែលមាន នាគក្បាលប្រាំពីរ រូបតោតាមផ្លូវ និង នាគជាច្រើនទៀត តាមជណ្តើរឡើង។ ព្រះអង្គក៏បានរៀបចំពិធី សម្ភោតប្រាសាទ និង ចាត់ទុកជាកន្លែង គោរពសម្រាប់ព្រះមហាក្សត្រ គ្រប់រូប។

មានរឿងទេវកថា របស់ព្រាហ្មណ៍សាសនា ជាច្រើន ដែលបានឆ្លាក់លើផ្តែរនៃប្រាសាទព្រះវិហារ។ រឿងពីរក្នុងចំណោម រឿងទាំងនោះ មានអត្ថន័យជ្រាលជ្រៅ គឺរឿងជ័យជំនៈ របស់គ្រឹស្ណៈ ដែលបង្ហាញពីជោគជ័យ ក្នុងការដណ្តើមយក ទឹកដីទន្លេយុមនា និង រឿងកូរសមុទ្រទឹកដោះ។
​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ភាពវាងវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រាសាទ ព្រះវិហារ​ត្រូវបាន​ដាក់បញ្ចូល និង​ប្រកាស​ជាបេ​តិកភ័​ណ្ឌ​ពិភពលោក ដោយ​អង្គការ UNESCO នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០០៨​។

(ប្រភព៖ ក្រសួងទេសចរណ៍ និងភូមិសាស្ត្រខ្មែរ)

🔸Last Updated កំណែចុងក្រោយ on July 26, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace