ប្រវត្តិព្រះពុទ្ធសាសនានៅកម្ពុជា

ព្រះពុទ្ធសាសនា​ចាប់កំណើត​ឡើង​នៅលើ​ទឹកដី​កម្ពុជា​តាំងពី​សតវត្ស​ទី៥មកម្ល៉េះ ដោយមាន​ប្រភព​ខ្លះ​បង្ហាញថា​នៅ​សតវត្ស​ទី៣នៃ​គ្រឹ​ស្ត​សករាជ និង​ឯកសារ​ខ្លះទៀត​បង្ហាញថា​ព្រះពុទ្ធសាសនា​ថេរវាទ​ត្រូវបាន​នាំចូល​មកលើ​ទឹកដី​កម្ពុជា​ក្នុង​រាជ​ព្រះបាទ​អសោក ដែល​បាន​បញ្ជូន​សមណ​ទូត២អង្គ​ព្រះនាម សោ​ណ​ត្ថេ​រ និង​ឧ​ត្ត​រ​ត្ថេ​រ មកកាន់​ទឹកដី​សុវណ្ណ​ភូមិ​តាំងពី​សតវត្ស​ទី៣មុន​គ្រឹ​ស្ត​សករាជ។ ហើយ​សាសនា​នេះ​បាន​បន្ត​រីកចម្រើន​បន្តិចម្តងៗជាមួយនឹង​ព្រហ្មញ្ញសាសនា ដូច​មាន​សិលាចារឹក មួយ​នៅលើ​ទឹកដី​វៀតណាម​សព្វថ្ងៃ គឺ​សិលាចារឹក​វ៉ូ​កាញ់ ខេត្ត​ញ៉ា​ត្រាង​ចុះ​កាលបរិច្ឆេទ​នា​សតវត្ស​ទី៣ ដែល​បាន​និយាយ​ពី​ព្រះមហាក្សត្រ​គឺ​ព្រះបាទ​ស្រី​មារ​ទាក់ទង​ទៅនឹង​ពុទ្ធសាសនា​នេះ​ផងដែរ។ ក្រៅពី​ការចូល​មកកាន់​ទឹកដី​ខ្មែរ​តាមរយៈ​អ្នក​ផ្សព្វផ្សាយ​ទាំងនោះ ពុទ្ធសាសនា​ក៏ត្រូវ​បានមក​តាមរយៈ​ពួក​អ្នកជំនួញ​ឥណ្ឌា​ផងដែរ។ ហើយ ចាប់ពី​សតវត្ស​ទី១៣រៀងមក លើកលែងតែ​នៅ​សម័យ​ដែល​ខ្មែរក្រហម​គ្រប់គ្រង​អំណាច ព្រះពុទ្ធសាសនា​បានក្លាយ​ទៅជា​សាសនា​របស់​រដ្ឋ ដែលមាន​ពុទ្ធសាសនិក​ជា​ខ្មែរ​ប្រមាណ​ជិត៩៥%នៃ​ប្រជាជន​សរុប។

☸️ពុទ្ធសាសនា​នៅ​សម័យ​ហ្វូណន

អាណាចក្រ​ហ្វូណន​ពី​សតវត្ស​ទី២មុន​គ្រឹ​ស្ត​សករាជ រហូតដល់​សតវត្ស​ទី៦នៃ​គ្រឹ​ស្ត​សករាជ បាន​កាន់​នូវ​លទ្ធិ​ហិណ្ឌូ​ដោយមាន​ព្រះមហាក្សត្រ​ជា​អ្នកដឹកនាំ និង​មាន​ជំនឿ​លើ​ព្រះ​សិវ និង​ព្រះ​វិស្ណុ។ ទោះជា​យ៉ាងនេះ​ក្ដី​ព្រះពុទ្ធសាសនា ក៏មាន​វត្តមាន​រួចជាស្រេច​ហើយ​នៅលើ​ទឹកដី​នៃ​អាណាចក្រ​នេះ ដែលជា​សាសនា​ទី២បន្ទាប់ពី ​ព្រាហ្មណ៍​សាសនា។ព្រះពុទ្ធសាសនា​មាន​ភាព​រីកចម្រើន​រុងរឿង​នៅ​កំឡុង​សតវត្ស ​ទី៥-៦នៃ​គ្រឹ​ស្ត​សករាជ​ក្នុង​រជ្ជកាល​ព្រះបាទ​កៅ​ឌិ​ណ្ឌ​ន្យ​វរ្ម័ន ព្រោះ​មានការ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ និង​ជាតិ​ឥណ្ឌា​ទៅកាន់​ប្រទេស​ចិន​ដើម្បី​យក​ឯកសារ និង​ពុទ្ធរូប​ទៅ​ថ្វាយ​ដល់​ស្ដេច​ក្រុង​ចិន ហើយ​ព្រមទាំង​បាន​ជួយ​បកប្រែ​គម្ពីរ​រ​ពី​សំស្ក្រឹត​ទៅ​ភាសា​ចិន​ទៀតផង។ ព្រះសង្ឃ​នាម​សង្ឃ​បាល​បាន​គង់នៅ ស្រុក​ចិន១៦ឆ្នាំ​ព្រមទាំង​បានទទួល​ងារ​ជា​ព្រះរាជ​គ្រូ​របស់​ចិន​ទៀតផង នេះ​ក៏​ព្រោះតែ​ចំណេះដឹង​ផ្នែក​សាសនា​របស់​ព្រះអង្គ។

☸️ពុទ្ធសាសនា​សម័យ​ចេនឡា

នៅ​សម័យ​ហ្វូណន​ព្រះពុទ្ធសាសនា​នៅ​រុងរឿង​គួរសម​នៅឡើយ។ លុះដល់​ចុង​សតវត្ស​ទី៧តាម​សង្ឃដីកា​របស់​ព្រះសង្ឃ​ចិន​មួយអង្គ​ព្រះនាម​យ៉ី​សិង ដែល​បាន​និមន្ត​ត្រឡប់​ពី​ប្រទេស​ឥណ្ឌា​ទៅកាន់​ប្រទេស​ចិន​កាត់​តាម​រាជាណាចក្រ​ចេនឡា​ឱ្យដឹងថា ‘ពី​ដើមឡើយ​ព្រះធម៌​មាន​ភាពរុងរឿង​ណាស់ ហើយ​បាន​ផ្សព្វផ្សាយ​គ្រប់ទិសទី តែ​ឥឡូវនេះ​ស្ដេច កំណាច មួយអង្គ​បាន​បំផ្លិច​បំផ្លាញចោល​អស់ ហើយ​ព្រះសង្ឃ​រកតែ​មួយអង្គ​និមន្ត​មិនបាន​ផង(ត្រឹង​ងា ប្រវត្តិសាស្ត្រ​ខ្មែរ​ភាគ១+២,១៩៧៣)។ តាមរយៈ​នេះ​ឃើញថា​ព្រះពុទ្ធសាសនា​ត្រូវបាន​សាបរលាប​នូវ​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​សតវត្ស​នេះ ប៉ុន្តែ​មិនមែន​មានន័យថា​បាត់បង់​ទាំងស្រុង​នោះទេ ផ្ទុយទៅវិញ​នៅ​សតវត្ស​ក្រោយមក​ពុទ្ធសាសនា​មហាយាន​បានចាប់ផ្ដើម​ផ្សាយ​ឥទ្ធិពល របស់ខ្លួន និង​មាន​ប្រជាពលរដ្ឋ​បាន​គោរពខ្លះៗហើយ។ នៅ​សម័យនេះ​មាន​សិលា​ចារិក​តែមួយគត់​ដែល​និយាយ​ពី​ព្រះ​ភិក្ខុ​ពុទ្ធសាសនា​ចំនួន​ពីរ​អង្គ។

☸️ពុទ្ធសាសនា​សម័យអង្គរ

បន្ទាប់ពី​ការ​ទ្រុឌទ្រោម​នៃ​លទ្ធិពុទ្ធ​សាសនា​ហីនយាន​នៅ​សម័យ​ចេនឡា​នា​កំឡុង​សតវត្ស​ទី៧មកពុទ្ធសាសនា មហាយាន​បានចាប់ផ្តើម​កកើតឡើង រហូតដល់​សម័យអង្គ​រ។ នៅក្នុង​សតវត្ស​ទី៩រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី២ មានការ ប្រារព្វ​ធ្វើ​ពិធី​ទេវរាជ​នៅលើ​ភ្នំ​គូលែន ដែល​អាច​បង្ហាញថា​ព្រះរាជា​អង្គ​នេះ​មាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​ព្រហ្មញ្ញសាសនា ដែលមាន​ឥទ្ធិពល​ខ្លាំងក្លា​នៅ​សម័យ​នោះ និង​មាន​ការគោរព​រាប់អាន​ខ្លាំង​ពី​ប្រជារាស្ត្រ​ខ្មែរ។ តែ​ទោះជា​យ៉ាងណាក្ដី​ក៏​ពុទ្ធសាសនា​មហាយាន​បាន​បន្ត​វត្តមាន​របស់ខ្លួន​ដដែល​នៅលើ​ទឹកដី​ខ្មែរ​លាយឡំ​ជាមួយនឹង​លទ្ធិ​ព្រា​ហ្ម​ផងដែរ។ តាមរយៈ​ឯកសារ​ខ្លះ​បាន​បង្ហាញថា​ពុទ្ធសាសនា​បាន​រីកចម្រើន និង​មានការ​ទទួលស្គាល់​បន្តិចម្ដងៗ ពី​ប្រជារាស្ត្រ និង​ព្រះមហាក្សត្រ​ខ្មែរ​បន្ត​បន្ទាប់មក។ នៅ​សតវត្ស​ទី៩ក្នុង​រាជ​ព្រះបាទ​យ​សោ​វរ្ម័នទី១ មានការ​សាងសង់​បារាយណ៍​ខាងកើត​ឈ្មោះ  យ​សោធ​រត​ដាក ដោយនៅ​ភាគ​ខាងកើត​លើ​ច្រាំង​នៃ​បារាយណ៍​នេះ​មានការ​សាងសង់​បន្ថែម​នូវ​អាស្រម​សម្រាប់​គណៈ​សាសនា​នៅ​សម័យ​នោះ​ដូចជា៖

🔸ព្រា​ហ្ម​ណា​ស្រម សម្រាប់​អ្នក​កាន់​និកាយ​ព្រះ​ឥសូរ

🔸វៃ​ស្ន​វា​ស្រម សម្រាប់​អ្នក​កាន់​និកាយ​ព្រះ​វិស្ណុ

🔸សៅ​គ​តា​ស្រម សម្រាប់​អ្នក​កាន់សាសនា​ព្រះពុទ្ធ

តាមរយៈ​នេះ​ឃើញថា​នៅ​សម័យ​នោះ​ពុំមាន​ការហាមឃាត់ មិនឱ្យ​គោរព​ព្រះពុទ្ធសាសនា​នោះទេ ទោះបី​ព្រាហ្មណ៍​សាសនា​មានការ​រីកចម្រើន​ខ្លាំង​ក៏ដោយ។ ហើយ​ព្រះមហាក្សត្រ​មានការ​បើកចំហ​ចំពោះ​ប្រជាពលរដ្ឋ​ឱ្យមាន​សិទ្ធិ​ក្នុង​ការគោរព​សាសនា​នោះដែរ។

តាម​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​យើង​សម័យអង្គរ​បានបង្ហាញ​ទៀតថា នា​សម័យអង្គរ ព្រះពុទ្ធសាសនា​មហាយាន​បានចាប់ផ្ដើម​រុងរឿង​នៅក្នុង​រាជ្យ​របស់​ក្សត្រ​មួយចំនួន។

👑រាជ​ព្រះបាទ​សូរ្យ​វរ្ម័នទី១

ព្រះបាទ​សូរ្យ​វរ្ម័នទី១ជាបឋម​ក្សត្រ​ខ្មែរ​ទី១នៃ​សម័យអង្គរ ដែល​បាន​លើកតម្កើង​ព្រះពុទ្ធសាសនា​ឱ្យ​ថ្កុំថ្កើង​រុង  រឿង។ ទ្រង់​គ្រង​រាជសម្បត្តិ​នៅ​កំឡុង​ឆ្នាំ(១០០២-១០៥០) ជា​ពុទ្ធសាសនិក​ដ៏​ឆ្នើម      ដែល​បាន​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​រាប់អាន​ចំពោះ​ព្រះពុទ្ធសាសនា លើសពីនេះ​ពុទ្ធសាសនា​ថេរវាទ​ត្រូវបាន​ព្រះអង្គ​ធ្វើការ​ផ្សព្វផ្សាយ ឱ្យ​កាន់តែ​រុងរឿង   ហើយ​បាន​តម្កើង​សាសនា​នេះ​ជា​សាសនា​របស់​រដ្ឋ។ ទោះជា​ព្រះ​អង្គជា​ពុទ្ធសាសនិក​ក៏ដោយចុះ ព្រះអង្គ​ក៏​តែង​មេត្តា​ដល់​សាសនាព្រាហ្មណ៍​ផងដែរ ដោយនៅ​សម័យ​នោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា និង​អ្នក​កាន់សាសនា​ព្រាហ្មណ៍​បានរស់នៅ​ជាមួយគ្នា​ដោយ​សុខសាន្ត។ តាម​សិលា​ចារិក​បានបង្ហាញ​អំពី​ទឹកចិត្ត​របស់​ព្រះអង្គ គោរព​ស្រឡាញ់​ចំពោះ​ពុទ្ធសាសនា​ទាំងពីរ​និកាយ គឺ​ហិន​យាន និង​មហាយាន ដោយ ​ព្រះអង្គ​បាន​ប្ដូរ​តួនាទី​របស់​គ្រួសារ​ព្រាហ្មណ៍​សិវ​កៃ​វ​ល្យ​ដែលមាន​ នាទី​រៀបចំ​ពិធី​សម្រាប់​ព្រះមហាក្សត្រ​តាម​បវេណី​ព្រាហ្មណ៍​នោះ ឱ្យទៅជា​បុព្វ​ជិត​កំពូល របស់​ព្រះអង្គ​វិញ។ ភស្ដុតាង​មួយទៀត​ដែល​បង្ហាញ​ឱ្យ​កាន់តែច្បាស់​ថា​ព្រះ​អង្គជា​ពុទ្ធសាសនិក​នោះ គឺ​ព្រះអង្គ​មាន​មរណៈនាម​ថា ន​វ៌ា​បទ។

👑រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី៧

ព្រះមហាវីរក្សត្រ​ដ៏​ឆ្នើម​បំផុត​របស់​ខ្មែរ​នា​សម័យអង្គរ គឺ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ដែលជា​ស្ថាបនិក​ទី៣នៃ​ទីក្រុង​អង្គរ សំណង់​ប្រាសាទ​ជាច្រើន​ត្រូវបាន​សាងសង់​នៅក្នុង​រាជ​ក្សត្រ​អង្គ​នេះ ដែល​សំណង់​ប្រាសាទ​ទាំងនោះ​ជា​ប្រភេទ​សំណង់ បែប​ពុទ្ធសាសនា និង​ខ្លះទៀត​បង្ហាញ​ពី​កា​រប​ញ្ជូ​ល​គ្នា ទាំង​ពុទ្ធ​លក្ខណ និង​ព្រាហ្មណ៍​លក្ខណ។ទ្រង់​គ្រងរាជ្យសម្បត្តិ​ក្នុង ឆ្នាំ(១១៨១-១២១៥) ដែល​អ្នក​ប្រវត្តិវិទូ​បានចាត់ទុក​ថា​ជា​សម័យកាល​មួយ​ដែល​កម្ពុជា​រុងរឿង​ជាទីបំផុត ក្នុង​ប្រវត្តិ សាស្ត្រ​ខ្មែរ។ ក្រៅពី​ការរីកចម្រើន​រុងរឿង​ក្នុង​ផ្នែក​សង្គម នយោបាយ ហើយ​វិស័យ​សាសនា​ក៏​រីកចម្រើន​ព្រមជាមួយ​នោះ​ផងដែរ។ ព្រះអង្គ​បាន​លើកស្ទួយ​ព្រះពុទ្ធសាសនា​មហាយាន ឱ្យបាន​ថ្កុំថ្កើងតែ​ទោះជា​យ៉ាងនេះ​ក្ដី​ព្រះអង្គ​ក៏​មិនដែល​បំភ្លេចចោល​ព្រហ្មញ្ញសាសនា​នោះដែរ។ ព្រះអង្គ​បាន​បង្រួម​សាសនា​ទាំងពីរ​ចូលគ្នា​តែមួយ ក្នុង​បំណង​ដើម្បី​លើកស្ទួយ​ដល់​ពុទ្ធសាសនា​មហាយាន​ដែល​ព្រះអង្គ​បាន​គោរព ជា​សាសនា​របស់​រដ្ឋ និង​ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅជាប់​ដិតដាម​ជាមួយ​ព្រហ្មញ្ញសាសនា​មានការ​អាក់អន់ចិត្ត​ផងដែរ។ ភាព​វៃឆ្លាត​នេះ​បានធ្វើ​ឱ្យមាន​ការឯកភាព​គ្នា​ក្នុងការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រោម​ការដឹកនាំ​របស់​ទ្រង់ និង​ធ្វើឱ្យមាន​ស្ថេរភាព​នយោបាយ​ក្នុងស្រុក​ផងដែរ។ លទ្ធិទេវរាជ​ត្រូវបាន​ប្រែក្លាយ​ទៅជា​ពុទ្ធិ​រាជ​វិញ មាន​ភស្ដុតាង ដែល​បង្ហាញថា​ពុទ្ធសាសនា​មហាយាន​មានការ​រីកចម្រើន​ខ្លាំង​នៅក្នុង​សម័យនេះ​ដូចជាសំណង់​ប្រាសាទ​បែប​ពុទ្ធសាសនា​ជាច្រើន​ពាសពេញ​ផ្ទៃ​ប្រទេស​ដូចជា(ប្រាសាទតាព្រហ្មប្រាសាទព្រះខ័ន)ជាដើម ដែលជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះអង្គ។ នៅ​សម័យ​ឆ្នាំ១១៨០ព្រះសង្ឃ​ខ្មែរ​មួយរូប​ជា​បុត្រ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី៧ ព្រះនាម​តាម​លិ​ន្ទ បាន​ទៅ​សិក្សា​ភាសាបាលី និង​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធសាសនា​នៅ​កោះ​សេរី​លង្កា​ហើយ​បាន​នាំចូល​ចំណេះដឹង​ទាំងនេះ​មកវិញ​នៅ​កំឡុង​ឆ្នាំ១១។ ព្រះអង្គ​ទទួល​មរណៈនាម​ថាមហា​បរម​សៅ​គ​ត។ ព្រះបាទ​ជ័យវរ្ម័ន​ទី៧ទ្រង់​ផ្ទាល់​ជា​ពុទ្ធសាសនិក មហាយាន​ដែលជា​ភស្ដុតាង​បញ្ជាក់​កាន់តែច្បាស់​ថា​ពុទ្ធសាសនា​ថេរវាទ​បាន​រីកចម្រើន​រុងរឿង​ខ្លាំង​នៅ​សម័យ​នោះ។ បេសកកម្ម​របស់​ពួក​ចិន​នៅ​សម័យ​នោះមក​កាន់​ក្រុង​អង្គរ ដែល​ដឹកនាំ​ដោយ Chou Ta-Laun នៅ​ឆ្នាំ១២៩៦-១២៩៧ បានកត់សម្គាល់​ឃើញ​មាន​ព្រះសង្ឃ​ពុទ្ធសាសនា​ថេរវាទ​នៅលើ​ទឹកដី​នេះ។

☸️ពុទ្ធសាសនា​នៅ​សម័យ​ចុង​អង្គរ

គេ​បានដឹង​មកហើយ​ដែរ​ថា ព្រះពុទ្ធសាសនា ​ថេរវាទ​នេះ​រីកចម្រើន​តាំងពី​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧មក​ម្លេះ​ដោយ​ទ្រង់ ​បាន​បញ្ជូន​បុត្រ​របស់​ទ្រង់​ព្រះនាម​តាម​លិ​ន្ទ​ទៅ បួស​ជា​ព្រះសង្ឃ និង​សិក្សា​ចំណេះដឹង​ពី​ពុទ្ធសាសនា​ជា​ភាសាបាលី​នៅ​កោះ​ស្រីលង្ការ។ ព្រះអង្គម្ចាស់​តាម​លិ​ន្ទ​បាន​ត្រឡប់មក​កម្ពុជា​វិញ ហើយ​បាន​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​ខ្មែរ​តាម​ជំនឿ និង​បែបបទ​ព្រះពុទ្ធសាសនា​ដែល​ទ្រង់​បាន​រៀនសូត្រ។ ទ្រង់​បានក្លាយ​ទៅជា​ព្រះសង្ឃ​ជាន់ខ្ពស់​នៅ​សម័យ​នោះ​ដោយ​ការចេះដឹង​របស់​ព្រះអង្គ។

នៅក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី៨ព្រះពុទ្ធសាសនា​ត្រូវបាន​បំផ្លិចបំផ្លាញ រូបចម្លាក់​បែប​ពុទ្ធសាសនា​ត្រូវបាន​កោស​លុប និង​បំផ្លាញចោល ឬ​ប្ដូរ​ទៅជា​រូប​បែប​ព្រាហ្មណ៍​វិញ។ គេ​ឃើញ​មានការ​វាយកម្ទេច​ព្រះពុទ្ធ​រូប​ចោល។សម័យនេះ​ពួក​ព្រាហ្មណ៍​ទាំងអស់​ត្រូវបាន​សណ្តោស​ឡើងវិញ និង​ផ្ដល់​សិទ្ធ​ក្នុង​ការពង្រឹង​សាសនា​នេះ​ឡើងវិញ​ផងដែរ។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ព្រះពុទ្ធសាសនា​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​និយម​កាន់តែ​ច្រើនណាស់​ទៅហើយ។ បើទោះបី​ជាមាន​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​ព្រះពុទ្ធសាសនា​នេះ​ច្រើនណាស់​ទៅហើយ​យ៉ាងណាក្ដី ក៏​ប​ដិ​វិត្ត​សាសនា​ពី​ព្រាហ្មណ៍ ទៅ​ព្រះពុទ្ធ​នោះ​មិនអាច​ធ្វើទៅ​រួច​នោះដែរ។ ដូចនេះ​សាសនា​នេះ​បាន​ពួន ​សម្ងំ​នៅក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​ខ្មែរ​រហូតដល់​រជ្ជកាល​ព្រះបាទ​ ត្រសក់ផ្អែម​ទើប​មានការ​លើកស្ទួយ​ព្រះពុទ្ធសាសនា​ឱ្យ​រីកចម្រើន​ឡើងវិញ​ រហូតមកដល់​ស​ព្វ​ថ្ងៃនេះ។

☸️ពុទ្ធសាសនា​សម័យ​កណ្ដាល

ក្រោយ​សតវត្ស​ទី១៣មក​ព្រះពុទ្ធសាសនា​ត្រូវបាន​លើកតម្កើង​ជា​សាសនា​របស់​រដ្ឋ។ ព្រះរាជា​ខ្មែរ និង​ប្រជាពលរដ្ឋ​គ្រប់​ម​ជ្ឍ​ដ្ឋា​ន និយម​ព្រះពុទ្ធសាសនា​នេះ​ខ្លាំងណាស់ និង​មាន​ជំនឿ​យ៉ាង​មុតមាំ ដែល​គេ​ចាត់ទុកជា​ទីពឹង​ទី​នឹក   រ​ឮ​ក បើទោះបីជា​ប្រជាពលរដ្ឋ​ខ្មែរ​មិនទាន់​បោះបង់ចោល​ជំនឿ​លើ​ព្រលឹង អារក្ខ អ្នកតា​ក៏ដោយ។ប៉ុន្តែ​ចំពោះ​ព្រាហ្មណ៍​សាសនា​ពុំមាន​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​រាប់អាន​ទៀត​នោះឡើយ។ ទោះជា​យ៉ាងនេះ​ក្ដី​ក៏​ទំនៀមទម្លាប់​បែប​ព្រាហ្មណ៍​នៅតែ​ដិតដាម​ក្នុង​ប្រពៃណី​របស់​របស់​ជនជាតិ​ខ្មែរ​រហូតដល់​សព្វថ្ងៃ។ ឯ​ក្នុង​ព្រះបរមរាជវាំង​វិញ​គេ​នៅ​ឃើញ​មាន​ពួក​ព្រាហ្មណ៍​បា​គូ​នៅមាន​សេសសល់ ក្នុង​ភារកិច្ច​ជា​អ្នករៀបចំ​ពិធីផ្សេងៗនិង​ថែរក្សា​ទ្រព្យសម្បត្តិ​សម្រាប់​រាជ្យ។

ក្នុងសម័យ​នោះ​ចំនួន​វត្ត​អារាម​បាន​កើន​ឡើងជា​លំដាប់។ ព្រះ​មហាថេរ​ដែលមាន​តួនាទី​មើល​ការខុសត្រូវ​លើ​ការរៀបចំ​ខាង​សាសនា និង​លើ​វត្ត​អារាម​នៅក្នុង​ខេត្តនីមួយៗ លែងមាន​លទ្ធភាព​បន្ត​ការគ្រប់គ្រង​នោះ​តទៅទៀត   ហើយ។ ដោយហេតុ​នោះ​សម្ដេច​សង្ឃរាជ​ដោយមាន​ការព្រមព្រៀង​ជាមួយ​រាជាគណៈ​ឋានានុក្រមនិង​សហការី​ទាំងអស់ ទ្រង់​បានស្នើ​ទៅ​ព្រះរាជា សូមឱ្យ​មានការ​កែប្រែ​ដែលមាន​បែងចែក​ដូចតទៅ៖

ព្រះ​មហាថេរមួយអង្គៗពីមុន​ឥឡូវ​ត្រូវ​តែងតាំង​ជា​មេគណៈ ទទួលខុសត្រូវ​លើ​គណៈសង្ឃ​ក្នុង​ខេត្ត​នីមួយ។ចំណែកឯ​ព្រះ​រាជាគណៈ​ទាំង៤សម្រាប់ និង​សម្ដេចព្រះសង្ឃរាជ​ជា​អ្នកត្រួតពិនិត្យ និង​សម្រេច​កិច្ចការ​សាសនា​ទាំង  ពួ​ង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល។ រាជាគណៈ ឬ​មន្ត្រី​សង្ឃ​ទាំង៤សម្រាប់ ត្រូវ​បែង​ចែកជា ​ឯក ទោ ត្រី ចត្វា ដូច​មន្ត្រីជាន់ខ្ពស់​ខាង​អាណាចក្រ​ដែរ។

🔸សម្រាប់​ឯក​ជា​រាជាគណៈ​របស់​ក្សត្រិយ៍​ទ្រង់​រាជ្យ

🔸សម្រាប់ទោ​ជា​រាជាគណៈ​របស់​ក្សត្រិយ៍​ឧភយោរាជ

🔸សម្រាប់​ត្រី​ជា​រាជាគណៈ​របស់​សម្ដេចព្រះ​មហាឧបរាជ

🔸សម្រាប់​ចត្វា​ជា​រាជាគណៈ​របស់​សម្ដេចព្រះ​វររាជ​ជននី (សៀវភៅ​លោក​ត្រឹង​ងារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ភាគ២)

ព្រះពុទ្ធសាសនា​ក៏​ដើរតួ​យ៉ាងសំខាន់​ផងដែរ​ក្នុង​វិស័យ​អក្សរសាស្ត្រ និង​ការតាក់តែង​និពន្ធ។ ហេតុនេះហើយ​ទើប​ឃើញ​កើតមាន​ជា​អត្ថបទ​គម្ពីរ បិតក ជាតក​ច្រើន​កើតឡើង​ហូរហែ។ មិនតែប៉ុណ្ណោះ​អត្ថបទ​បែប​ព្រះពុទ្ធសាសនាពោលគឺ​ទស្សនៈ​ពុទ្ធ​និយម​ត្រូវបាន​អ្នកនិពន្ធ​ខ្មែរ​យកមក​ធ្វើជា​វិធីសាស្ត្រ ក្នុងការ​តាក់តែង​អត្ថបទ​របស់ខ្លួន​ផងដែរ។ ព្រឹត្តិការណ៍​ទាំងនេះ​បាន​កើតឡើង​នៅក្រោយ​ពេលដែល​ទីក្រុង​អង្គរ​ត្រូវបាន​ព្រះរាជា​ខ្មែរ​បោះបង់ចោលហើយ​ប្រទេស​ធ្លាក់ចូល​ទៅក្នុង​កលិយុគ ចម្បាំង​កើតមាន​ញឹកញាប់។

ការ​លើកយក​ទស្សនៈ​បុណ្យ​បាប​របស់​ពុទ្ធសាសនា​ម​ក​តាក់តែង​ជា​ស្នាដៃ​អក្សរ​សិ​ល្បិ៍​នេះ ត្រូវបាន​អ្នកសិក្សា​ខ្លះ​វិភាគ​ថា​ជាការ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាការ​លួងលោម កុំឱ្យ​ពួកគាត់​ធ្លាក់​ទឹកចិត្ត បាក់​ទឹកចិត្ត ដោយ​ចាត់ទុក​ហេតុការណ៍ ឬ​ទុក្ខលំបាក​វេទនា​ដែល​ខ្លួន​ជួបប្រទះ​នេះ​ជា​កម្ម​ពៀរ​របស់ខ្លួន​ដែល​បាន​សាង​មកពី​អតីតជាតិ។ ព្រះសង្ឃ​ក្នុង​ពុទ្ធសាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា អក្សរ​សិ​ល្បិ៍ អក្សរសាស្ដ្រ​ជាតិ និង​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ​ឱ្យនៅ​គង់វង្ស។

ចំពោះ​វិស័យ​សង្គមកិច្ច​វិញ​ព្រះសង្ឃ​ជា​គ្រូ​ពេ​ទ្រ ជា​អ្នកកាត់ក្ដី ជា​អ្នកមើលការខុសត្រូវ​ដ​ល់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ។ ទីធ្លា​វត្ត​អារាម បានក្លាយ​ទៅជា​ទី​សម្រាប់​ជន​ទុរគត​សម្រាក និង​ព្យាបាល​ជំងឺ ការសណ្តោស​របស់​ព្រះសង្ឃ​ពុទ្ធសាសនា ការចូលរួមចំណែក​ច្រើន​ក្នុង​វិស័យ​សង្គមជាតិ​នោះ បានធ្វើឱ្យ​ព្រះពុទ្ធសាសនា​កាន់តែ​ទទួល​បានការ​រាប់អាន​ពី​ប្រជាពលរដ្ឋ​ខ្មែរ។

☸️ពុទ្ធសាសនា​សម័យ​អាណានិគម​បារាំង

សម័យ​អាណានិគមនិយម​បារាំង​គិត​ចាប់ពី​ឆ្នាំ១៨៦៣ នៅពេលដែល​ព្រះ​នរោត្តម​ទ្រង់​បាន​ចុះសន្ធិសញ្ញា​ជាមួយ​បារាំង​ថ្ងៃ១១ខែសីហា​ឆ្នាំ១៩៦៣នេះ​តែម្ដង ក្នុង​បំណង​យក​បា​រាំងជា​ខែល​ការពារ​ប្រទេស​កម្ពុជា​ពី​ការឈ្លានពាន​របស់​ប្រទេសជិតខាង មាន​យួន សៀម​ជាដើម។

ក្នុង​កំឡុង​សតវត្ស​ទី ១៧, ១៨, ១៩ប្រ​ទេ​សៀម​បាន​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​មកលើ​នយោបាយ​ក្នុងស្រុក​របស់​ខ្មែរ ដែលជា​ហេតុ​ធ្វើឱ្យ​ឥទ្ធិពល​នៃ​ប្រពៃណី​សាសនា​ក៏​លាយឡំ​ជាមួយគ្នា​នោះ​ផងដែរ។ ដូចជា​នៅក្នុង​ឆ្នាំ១៨៥៥ ព្រះបាទ​នរោត្តម​បាន​និ​មិ​ន្ត​ព្រះសង្ឃ​ធម្មយុត្តិកនិកាយ​ពី​ប្រទេស​សៀម​ចូល​ម​ក្នុងស្រុក​ខ្មែរ ដើម្បី​បង្កើត​និកាយ​នេះ​នៅក្នុង​ស្រុក​ខ្មែរ​ផងដែរ។ សម្ដេច​ប៉ាន​ទ្រង់​ជា​ព្រះសង្ឃ​ខ្មែរ​ក៏ប៉ុន្តែ​ទ្រង់​បាន​ទៅ​សិក្សា​ប្រទេស​សៀមហើយ​ត្រូវបានតែងតាំង​ជា​ព្រះសង្ឃ​ធម្មយុត្តិ​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា គង់នៅ​ក្នុង​វត្ត​បទុម​វ​ត្តី​ក្រុងភ្នំពេញ។ ហើយ​ប្រពៃណី​នេះ​បាន​បន្ត​ជាប់​គ្រប់​រាជការ​ព្រះមហាក្សត្រ​ខ្មែរ​រហូតដល់​សព្វថ្ងៃ។

ក្នុងសម័យ​អាណានិគម​នេះ ក៏​មិន​ខុសពី​សម័យ​កណ្ដាល​ប៉ុន្មាន​ដែរ ព្រះពុទ្ធ សាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​សង្គម​ខ្មែរ ទាំង​វិស័យ​សង្គមកិច្ច សុខាភិបាល អប់រំ យុត្តិធម៌ និង​ជាឃ្លាំង​អភិរក្ស​អក្សរសាស្ដ្រ​ជាតិខ្មែរ ព្រមទាំង​វប្ប​ធ​ម៍​ប្រពៃណី​របស់​ខ្មែរ​យើង​ផងដែរ។ ក្រោម​ការជិះជាន់​របស់​បារាំង​មកលើ​ប្រជាពលរដ្ឋ​ខ្មែរនិង​ពុទ្ធសាសនា បានធ្វើឱ្យ​ព្រះសង្ឃ​ខ្មែរ​ងើបឡើង​តស៊ូ​បះបោរ​ប្រឆាំង​ជាមួយ​បារាំង ប៉ុន្តែ​ត្រូវ​បរាជ័យ​យ៉ាងធ្ងន់ធ្ងររហូតដល់​មានការ​ចាប់ខ្លួន​ធ្វើ​ទោសទណ្ឌ​ទៀតផង។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​ពុទ្ធសាសនា​នៅតែ​ពង្រឹង​ខ្លួន​ជានិច្ច​ពុំមាន​ការចុះ​ញ៉ម​ជាមួយ​ពួក​បារាំង​នោះឡើយ ដែល​នៅ​ឆ្នាំ១៩១៤គេ​ឃើញ​មានការ​សាងសង់​សាលា​ភាសាបាលី​ជាន់ខ្ពស់​មួយ​នៅ​ភ្នំពេញ និង​ក្រោយមក​កែប្រែ​ទៅជា​មហាវិទ្យាល័យ។ ការសិក្សាអប់រំ​ចំពោះ​ព្រះសង្ឃ​មិន​ត្រឹមតែ​ចំណេះដឹង​ខាង​ភាសាបាលី​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​មូលដ្ឋានគ្រឹះ​នៃ​ចំណេះដឹង​ទូទៅ​តាមបែប​ទំនើប​ក៏ត្រូវ​យកមក​សិក្សា​រៀនសូត្រ​នៅឯ​សាលារៀន​ផងដែរ។ សាលា​បាលី​ជាន់​ទាប​ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ១៩៣៣ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​ព្រះសង្ឃ​ ដែល​ទើប​បួស​ថ្មី​អាច​សិក្សា​ពី​ភាសាបាលី​នេះ​ពី​កម្រិត​ដំបូង​បាន។

☸️ពុទ្ធសាសនា​សម័យ​ខ្មែរក្រហម

កំឡុង​ឆ្នាំ១៩៧៥នៅពេលដែល​ពួក​ខ្មែរក្រហម​បាន​ដណ្ដើម​កាន់កាប់​ទីក្រុង​ភ្នំពេញ​ជា​ស្ថាពរ ពួកគេ​បាន​បំបាត់ ចោល​ទាំងអស់​នូវ​ជំនឿ​សាសនាផ្សេងៗ មិនឱ្យ​មានការ​គោរព​ប្រតិបត្តិ​អ្វី​ទាំងអស់ សូម្បីតែ​ព្រះសង្ឃ​ជាទី​សក្ការៈ​ត្រូវបាន​ពួក​នោះ​ចាប់​ផ្សឹក​ទាំងអស់។ ទី​អារាម​បានក្លាយ​ទៅជា​ឃ្លាំង​ផ្ទុក​នូវ​សម្ភារ សព្វាវុធ និង​ជាឃ្លាំង​ស្រូវឬ​ត្រូវ​បំផ្លាញ    ចោល។ តាម​ការប៉ាន់ស្មាន​នៅមុន​របប​ខ្មែរក្រហម​ព្រះសង្ឃ​ខ្មែរ​មាន​ចំនូ​ន​សរុប​ចន្លោះ​ពី៦៥០០០អង្គ ទៅ៨០០០០   អង្គ។ ប៉ុន្តែ​ក្រោយ​ពេលដែល​ខ្មែរក្រហម​បាន​ត្រូវបាន​កម្ចាត់ នៅ​កំឡុង​ឆ្នាំ១៩៨០ព្រះសង្ឃ​ត្រូវបាន​គេ​ប្រមូលផ្តុំ​ឡើងវិញ​សល់​មិន​ដល់៣០០០អង្គ​ផង។

☸️ពុទ្ធសាសនា​សម័យ​ក្រោយ​របប​ប៉ុលពត

ក្រោយ​ជ័យជំនះ​លើ​កងទ័ព​ខ្មែរក្រហម​នៅ​ឆ្នាំ១៩៧៩ ជំនឿ​សាសនា​ត្រូវបាន​បើកចំហ​ឡើងវិញ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។ ព្រះពុទ្ធសាសនា​ ក៏ត្រូវ​បាន​លើកតម្កើង​សារជាថ្មី​ផងដែរ ​ដោយ​រដ្ឋាភិបាល​បាន​និមន្ត​ព្រះសង្ឃ​ខ្មែរ​ ដែល​បាន​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម​កាលពី​កំឡុង​សម័យ​ខ្មែរក្រហម​នោះ ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​វិញ​ដើម្បី​ដឹកនាំ​ព្រះពុទ្ធសាសនា​ឡើងវិញ។ នៅ​ឆ្នាំ១៩៨១​ព្រះសង្ឃ​ខ្មែរ​មួយអង្គ​ត្រូវបានតែងតាំង​ជា​ព្រះសង្ឃ​ទី១នៃ​កម្ពុជា​គណៈមហានិកាយ ទ្រង់​ព្រះនាម​ទេព​វង្ស។ បច្ចុប្បន្ននេះ​ព្រះពុទ្ធសាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដឹកនាំ​ប្រទេស ពុទ្ធសាសនា​បានក្លាយ​ជា​អ្នក​អប់រំ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ ពុទ្ធសាសនា​ក៏បាន​ជួយ​សង្គម​ខ្មែរ​ក្នុង​វិស័យផ្សេងៗផងដែរ។ ព្រះសង្ឃ​មាន​រាប់សែន​អង្គ​នៅ​ទូទាំងប្រទេស ដែល​ទន្ទឹមនឹងនោះ​វត្ត​អារាម​ក៏ត្រូវ​បាន​កសាង​ឡើងជា​បន្តបន្ទាប់​ពាសពេញ​ប្រទេស​ផងដែរ។ នៅ​ឆ្នាំ១៩៩១ក្រោយពី​ធ្វើ​មាតុភូមិនិវត្តន៍​ចូល​កម្ពុជា​វិញព្រះបាទ​នរោត្តម​សីហនុ​បានរៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​ដឹកនាំ​ពុទ្ធសាសនា​ដោយមាន​ទាំង​ធម្មយុត្តិកនិកាយនិង​មហានិកាយ។ ទន្ទឹមនឹង​ការចាត់ទុក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​នៅ​ឆ្នាំ១៩៩១ ការប្រកាន់​ជំនឿ​សាសនា​ដទៃទៀត​ក៏ត្រូវ​បាន​គាំទ្រ​ពី​រដ្ឋា​ភិបាល​ផងដែរ។

🔸Last Updated កំណែចុងក្រោយ on September 22, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace