ទស្សនាថ្ងៃនេះ: 17
បណ្តាំបណ្តាជននិងកូនចៅ
បទពាក្យ៧
រីជនទាំងឡាយក្នុងលោកនេះ | អ្នកមានតម្រិះតែងដើរត្រូវ |
បញ្ញាជាស្ពានឈានដើរទៅ | កន្លែងដែលត្រូវគឺនិព្វាន ។ |
មានតែសាសនាព្រះពុទ្ធទេ | ដែលអាចគ្នាន់គ្នេរធើ្វជាយាន |
សាសនាដទៃគឺមិនមាន | មិនដឹងនិព្វាននៅឯណា ។ |
ព្រះពុទ្ធព្រះអង្គបានរកឃើញ | អស់លោកអញ្ជើញតាមត្រូវការ |
បើមានបំណងប៉ងប្រាថ្នា | រៀនសូត្រសិក្សាតាមព្រះពុទ្ធ ។ |
ទី១ត្រូវកាន់នូវសីល៥ | កាន់ជាប្រចាំយ៉ាងមោះមុត |
និងសីល៨ឧបោសថ | កាន់ឲ្យប្រាកដទាំង៤ថ្ងៃ ។ |
ខាងខ្នើត៨កើតនឹងពេញបូណ៌ | ៨រោចនុ៎ះហ្ន៎មានតម្លៃ |
រនោចមានតែ១៤ថ្ងៃ | ខែពេញនោះនៃមាន១៥ ។ |
លោកអ្នករាល់រូបគួរដឹងជាក់ | ខែខាតត្រូវដាក់ហើយចងចាំ |
៦ខែដែលមានក្នុង១ឆ្នាំ | ដាច់ខែត្រូវចាំ២៩ថ្ងៃ ។ |
ឯសីលពិសេសគឺសីល១០ | លោកអ្នកគោរពកុំសំចៃ |
ជនណាធើ្វត្រូវមានតម្លៃ | ឋានសួគ៌មានន័យពិតប្រាកដ ។ |
មិនតែប៉ុណ្ណោះត្រូវធ្វើទាន | នេះគឺជាស្ពានតាមបែបបទ |
ធ្វើច្រើនកើតច្រើនគ្មានកំណត់ | អាចរួចចាកផុតភាពស្រអ័ព្ទ ។ |
ទី១គឺជាអង្គបាណា | ព្រះអង្គហាមថាកុំសម្លាប់ |
ទោះសត្វតូចធំក៏ជាសត្វ | មិនត្រូវបំបាត់ជីវិតទេ ។ |
ទី២អង្គអទិន្នាទាន | ហាមមិនឲ្យមានលួចទ្រព្យគេ |
ទោះតិចតួចក្តីគួរគ្នាន់គ្នេរ | រកស៊ីរិះរេដោយសុចរិត ។ |
ទី៣កាមេសុមិច្ឆា | ទ្រង់បានហាមថានូវការពិត |
ប្រពន្ធកូនគេព្រះហាមគិត | មិនឲ្យប្រព្រឹត្តជាដាច់ខាត ។ |
ទី៤គឺអង្គមុសាវាទ | និយាយជ្រែកជ្រៀត ខ្វះបទបាទ |
កុហក់ភូតភរធម៌មិនស្អាត | នេះហៅថាឃ្លាតមិននឹងធឹង។ |
ទី៥សុរាមេរយៈ | បញ្ជាក់គ្រឿងផងដែលស្រវឹង |
គ្រឿងញៀនទាំងឡាយទាំងអស់ហ្នឹង | លះបង់ដាច់ភឹងជាដាច់ខាត ។ |
សីល៥មានតែប៉ុណ្ណេះឯង | ប្រុសស្រីចាស់ក្មេង ត្រូវសង្វាត |
បណ្តោយខ្លួនពេកនាំខូចខាត | រៀបចំឲ្យស្អាតកុំបីឃ្លាត ។ |
ឯសីល៨នោះឯងណា | ព្រះអង្គពោលថាថែម៣ទៀត |
តែត្រង់កាមេគួរជ្រកជៀត | ផ្លាស់ជាបទបៀតអព្រហ្មចា ។ |
ឯអង្គអព្រហ្មចារៈ | ទ្រង់បានបញ្ជាក់ឲ្យដឹងថា |
ហាមសេពនូវកាមកុំប្រាថ្នា | ថ្ងៃមួយនោះណានិងយប់មួយ។ |
ទី៦វិកាលភោជនា | ហាមអ្នករាល់គ្នាកុំរំជួយ |
ជ្រេរត្រង់ទៅហីយជាកាលមួយ | បរិភោគនាំព្រួយឲ្យខូចសីល ។ |
ទី៧នច្ចគីត វា | ល្បែងផងនានាមានមន្ទិល |
រាំច្រៀងស៊ីសងការខូចខឹល | បោះបង់កុំខ្ជិលរក្សាខ្លួន ។ |
ទី៨មាលានិងគន្ធៈ | លោកបានបញ្ជាក់យ៉ាងមាំមួន |
ប្រេងម្សៅកម្រងការតែងខ្លួន | ហាមដោយផ្ទួនៗមានកំណត់ ។ |
សីល៨ចប់តែប៉ុណ្ណេះហើយ | អស់លោកអ្នកអើយហៅឧបោសថ |
បើអ្នកធើ្វបានមានកំណត់ | ទៅកើតប្រាកដឋានសួគ៌នាយ ។ |
រីឯសីល១០ថែម២ទៀត | អ្នកកាន់មិនឃ្លាតមិនរាយមាយ |
រស់នៅនឹងវត្តសែនរីករាយ | ស្លៀកសគ្មានលាយកោរសក់ផង ។ |
ទី៩ឧច្ចាសយនៈ | ហាមប្រាកដជាក់មិនមានហ្មង |
គ្រែដេកមិនឲ្យខ្ពស់ហួសផង | ប្រាំបីធ្នាប់ហោងព្រះសុគត ។ |
ទី១០ជាតរូបរៈ | សន្មតតាមថ្នាក់យ៉ាងគត់មត់ |
មិនឲ្យកាន់យកមាសប្រាក់សុទ្ធ | នេះជាកំណត់លោកបានចារ ។ |
ធ្វើសីលធ្វើទានមានសមាធិ | គួរតែត្រេះរិះកម្មដ្ឋានា |
ត្រូវខំព្យាយាយហើយឧស្សាហ៍ | កុំឲ្យវេលានៅទំនេរ ។ |
ធ្វើសមាធិការតាំងចិត្ត | ប្រព្រឹត្តឲ្យបានហើយគ្នាន់គ្នេរ |
ដំបូងត្រូវសូត្រតាមហូរហែ | រំឭកមានតែរតនត្រ័យ ។ |
បន្ទាប់ត្រូវសូត្រនូវសង្គហៈ | អំពីសំណាក់អាចារ្យថ្លៃ |
ឬព្រះពុទ្ធរូបដ៏ប្រពៃ | ត្រូវតែលកលៃហើយតែងតាំង ។ |
ឧកាស ឥមាហំ(ភន្តេ) | ភគវា អត្តភាវំ |
តុម្ហាកំ បរិច្ចជ្ជាមិ (ម) | ទុតិយម្បិ…….. តតិយម្បិ……..។ |
បន្ទាប់តទៅត្រូវរៀបខ្លួន | តាំងចិត្តមាំមួនក្នុងកិច្ចការ |
មិនត្រូវងាករេបែរទៅណា | ប្រតិបត្តិការសមាធិ ។ |
អង្គុយខ្លួនត្រង់ផ្ចង់ស្មារតី | ពែនភ្នែនគប្បីនឹងត្រេះរិះ |
ជើងស្តាំដាក់លើជើងឆ្វេងនេះ | ដៃស្តាំថ្ងានេះលើដៃឆ្វេង ។ |
រំពឹងសញ្ជឹងរំពៃគិត | ប្រើខ្យល់ពិតៗយ៉ាងធំធេង |
គឺបញ្ចូលវែងបញ្ចេញវែង | ពាក្យត្រូវសម្តែងពុទ្ធនិងធោ ។ |
ប្រព្រឹត្តយ៉ាងនេះរៀងរាល់ថ្ងៃ | ធ្វើកុំសំចៃឲ្យពេញពោរ |
បើបានស្ងប់ហើយនោះសូមគោ- | រពនឹងសាកសួរនូវអារម្មណ៍ ។ |
អារម្មណ៍ទាំងឡាយបានស្ងប់ហើយ | កុំនៅកន្តើយត្រូវខិតខំ |
ទាញយកកម្មដ្ឋានមកបូកផ្សំ | ដើម្បីឲ្យមាំអស់សង្ស័យ ។ |
អស់លោកអ្នកខ្លះបានស្វែងរក | ទាញយកសាកសពមកវិនិច្ឆ័យ |
មកពិចារណាដោយប្រពៃ | ទីបញ្ចប់ន័យបានមគ្គផល ។ |
បើអស់លោកអ្នកមិនសម្រេច | មានការចាំបាច់ឈោងមិនដល់ |
ហោចណាស់សីល៥ជាចន្ទល់ | ទុកនៅមណ្ឌលក្នុងកាយា ។ |
បើអស់លោកអ្នកគ្មានសីលទេ | អំពើវៀចវេមកកាន់ការ |
លោភលន់មិនចេះអស់ទេណា | ធ្លាក់ខ្លួនអាសាអបាយមុខ ។ |
ព្រះពុទ្ធទ្រង់បានសម្តែងថា | ធ្វើបុណ្យកាលណានឹងបានសុខ |
ទោះតិចតួចក្តីជាប្រមុខ | កើតមានក្តីសុខដល់អ្នកនោះ ។ |
ធ្វើបាបបានបាបពិតប្រាកដ | នេះជាកំណត់គឺគំនូស |
កត់ត្រាទុកដាក់មិនឲ្យហួស | ព្រោះតែជ្រុលជ្រួសមកពីកម្ម ។ |
កម្មៈប្រែថាជាអំពើ | ទង្វើអ្នកធ្វើជាចំណាំ |
ដាំស្វាយបានស្វាយជាប្រចាំ | កើតមានផលកម្មប្រាកដច្បាស់ ។ |
លោកអ្នកទាំងអស់កូនចៅអើយ | កុំនៅកន្តើយខំរូតរះ |
ស្វែងរកសីលទានកុំចាំចាស់ | ក្រែងលោវាផ្លាស់ស្លាប់នៅក្មេង ។ |
មិនបានធ្វើបុណ្យសីលនិងទាន | មិនអាចរុញច្រានអ្នកវង្វេង |
កើតក្នុងអបាយភូមិកន្លែង | ថោកទាបក្រៃលែងនឹកមិនដល់ ។ |
នរកអវចីតិរច្ឆាន | គ្មានអ្នករាប់អានកើតអំពល់ |
ក្នុងទីនោះគ្មានយោគយល់ | កើត សោយទុក្ខអស់កល្បសែនម៉ឺនឆ្នាំ ។ |
សីលសមាធិកើតបញ្ញា | មានក្តីជ្រះថ្លាជាប្រចាំ |
អ្នកណាកាន់យកហើយថែទាំ | បុណ្យបានដឹកនាំដល់និព្វាន ។ |
និព្វានគ្មានរូបកាយនោះទេ | អស់យើងផងគេមិនដែលមាន |
ឥឡូវឃើញហើយឋាននិព្វាន | គឺកន្លែងគ្មានរូបនោះណា ។ |
ខ្ញុំអធិប្បាយប៉ុណ្ណេះចុះ | បើមានលើសលោះសូមមេត្តា |
អភ័យទោសផងណាលោកណា | បញ្ចប់កិច្ចការសូមឯវំ ៕ |
និពន្ធដោយលោកអាចារ្យ សំបូរ ឈឹម
ថ្ងៃសៅរ៍ទី ២៥ ខែមេសាឆ្នាំ ២០០៩
🔸Last Updated កំណែចុងក្រោយ on August 10, 2024