វំសក្កឡីរគាថា
គាថាថា វំសោ វិសាលោ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។
បានឮថា ក្នុងកាលមុន ព្រះបច្ចេកពោធិសត្វ ៣ អង្គ បួសក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមកស្សបៈ បំពេញគតបច្ចាគតវត្តអស់ ២ ម៉ឺនឆ្នាំ កើតឡើងក្នុងទេវលោក ចុតិចាកទេវលោកនោះហើយ ទេវបុត្តដែលជាប្រធានកើតក្នុងរាជត្រកូលក្នុងនគរពារាណសី ពីរអង្គទៀត កើតក្នុងបច្ចន្តរាជត្រកូល ព្រះរាជាទាំងពីរអង្គនោះ រៀនកម្មដ្ឋាន លះរាជសម្បតិ្ត បួស បានជា ព្រះបច្ចេកពុទ្ធ តាមលំដាប់ អាស្រ័យនៅត្រង់ញកភ្នំនន្ទមូលកៈ។ ក្នុងថ្ងៃមួយ ចេញអំពីសមាបត្តិរឭកថា ពួកយើងធ្វើកម្មអ្វី ទើបសម្រេចលោកុត្តរសុខនេះ ពិចារណាបានឃើញចរិយារបស់ខ្លួនក្នុងកាលនៃព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈ លំដាប់នោះ រឭកទៀតថា ជនទី ៣ នៅឯណា ឃើញជនទី ៣ សោយរាជសម្បត្តិក្នុងនគរពារាណសី រឭកដល់គុណរបស់ជនជាប្រធាននោះហើយ គិតថា ដោយប្រក្រតី ព្រះរាជាអង្គនោះ ទ្រង់ដល់ព្រមដោយគុណ មានភាពជាអ្នកប្រាថ្នាតិចជាដើម ជាអ្នកឲ្យឱវាទទូន្មានពួកយើង ទ្រង់ប្រព្រឹត្តអត់ធន់ចំពោះពាក្យពោល ទ្រង់តិះដៀលនូវបាប ណ្ហើយចុះ ពួកយើងនឹងសម្ដែងអារម្មណ៍ ដើម្បីដោះព្រះអង្គ ដូច្នេះហើយ ស្វែងរកឱកាស។ ក្នុងថ្ងៃមួយ ឃើញព្រះរាជាអង្គនោះ ទ្រង់ប្រដាប់ដោយគ្រឿងអលង្ការទាំងពួង កំពុងយាងទៅកាន់ព្រះរាជឧទ្យាន ទើបហោះទៅតាមអាកាស ឈរត្រង់គុម្ពឫស្សី ក្បែរទ្វារព្រះរាជឧទ្យាន។ មហាជន រមែងមិនឆ្អែតក្នុងការមើលព្រះរាជា សម្លឹងមើលតែព្រះរាជារបស់ខ្លួន។ លំដាប់នោះ ព្រះរាជាទ្រង់ព្រះតម្រិះថា មានអ្នកណាហ្ន៎ ខ្វល់ខ្វាយក្នុងការមើលអាត្មាអញ ទ្រង់សម្លឹងមើល បានឃើញព្រះបច្ចេកពុទ្ធទាំងឡាយ។ ដំណាលគ្នានឹងការឃើញនោះឯង សេចក្តីស្រឡាញ់ក្នុងព្រះបច្ចេកពុទ្ធទាំងនោះ ក៏កើតឡើង។ ព្រះរាជាទ្រង់ចុះអំពីកដំរីចូលទៅរកព្រះបច្ចេកពុទ្ធទាំងឡាយនោះ ដោយអាកប្បកិរិយាដ៏ស្ងប់រម្ងាប់ ហើយត្រាស់សួរថា បពិត្រលោកម្ចាស់ដ៏ចម្រើន តើលោកម្ចាស់ទាំងឡាយ ឈ្មោះអ្វី។ ព្រះបច្ចេកពុទ្ធទាំងនោះ តបថា មហាបពិត្រ ពួកអាត្មាឈ្មោះថា អសជ្ជមានៈ។
ព្រះរាជាត្រាស់សួរថា បពិត្រលោកម្ចាស់ ឈ្មោះថា អសជ្ជមានៈមានន័យដូចម្តេច។ ព្រះបច្ចេកពុទ្ធពោលថា បពិត្រមហារាជ មានន័យថា ការមិនជាប់ចំពាក់។ បន្ទាប់អំពីនោះ កាលនឹងសម្ដែងគុម្ពឫស្សីនោះ ទើបពោលថា មហាបពិត្រ ប្រៀបដូចបុរសមានដាវក្នុងដៃកាត់គុម្ពឫស្សីនោះ ដែលមានឫស ដើម និងមែក ចាក់ស្រែះគ្នាដោយប្រការទាំងពួង ទាញមក មិនអាចលើកឡើង យ៉ាងណា ទ្រង់ត្រូវតណ្ហារឹតរុំនៅខាងក្នុងនិងខាងក្រៅ ជាអ្នកចាក់ស្រែះជាប់ក្នុងតណ្ហានោះ ក៏យ៉ាងនោះដែរ ទំពាំងឫស្សីនេះ សូម្បីនៅត្រង់កណ្តាលគុម្ពឫស្សីនោះ តែព្រោះមែកមិនកើត ទើបមិនជាប់នឹងអ្វីមួយឡើយ បុគ្គលណាមួយ ក៏អាចកាត់ចុង ឬគល់លើកឡើងបាន យ៉ាងណា ពួកអាត្មាមិនជាប់ចំពាក់ក្នុងទីទាំងពួង ត្រាច់ទៅសព្វទិស ក៏យ៉ាងនោះដែរ ហើយចូលចតុត្ថជ្ឈានក្នុងមួយរំពេចនោះឯង កាលព្រះរាជាទ្រង់កំពុងទត ក៏ហោះទៅកាន់ញកភ្នំនន្ទមូលកៈ។
បន្ទាប់អំពីនោះ ព្រះរាជាទ្រង់ព្រះតម្រិះថា ក្នុងកាលណាហ្ន៎ សូម្បីអាត្មាអញ ក៏គប្បីជាអ្នកមិនជាប់ចំពាក់យ៉ាងនេះ ប្រថាប់គង់ក្នុងទីនោះឯង ទ្រង់ចម្រើនវិបស្សនា បានធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ កាលត្រូវសួរដល់កម្មដ្ឋានដោយន័យមុន ទើបត្រាស់គាថានេះថា
វំសោ វិសាលោវ យថា វិសត្តោ បុត្តេសុ ទារេសុ ច យា អបេក្ខា
វំសក្កឡីរោវ អសជ្ជមានោ ឯកោ ចរេ ខគ្គវិសាណកប្បោ។
សេចក្តីស្រឡាញ់ ក្នុងបុត្តនិងភរិយា ដូចជាឫស្សីមានមែកចាក់កណ្តាញ់ បុគ្គល កាលមិនជាប់ចំពាក់ ដូចជាទំពាំងឫស្សី គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។
ឫស្សី ឈ្មោះថា វំស ក្នុងគាថានេះ។ បទថា វិសាលោ បានដល់ ផ្សាយចេញទៅ។ វ អក្ខរៈ មានអត្ថថា ឃាត់នូវអត្ថដទៃ។ ម្យ៉ាងទៀត វ អក្ខរៈនេះ គឺ ឯវ អក្ខរៈ។ ក្នុងទីនេះ ឯ អក្ខរៈ បាត់ទៅដោយអំណាចសន្ធិ ឯ អក្ខរៈនោះ ភ្ជាប់ជាមួយបទខាងក្រោយ។ ខ្ញុំនឹងអធិប្បាយសេចក្ដីនោះ ខាងក្រោយ។ បទថា យថា ប្រើក្នុងការប្រៀបធៀប។ បទថា វិសត្ដោ បានដល់ ជាប់ចាក់ស្រែះគ្នា។ បទថា បុត្ដេសុ ទារេសុ ច បានដល់ ក្នុងកូនប្រុស កូនស្រី និងភរិយា។ បទថា យា អបេក្ខា បានដល់ ចំណង់ណា គឺសេចក្ដីស្រឡាញ់ឯណា។ បទថា វំសក្កឡីរោវ អសជ្ជមានោ សេចក្ដីថា មិនជាប់ដូចទំពាំងឫស្សី។ លោកអធិប្បាយដូចម្ដេច។ លោកអធិប្បាយថា ឫស្សីផ្សាយទៅ រមែងជារបស់ចាក់ស្រែះគ្នាទាំងអស់ យ៉ាងណា ការជាប់ចំពាក់ក្នុងបុត្តធីតានិងភរិយានោះ ក៏យ៉ាងនោះ ឈ្មោះថា ជាប់ចំពាក់ ព្រោះចាក់ស្រែះដោយវត្ថុទាំងពួងនោះ។ អាត្មានោះ មានការជាប់ចំពាក់ ដោយការជាប់ចំពាក់នោះ ដូចឫស្សីដែលផ្សាយទៅដូច្នោះ ព្រោះហេតុនោះ អាត្មាឃើញទោសក្នុងការជាប់ចំពាក់យ៉ាងនេះ ទើបកាត់នូវការជាប់ចំពាក់នោះ ដោយមគ្គញ្ញាណ មិនជាប់ចំពាក់ដោយតណ្ហា មានះ ទិដ្ឋិ ក្នុងអារម្មណ៍ មានរូបជាដើម ក្នុងវត្ថុដែលគួរប្រាថ្នា មានលាភជាដើម ឬក្នុងភព មានកាមភពជាដើម ដូចទំពាំងនេះ ទើបសម្រេចបច្ចេកពោធិញ្ញាណ។ ពាក្យដ៏សេស គប្បីជ្រាបដោយន័យមុននោះឯង ។
វំសក្កឡីរគាថា ទី៤ ចប់។
សូមអនុមោទនា !!!
👇មាតិកាគាថាបន្តក្នុងវគ្គនិមួយៗ
☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ១
🔸👉លំនាំដើម
🔸អាមន្តនាគាថា ទី៦
🔸ខិឌ្ឌារតិគាថា ទី៧
🔸ចាតុទ្ទិសគាថា ទី៨
🔸ទុស្សង្គហគាថា ទី៩
🔸កោវិឡារគាថា ទី១០
☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ២
🔸សហាយគាថា ទី១-២
🔸អទ្ធាបសំសាគាថា ទី៣
🔸សុវណ្ណវលយគាថា ទី៤
🔸អាយតិភយគាថា ទី៥
🔸កាមគាថា ទី៦
🔸ឦតិគាថា ទី៧
🔸សីតាលុកគាថា ទី៨
🔸នាគគាថា ទី៩
🔸អដ្ឋានគាថា ទី១០
🔸🔸❁🙏❁🔸🔸
ប្រភព-Source: ឈូកក្រហម
🔸Last Updated កំណែចុងក្រោយ on September 14, 2024