បច្ចេកពុទ្ធសំយុត្តកថា “ខិឌ្ឌារតិគាថា”

ខិឌ្ឌារតិគាថា


គាថាថា ខិឌ្ឌា រតី ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ក្នុងនគរពារាណសី មានព្រះរាជាព្រះនាមថា ឯកបុត្ដកព្រហ្មទត្ដ។ ព្រះរាជាអង្គនោះ មានព្រះរាជឱរសតូចមួយអង្គ ជាទីស្រឡាញ់ពេញព្រះហឫទ័យស្មើដោយជីវិត។ ព្រះរាជាទ្រង់នាំយកព្រះរាជឱរសតូចយាងទៅគ្រប់ឥរិយាបថ។

ថ្ងៃមួយ ព្រះរាជាយាងទៅកាន់ព្រះរាជឧទ្យាន ទ្រង់យាងទៅដោយមិននាំព្រះរាជឱរសទៅផង។ ឯព្រះរាជកុមារនោះ ក៏អស់ព្រះជន្មព្រោះព្យាធិដែលកើតឡើងក្នុងថ្ងៃនោះឯង អាមាត្យទាំងឡាយប្រឹក្សាគ្នាថា ហទយៈរបស់ព្រះរាជានឹងបែកសញ្ជែក ព្រោះសេចក្ដីស្រឡាញ់ក្នុងព្រះរាជឱរស ទើបមិនក្រាបទូលឲ្យទ្រង់ជ្រាប នាំគ្នាថ្វាយព្រះភ្លើងព្រះរាជកុមារនោះ។ ព្រះរាជាទ្រង់ស្រវឹងទឹកច័ណ្ឌក្នុងព្រះរាជឧទ្យាន មិនបាននឹកដល់ព្រះរាជឱរស ក្នុងថ្ងៃទី ២ ក៏ដូចគ្នា ក្នុងពេលស្រង់និងក្នុងពេលសោយ ក៏មិនបានរឭកដល់។ លំដាប់នោះ ព្រះរាជាទ្រង់សោយហើយប្រថាប់គង់ ទ្រង់រឭកបាន ទើបត្រាស់ថា បុត្តំ មេ អានេថ ចូរនាំកូនរបស់យើងមក អាមាត្យទាំងឡាយក៏ក្រាបទូលរឿងនោះ ដល់ព្រះរាជាដោយពិធីដ៏សមគួរ។ លំដាប់នោះ ព្រះរាជាត្រូវសេចក្តីសោកគ្របសង្កត់ ប្រថាប់គង់ប៉ុណ្ណោះ ទ្រង់ធ្វើព្រះហឫទ័យដោយឧបាយថា កាលវត្ថុនេះ មាន វត្ថុនេះ ក៏មាន ព្រោះវត្ថុនេះ កើត វត្ថុនេះ ក៏កើត ទ្រង់ពិចារណាបដិច្ចសមុប្បាទ ទាំងអនុលោម និងបដិលោម ដោយលំដាប់យ៉ាងនេះ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកសម្ពោធិញ្ញាណ ហើយត្រាស់គាថានេះថា

ខិឌ្ឌា រតី ហោតិ សហាយមជ្ឈេ

បុត្តេសុ បេមំ វិបុលញ្ច ហោតិ

បិយវិប្បយោគំ វិជិគុច្ឆមានោ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

ល្បែងនិងតម្រេក រមែងមានក្នុងកណ្តាលនៃសម្លាញ់ ទាំងសេចក្តីស្រឡាញ់ដ៏ធំទូលាយ រមែងមានក្នុងបុត្តទាំងឡាយ បុគ្គលកាលខ្ពើមរអើម ចំពោះការព្រាត់ប្រាសចាកសត្វនិងសង្ខារជាទីស្រឡាញ់ គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។

ពាក្យដ៏សេស ដូចគ្នាតាមន័យដែលបានពោលហើយ ក្នុងសំសគ្គគាថានោះឯង វៀរតែការពណ៌នាគាថា។

ឯការពណ៌នាគាថា មានសេចក្ដីដូច្នេះថា ការលេង ឈ្មោះថា ខិឌ្ឌា។ ការលេងនោះ មាន ២ យ៉ាង គឺលេងផ្លូវកាយ ១ លេងផ្លូវវាចា ១។ បណ្ដាការលេង ២ យ៉ាងនោះ ការលេងយ៉ាងនេះ គឺលេងដំរីខ្លះ លេងសេះខ្លះ លេងរថខ្លះ លេងធ្នូខ្លះ លេងដាវខ្លះជាដើម ឈ្មោះថា លេងផ្លូវកាយ ។ ការលេងយ៉ាងនេះ គឺការច្រៀង ការពោលកំណាព្យ ឬពាក្យស្លោក ការលេងស្គរមាត់ជាដើម ឈ្មោះថា ការលេងផ្លូវវាចា។ ការត្រេកអរក្នុងកាមគុណ ៥ ឈ្មោះថា រតិ

បទថា វិបុលំ បានដល់ ត្រេកអរពេញអត្ដភាព រហូតដល់ខួរក្នុងឆ្អឹង។ ពាក្យដ៏សេសប្រាកដច្បាស់ហើយ។ សូម្បីវាចាប្រកបសេចក្ដីក្នុងគាថានេះ ក៏គប្បីជ្រាបដោយន័យដែលពោលហើយ ក្នុងសំសគ្គគាថានោះឯង។ រឿងទាំងអស់បន្ទាប់អំពីនេះទៅ ក៏ន័យនេះ ដូចគ្នា។

ខិឌ្ឌារតិគាថា ទី៧ ចប់។

សូមអនុមោទនា !!!


☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ១

🔸👉លំនាំដើម

🔸👉បឋមគាថា ទី១

🔸👉សំសគ្គ​គាថា ទី២

🔸👉មិត្តសុហជ្ជគាថា ទី៣

🔸👉វំសក្កឡីរគាថា ទី៤

🔸👉មិគោអរញ្ញគាថា ទី៥

🔸👉អាមន្តនាគាថា ទី៦

🔸👉ខិឌ្ឌារតិគាថា ទី៧

🔸ចាតុទ្ទិសគាថា ទី៨

🔸ទុស្សង្គហគាថា ទី៩

🔸កោវិឡារគាថា ទី១០

☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ២

🔸សហាយគាថា ទី១-២

🔸អទ្ធាបសំសាគាថា ទី៣

🔸សុវណ្ណវលយគាថា ទី៤

🔸អាយតិភយគាថា ទី៥

🔸កាម​គាថា ទី៦

🔸ឦតិគាថា ទី៧

🔸សីតាលុកគាថា ទី៨

🔸នាគគាថា ទី៩

🔸អដ្ឋានគាថា ទី១០

🔸🔸❁🙏❁🔸🔸


ប្រភព-Source: ឈូកក្រហម

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).