🙏រឿងរបស់ជីវិតគឺជារឿងស្មុគ្រស្មាញបណ្តាញទុក្ខ ច្របូកច្របល់ ក្រហល់ក្រហាយ ខ្វល់ខ្វាយ រកកលនឹងដោះស្រាយឱ្យឆ្ងាយពីទុក្ខមិនងាយបាន គ្រប់ប្រាណតាំងតែពីកើតមករហូតដល់ចាស់សក់ស្កូវ ក៏នៅតែមិនទាន់ចប់រឿងដែលត្រូវដោះស្រាយដដែល មិនថាអតីតៈ បច្ចុប្បន្ន ឬអនាគតកាលឡើយ ឱ្យតែកើតមកហើយត្រូវតែមានបញ្ហាដែលត្រូវដោះស្រាយជានិច្ច។ ព្រោះតែជីវិតពោរពេញទៅដោយភាពស្មុគ្រស្មាញយ៉ាងនេះហើយ ទើបបណ្តាលអោយមានបុគ្គលដ៏អស្ចារ្យម្នាក់ ខំព្យាយាមបំពេញបារមីអស់រយៈកាល ៤ អសង្ខេយ្យ កំរៃ១សែនកប្ប ដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ហើយបានប្រកាសប្រាប់នូវរូបមន្តដ៏វិសេសបំផុត មានចំនួន ៨៤០០០ ព្រះធម្មក្ខន្ធ ដែញហៅថាព្រះធម៌ ឬ ព្រះពុទ្ធសាសនានេះឯង។
🙏ជនមួយចំនួនដែលមិនស្គាល់ មិនយល់ច្បាស់នូវតម្លៃរបស់ព្រះពុទ្ធសាសនា ព្រោះគេមិនបានសិក្សា ឬមិនបានពិចារណាឱ្យចេះយល់ស្គាល់នូវព្រះពុទ្ធសាសនាថាមានអ្វីខ្លះ? ក្នុងនោះគេមានគំនិតផ្ទុយនឹងជីដូនជីតាយើង ចិត្តគំនិតរបស់គេកំពុងរសាត់អណ្តែតសែតអញ្ជង់ វិលវល់ក្នុងរឿងដ៏ទៃទៀតច្រើនសែនច្រើន គេបែរជាឃើញការកាន់សាសនា ប្រព្រឹត្តធម៌អាថ៌ ចរិយាប្រសើរ ថាជាអំពើលាសម័យ ការទៅវត្តស្តាប់ធម៌ ធ្វើបុណ្យទាន វាជារឿងគួរឱ្យអៀនខ្មាស។ ឃើញថាជាការប្រសើរ ស៊ូនៅតាមរោងភាពយន្ត ឬ រាត្រីសមោសរ ដែលមានពួកនារីស្អាតៗ ល្អៗ តុបតែងតួយ៉ាងស្រស់ឆើតឆាយ ប្រកបដោយសូរស័ព្ទតន្ត្រីនិងចំរៀងប្រលោមកាម ព្រមទាំងសូរស័ព្ទនៃកែវស្រាយ៉ាងគួរឱ្យភ្លើតភ្លើន ស្រើបស្រាល។ បើមានអ្នកណាទៅនិយាយធម៌អាថ៌-សាសនា ក្នុងទីនោះ គេទាំងនោះក៏មិនត្រូវការស្តាប់ ឯអ្នកនិយាយអាចនឹងត្រូវគេចំអកឡកឡឺយពេបជ្រាយអោយថា ខួរក្បាលបុរាណ ខ្លះថាជឿឆោតៗ ព្រមទាំងដៀលត្មះធម៌អាថ៌ ឬពុទ្ធសាសនា ដោយប្រការផ្សេងៗ សំដែងសម្តីថា ខ្លួនប្រសើរជាងពុទ្ធសាសនាទៅទៀត។
🙏ការនិយាយយ៉ាងនេះ ក៏មិនបានម៉ៅសំដៅសេចក្តីថា គ្រប់មនុស្សទាំងអស់សុទ្ធតែមានលក្ខណៈយ៉ាងនេះឡើយ។ សេចក្តីពិតដែលគេមិនយកចិត្តទុកដាក់ក្នុងរឿងសាសនា ឬធម៌អាថ៌ អាចទាក់ទងមកពីគេមិនមានសេចក្តីចេះនឹងគ្រប់គ្រាន់ ល្មមនឹងស្រាវជ្រាវរាវរកសេចក្តីពិតចាកព្រះពុទ្ធសាសនានេះក៏អាចថាបាន។ តាមពិតព្រះពុទ្ធសាសនា គឺជាផែនទីជាក់លាក់ សម្រាប់នាំសត្វលោកដែលដើរតាម ឱ្យទៅដល់គោលដៅយ៉ាងគួរឱ្យពេញចិត្ត ឬថាជាមធ្យោបាយដ៏សមស្របសម្រាប់ចោទ និងដោះស្រាយនូវរាល់បញ្ហាជីវិតរបស់មនុស្សគ្រប់វ័យ គ្រប់ប្រភេទ មិនថាអតីតៈ បច្ចុប្បន្ន ឬអនាគត មិនរើសសម័យកាល នរណាប្រតិបត្តិតាមក្នុងវេលាណាក៏ឱ្យផលក្នុងវេលានោះ មិនចាំបាច់រង់ចាំជាតិមុខ ឬជាតិក្រោយឡើយ ប្រៀបដូចជាទឹកស្រះថ្លាដ៏ត្រជាក់ ឱ្យតែយើងដងយកមកចាក់លើកាយ ខណៈណាក៏ផ្តល់ឱ្យនូវភាពត្រជាក់ខណៈនោះភ្លាម។ ព្រះធម៌ឬព្រះពុទ្ធសាសនា ជាការចោទនិងដោះស្រាយនូវបញ្ហាជិវិត ដូច្នេះព្រះធម៌គឺជាគោលនៃជីវិត យ៉ាងណាមិញ? យ៉ាងណានេះគឺៈ
- បើជីវិតប្រាសចាកធម៌ដូចជា សតិ ជីវិតនោះក៏នឹងវិកលចរិត ប្រាសចាកប្រយោជន៍។
- បើប្រាសចាកធម៌ ហិរិ ឱត្តប្បៈ ក៏ជាជីវិតខ្មៅសៅហ្មង ពុករលួយ ច្រើនប្រកបដោយទោស។
- បើប្រាសចាកធម៌ បញ្ញា ក៏ជាជីវិតងងឹតងងល់ មិនស្គាល់នូវអ្វីជាប្រយោជន៍ និង មិនមែនជាប្រយោជន៍។
- បើប្រាសចាកធម៌ វិរិយៈ គឺសេចក្តីព្យាយាម ក៏ជាជីវិតអន់ថយក្រោយ គ្មានជំហានឈានទៅរកសេចក្តីចំរើន ថ្កុំថ្កើងរុងរឿង មិនអាចដកខ្លួនចាករណ្តៅទុក្ខបាន។
- បើប្រាសចាកធម៌ មេត្តា ករុណា ក៏ជាជីវិតសាហាវយង់ឃ្នង់ ឃោរឃៅក្រៅមនុស្សធម៌ ។ល។
🙏សេចក្តីដូចរៀងមកខាងលើ ក៏សបញ្ជាក់ឱ្យឃើញថា ធម៌មាននៅក្នុងជីវិតនេះឯង ហើយជីវិតពិតជាត្រូវការធម៌ល្អៗ សម្រាប់ដាស់តឿនក្រើនរំលឹកស្មារតីឱ្យបានជារឿយៗ។ ការដែលអ្នកខ្លះពោលដៀលត្មះធម៌ ឬពុទ្ធសាសនាថាយ៉ាងនេះ ឬយ៉ាងនោះ ព្រោះគេមើលពុទ្ធសាសនាតែតាមសភាព សើៗខាងក្រៅ ហើយគេមិនបានសិក្សា មិនបានពិចារណាឱ្យស្គាល់ច្បាស់តែប៉ុណ្ណោះ។ តែបើគេស្គាល់ច្បាស់ យល់ច្បាស់នូវព្រះពុទ្ធសាសនា តាមសេចក្តីដែលពិត បានក្រេបរសជាតិនៃព្រះធម៌ឱ្យបានជារឿយៗហើយនោះ គេមុខជារីករាយស្រលាញ់ព្រះធម៌ស្មើដោយជីវិតពិតប្រាកដមិនខាន។
🙏ជីវិតជាការដើរផ្លូវឆ្ងាយ ឯរូបរាងកាយជាសាលាសំណាក់
ព្រះភិក្ខុ សាន សុជា Bhikkhu San Sochea
ផ្លូវឆ្ងាយគឺជាឈ្មោះនៃវដ្តៈ ឥតធម៌ពឹងពាក់ជាក់ជាអន្តរាយ។
ដកស្រង់ចេញពីសៀវភៅ ជីវិតពិតជាត្រូវការធម៌ ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
🔸Last Updated កំណែចុងក្រោយ on June 13, 2024