ក្បួនប្រល័យខែ្មរដោយចំហ
ក្បួនប្រល័យខ្មែរមានងាយៗ | តែគួរអោយស្តាយយើងភ្លេចគិត |
ល្បិចបំផ្លាញខ្មែរស្រួលអស់ចិត្ត | បណ្តោយវិបរិតខ្មែរងាប់ឯង ។ |
កលប្រល័យខ្មែរមានអវិជ្ជា | ខ្មែរល្ងង់វេទនារស់ចំបែង |
មិនចូលរៀនសូត្រខ្លួនវង្វេង | ខ្មែរឆោតបែរឆ្វេងលែងស្គាល់ល្អ ។ |
កលមួយបណ្តោយឱ្យខ្មែរងោះ | មិនស្គាល់ត្រូវខុស ខ្មៅ ឬ ស |
គិតតែកាប់ចាក់ពេញនគរ | លែងមានសីលធម៌ចំពោះគ្នា ។ |
កលមួយទុកអោយខ្មែរកម្លៅ | ចិត្តខ្មៅបង្កភ្លើងទោសា |
ជាន់កគ្នាឯងឥតមេត្តា | រួចឱនសិរសាជូនជាតិគេ ។ |
តាំងពីចំរៀងរឿងស្លៀកពាក់ | សក់លឿងលាបល័ក្សឥតគ្នាន់គ្នេរ |
បើប្រពៃណីស្រែកថាទេ | រត់វេះគេចបែរបាត់រាប់យោជន៍ ។ |
បើឆ្កួតផឹកស៊ីច្រៀងធុងបាស | បោកកែវឈ្លោះណាស់ឥតប្រដូច |
យាយីខ្មែរឯងមុខសំពោច | ងាប់បោសដៃរួចដើរចូលគុក ។ |
លើថ្នល់រចល់ដោយយន្តយាន | គ្មានអធ្យាស្រ័យសាងក្តីសុខ |
ខឹងគ្នាត្រង់ណាបរដេញបុក | បាញ់រះសំរុកយកឈ្នះដៃ ។ |
កវីឃើញហើយគិតសង្វេគ | អាណិតជាតិពេកតឹងទ្រូងក្រៃ |
យើងធ្វើយ៉ាងណាជួយជាថ្មី | ស្រង់ខ្មែរផុតភ័យល្បិចបំផ្លាញ ៕ |
![កែវ ច័ន្ទបូរណ៍](https://watkhmers.org/wp-content/uploads/2025/01/chanbo_keo_icon.png)
និពន្ធដោយអ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo
![](https://watkhmers.org/img/divider_07.png)