បច្ចេកពុទ្ធសំយុត្តកថា “មិត្ដសុហជ្ជគាថា”

មិត្ដសុហជ្ជគាថា


គាថាថា មិត្ដសុហជ្ជគាថា ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

ព្រះបច្ចេកពោធិសត្វអង្គនេះ កើតឡើងហើយដោយន័យដូចពោលក្នុងគាថាទី១ នោះឯង សោយរាជសម្បត្ដិនៅក្នុងនគរពារាណសី ធ្វើបឋមជ្ឈានឲ្យកើតហើយ ចង់ពិសោធថា សមណធម៌ប្រសើរ ឬរាជសម្បត្ដិប្រសើរ ទើបប្រគល់រាជសម្បត្ដិឲ្យដល់អាមាត្យទាំងឡាយ ហើយបានធ្វើសមណធម៌។ អាមាត្យទាំងនោះ សូម្បីព្រះបច្ចេកពោធិសត្វត្រាស់ថា ពួកអ្នកចូរកាត់ក្ដីដោយធម៌  (កុំស៊ីសំណូកឡើយ) ហើយក៏ដោយ ក៏នៅតែកាត់ក្ដីដោយអធម៌។ អាមាត្យទាំងនោះ ទទួលសំណូកហើយធ្វើម្ចាស់ទ្រព្យឲ្យចាញ់។ គ្រាមួយ ធ្វើរាជវល្លភៈ (អ្នកស្និទ្ធស្នាលជាមួយព្រះរាជា) ម្នាក់ ឲ្យចាញ់។ រាជវល្លភៈនោះ ចូលទៅគាល់ព្រះរាជា មួយអន្លើដោយពួកអ្នកចម្អិនក្រយាស្ងោយរបស់ព្រះរាជា ហើយក្រាបទូលរឿងទាំងពួងឲ្យទ្រង់ជ្រាប។ ក្នុងថ្ងៃទី២ ព្រះរាជាយាងទៅកាន់ទីវិនិច្ឆ័យ ដោយព្រះអង្គឯង។ លំដាប់នោះ ពួកមហាជនក៏បន្លឺសំឡេងអឺងកងថា បពិត្រព្រះសម្មតិទេព ពួកអាមាត្យកាត់ក្ដី ធ្វើម្ចាស់ទ្រព្យមិនឲ្យជាម្ចាស់ទ្រព្យ ហើយបានធ្វើអាកប្បកិរិយាដូចមហាចម្បាំង។ លំដាប់នោះ ព្រះរាជាក្រោកឡើងចាកទីវិនិច្ឆ័យ ហើយយាងឡើងកាន់ប្រាសាទ ប្រថាប់គង់ចូលសមាបត្ដិ ទ្រង់មានចិត្ដរាយមាយព្រោះសំឡេងនោះ មិនអាចចូលសមាបត្ដិបាន។ ទ្រង់ព្រះតម្រិះថា ប្រយោជន៍អ្វីដោយរាជសម្បត្ដិ សម្រាប់អញ សមណធម៌ប្រសើរជាង ទើបលះសុខក្នុងរាជសម្បត្ដិ ធ្វើសមាបត្ដិឲ្យកើតឡើងទៀត ហើយចម្រើនវិបស្សនាដោយន័យដូចពោលក្នុងកាលមុននោះឯង ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកសម្ពោធិញ្ញាណ ត្រូវព្រះសង្ឃត្ថេរសួរកម្មដ្ឋាន ទើបពោលគាថានេះថា

មិត្តេ សុហជ្ជេ អនុកម្បមានោ ហាបេតិ អត្ថំ បដិពន្ធចិត្តោ

ឯតំ ភយំ សន្ថវេ បេក្ខមានោ ឯកោ ចរេ ខគ្គវិសាណកប្បោ។

បុគ្គលមានចិត្តជាប់ចំពាក់ កាលអនុគ្រោះចំពោះពួកមិត្ត និងសម្លាញ់ រមែងញ៉ាំងប្រយោជន៍ឲ្យវិនាស បុគ្គល កាលឃើញនូវភ័យ ក្នុងសេចក្ដីស្និទ្ធស្នាលនុ៎ះ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។

បណ្ដាមិត្ត និងសម្លាញ់នោះ ឈ្មោះថា មិត្ត  ព្រោះនាំមកនូវមេត្រីចិត្ដ ឈ្មោះថា សម្លាញ់ ព្រោះជាអ្នកមានចិត្ដល្អ។ បុគ្គលពួកខ្លះ ត្រឹមតែជាមិត្ត ព្រោះជាអ្នកប្រាថ្នាប្រយាជន៍តែម្យ៉ាង ពួកខ្លះ ត្រឹមតែជាសម្លាញ់ ដោយធ្វើសេចក្ដីសុខឲ្យកើត ក្នុងការទៅ ការមក ការឈរ ការអង្គុយ និងការប្រាស្រ័យ តែមិនបានជាមិត្ត។ ពួកខ្លះជាសម្លាញ់ផង ជាមិត្តផង ព្រោះប្រព្រឹត្តទៅបានទាំង ២ យ៉ាងនោះ។

មិត្តនោះ មាន ២ ពួក គឺអគារិយមិត្ដ និងអនាគារិយមិត្ដ។ បណ្ដាមិត្ត ២ ពួកនោះ អគារិយមិត្ដមាន ៣ គឺមិត្តមានឧបការៈ ១ មិត្តរួមសុខរួមទុក្ខ១ មិត្តមានសេចក្ដីឈឺឆ្អាល១។ អនាគារិយមិត្ដ ជាអ្នកប្រាប់ប្រយោជន៍ដោយពិសេសនោះឯង។ មិត្តទាំងនោះ ជាអ្នកប្រកបដោយអង្គ ៤។ សមដូចព្រះតម្រាស់ថា

ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាង គឺរក្សាមិត្តដែលធ្វេសប្រហែស ១ រក្សាសម្បត្តិរបស់មិត្តដែលធ្វេសប្រហែស ១ ជាទីពឹងពំនាក់នៃមិត្តដែលមានសេចក្ដីភិតភ័យ ១ កាលបើកិច្ចដែលត្រូវធ្វើកើតឡើងហើយ តែងជួយផ្ដល់ភោគៈជាទ្វិគុណជាងទ្រព្យដែលមិត្តត្រូវការនោះ ១។

ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាង គឺប្រាប់នូវអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត ១ ជួយបិទបាំងនូវអាថ៌កំបាំងរបស់មិត្ត ១ មិនបោះបង់គ្នាក្នុងគ្រាមានវិបត្តិ ១ សូម្បីជីវិតក៏ហ៊ានលះបង់ ដើម្បីប្រយោជន៍ដល់មិត្ត (ស៊ូប្ដូរជីវិត) ១។

ម្នាលគហបតិបុត្ត មិត្តមានសេចក្ដីឈឺឆ្អាល ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាង គឺជួយព្រួយចិត្តពីព្រោះមិត្តបានសេចក្ដីវិនាស ១ ជួយត្រេកអរព្រោះមិត្តបានសេចក្ដីចម្រើន ១ ទទឹងទាស់នឹងមនុស្សដែលពោលទោសមិត្ត ១ សរសើរតែមនុស្សដែលពណ៌នាគុណមិត្ត ១។

ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤យ៉ាង គឺហាមមិត្តឲ្យ​ឃ្លាតចាកអំពើអាក្រក់១ ដឹកនាំឲ្យមិត្តតម្កល់នៅតែក្នុងអំពើល្អ១ ឲ្យបានឮពាក្យដែលមិនធ្លាប់បានឮ១ ប្រាប់​ផ្លូវឋានសួគ៌១ [បិ.១៩ ទំ.៨១-៨២ ឃ.៦៤-៦៧។]។

បណ្ដាមិត្ត ២ ពួកនោះ ក្នុងទីនេះ បំណងយកអគារិយមិត្ត តែដោយសេចក្ដី រមែងរួមយកមិត្តទាំងអស់ ។ បទថា មិត្ដេ សុហជ្ជេ អនុកម្បមានោ បានដល់ កាលអាណិតអាសូរមិត្ដសម្លាញ់ទាំងនោះ (គឺ) ប្រាថ្នានាំសេចក្ដីសុខចូលទៅឲ្យមិត្តទាំងនោះ និងប្រាថ្នាកម្ចាត់សេចក្ដីទុក្ខចោល។

បទថា ហាបេតិ អត្ថំ សេចក្ដីថា រមែងធ្វើប្រយោជន៍ ៣ គឺ ទិដ្ឋធម្មិកត្ថប្រយោជន៍ សម្បរាយិកត្ថប្រយោជន៍ និងបរមត្ថប្រយោជន៍ ឲ្យវិនាស។ ម្យ៉ាងទៀត រមែងធ្វើប្រយោជន៍ ៣ គឺប្រយោជន៍ខ្លួន ប្រយោជន៍អ្នកដទៃ និងប្រយោជន៍របស់ខ្លួនផង អ្នកដទៃផង ឲ្យវិនាស គឺឲ្យវិនាសទៅដោយចំណែកទាំង ២ គឺធ្វើវត្ថុដែលបានហើយ ឲ្យវិនាសទៅ ១ ធ្វើវត្ថុដែលមិនទាន់កើត មិនឲ្យកើតឡើង ១។ បុគ្គលមានចិត្ដជាប់ចំពាក់ គឺដាក់ខ្លួនទុកក្នុងឋានៈដែលទាបយ៉ាងនេះថា វៀរបុគ្គលនេះចេញ អាត្មាអញរស់នៅមិនបាន បុគ្គលនេះជាគតិ ជាអ្នកនាំមុខរបស់អញ ដូច្នេះក្ដី ឈ្មោះថា បុគ្គលមានចិត្ដជាប់ចំពាក់។ ឬតម្កល់ខ្លួនក្នុងឋានៈដែលខ្ពស់យ៉ាងនេះថា មនុស្សទាំងនេះ ប្រាសចាកអញហើយ ជាអ្នករស់នៅមិនបាន អញជាគតិរបស់មនុស្សទាំងនោះ អញជាអ្នកនាំមុខរបស់មនុស្សទាំងនោះ ដូច្នេះក្ដី ឈ្មោះថា បុគ្គលមានចិត្ដជាប់ចំពាក់។ ក្នុងទីនេះ លោកបំណងយកបុគ្គលមានចិត្ដជាប់ចំពាក់យ៉ាងនេះ។ បទថា ឯតំ ភយំ បានដល់ ភ័យនោះ គឺការធ្វើប្រយោជន៍ឲ្យវិនាស។ ពាក្យនេះ ព្រះរាជាត្រាស់សំដៅដល់ការសាបសូន្យចាកសមាបត្ដិរបស់ព្រះអង្គ។

បទថា សន្ថវេ សេចក្ដីថា សន្ថវៈ មាន ៣ យ៉ាង គឺតណ្ហាសន្ថវៈ ១ ទិដ្ឋិសន្ថវៈ ១ មិត្ដសន្ថវៈ ១។ ក្នុងសន្ថវៈ ៣ យ៉ាងនោះ តណ្ហាទាំង ១០៨ ឈ្មោះថា តណ្ហាសន្ថវៈ ទិដ្ឋិ ៦២ ឈ្មោះថា ទិដ្ឋិសន្ថវៈ ការអនុគ្រោះមិត្ត ដោយភាពជាអ្នកមានចិត្ដជាប់ចំពាក់ ឈ្មោះថា មិត្ដសន្ថវៈ។ បណ្ដាសន្ថវៈ ៣ នោះ ក្នុងទីនេះ បំណងយកមិត្ដសន្ថវៈនោះ។ ពិតហើយ សមាបត្ដិរបស់ព្រះរាជានោះ វិនាសព្រោះមិត្ដសន្ថវៈនោះ ព្រោះហេតុនោះ ទើប ព្រះបច្ចេកពុទ្ធ ត្រាស់ថា អាត្មា កាលឃើញនូវភ័យក្នុងការស្និទ្ធស្នាលនុ៎ះ ទើបត្រាស់ដឹង។ ពាក្យដ៏សេសមានន័យដូចពោលហើយនោះឯង។

មិត្ដសុហជ្ជគាថា ទី ៣ ចប់។

សូមអនុមោទនា !!!


☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ១

🔸👉លំនាំដើម

🔸👉បឋមគាថា ទី១

🔸👉សំសគ្គ​គាថា ទី២

🔸👉មិត្តសុហជ្ជគាថា ទី៣

🔸👉វំសក្កឡីរគាថា ទី៤

🔸មិគោអរញ្ញគាថា ទី៥

🔸អាមន្តនាគាថា ទី៦

🔸ខិឌ្ឌារតិគាថា ទី៧

🔸ចាតុទ្ទិសគាថា ទី៨

🔸ទុស្សង្គហគាថា ទី៩

🔸កោវិឡារគាថា ទី១០

☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ២

🔸សហាយគាថា ទី១-២

🔸អទ្ធាបសំសាគាថា ទី៣

🔸សុវណ្ណវលយគាថា ទី៤

🔸អាយតិភយគាថា ទី៥

🔸កាម​គាថា ទី៦

🔸ឦតិគាថា ទី៧

🔸សីតាលុកគាថា ទី៨

🔸នាគគាថា ទី៩

🔸អដ្ឋានគាថា ទី១០

🔸🔸❁🙏❁🔸🔸


ប្រភព-Source: ឈូកក្រហម

🔸Last Updated កំណែចុងក្រោយ on September 14, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace