ត្រុកៗអ្នកស្រុកមើលងាយ

ត្រុកៗអ្នកស្រុកមើលងាយ

បទកាកគតិ

ឫកពាត្រុកៗ
ជននៅក្នុងស្រុកគេច្រើនមើលងាយកណ្តាលជំនុំ
ស្រាប់តែកម្ចាយកិច្ចកលឧបាយមានឱតមានភ័ន្ត ។
បញ្ចោញសម្តី
មានពាក្យវែងខ្លីរាបទាបស្រទន់មានឱតឮខ្លាំង
ម្តងៗមិនស្លន់រាល់ម៉ាត់ឥតអន់សុទ្ធតែបានការ ។
ពុំដែលមានឈ្មោះ
ថាខ្លួនអ្នកនោះជាគ្រូអាចារ្យឬជាអ្នកចេះ
ចំណេះធម៌អាថ៌សោះទេមានការណ៍ក៏ចេញប្រាជ្ញប្រុះ ។
ប្រាជ្ញាយង់យល់
សម្តីនិម្មលយោបល់ឈ្លាសឆ្លុះអ្នកស្តាប់ស្ញប់ស្ញែង
ព្រោះឃើញស្តែងនុះទម្លាយទម្លុះការក្រសម្ទាយ ។
នេះហៅត្រុកៗ
ត្រាតែអ្នកស្រុកភូមិផងមើលងាយស្រាប់តែមានការណ៍
ដែលត្រូវដោះស្រាយរលាស់គូទខ្ចាយមានឱតមានភ័ន្ត ។
ឬដូចកុកសាប់
ស្លាបក្រៅស្រអាប់ឥតសសាន់វ៉័ណ្តកាលបើវាហើរ
ឃើញសជាក់ស្បាន់ចាស់ថាត្រូវកាន់តម្រាប់កុកសាប់ ។
រីឯកុកស
ទំក៏ឃើញសឥតឃើញស្រអាប់ហើរក៏ឃើញស
ផ្ទុយពីកុកសាប់ខ្នងស្លាបស្រអាប់នៅពេលដែលទំ ។
ហេតុនោះបានជា
ពួកចាស់ព្រឹទ្ធាថាឱ្យនិយមតាមបែបកុកសាប់
ជាការសមរម្យកុំឱ្យនិយមតាមកុកសឡើយ ។
បើសាធុជន
រិះរេគិតគណយល់ន័យនេះហើយពេញចិត្តប្រព្រឹត្ត
ពិនិត្យរឿយៗប្រើឫកជើយៗមិនប្រើអំនួត ។
ក៏ទៅដោយយ៉ាង
ពីព្រោះមានអាងថាមិនបាច់អួតចាំដល់នៅពេល
ប្រណាំងប្រកួតគង់មានគេអួតជួសខ្លួនយើងទេ ៕


ព្រះរាជនិពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

វត្តឧណ្ណាលោម ថ្ងៃចន្ទ ទី២៩ ខែកក្កដា គ.ស. ១៩៦៨ ​ព.ស. ២៥១២

🔸Last Updated កំណែចុងក្រោយ on November 10, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).