សម្បទារបស់បុត្រ

សម្បទារបស់បុត្រ

បទពាក្យប្រាំពីរ

(សម្បទា៤យ៉ាងនេះ លោកថាជាធម៌សម្រាប់សងគុណមាតាបិតា)

ព្រះពុទ្ធជាម្ចាស់ត្រាស់ទេសនាថាមានសម្បទាបួនឧត្តម
សម្រាប់តបស្នងសងឱ្យចំតបតាមក្រឹត្យក្រមច្បាប់សាសនា ។
ទីមួយលោកថាគឺសទ្ធាបុត្តភ្ងាគប្បីលៃចាត់ការ
ជួយចូកចែវលោកឱ្យជ្រះថ្លាជឿធម៌ជឿអាថ៌ព្រះសម្ពុទ្ធ ។
ទីពីរលោកថាគឺសីលារៀបកាយវាចាឱ្យបរិសុទ្ធ
ចាត់ជាគុណជាតស្អាតបំផុតជួយដុតកិលេសចាកអបាយមុខ ។
ទីបីលោកថាគឺចាគាចេះចាយទ្រព្យាសន្សំសុខ
តម្កល់ជាទ្រព្យគាប់ជាតិមុខសាងទុកឱ្យហើយទើបហៅល្អ ។
ទីបួនលោកថាគឺបញ្ញាស្គាល់សព្វសញ្ញាទើបបវរ
ស្គាល់បាបស្គាល់បុណ្យអាក្រក់ល្អស្គាល់សស្គាល់ខ្មៅហៅសប្បុរស ។
បើកូនប្រុសស្រីឯណាមួយចេះចាត់លើកស្ទួយជួយព្រះរស់
តម្កុំតម្កើងលើកកិត្តិយសឱ្យលោកខ្ពង់ខ្ពស់យសវិវឌ្ឍ ។
កូនចៅនោះឯងរែងបានសុខជាតិនេះជាតិមុខមិនកំសត់
ជួបជួនសប្បុរសស្មោះប្រាកដព្រោះបទបានតបសងគុណព្រះ ៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តគិរីសោភា (កូនសត្វ), ថៃ្ងទី១៧ ខែឧសភា ឆ្នាំ២០០៨

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).