នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸តក់ៗពេញបំពង់។
សង្គហធម៌បុត្តធីតា
បទពាក្យប្រាំពីរ
| ព្រះពុទ្ធជាម្ចាស់ត្រាស់ទេសនា | ថាបុត្តធីតាត្រូវគោរព |
| មាតាបិតាទាំងថ្ងៃយប់ | ព្រោះលោកជាម្លប់ជប់សុខសាន្ត ។ |
| ពិសេសត្រូវចេះតបសងគុណ | ដ៏ច្រើនលើសលន់ពន់ប្រមាណ |
| បុត្តណាតបហើយនឹងស្បើយប្រាណ | សុខសាន្តសព្វឋានបានជាបុណ្យ ។ |
| ទីមួយត្រូវជួយចិញ្ចឹមលោក | សព្វគ្រឿងឧបភោគទុកជាទុន |
| ឱ្យបានស័ក្តិសមល្មមកិត្តិគុណ | ដែលលោកធ្វើមុនមកលើខ្លួន ។ |
| ទីពីរត្រូវជួយធ្វើការងារ | ពេលលោកជរាអស់មាំមួន |
| កូនគួរបញ្ឈប់ការងារខ្លួន | ជាប់ជួនចុះជួយជូនលោកសិន ។ |
| ទីបីត្រូវចេះថែរក្សា | ចរិយាមារយាទឆ្លាតហើយប៉ិន |
| ចេះស្គាល់ប្រមាណបានឆ្អៅឆ្អិន | អប់ក្លិនកិត្តិយសរស់រម្យទម ។ |
| ទីបួនកូនត្រូវជួយបម្រើ | ស្និទ្ធស្នើអើពើធ្វើស័ក្តិសម |
| គោរពប្រតិបត្តិតាមក្រឹត្យក្រម | ឱ្យសមជាអ្នកទាយជ្ជា ។ |
| ទីប្រាំត្រូវចាំពេលលោកស្លាប់ | ឧស្សាហ៍ប្រញាប់ធ្វើទក្ខិណា- |
| នុប្បទានឧទ្ទិសជូនផលា | លោកថាបានបុណ្យធ្ងន់មាំមួន ។ |
| ផលមួយជួយដល់អ្នកដែលស្លាប់ | មួយទៀតត្រឡប់តបមកខ្លួន |
| ដល់អ្នកដែលធ្វើចំលើក្បួន | មានបច្ច័យបួនជាដើមហោង ៕ |

និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តគិរីសោភា (កូនសត្វ), ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៨


🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី






