នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸គួរធើ្វនូវបុណ្យទាំងឡាយ ដែលនាំសេចក្ដីសុខមកឲ្យ។
ព្យញ្ជនៈខ្ជាក់ព្រៃព្រឹក្សា
បទកាកគតិ
| សម្បតិ្តធម្មជាតិ | សម្បូរព្រោងព្រាត | ជាតិជារុក្ខា |
| ខ្លះតូចខ្លះធំ | ជុំជាព្រឹក្សា | ខ្លះជាលតា |
| ផ្លែផ្កាឱ្យផល ។ | ||
| ខ្លះដុះក្នុងស្រុក | រាប់រាយរយមុខ | ទុកជាសម្គាល់ |
| ខ្លះដុះខ្លួនឯង | ខ្លះដាំយកផល | ខ្លះទៀតជួយផ្តល់ |
| ផលតាមត្រូវការ ។ | ||
| ខ្ញុំសូមរៀបរាប់ | រើសរកមកភ្ជាប់ | ជាប់តួអក្ខរា |
| ចារឆ្លាក់ខ្ជាក់ឈ្មោះ | អស់សព្វរុក្ខា | រួមជាព្រឹក្សា |
| ចែកជូនសន្តាន ។ | ||
| ក មានក្រសាំង | ក្រូចក្រាយបាយក្តាំង | ក្រញូងកំញ៉ាន |
| កកោះកៅស៊ូ | ជម្ពូបែកចាន | ក្រឡាញ់ហៃសាន |
| ក្រវ៉ាន់ក្តាំងងា ។ | ||
| ខ មានខ្វិតខ្វង | ខ្លុងខ្លូតខ្លែងគង់ | ខ្វែងខ្វាវបន្លារ |
| ខ្នុរស្រុកខ្នុរព្រៃ | ខ្នាយមាន់ខាន់ម៉ា | ខ្លាញ់ក្តាមខាត់ណា |
| ខ្លែងពណ៌ខ្ទរដី ។ | ||
| គ មានគគី | គគិតគោញី | គុយគូលេនព្រៃ |
| គ្រៀលគ្រើលគូទស្លា | គ្រាប់បែកចេកខ្ចី | គ្រុងទេសទល់ដី |
| គ្រុងវាលគង្គា ។ | ||
| ឃ មានដើមឃ្មាស | ពណ៌ខ្មៅសាច់ក្រាស់ | ខ្មាស់អស់ព្រឹក្សា |
| ឃ្មត់ឃ្មេឃ្លេឃ្លៃ | ដឹងពីយាយតា | ឃ្លោកក្លែងកាយា |
| ក្លាយជាបន្លែ ។ | ||
| ង មានដើមងប់ | បេះបោចមិនឈប់ | ជាប់ជាហូរហែ |
| យកមកស្លស្លុក | បុកជាបន្លែ | បង់សម្លខ្មែរ |
| កែប្រែរសជាតិ ។ | ||
| ច មានចំប៉ា | ចំប៉ីចេកចារ | ចាន់ចែងច្រនៀង |
| ច្រេសច្រត់ឥសី | ចំបក់ជ្រកភ្លៀង | ចន្ធូផ្កាផ្អៀង |
| ចន្ទល់ភ្នំទប់ ។ | ||
| ឆ មានឆាំឆា | ឆ្កែស្រែងឆ្មាបា | ឆ័ត្ររួតត្រួតម្លប់ |
| ឆ្មាទឹកឆ្តោទន់ | ឆ្អឹងពស់គ្រោះជប់ | ឆ្កែងឆ្វែសឆ្មាយប់ |
| ឆ្នុកទ្រូឆ្នុកត្មាត ។ | ||
| ជ មានជម្ពូ | ជាយស្បៃជើងគោ | ជក់ជ័របាញ់បាត |
| ជ័យភ្លាជញ្ជាំង | ជន្លង់ជន្លាត់ | ជណ្តើរស្វាស្អាត |
| ជ្រៃក្រឹមជើងចាប ។ | ||
| ឈ មានឈើទាល | ឈើខ្មៅឈើត្បាល | ឈើកែវរាំងសាប |
| ឈើអែមឈាមមាន់ | ឈាមអន្ទង់ច្រាប | ឈ្លីកពកនាងទាប |
| ឈើទាលទិព្វទឹក ។ | ||
| ញ មានញស្រុក | ញព្រៃជ្រៅស្តុក | ញក្លាយញទឹក |
| ញស្បាតញធំ | ញិញយំរីកព្រឹក | ញិញបាតស្អាតស្លឹក |
| ញ៉ាំញឹកខ្មៅធ្មេញ ។ | ||
| ដ មានដក់ចាន់ | ដកដាវក្រវ៉ាន់ | ដួងចែមប្រផេញ |
| ដង្កោដង្កៀប | ក្តាមក្តុលដូងម្តេញ | ដក-ព-ពឹសចេញ |
| ដង្ហិតដីប្លី ។ | ||
| ឋ ឋិតឆ្ងាយឋាន | រកថាមិនបាន | ស្មានមិនត្រូវអី |
| ស្វែងរកមិនឃើញ | សូមទានអភ័យ | ជួយចាត់លកលៃ |
| ចែកជូនញាតិសា ។ | ||
| ឌ មានឌាឌិម | ខ្លះហៅឌាលិម | សំស្ក្រឹតភាសា |
| ប្រែជាសម្រាយ | ទទឹមផលា | រសឆ្ងាញ់ពិសា |
| មានគុណភាពល្អ ។ | ||
| ឍ ធីបទុកចុះ | គ្មានមួយដើមសោះ | ឈ្មោះហៅថាក្រ |
| សូមញាតិប្រុសស្រី | ជួយរកបន្ត | បើមានផលល្អ |
| មេត្តាប្រណី ។ | ||
| ណ មានណាគ្រី | ល្អល្អះសោភី | ប្រៀបនារីស្រី |
| អប់ក្លិនក្រអូប | យប់យន់សម័យ | ឆ្លងផុតរាត្រី |
| ក្លាយជាអស់ក្លិន ។ | ||
| ត មានត្រាចត្បែង | តាត្រៅត្នោតត្រែង | តៅតែងត្បាល់កិន |
| ត្រមូងត្រសេក | ត្រយឹងថ្នាំចិន | ត្របែកចែកក្លិន |
| ត្រយឹងត្រយ៉ង់ ។ | ||
| ថ មានថ្កូវថ្ងាន់ | ថ្លនថ្មចង្ក្រាន | ថ្នាំងថ្នាងអង្ក្រង |
| ថ្នាំថ្នឹងថ្ពាល់ត្រី | ថ្លាញថ្លើមទឹកផង | ថ្មទាប់រាប់ថ្មង |
| ថ្នក់ទឹកថ្លឹកថ្លែន ។ | ||
| ទ មានទន្សែ | ទន្លាប់ហូបផ្លែ | ទទឹមទុរេន |
| ទឹកដោះទៀបទៀន | ទ្រៀកទ្រាំងគូលេន | ទំពាំងពុំសែន |
| ទ្រៀលទ្រលឹងទឹង ។ | ||
| ធ មានធ្លកធ្លាយ | ធ្នង់ធ្នាស់ឈ្នះក្រាយ | ធ្មេញត្រីត្រយឹង |
| ធ្មៃព្រៃធ្មាទឹក | នឹកដល់កំភ្លឹង | កំភ្លងសាច់រឹង |
| ជាងកំភ្លៅនាង ។ | ||
| ន មាននាងនួន | នាងខ្មៅហំហួន | នួនស្រីច្រនៀង |
| នាងសនាងដែង | នាងធំចង្គ្រាង | នាងផ្អែកចំហៀង |
| នាងនិលពិសី ។ | ||
| ប មានបាយក្តាំង | បាយក្រៀមភូវំាង | បាយម៉ាតប្រម៉ាត់ដី |
| បាយកកបាយទា | បង្កែវដំរី | បូព្រឹកស្លឹកបី |
| បេងបាសប្រោះស្វា ។ | ||
| ផ មានផ្តៅផ្ចឹក | ផ្តៅត្រែសផ្តៅទឹក | ផ្តៅសោមផ្តៅស្វា |
| ផ្តៀកផ្តៅផ្អាវផ្អុង | ផ្លុងផ្លាងផ្លែផ្កា | ផ្ទុះផ្ទីបន្លា |
| ផ្កាយព្រឹកផ្កាត្រែ ។ | ||
| ព មានពង្រ | ព្រូសពពូលថ្ម | ពួចពពាលខែ |
| ពពេលពាលពេច | ពុទ្រាហូបផ្លែ | ព្រិចព្រាលវេញខ្សែ |
| ព្រហ៊ូតព្រីងព្រុម ។ | ||
| ភ មានភ្នំភ្នែង | ភ្នែកមាន់ឆ្កែស្រែង | ភ្លៅនាងក្រមុំ |
| ភ្លៅមាន់ភ្នែកព្រាប | ភ្លូតូចភ្លូធំ | ភ្លូបាតភ្លូភ្នំ |
| ភ្លូភ្លុកភ្លងក្អែក ។ | ||
| ម មានម៉ាក់ប្រាង | ម៉ាក់ប្រេងផ្អែមខ្លាំង | ម្ទេសខ្មាំងទឹកភ្នែក |
| មង្ឃុតមៀនម្កាក់ | មាក់ក្លឿផ្លែជ្រែក | មៃសាក់បាក់មេឃ |
| ម្រេចម្រះបះទង ។ | ||
| យ មានយីហ៊ុប | អប់ក្លិនថ្ងៃយប់ | ឈ្ងុយឈ្ងប់កន្លង |
| ជាទីប្រាថ្នា | មិនថាប្អូនបង | យិតថោផូរផង់ |
| យុថ្កាបន្លា ។ | ||
| រ មានរំដួល | រំចេករំជួល | រំចងទងផ្កា |
| រយាងរំយោល | រលួសរកា | រយោងរាជា |
| រាំងទឹករាំងភ្នំ ។ | ||
| ល មានលាំងសាត | ល្ងៀងទឹកល្ងៀងស្បាត | ល្វាស្រុកល្វាធំ |
| ល្ពៅល្មុតសែដា | លួតតូចលួតភ្នំ | ល្វៀងល្វេល្ហុងទុំ |
| លាំងជៃដំរី ។ | ||
| វ មានវល្លិ៍ចារ | វល្លិ៍ជណ្ណើរស្វា | វល្លិ៍ផ្កាធ្មេញត្រី |
| វល្លិ៍បណ្តូលពេជ្រ | វល្លិ៍បាស់ស្លឹកខ្ចី | វល្លិ៍ជុយចងដៃ |
| ពេលបាក់គ្រេចថ្លោះ ។ | ||
| ស មានសង្កែ | សង្ឃ័រស្មាច់ស្មែ | សូក្រំកកោះ |
| ស្រគំស្រងាំ | ស្រឡៅស្ងាវខ្ពស់ | ស្វាយស្ទាវស្តៅស្តោះ |
| ស្រល់ស្បែងស្លែងស្លាក់ ។ | ||
| ហ មានហៃសាន | ស័ក្តិសមចំណាន | បានស្លឹកត្រជាក់ |
| លាបភ្លឺហើរបាត់ | ហង់ទឹកជ្រៅរាក់ | ហង់ហើមហូរធ្លាក់ |
| ដូចបាក់ទំនប់ ។ | ||
| ឡ មានឡេវអាវ | ខ្លះចូលចិត្តហៅ | ទៅថាជាងប់ |
| និងវល្លិ៍ឡែឡ | ក្រងព្រួលទ្រូលប | ឡតស្លឹកទុកទប់ |
| ចុកឆ្នុកក្រឡាន ។ | ||
| អ មានអម្ពិល | អង្គាបុស្សសិល | អង្កាញ់កំញ៉ាន |
| អង្កោលអំពៅ | អង្គញ់ថ្កូវថ្ងាន់ | អំបែងបែកចាន |
| អែមអង្គាដី ។ | ||
| រៀបរាប់ព្រឹក្សា | រាយតាមអក្ខរា | ចារជូនខ្លីៗ |
| បើមានខុសឆ្គង | សូមទានប្រណី | សូមចប់សេចក្តី |
| ប៉ុណ្ណេះឯងហោង ៕ |

និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តខេមររតនារាម, ថ្ងៃទី៥ ខែសីហា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី







