អាចពិបាកយល់បន្ដិចណា ?
ប៉ុន្ដែបើខំស្វែងយល់ អាចជាជំនួយឱ្យងាយយល់ពុទ្ធសាសនាបានល្អឡើង និងនៅពេលបានស្ដាប់អ្នកណាមួយនិយាយរឿងនេះ នឹងធ្វើឱ្យកាន់តែយល់បានងាយឡើងព្រោះធ្លាប់បានអានមកហើយ សូមអញ្ជើញស្វែងយល់បង្កើនបញ្ញាដូចតទៅនេះ
បញ្ញត្តិ ២ និងបញ្ញត្តិ ៦ (ការកំណត់ហៅ ឬអ្វីមួយដែលត្រូវកំណត់ហៅ, ការកំណត់តែងតាំងត្រាទុកសម្រាប់ឱ្យដឹងរវាងគ្នានិងគ្នា – Paññatti: designation; term; concept)
១. បញ្ញាបិយបញ្ញត្តិ ឬអត្ថបញ្ញត្តិ (បញ្ញត្តិក្នុងជ្រុងជ្រោយជាអ្វីមួយសម្រាប់ឱ្យដឹង, បញ្ញត្តិដែលជាអត្ថន័យ, តួអត្ថន័យដែលគេតាំងឈ្មោះសម្រាប់ហៅ – Paññāpiyapaññatti, Atthapaññatti: the Paññatti to be made known or conveyed; concept)
២. បញ្ញាបនបញ្ញត្តិ ឬនាមបញ្ញត្តិ ឬសទ្ទបញ្ញត្តិ (បញ្ញត្តិក្នុងជ្រុងជ្រោយជាគ្រឿងឱ្យដឹង, បញ្ញត្តិដែលជាឈ្មោះ, បញ្ញត្តិដែលជាសព្ទ, ឈ្មោះដែលតាំងឡើងសម្រាប់ហៅ – Paññāpanapaññatti, Nāmapaññatti, Saddapaññatti: the Paññatti that makes known or conveyed; term; designation)
បញ្ញាបិយបញ្ញត្តិ ហៅបែបពេញរូបថា បញ្ញាបិយត្តា បញ្ញត្តិ
បញ្ញាបនបញ្ញត្តិ ហៅបែបពេញរូបថា បញ្ញាបនតោ បញ្ញត្តិ ។
បញ្ញាបនបញ្ញត្តិ ឬនាមបញ្ញត្តិ ចែកចេញជា ៦ យ៉ាង គឺ
- វិជ្ជមានបញ្ញត្តិ (បញ្ញត្តិអ្វីដែលមាន ឧ. រូប វេទនា សមាធិ ជាដើម – Vijjamānapaññatti: designation of a reality; real concept)
- អវិជ្ជមានបញ្ញត្តិ (បញ្ញត្តិអ្វីដែលមិនមាន ឧ. ឆ្កែ ឆ្មា គោ ក្របី តាម៉ាប់ យាយមុំ ជាដើម – Avijjamānapaññatti: designation of an unreality; unreal concept)
- វិជ្ជមានេន អវិជ្ជមានបញ្ញត្តិ (បញ្ញត្តិអ្វីដែលមិនមាន ដោយអ្វីដែលមាន ឧ. បុរសល្អ, ការពិតបុរសមិនមានទេ មានតែល្អដែលជាកុសលធម៌ ជាដើម – Vijjamānena avijjamānapaññatti: designation of an unreality by means of a reality; unreal concept by means of a real concept)
- អវិជ្ជមានេន វិជ្ជមានបញ្ញត្តិ (បញ្ញត្តិអ្វីដែលមាន ដោយអ្វីដែលមិនមាន ឧ. សំឡេងស្រី, ការពិតស្រីគ្មានទេ មានតែសំឡេង ជាដើម – Avijjamānena vijjamānapaññatti: designation of a reality by means of an unreality; real concept by means of unreal concept)
- វិជ្ជមានេន វិជ្ជមានបញ្ញត្តិ (បញ្ញត្តិអ្វីដែលមាន ដោយអ្វីដែលមាន ឧ. ចក្ខុសម្ផស្ស ចក្ខុវិញ្ញាណ ជាដើម – Vijjamānena vijjamānapaññatti: designation of a reality by means of a reality; real concept by means of a real concept)
- អវិជ្ជមានេន អវិជ្ជមានបញ្ញត្តិ (បញ្ញត្តិអ្វីដែលមិនមាន ដោយអ្វីដែលមិនមាន ឧ. កូនខ្មែរ សេដ្ឋីបុត្រ រាជបុត្រ ជាដើម – Avijjamānena avijjamānapaññatti: designation of an unreality by means of an unreality; unreal concept by means of an unreal concept)
————————-
អធិប្បាយបន្ថែម
ដើម្បីឱ្យយល់ការសន្ទនារវាងគ្នានិងគ្នា ទើបមានបញ្ញត្តិពាក្យសម្រាប់ហៅអ្វីផ្សេងៗ តាមភាសានីមួយៗ ឧ. តុ(ខ្មែរ,ថៃ) table(អង់គ្លេស,បារាំង) mesa(ស្ពេនិស) ជាដើម ។ ពាក្យដែលត្រូវបញ្ញត្តឡើងនេះ គ្រាន់តែជាបញ្ញត្តិដែលសន្មតហៅសម្រាប់ឱ្យយល់ក្នុងការសន្ទនាប៉ុណ្ណោះ ពាក្យថាតុមិនមានពិត វត្ថុដែលសន្មតហៅថាតុក៏មិនមានពិត អ្វីដែលលោកបញ្ញត្តហៅ មានពិតខ្លះ មិនមានពិតខ្លះ ។
ទស្សនៈពុទ្ធសាសនា ដោយបរមត្ថ អ្វីដែលមានពិតមានតែ ២ យ៉ាងប៉ុណ្ណោះ គឺរូបនិងនាម ក្រៅពីនេះជាបញ្ញត្តិដែលសន្មតឡើង តាំងពីកើតដល់ស្លាប់ទៅវិញ ចលនាជីវិតរបស់មនុស្សហូរទៅតាមចរន្ដលោកសន្មតិដែលជាសន្មតិបញ្ញត្តិ ជាប់ជំពាក់វាក់វិនតែនឹងសន្មតិបញ្ញត្តិ កើតសុខទុក្ខព្រោះសន្មតិបញ្ញត្តិដែលមិនមានពិត ព្រោះវាជាលោកនៃសន្មតិបញ្ញត្តិ មនុស្សក្លាយជាតួល្ខោននៃលោក ដែលដើរតួនាទីបានសុខទុក្ខគ្មានថ្ងៃស្រាក់ស្រានទាំងមិនដឹងខ្លួន ។
កាលបានមកសិក្សាស្វែងយល់ពុទ្ធធម៌ ទើបយើងទទួលចំណេះវិជ្ជាថ្មីថា យើងជាតួល្ខោនក្នុងលោកនៃសន្មតិបញ្ញត្តិ វង្វេងវង្វាន់ក្នុងលោកនៃសន្មតិបញ្ញត្តិ ប្រកាន់មាំថាមានតួខ្លួនបុគ្គល ជាអ្វីដែលមិនពិតជាយូរមកហើយ ពោលគឺ “បញ្ញត្តិបាំងបរមត្ថ” ។ លុះបានដឹងការពិតដូច្នេះ ទើបខំសិក្សាហើយនាំមកអនុវត្តដើម្បីបើកមើលបរមត្ថសច្ចៈដែលត្រូវអវិជ្ជា(មោហៈ)បំបាំងទុក បើកបកអវិជ្ជាចេញបានពេលណា ក៏នឹងឃើញសច្ចៈនៃជីវិតពេលនោះ ។
ប្រិយមិត្រដែលស្ថិតនៅក្នុងយុវវ័យ ការចងចាំនៅល្អ ទាំងកម្លាំងកាយក៏នៅមាំមួន គួរឆ្លៀតឱកាសពេលវេលាស្វែងយល់ហើយយកមកអនុវត្ត កុំឱ្យពេលវេលាកន្លងផុតទៅដែលនឹងនាំមកនូវការស្ដាយក្រោយឱ្យសោះ ធម្មជាតិបានប្រគល់ពេលវេលាឱ្យម្នាក់ ២៤ ម៉ោងស្មើៗ គ្នា តើយើងយកពេលដែលធម្មជាតិប្រគល់ឱ្យទៅធ្វើអ្វីខ្លះ? នេះជាកុសលចេតនារបស់ខ្ញុំចំពោះប្រិយមិត្រគ្រប់ៗគ្នា ។
សូមជម្រាបបន្ថែមថា ការសរសេរភាសាបាលីដោយតួអក្សររ៉ូម៉ាំងនេះ ជាការសរសេរដ៏ត្រឹមត្រូវតាមវិជ្ជាការជាសាកលដែលគេទទួលស្គាល់ទូទៅទាំងពិភពលោក ។
សូមឧទ្ទិសបុញ្ញានិសង្សនេះបូជាគុណមាតាបិតាជាទីគោរព
តាអារាមប៊យ
១៣ ឧសភា ១៨ (ថ្ងៃមាតា)
🔸Last Updated កំណែចុងក្រោយ on March 27, 2023