ខ្សិប

Average Rating: No ratings yet


ខ្សិប

មិនអោយគេឮខំឈ្ងោកខ្សិបបបូរមាត់ខ្ជិបសៀងខ្សោយៗ
ខ្សិបតែមួយពាក្យបែកមួយរយបង្ហើរឆ្ងាយហើយដល់ជើងមេឃ ។
ម្នាក់ខ្សិបម្នាក់ស្តាប់ម្នាក់លួចផ្ទៀងម្នាក់ទៀតមិចមៀងពួនត្រងត្រេក
ចង់ដឹងគេខ្សិបរឿងចម្លែកម្នាក់ទៀតកេះញែកសុំដឹងផង ។
ខ្សិបរឿងក្អែកមួយជួយកើនដប់ខ្សិបផ្សាយឆ្ងាយសព្វដល់ប្អូនបង
នាំគ្នាខ្សិបតលាន់រំពងខ្សិបឮឆ្ងាយហោងមិនបាច់ប្រឹង ។
ច្នេះមានរឿងអ្វីកុំឡូឡារឿងតូចក្រូចឆ្មារចង់ពង្រឹង
យើងខ្សិបគ្នាវិញរឿងទាំងហ្នឹងតូចក្លាយជង្គ្រឹងរឹងមិនលែង ។
ខ្សិបរឿងថែជាតិថែសាសនារឿងប្រៀនសាស្ត្រាល្អចិញ្ចែង
ប្រដៅខ្សិបៗថ្នមសម្លេងកុំជ្រុលកំហែងគំហកខ្លាំង ។
ថ្នមពាក្យសំដីពេលស្តីប្រាប់កូនច្បាស់ប្រឹងស្តាប់ពេញកម្លាំង
កុំធ្លោយឡូឡាលាន់ក្ឌុងក្ឌាំងក្រែងកូនប្រឆាំងស្អប់លែងបៀត ។
ខ្សិបដោយស្រទន់យន់កាយកលខ្សិបពាក្យនិមលល្អវរនាថ
ខ្សិបរឿងចំរើនកើនមិនឃ្លាតផ្សាយដល់ផៅញាតិពេញកម្ពុជា ៕
កែវ ច័ន្ទបូរណ៍

និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).