នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸បុណ្យគឺចោរទាំងឡាយ លួចយកមិនបាន។
រឿងនាងកញ្ចនា
បទពាក្យប្រាំពីរ
| នេះនឹងតាក់តែងថ្លែងដំណាល | អតីតកាលពីព្រេងព្រឹទ្ធ |
| ត្រកូលព្រាហ្មណ៍មួយមានជីវិត | រស់នៅថេរថិត បីអង្គា ។ |
| ប្តីប្រពន្ធមួយមានកូនស្រី | កបកល្យាណី សមសោភា |
| នាមនាងកញ្ចនាស្រស់ស្រឹង្គា | កិរិយាឫក្សពារគាប់បញ្ចពិធ ។ |
| ជាទីមេត្រីនៃញាតិផង | ល្អល្អះហ្មត់ហ្មងទាំងកាយចិត្ត |
| កេសាក្រអូបក្រអួនពិត | ធម្មជាតិប្រសិទ្ធឱ្យធីតា ។ |
| អ្នកស្រុកហៅនាងសក់ក្រអូប | ក្លិនរំសាយស្រូបសព្វនាសា |
| ប្លែកពីនារីគ្រប់អាត្មា | នោះពិតទេវតាប្រោសប្រទាន ។ |
| តាំងពីចាកផ្ទៃនៃមាតា | កេសាកញ្ចនាមិនដែលពាន |
| អប់ប្រេងក្រអូបនោះក៏គ្មាន | តែក្លិនធរមានក្រអូបសាយ ។ |
| នាងជាបរិស័ទពុទ្ធសាសនា | មានកតញ្ញុតាផ្លូវចិត្តកាយ |
| ដឹងគុណម៉ែពុកញាតិជិតឆ្ងាយ | សប្បុរសស្រស់ស្រាយដោយសទ្ធា។ |
| ក្រោយមកឳពុកក៏ស្លាប់ទៅ | ទុកនាងឱ្យនៅរស់កំព្រា |
| ជាមួយអ្នកម្តាយចាស់ជរា | រងទុក្ខវេទនាពន់ប្រមាណ ។ |
| កម្មអកុសលផ្តល់ទារុណ | ត្រូវម្តាយឈឺធ្ងន់រោគរំខាន |
| ដំបៅរលួយពេញទាំងប្រាណ | ព្យាបាលឥតស្រាន្តស្រាកសោះឡើយ។ |
| អាសូរធីតាកញ្ចនាស្រី | ថែទាំម្តាយថ្លៃគ្មានកន្តើយ |
| ប្រឹងប្រែងស្វះស្វែងឥតល្ហែល្ហើយ | យប់ថ្ងៃត្រាណត្រើយគ្មានទំនេរ |
| រកថ្នាំសង្កូវរកពេទ្យហ្ម | ព្យាបាលបន្តប្រឹងរិះរេ |
| ទោះប្តូរជីវិតឥតគ្នាន់គ្នេរ | ឱ្យតែព្រះមេលោកបានជា ។ |
| ស្វះស្វែងរកគ្រូរកឱសថ | ស្តោះផ្លុំវះដុតដំបៅងា |
| ធ្វើម្តេចឱ្យម្តាយសះស្បើយជា | សឹងហ៊ានបូជាប្តូរជីវិត ។ |
| ជំងឺនោះប្លែកចម្លែកណាស់ | ទោះខំប្តូរផ្លាស់ថ្នាំស័ក្តិសិទ្ធិ |
| គ្រូផងទាំងឡាយទាល់គំនិត | អស់លទ្ធភាពពិតជួយមិនបាន ។ |
| រីនាងកញ្ចនាធីតាពៅ | ដល់នៅសោកសៅឥតស្រាកស្រាន |
| អាសូរម្តាយចាស់រោគរំខាន | ដំបៅពេញប្រាណមើលមិនជា។ |
| ថ្ងៃយប់ឱនឱបអ្នកមានគុណ | ទឹកភ្នែកជោរជន់ស្រក់ហូរហៀរ |
| មិនគួរកម្មកាចមកផ្តន្ទា | ឱ្យរងកំព្រាដូច្នេះឡើយ ។ |
| ព្រឹកព្រាងនួននាងលាងដំបៅ | ដោយទឹកឧណ្ហក្តៅមិនកន្តើយ |
| ជូតដុសរបួសម្តាយត្រាណត្រើយ | សម្អាតឱ្យស្បើយក្លិនអាក្រក់ ។ |
| ពេលនោះអព្ភូតហេតុកើតឡើង | ដូចមានខ្យល់ប៉ើងមកផ្លុំបក់ |
| ធ្វើឱ្យរបូតស្រាយផ្នួងសក់ | ធ្លាក់ដក់ក្រាលគ្របលើដំបៅ ។ |
| ភ្លាមនោះម្តាយនាងពោលឡើងថា | ត្រជាក់ណាស់ណាម៉ែលែងក្តៅ |
| កូនបានថ្នាំអ្វីស្អំដំបៅ | ម្តាយបាត់ផ្សាក្តៅលែងឈឺចាប់។ |
| កញ្ចនាត្រេកអរពន់ពេកក្រៃ | ឆ្លើយប្រាប់ម្តាយថ្លៃយ៉ាងប្រញាប់ |
| ថ្នាំនេះនៅជាប់ខ្លួនកូនស្រាប់ | កូននឹងប្រញាប់ស្អំជូនម៉ែ ។ |
| កញ្ចនាដឹងថាសក់នេះពិត | ជាថ្នាំស័ក្តិសិទ្ធិខ្លាំងពូកែ |
| ក្លាយជាឱសថព្យាបាលម៉ែ | បានជាល្ហើយល្ហែជាក់មិនខាន ។ |
| មិនថាថ្ងៃយប់ឥតទំនេរ | កញ្ចនារិះរេឥតស្រាកស្រាន្ត |
| សម្អាតកេសាសក់កល្យាណ | មិនឱ្យខកខានព្យាបាលម្តាយ ។ |
| នាងគ្របដណ្តប់សព្វដំបៅ | ដុសលាងក្នុងក្រៅសព្វទាំងកាយ |
| យកសក់ដាក់ស្អំរបួសម្តាយ | ដំបៅទាំងឡាយក្លាយសះស្បើយ។ |
| ក្រោយមកអ្នកម្តាយចាកគ្រោះភ័យ | ជំងឺអប្រិយបានល្ហែល្ហើយ |
| ឱសថស័ក្តិសិទ្ធិសក់ត្រាណត្រើយ | ជួយម្តាយបានស្បើយអស់រោគា។ |
| ថ្ងៃមួយកញ្ចនាសញ្ជឹងគិត | ផ្តួចនូវគំនិតគិតភាវនា |
| នឹកដល់ឳពុកសូន្យជន្មា | ពុំបានបូជាជូនកុសល ។ |
| គិតហើយក៏ឆ្លើយប្រាប់មាតា | ម៉ែអើយកញ្ចនាហាក់កង្វល់ |
| ចិត្តចង់ធ្វើបុណ្យផ្សាយកុសល | ឧទ្ទិសមគ្គផលជូនបិតា ។ |
| នឹងធ្វើចង្ហាន់យកទៅវត្ត | វេរប្រគេនភត្តដោយជ្រះថ្លា |
| ឧទ្ទិសវិញ្ញាណក្ខន្ធបិតា | ទទួលផលា-អានិសង្ស ។ |
| ម្តាយបានឮហើយអរអនេក | ជាមួយទឹកភ្នែកលើកកំបង់ |
| ទទួលសាធុដោយចិត្តផ្ចង់ | ឃើញកូនត្រាប់ត្រង់ពុទ្ធោវាទ ។ |
| ព្រលឹមព្រឹកព្រាងស្វាងរស្មី | កញ្ចនាពិសីរៀបចំស្អាត |
| មានបាយសម្លតាមក្បួនខ្នាត | បង្គំឱហាតជូនអ្នកម្តាយ ។ |
| មួយចំណែកទៀតយកទៅវត្ត | ជាបរិក្ខារភត្តគ្រឿងដង្វាយ |
| ប្រគេនព្រះសង្ឃគង់មិនឆ្ងាយ | អារាមរៀងអាយនៅក្បែរផ្ទះ។ |
| ក៏តាំងបង្គំលាម្តាយទៅ | ទាន់ចង្ហាន់ក្តៅឆាប់រូតរះ |
| ប្រគេនព្រះសង្ឃឱនសំពះ | ឧទ្ទិសថ្វាយព្រះដោយជ្រះថ្លា ។ |
| ព្រះភិក្ខុសង្ឃទ្រង់ធ្វើកិច្ច | ភត្តាសម្រេចដោយមេត្តា |
| ឧទ្ទិសកុសលដល់ដូនតា | ឱ្យបានផលាជាកុសល ។ |
| លុះចប់ភត្តកិច្ចស្រេចបាច់ហើយ | ធីតាត្រាណត្រើយបង្គំគាល់ |
| សម្មាសម្ពុទ្ធដោយកង្វល់ | ទូលសួរសព្វឆ្ងល់ពីបិតា ។ |
| បពិត្រព្រះអង្គដ៏ចម្រើន | សូមទ្រង់ជួយក្រើនខ្ញុំកូណា |
| ចង់ដឹងវិញ្ញាណក្ខន្ធបិតា | កើតទីឋានណាសូមសម្តែង ។ |
| ព្រះពុទ្ធជាម្ចាស់ត្រាស់តបថា | ម្នាលនាងកញ្ចនាកុំខ្វល់ក្រែង |
| បិតានាងបានកើតជាក់ស្តែង | អម្បាញមិញឯងសុគតិភព ។ |
| ដោយអានិសង្សនាងបូជា | នូវគ្រឿងបរិក្ខាមានសព្វគ្រប់ |
| ឧទ្ទិសជូនដល់បានជាម្លប់ | វិញ្ញាណចាប់ភពផុតកម្មពៀរ ។ |
| ថ្ងៃមុនលោកកើតជាតិរច្ឆាន | នៅគេហដ្ឋានក្បែរភរិយា |
| និងកូនសំណប់ស្រស់ពុំងា | កំណើតនោះជាសត្វតុកកែ ។ |
| ធីតាឮហើយរន្ធត់ចិត្ត | ក្តុកក្តួលពេកពិតយំត្អូញត្អែរ |
| ហេតុម្តេចលោកកើតជាតុកកែ | កម្មផលម្តេចប្រែដាក់ទោសា ។ |
| តាំងតែពីតូចលុះដឹងក្តី | លោកគ្មានសាងអ្វីខុសសិក្ខា |
| សីលប្រាំចាំជាប់គាប់មាត្រា | ហេតុអ្វីបិតាក្លាយតិរច្ឆាន ។ |
| ព្រះពុទ្ធជាម្ចាស់ត្រាស់តបវិញ | ចូរកុំទោរម្នេញទប់ចិត្តប្រាណ |
| ហៃនាងត្រងត្រាប់ស្តាប់ឱ្យបាន | យើងនឹងប្រមាណប្រមើលប្រាប់។ |
| ហេតុដែលបិតានាងស្លាប់ទៅ | កំណើតនាំផ្លូវភ្លាត់អួអ័ព្ទ |
| ពុំមែនដោយសាទោសអន្ធកប្ប | ប្រព្រឹត្តខុសច្បាប់ធម៌ទាំងបី ។ |
| ទីមួយនោះដោយកាយទុច្ចរិត | ប្រព្រឹត្តបាណាតិបាតក្តី |
| អទិន្នាទានាគួចរំពៃ | នោះនៃកាមេសុមិច្ឆា ។ |
| ទីពីរវចីទុច្ចរិត | ប្រព្រឹត្តអាក្រក់ដោយវាចា |
| នោះមានមុសាបិសុណា | សម្ផប្បលាផរុស្សវាទ ។ |
| ទីបីនោះដោយមនោទុច្ចរិត | អាក្រក់ដោយចិត្តប្រព្រឹត្តឃ្លាត |
| មានអភិជ្ឈានិងព្យាបាទ | នោះទៀតមិច្ឆាទិដ្ឋិផង ។ |
| អំពើទុច្ចរិតទាំងបីយ៉ាង | ដែលលើកតិកតាងមកនេះម្តង |
| ពុំមែនជាហេតុនាំមួហ្មង | បិតានួនល្អងភ្លាត់ភ្លាំងឡើយ ។ |
| ហេតុដែលនាំលោកឱ្យទៅកើត | យោនយកកំណើតមិនបានស្បើយ |
| ជាសត្វតុកកែនោះឯងហើយ | នាងអើយព្រោះដោយចិត្តជំពាក់។ |
| បណ្តាលមកពីជីវន្តចិត្ត | ចូរនាងរិះគិតស្តាប់ឱ្យជាក់ |
| បិតានាងមានចិត្តជំពាក់ | សុខទុក្ខធុរៈកូនប្រពន្ធ ។ |
| នឹកថាអំណឹះអត់ពីអញ | ភរិយាសម្លាញ់រងទុក្ខធ្ងន់ |
| ជាមួយកូនស្រីភ័យទារុណ | លំបាកពេកពន់ជាក់ពុំខាន់ ។ |
| ដោយហេតុជីវន្តលោកឥតល្ហែ | ទើបកើតតុកកែនៅក្បែរប្រាណ |
| យំស្រែកដង្ហោយពុំដែលក្សាន្ត | នាគេហដ្ឋានខ្លួនសព្វថ្ងៃ ។ |
| ក្រោយបានសណ្តាប់ពុទ្ធដីកា | ពន្យល់ពិស្តារសព្វសេចក្តី |
| កញ្ចនារន្ធត់ស្លុតស្មារតី | ទឹកភ្នែកស្រស់ស្រីស្រក់ឥតស្រាន្ត ។ |
| ក៏ពោលខ្សឹកខ្សួលអួលឱរ៉ា | ឱះឱ!បិតាម្ចាស់ត្រើយត្រាណ |
| គុណលោកលើសលន់ពន់ប្រមាណ | កូនពុំនឹកស្មានដល់ម៉្លេះឡើយ ។ |
| កាលលោកនៅរស់លោកប្តូរផ្តាច់ | ចិញ្ចឹមបីបាច់គ្មានពេលស្បើយ |
| រហូតលោកចែកឋានទៅហើយ | វិញ្ញាណនៅឡើយមិនចង់ឃ្លាត។ |
| គ្រានោះព្រះពុទ្ធជាអង្គម្ចាស់ | ទ្រង់ត្រាស់ពន្យល់ដល់នាងនាថ |
| បញ្ឈប់សោយសោកបន្តទៀត | អំណឹះត្រូវឃ្លាតពិចារណា ។ |
| ម្នាលនាងតោងចាំចំណាំទុក | គុណម្តាយឳពុកច្រើនកប្បការ |
| ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា | មាតាបិតាជាព្រះព្រហ្ម ។ |
| មួយទៀតលោកហៅបុព្វទេវា | ជាបុព្វាចារ្យថ្លៃឧត្តម |
| ជាអាហុនេយ្យបុគ្គលធំ | ជាកន្លោងស្តម្ភព្រះក្នុងផ្ទះ ។ |
| លុះបានស្តាប់នូវពុទ្ធដីកា | នៃព្រះសម្មាសម្ពុទ្ធត្រាស់ |
| ធីតាក៏ក្រាបថ្វាយសំពះ | បង្គំលាព្រះមកផ្ទះវិញ ។ |
| កាលបានជួបភ័ក្រ្តអ្នកមានគុណ | ធីតាជូនបុណ្យឥតទោរម្នេញ |
| កុសលដែលនាងបានបំពេញ | បង្វិលតបវិញជូនមាតា ។ |
| អ្នកម្តាយរីករាយក្នុងហឫទ័យ | លើកដៃទទួលសាធុកា |
| សូមអានិសង្សដ៏ថ្លៃថ្លា | បានដល់បុព្វកាញាតិសន្តាន ។ |
| រួចហើយធីតាក៏រ៉ាយរ៉ាប់ | ជំរាបប្រាយប្រាប់តាមលំអាន |
| រឿងហេតុបិតាដែលចែកឋាន | ធ្លាក់ប្រាណទៅកើតជាតុកកែ ។ |
| ម្តាយស្តាប់បានហើយសែនក្តួលក្តុក | ឱរ៉ាចាប់ចុកសឹងគ្មានល្ហែ |
| ដឹងច្បាស់ធ្លាប់ឃើញសត្វតុកកែ | ធ្លាប់យំត្អូញត្អែរក្បែរដំណេក ។ |
| ភ្លាមនោះក៏ស្ទុះគន់រូតរះ | រុករកពេញផ្ទះក្រែងពួនដេក |
| តុកកែនោះពិតធំអនេក | តែគួរសង្វេគពុំឃើញឡើយ ។ |
| កូនស្រីក៏ស្តីប្រាប់មាតា | តុកកែនោះណាលោកបានស្បើយ |
| ប្តូរកំណើតថ្មីទៅបាត់ហើយ | ដល់ឋានត្រាណត្រើយសុគតិភព។ |
| ចាប់ពីថ្ងៃនេះតរៀងទៅ | តុកកែលែងនៅទាំងថ្ងៃយប់ |
| សម្លេងស្រែកយំនោះក៏ឈប់ | ត្បិតពុកចាប់ភពថ្មីសុខសាន្ត ។ |
| ធីតាឱនឱបអង្វរម្តាយ | សូមឈប់ខ្វល់ខ្វាយទប់ចិត្តប្រាណ |
| គិតដល់សុខភាពទើបស្រាកស្រាន្ត | ក្រែងឈឺរំខានមកជាថ្មី ។ |
| ចំណេរកាលក្រោយកន្លងមក | ស្រស់ពៅពន្លកកញ្ចនាស្រី |
| ដោយអំណាចសាងបុណ្យបារមី | កិត្តិស័ព្ទឮល្បីសព្វទិសា ។ |
| ជាពុទ្ធបរិស័ទដ៏ប្រសើរ | ញាតិមិត្តស្មោះស្មើគ្រប់អាត្មា |
| ប្រកបគុណធម៌កាយកិរិយា | ពេញគ្រប់លក្ខិណាល្អលើសស្រី។ |
| កេរ្តិ៍ឈ្មោះពីរោះឮខ្ទរខ្ទារ | ដល់ព្រះរាជាក្សត្រផែនដី |
| ទ្រង់ក៏ស្រាវជ្រាវតាមព្រះទ័យ | ពិនិត្យស្រស់ស្រីនាងកញ្ចនា ។ |
| លុះបានឃើញជាក់ជួបភ័ក្រ្តពិត | អង្កេតពិនិត្យសព្វសាវតា |
| នាងពិតស្រីសួគ៌ទេពកញ្ញា | គន់គាប់លក្ខិណាទាំងកាយចិត្ត។ |
| ជាស្រីមានចិត្តកតញ្ញុតា | ប្រណិប័តន៍សាសនាដោយសុចរិត |
| ជាទីបេតីនៃញាតិមិត្ត | ប្រាកដបញ្ចពិធកល្យាណី ។ |
| លុះព្រះរាជាទ្រង់សណ្តាប់ | នាម៉ឺនរ៉ាយរ៉ាប់ប្រាប់សេចក្តី |
| ព្រះអង្គទ្រង់សព្វព្រះហឫទ័យ | ប៉ងដណ្តឹងស្រីតាមផ្លូវច្បាប់ ។ |
| ក៏ចាត់រៀបចំព្រះទីនាំង | តាមក្បួនរាជវាំងចេញប្រញាប់ |
| នាំនូវភស្តុភាយ៉ាងចំណាប់ | បំពេញតាមច្បាប់ជាផ្លូវការ ។ |
| ទ្រង់ក៏សូមរាជានុញ្ញាត | ទទួលឱវាទព្រះចេស្តា |
| ដើម្បីចូលស្តីតាមមាត្រា | យកនាងកញ្ចនាជាស្នំឯក ។ |
| រីព្រះមាតានិងបិតា | យល់សព្វហេតុការណ៍មិនចម្លែក |
| ទ្រង់សព្វព្រះទ័យមួយចំណែក | ក៏ចាត់បែងចែកអស់មន្ត្រី ។ |
| រៀបចំទីនាំងដឹកភស្តុភា | នាំបណ្ណាការប្រញាប់ខ្មី |
| ហែហមតាមក្បួនប្រពៃណី | ចូលដណ្តឹងស្តីស្រីកញ្ញា ។ |
| ហើយដង្ហែនាងចូលរាជវាំង | ដោយព្រះទ័យតាំងក្បាច់រចនា |
| មកអភិសេករាជបុត្រា | និងនាងកញ្ចនាជាមហេសី ។ |
| នេះឯងថ្លាថ្លែងដោយសង្ខេប | ទៅតាមបទបែបនិទានស្តី |
| ក្រោយមកកញ្ចនាស្រស់ពិសី | ក្លាយជាមហេសីព្រះរាជា ។ |
| នោះដោយអំពើធ្វើតបគុណ | និស្ស័យផលបុណ្យមហិមា |
| បានបូជាព្រះដោយជ្រះថ្លា | កុសលបានជាប្រសើរហោង ៕ |

និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តចាក់អង្រែក្រោម, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on November 30, 2025 by Johnny ចន្នី






