ច្បាប់ក្រម

ច្បាប់ក្រម

នេះគឺច្បាប់ក្រមប្រសើរឧត្ដមទូន្មានអ្នកផង
ប្រើឱនលំទោនកុំបីមានឆ្គងប្រាជ្ញាបុណ្យផង
 កើតដោយប្រណិប័តន៍។ 
នរូអ្នកណាទោះយកអាត្មាចូលសាសន៍ពុទ្ធរដ្ឋ
ចូរធ្វើឲ្យត្រង់ដោយនូវបន្ទាត់ហៅស្វែងសម្បត្ដិ
 យកផ្លូវនិព្វាន។ 
នរូអ្នកផងទោះដឹងយល់ហោងចិត្ដនោះឲ្យហ៊ាន
បំពេញព្រះផ្នួសដោយព្រះទូន្មានកុំធ្វើលឹកលាន
 ដោយចិត្ដអន្ធពាល។ 
ម្ដាយឪពុកសោតណាស្រលាញ់ស្ងួនភ្ងាហៅកូនសង្សារ
អាចមកបំបួសហេតុចង់សម្ភារប្រើបង់អន្ធពាល
 រៀនដោយក្រមច្បាប់។ 
សង្វាតសរសេរអស់អញកុំខ្ជិលទើបបានជាគាប់
សង្វាតសូត្ររៀនដោយគ្រូប្រញ័ប្ដិកុំធ្វើលេលាប់
 ដោយចិត្ដមាក់ងាយ។ 
ហៃអស់សាមណេរម្ដាយមកបង្វែរអ្នកជាបាធ្យាយ
សង្វាតសូត្ររៀនដូចលោកទាំងឡាយកុំធ្វើពាយងាយ
 ដូចនៅគ្រហស្ថ។ 
កុំធ្វើរាយមាយនិងគ្រូបាធ្យាយទុកស្មើអម្ចាស់
សង្វាតសរសេរសូត្ររៀនឲ្យណាស់ប្រាជ្ញាយល់ច្បាស់
 នាំញាតិទាំងឡាយ។ 
អាសូរមេបាចិញ្ចឹមរក្សាកុំឲ្យអន្តរាយ
អាចយកមកផ្ញើនឹងគ្រូបាធ្យាយហេតុចង់ពណ្ណរាយ
 ប្រយោជន៍ទាំងបី។ 
មួយចង់ក្ដីច្បាប់ឲ្យខ្លួនបានគាប់នៅនាលោកិយ
មួយចង់ប្រាជ្ញាមិនឲ្យអប្រិយមួយចង់បារមី
 នាំញាតិទាំងឡាយ។ 
ហៃអស់សាមណេរកុំធ្វើដែលដែរត្រង់ក្ដីពាយងាយ
លំអុតបំរើអ្នកជាបាធ្យាយជូនបុណ្យទៅម្ដាយ
 ឪពុកទីទៃ។ 
សង្វាតសូត្ររៀនកុំធ្វើអៀនប្រៀនក្នុងចិត្ដសព្វថ្ងៃ
លំអុតបំរើផ្គាប់ដោយ​ហឫទ័យបារម្ភមៃៗ
 ក្ដីច្បាប់កុំបង់។ 
ច្បាប់នេះសោតណាទូន្មានអាត្មាដោយនូវក្រិត្យសង្ឃ
ត្រង់ណាហៅច្បាប់កាន់ខ្ជាប់កុំបង់ចំណេរទៅលង់
 ខ្លួនបានជាធំ។ 
សព្វថ្ងៃសោតណាទូន្មានអាត្មាដោយនូវក្រឹត្យក្រម
បំរើបាធ្យាយឲ្យមានបារម្ភទើបខ្លួនជាធំ
 ទៅដល់មហាក្សត្រិយ៍។ 
ច្បាប់នេះសោតណាទូន្មានអាត្មាថេរនៅពុំបាត់
ទោះខ្លួនឥតបុណ្យបំរើមហាក្សត្រិយ៍គោរពប្រតិបត្ដិ
 យសនោះពុំលែង។ 
ហេតុបានដឹងច្បាប់បានដូចបង្គាប់ចិត្ដគ្រូយល់ស្ដែង
ទោះទៅបំរើស្ដេចជាគំដែងយសនោះពុំលែង
 ប្រាកដពណ្ណរាយ។ 
ក្ដីនេះជាច្បាប់ឲ្យសាមណេរត្រាប់សព្វសរិលទាំងឡាយ
កុំសើចតិះដៀលអ្នកជាបាធ្យាយអ្នកហោងស្មើម្ដាយ
 បង្កើតក្ដីច្បាប់។ 
សាមណេរណាៗទោះមានប្រាជ្ញានឹងចង់រៀនច្បាប់
ឲ្យយកត្រចៀកនោះឲ្យចូលស្ដាប់ធ្វើដោយក្រមច្បាប់
 នៃគ្រូបាធ្យាយ។ 
សាមណេរណាសោតចិត្ដនោះក្រេវក្រោធឲ្យចៀសចេញឆ្ងាយ
ច្បាប់នេះមិនខំសាមណេរទាំងឡាយតាមចិត្ដសប្បាយ
 អាត្មាទីទៃ។ 
នរូអ្នកណានឹងស្វែងប្រាជ្ញាឲ្យបានខ្លួនថ្លៃ
ចូរដឹងខុសគាប់ដោយអធ្យាស្រ័យផ្គាប់ដោយហរិទ័យ
 អ្នកជាបាធ្យាយ។ 
ទោះនឹងស្វែងធម៌ឲ្យមានសំគាល់កុំធ្វើរាយមាយ
ទោះនឹងស្វែងច្បាប់កាន់ខ្ជាប់កុំណាយកុំឲ្យអន្ដរាយ
 នូវច្បាប់ក្រមផង។ 
រីគ្រូបាធ្យាយប្រដូចនូវម្ដាយឪពុកយើងផង
ហ្វឹកហ្វឺនប្រដៅមិនឲ្យមានឆ្គងតាមដោយគន្លង
 ព្រេងព្រឹទ្ធបុរាណ។ 
នរូអ្នកណានឹងស្វែងប្រាជ្ញាជារស្មីប្រាណ
ឲ្យគិតជញ្ជឹងរំពឹងលែងបានកុំធ្វើបំពាន
 ប្រទូស្តវឹងស្នង។ 
នាបីហៅគ្រូដូចអ្នកនាំផ្លូវដើរដោយគន្លង
ទោះនឹងឆ្ពោះទៅស្រុកតូចធំផងសឹងដូចបំណង
 នៃចិត្ដចិន្ដា។ 
រីនឹងចេះឯងដូចអ្នកវង្វេងកណ្ដាលអធ្វា
ពុំនោះដូចខ្វាក់តែម្នាក់អាត្មាចរចេញយាត្រា
 ឥតអ្នកដឹកដៃ។ 
សូម្បីរកផ្លូវពុំដែលនឹងត្រូវសឹងពានឯព្រៃ
ហេតុត្បិតចេះឯងឥតអ្នកដឹកដៃចិត្ដនោះសង្ស័យ
 ដូចយល់ពុំដល់។ 
នេះដូចអ្នកផងពុំដោយគន្លងនៃលោកណាយល់
សឹងធ្វើមោហោទោះសោកំហល់ពុំអាចទប់ទល់
 នាធ្ងន់នាស្រាល។ 
ប្រដៅក្ដីច្បាប់សឹងថាពុំគាប់ហេតុចិត្ដអន្ធពាល
ក្ដីច្បាប់ទំងន់សឹងថាជាស្រាលហេតុចិត្ដអន្ធពាល
ចង់តែសប្បាយ។
ពុំដឹងដើមគ្រូបង្កើតអភិរូហ៍ប្រដូចនូវម្ដាយ
ក្លឺពីមនុស្សលោករួចដល់ស្ួគ៌នាយចៀសចតុរាបាយ
នរកទាំងបួន។
នាបីហៅគ្រូកុំធ្វើមូទូចិត្ដនោះឲ្យស្ងួន
កុំធ្វើតំកើងចង់ធំតែខ្លួនក្រែងបាបមកចួន
នៅនាលោកិយ។
រីគ្រូបាធ្យាយអាចឲ្យពណ្ណរាយមានរូបរស្មី
ហើយឲ្យរុងរឿងអស់បញ្ចិន្រ្ទិយស្មើព្រះជននី
ជនកសោតហោង។
ព្រះជនកសោតណាបង្កើតអាត្មាឲ្យមានសរិលផង
រក្សាពីតូចមិនឲ្យមានហ្មងអស់សុខទុក្ខផង
ពុំដែលនឹងឆ្អន់។
ព្រះជនកព្រះជនីបើនឹងស្រដីប្រសើរពេកពន់
ថាភ្នំព្រះសុមេរុ៍នោះហោងមហាធ្ងន់ថាបើនឹងគណន៍
ពុំអាចកន្លង។
រីគ្រូបាធ្យាយប្រដូចនូវម្ដាយពុកឯងហោង
អាចឲ្យក្ដីច្បាប់ប្រដៅធម៌ផងដោយនូវគន្លង
ព្រះពុទ្ធទាំងឡាយ។
នរូអ្នកណាទោះមានប្រាជ្ញាឲ្យគិតវែងឆ្ងាយ
គុណនោះទាំងបីហៅមហាទូលាយកុំឲ្យអន្ដរាយ
ក្ដីពីព្យាយាម។
រីបុណ្យនិងបាបអំពើសភាពនោះវាតែងតាម
ប្រដូចស្រមោលអន្ទោលតាមប្រាណពុំដែលចៀសបាន
ត្រង់ក្ដីសល់វ៉ល់។
ឲ្យគិតជញ្ជឹងហើយឲ្យរំពឹងប្រាជ្ញាឲ្យយល់
ឲ្យមានវិរិយំសច្ចំកុសលកុំធ្វើសល់វ៉ល់
និងក្ដីទុក្ខសោក។
នរូអ្នកណានឹងនាំអាត្មាឧស្សាហ៍អធ្យោគ
ស្វែងធម៌ជាផ្លូវទៅកាន់បរលោកចូលមហាបថមោក្ខ
គឺនិព្វានហោង​៕
អ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ
១៨៦៥ – ១៩៣៦

👉ច្បាប់ក្រមង៉ុយក៏ត្រូវបានបោះពុម្ពផ្សាយ ដោយពុទ្ធសាសនបណ្ឌិត្យ ក្នុង ព.ស.២៥១៦ / គ.ស.១៩៧២ ដែលបានប្រមូលចងក្រងស្នាដៃរបស់គាត់មានដូចជា៖

  1. ច្បាប់ល្បើកថ្មី (​ជា​បទ​កាកគតិ​-​ឆ្នាំ​១៩២២)
  2. ច្បាប់កេរកាលថ្មី (​ជា​បទ​ព្រហ្មគីតិ​-​ឆ្នាំ​១៩២២)
  3. សេចក្ដីរំលឹកដាស់តឿន (​ជា​បទ​ពាក្យ​៧-​ឆ្នាំ​១៩៣១)
  4. ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី (​ជា​បទ​ពាក្យ​៧- មិនដឹង​កាលបរិច្ឆេទ​, អាច​ក្នុង​ឆ្នាំ​១៩៣៥ ព្រោះថា​ស្នាដៃ​ទី​៥)
  5. បណ្ដាំក្រមង៉ុយ (​ជា​បទ​ព្រហ្មគីតិ​- ក្នុង​រវាង​ឆ្នាំ​១៩៣៥)

ច្បាប់គោរពមាតាបិតា និង កិរិយាចិញ្ចិមជីវិតដោយកម្រ (​កំណាព្យ បណ្ឌិត អ៊ូ ចុង)

អ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ
១៨៦៥ – ១៩៣៦ (អត្ថបទជីវប្រវត្តិ)

🔸កំណែចុងក្រោយ Last Updated on March 14, 2026 by Johnny ចន្នី

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).