ច្បាប់ក្រម
| នេះគឺច្បាប់ក្រម | ប្រសើរឧត្ដម | ទូន្មានអ្នកផង |
| ប្រើឱនលំទោន | កុំបីមានឆ្គង | ប្រាជ្ញាបុណ្យផង |
| កើតដោយប្រណិប័តន៍។ | ||
| នរូអ្នកណា | ទោះយកអាត្មា | ចូលសាសន៍ពុទ្ធរដ្ឋ |
| ចូរធ្វើឲ្យត្រង់ | ដោយនូវបន្ទាត់ | ហៅស្វែងសម្បត្ដិ |
| យកផ្លូវនិព្វាន។ | ||
| នរូអ្នកផង | ទោះដឹងយល់ហោង | ចិត្ដនោះឲ្យហ៊ាន |
| បំពេញព្រះផ្នួស | ដោយព្រះទូន្មាន | កុំធ្វើលឹកលាន |
| ដោយចិត្ដអន្ធពាល។ | ||
| ម្ដាយឪពុកសោតណា | ស្រលាញ់ស្ងួនភ្ងា | ហៅកូនសង្សារ |
| អាចមកបំបួស | ហេតុចង់សម្ភារ | ប្រើបង់អន្ធពាល |
| រៀនដោយក្រមច្បាប់។ | ||
| សង្វាតសរសេរ | អស់អញកុំខ្ជិល | ទើបបានជាគាប់ |
| សង្វាតសូត្ររៀន | ដោយគ្រូប្រញ័ប្ដិ | កុំធ្វើលេលាប់ |
| ដោយចិត្ដមាក់ងាយ។ | ||
| ហៃអស់សាមណេរ | ម្ដាយមកបង្វែរ | អ្នកជាបាធ្យាយ |
| សង្វាតសូត្ររៀន | ដូចលោកទាំងឡាយ | កុំធ្វើពាយងាយ |
| ដូចនៅគ្រហស្ថ។ | ||
| កុំធ្វើរាយមាយ | និងគ្រូបាធ្យាយ | ទុកស្មើអម្ចាស់ |
| សង្វាតសរសេរ | សូត្ររៀនឲ្យណាស់ | ប្រាជ្ញាយល់ច្បាស់ |
| នាំញាតិទាំងឡាយ។ | ||
| អាសូរមេបា | ចិញ្ចឹមរក្សា | កុំឲ្យអន្តរាយ |
| អាចយកមកផ្ញើ | នឹងគ្រូបាធ្យាយ | ហេតុចង់ពណ្ណរាយ |
| ប្រយោជន៍ទាំងបី។ | ||
| មួយចង់ក្ដីច្បាប់ | ឲ្យខ្លួនបានគាប់ | នៅនាលោកិយ |
| មួយចង់ប្រាជ្ញា | មិនឲ្យអប្រិយ | មួយចង់បារមី |
| នាំញាតិទាំងឡាយ។ | ||
| ហៃអស់សាមណេរ | កុំធ្វើដែលដែរ | ត្រង់ក្ដីពាយងាយ |
| លំអុតបំរើ | អ្នកជាបាធ្យាយ | ជូនបុណ្យទៅម្ដាយ |
| ឪពុកទីទៃ។ | ||
| សង្វាតសូត្ររៀន | កុំធ្វើអៀនប្រៀន | ក្នុងចិត្ដសព្វថ្ងៃ |
| លំអុតបំរើ | ផ្គាប់ដោយហឫទ័យ | បារម្ភមៃៗ |
| ក្ដីច្បាប់កុំបង់។ | ||
| ច្បាប់នេះសោតណា | ទូន្មានអាត្មា | ដោយនូវក្រិត្យសង្ឃ |
| ត្រង់ណាហៅច្បាប់ | កាន់ខ្ជាប់កុំបង់ | ចំណេរទៅលង់ |
| ខ្លួនបានជាធំ។ | ||
| សព្វថ្ងៃសោតណា | ទូន្មានអាត្មា | ដោយនូវក្រឹត្យក្រម |
| បំរើបាធ្យាយ | ឲ្យមានបារម្ភ | ទើបខ្លួនជាធំ |
| ទៅដល់មហាក្សត្រិយ៍។ | ||
| ច្បាប់នេះសោតណា | ទូន្មានអាត្មា | ថេរនៅពុំបាត់ |
| ទោះខ្លួនឥតបុណ្យ | បំរើមហាក្សត្រិយ៍ | គោរពប្រតិបត្ដិ |
| យសនោះពុំលែង។ | ||
| ហេតុបានដឹងច្បាប់ | បានដូចបង្គាប់ | ចិត្ដគ្រូយល់ស្ដែង |
| ទោះទៅបំរើ | ស្ដេចជាគំដែង | យសនោះពុំលែង |
| ប្រាកដពណ្ណរាយ។ | ||
| ក្ដីនេះជាច្បាប់ | ឲ្យសាមណេរត្រាប់ | សព្វសរិលទាំងឡាយ |
| កុំសើចតិះដៀល | អ្នកជាបាធ្យាយ | អ្នកហោងស្មើម្ដាយ |
| បង្កើតក្ដីច្បាប់។ | ||
| សាមណេរណាៗ | ទោះមានប្រាជ្ញា | នឹងចង់រៀនច្បាប់ |
| ឲ្យយកត្រចៀក | នោះឲ្យចូលស្ដាប់ | ធ្វើដោយក្រមច្បាប់ |
| នៃគ្រូបាធ្យាយ។ | ||
| សាមណេរណាសោត | ចិត្ដនោះក្រេវក្រោធ | ឲ្យចៀសចេញឆ្ងាយ |
| ច្បាប់នេះមិនខំ | សាមណេរទាំងឡាយ | តាមចិត្ដសប្បាយ |
| អាត្មាទីទៃ។ | ||
| នរូអ្នកណា | នឹងស្វែងប្រាជ្ញា | ឲ្យបានខ្លួនថ្លៃ |
| ចូរដឹងខុសគាប់ | ដោយអធ្យាស្រ័យ | ផ្គាប់ដោយហរិទ័យ |
| អ្នកជាបាធ្យាយ។ | ||
| ទោះនឹងស្វែងធម៌ | ឲ្យមានសំគាល់ | កុំធ្វើរាយមាយ |
| ទោះនឹងស្វែងច្បាប់ | កាន់ខ្ជាប់កុំណាយ | កុំឲ្យអន្ដរាយ |
| នូវច្បាប់ក្រមផង។ | ||
| រីគ្រូបាធ្យាយ | ប្រដូចនូវម្ដាយ | ឪពុកយើងផង |
| ហ្វឹកហ្វឺនប្រដៅ | មិនឲ្យមានឆ្គង | តាមដោយគន្លង |
| ព្រេងព្រឹទ្ធបុរាណ។ | ||
| នរូអ្នកណា | នឹងស្វែងប្រាជ្ញា | ជារស្មីប្រាណ |
| ឲ្យគិតជញ្ជឹង | រំពឹងលែងបាន | កុំធ្វើបំពាន |
| ប្រទូស្តវឹងស្នង។ | ||
| នាបីហៅគ្រូ | ដូចអ្នកនាំផ្លូវ | ដើរដោយគន្លង |
| ទោះនឹងឆ្ពោះទៅ | ស្រុកតូចធំផង | សឹងដូចបំណង |
| នៃចិត្ដចិន្ដា។ | ||
| រីនឹងចេះឯង | ដូចអ្នកវង្វេង | កណ្ដាលអធ្វា |
| ពុំនោះដូចខ្វាក់ | តែម្នាក់អាត្មា | ចរចេញយាត្រា |
| ឥតអ្នកដឹកដៃ។ | ||
| សូម្បីរកផ្លូវ | ពុំដែលនឹងត្រូវ | សឹងពានឯព្រៃ |
| ហេតុត្បិតចេះឯង | ឥតអ្នកដឹកដៃ | ចិត្ដនោះសង្ស័យ |
| ដូចយល់ពុំដល់។ | ||
| នេះដូចអ្នកផង | ពុំដោយគន្លង | នៃលោកណាយល់ |
| សឹងធ្វើមោហោ | ទោះសោកំហល់ | ពុំអាចទប់ទល់ |
| នាធ្ងន់នាស្រាល។ | ||
| ប្រដៅក្ដីច្បាប់ | សឹងថាពុំគាប់ | ហេតុចិត្ដអន្ធពាល |
| ក្ដីច្បាប់ទំងន់ | សឹងថាជាស្រាល | ហេតុចិត្ដអន្ធពាល |
| ចង់តែសប្បាយ។ | ||
| ពុំដឹងដើមគ្រូ | បង្កើតអភិរូហ៍ | ប្រដូចនូវម្ដាយ |
| ក្លឺពីមនុស្សលោក | រួចដល់ស្ួគ៌នាយ | ចៀសចតុរាបាយ |
| នរកទាំងបួន។ | ||
| នាបីហៅគ្រូ | កុំធ្វើមូទូ | ចិត្ដនោះឲ្យស្ងួន |
| កុំធ្វើតំកើង | ចង់ធំតែខ្លួន | ក្រែងបាបមកចួន |
| នៅនាលោកិយ។ | ||
| រីគ្រូបាធ្យាយ | អាចឲ្យពណ្ណរាយ | មានរូបរស្មី |
| ហើយឲ្យរុងរឿង | អស់បញ្ចិន្រ្ទិយ | ស្មើព្រះជននី |
| ជនកសោតហោង។ | ||
| ព្រះជនកសោតណា | បង្កើតអាត្មា | ឲ្យមានសរិលផង |
| រក្សាពីតូច | មិនឲ្យមានហ្មង | អស់សុខទុក្ខផង |
| ពុំដែលនឹងឆ្អន់។ | ||
| ព្រះជនកព្រះជនី | បើនឹងស្រដី | ប្រសើរពេកពន់ |
| ថាភ្នំព្រះសុមេរុ៍ | នោះហោងមហាធ្ងន់ | ថាបើនឹងគណន៍ |
| ពុំអាចកន្លង។ | ||
| រីគ្រូបាធ្យាយ | ប្រដូចនូវម្ដាយ | ពុកឯងហោង |
| អាចឲ្យក្ដីច្បាប់ | ប្រដៅធម៌ផង | ដោយនូវគន្លង |
| ព្រះពុទ្ធទាំងឡាយ។ | ||
| នរូអ្នកណា | ទោះមានប្រាជ្ញា | ឲ្យគិតវែងឆ្ងាយ |
| គុណនោះទាំងបី | ហៅមហាទូលាយ | កុំឲ្យអន្ដរាយ |
| ក្ដីពីព្យាយាម។ | ||
| រីបុណ្យនិងបាប | អំពើសភាព | នោះវាតែងតាម |
| ប្រដូចស្រមោល | អន្ទោលតាមប្រាណ | ពុំដែលចៀសបាន |
| ត្រង់ក្ដីសល់វ៉ល់។ | ||
| ឲ្យគិតជញ្ជឹង | ហើយឲ្យរំពឹង | ប្រាជ្ញាឲ្យយល់ |
| ឲ្យមានវិរិយំ | សច្ចំកុសល | កុំធ្វើសល់វ៉ល់ |
| និងក្ដីទុក្ខសោក។ | ||
| នរូអ្នកណា | នឹងនាំអាត្មា | ឧស្សាហ៍អធ្យោគ |
| ស្វែងធម៌ជាផ្លូវ | ទៅកាន់បរលោក | ចូលមហាបថមោក្ខ |
| គឺនិព្វានហោង៕ |


👉ច្បាប់ក្រមង៉ុយក៏ត្រូវបានបោះពុម្ពផ្សាយ ដោយពុទ្ធសាសនបណ្ឌិត្យ ក្នុង ព.ស.២៥១៦ / គ.ស.១៩៧២ ដែលបានប្រមូលចងក្រងស្នាដៃរបស់គាត់មានដូចជា៖
- ច្បាប់ល្បើកថ្មី (ជាបទកាកគតិ-ឆ្នាំ១៩២២)
- ច្បាប់កេរកាលថ្មី (ជាបទព្រហ្មគីតិ-ឆ្នាំ១៩២២)
- សេចក្ដីរំលឹកដាស់តឿន (ជាបទពាក្យ៧-ឆ្នាំ១៩៣១)
- ពាក្យកាព្យប្រដៅជនប្រុសស្រី (ជាបទពាក្យ៧- មិនដឹងកាលបរិច្ឆេទ, អាចក្នុងឆ្នាំ១៩៣៥ ព្រោះថាស្នាដៃទី៥)
- បណ្ដាំក្រមង៉ុយ (ជាបទព្រហ្មគីតិ- ក្នុងរវាងឆ្នាំ១៩៣៥)
ច្បាប់គោរពមាតាបិតា និង កិរិយាចិញ្ចិមជីវិតដោយកម្រ (កំណាព្យ បណ្ឌិត អ៊ូ ចុង)
អ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ
១៨៦៥ – ១៩៣៦ (អត្ថបទជីវប្រវត្តិ)
🔸កំណែចុងក្រោយ Last Updated on March 14, 2026 by Johnny ចន្នី





