កំណើតបុណ្យភ្ជុំបិណ្ឌ

👉សម្លេងអានដកស្រង់ចេញពីពុទ្ធប្រវត្តិ ភាគទី ៦១ Audio is from Biography of Buddha Part 61


អ្វីជាពិធីបុណ្យភ្ជុំបិណ្ឌ?

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និងជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗ ដទៃទៀតនៃព្រះរាជពិធីទ្វាទសមាស ដែលប្រជារាស្ដ្រទូទាំងកម្ពុជា តែងតែប្រារព្ធមិនដែលអាក់ខានឡើយ គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ មានរយៈពេល១៥ថ្ងៃ ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ … និងថ្ងៃបញ្ចប់ គឺជាថ្ងៃ “ភ្ជុំបិណ្ឌ“។

ប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌ :

ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះយើងអាចសម្គាល់ពាក្យនេះតាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” (ការពូតដុំ បាយជាដុំៗដែលយើងហៅថា “បាយបិណ្ឌ”) ។
បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាយើង បានបង្ហាញថាពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវេរកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។

មូលហេតុនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ :

ការធ្វើបុណ្យដាក់បិណ្ឌ គឺដើម្បីឧទ្ទិសដល់បេ្រតបុគ្គលដែលជាឪពុក ម្តាយ បងប្អូន ញាតិសណ្តាន ទាំងឡាយដែលបានចែកឋានទៅហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត ហេតុដូច្នេះទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេ្រតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនាកើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះបានរួចផុតពីក្ដីលំបាកសោកសៅ៕

-ប្រភពអត្ថបទៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).