ខ្សែដៀវ ឬសាដៀវ ឬសាយដៀវ

ខ្សែដៀវ ឬសាដៀវ ឬសាយដៀវ

ខ្សែដៀវ ឬសាដៀវ ឬសាយដៀវ = សា មានន័យថា ម្ដងទៀត។ សាយ មានន័យថា សំណុំសរសៃសូត្រតូច ដែលចងពីក្បាលស្លាបឯកភ្ជាប់នឹងចុងដង (សាយឯក, ឯកដាច់សាយ)។ ដៀវ មានន័យថា មួយ ឬតែ១ គេនិយាយថា ទឹមដៀវ គឺទឹមសត្វតែ១, រាំដៀវ គឺរាំម្នាក់ម្ដង, ភ្លេងដៀវ គឺភ្លេងលេងម្នាក់ម្ដង, ខ្សែដៀវ គឺខ្សែ១។
ឧបករណ៍ខ្សែដៀវនេះ កាលពីសម័យដើមដ៏យូរលង់មកហើយមានខ្សែសំនៀងធ្វើអំពីសំណុំសរសៃសូត្រ វេញចូលគ្នា។ សម័យបច្ចុប្បន្ននេះ គេយកខ្សែលោហធាតុមកប្រើជំនួសវិញ។ ឧបករណ៍នេះជាដំបូងប្រើប្រាស់នៅក្នុងវង់ភ្លេងអារក្ស ក្រោយមកទើបគេឃើញមានប្រើនៅក្នុងវង់ភ្លេងការបុរាណ។ ប៉ុន្ដែនៅដើមសតវត្សទី២០នេះ គេឃើញមានអ្នកចំរៀងទោលខ្លះយកឧបករណ៍នេះ មកកេះកំដរចំរៀងរបស់ខ្លួន ដូចជា លោកតាភីរម្យ ង៉ុយ កវីដ៏កំពូលច្រៀងផងកេះខ្សែដៀវផង ពីកន្លែងមួយទៅកន្លែងមួយរហូតដល់ទទួលមរណភាព (១៨៦៥-១៩៣៦) ។

តាមការសន្និដ្ឋានរបស់ដូនតាយើងតៗគ្នាមកឱ្យដឹងថា ខ្សែដៀវមានអាយុរាប់ពាន់ឆ្នាំមកហើយក្នុងសង្គមកម្ពុជាយើង ដោយឧបករណ៍នេះមានឆ្លាក់រូបភាពជាប់នឹងក្បាច់ផ្ដែររចនាបថសំបូរ ព្រៃគុកនៅសតវត្សទី៧ ឆ្លាក់ នៅនឹងជញ្ជាំងប្រាសាទបាយ័ន ប្រាសាទអង្គរវត្ដ ដែលបានកសាងឡើងតាំងពីសតវត្សទី៩ រហូតដល់សតវត្សទី១៣ ។ រូបចម្លាក់ទាំងនោះបញ្ជាក់ថា ឧបករណ៍ខ្សែដៀវនេះមានមុនសតវត្សទី៧ទៅទៀត ហើយមានប្រយោជន៍សំខាន់ណាស់ក្នុងសង្គម ទើបដូនតាយើងសម័យនោះយកមកឆ្លាក់ជាប់នឹងជញ្ជាំងប្រាសាទបែបនេះ ។ រូបភាពនៅលើជញ្ជាំងប្រាសាទបែបណាបច្ចុប្បន្ននេះខ្សែដៀវនៅតែមាន រូបរាងយ៉ាងនោះដដែល ។

ខ្សែដៀវនៅកម្ពុជាយើងបច្ចុប្បន្ននេះមាន ៖
-ដងធ្វើអំពីប្រភេទ ឈើរឹង ដូចជាឈើ នាងនួន ឈើគ្រញូង និងឈើខ្មៅមានរាងមូល រាង ង ផ្នែកខាងចុង។ នៅខាងចុងដងគេ ច្រើនតែឆ្លាក់ក្បាលពស់ នាគរាជជាលំអ។ ដងចែកជាពីរកំំណាត់ដែលអាចដកចេញដាក់ ចូលភ្ជាប់គ្នាបានក្នុងពេលត្រូវការ ។
-ព្រលួតមានតែមួយធ្វើ អំពីឈើរឹង ក្រឡឹងយ៉ាងស្អាតសំរាប់រឹតខ្សែសំនៀង ហើយស្ថិតនៅផ្នែកខាងគល់នៃដង ។
-ស្នូកធ្វើអំពីសំបកឃ្លោកក្អម កាត់យកពាក់កណ្ដាលទុកខាងផ្នែកស្ដួច ចងភ្ជាប់ទៅនឹងគល់ដងសំរាប់ធ្វើ ជាប្រអប់សំនៀង ។ នៅពេលសំដែងម្ដងៗគេយកស្នូកមកផ្អឹបនឹងទ្រូង ដើម្បីឱ្យមានសំនៀងខ្ទ័រ ឬគេអង្រន់ស្នូក ដើម្បីឱ្យមានសំនៀងញ័រ ។
– ខ្សែសំនៀងមានធ្វើអំពីសរសៃលោហធាតុខ្សែសំនៀងនេះចងលាតសន្ធឹងពីចុងដង ទៅព្រលួត ដោយមានខ្សែ.កចងផ្អោបជាប់ទៅនឹងដងត្រង់ជិតប្រអប់សំនៀង ។
– ក្រចកកេះធ្វើអំពីបន្ទះលោហធាតុ មូរ ល្មមស៊កនាងដៃបានហើយកាត់បញ្ឆិត ចុងទុកល្មមអាចកេះខ្សែបានស្រួល ។
-នៅពេលកេះ ខ្សែម្ដងៗ គេត្រូវយកគល់ចង្អុលដៃទៅប៉ះនឹងខ្សែ ហើយដកចេញយ៉ាងរហ័ស ដើម្បីឱ្យសំនៀងលាន់ឮឡើងតូមៗ ដែលជាលក្ខណៈសំនៀងរបស់ខ្សែដៀវ បើមិនធ្វើយ៉ាងនេះទេ សំនៀងនឹងឮសូរទឺងៗ ដូចខ្សែលួសហាលខោអាវវិញ ។

នៅពេលប្រគំម្ដងៗ ខ្សែដៀវមិនដើរផ្លូវរាបសាដូចឧបករណ៍ដទៃឡើយ គឺដើរផ្លូវផ្ដក់មុខផ្ដក់ក្រោយ ធ្វើឱ្យសំនៀងរបស់ខ្លួនលេចធ្លោឡើងនៅក្នុងចំណោមឧបករណ៍ដទៃ ។
តាម ប្រសាសន៍ដូនតាយើងបានឱ្យដឹងថា រូបរាងខ្សែដៀវទាំងមូលតំណាងឱ្យសត្វពស់ នាគរាជ ជាសត្វតំណាងភាពត្រជាក់ត្រជុំ មានសច្ចធម៌ មានសុភមង្គលក្នុងជីវិត ៕
(ស្រាវជ្រាវចងក្រងដោយ លោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី)។

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).