រឿង កុម្ភឃោសកសេដ្ឋី

ព្រះបរមសាស្តា ទ្រង់ប្រារឰកុម្ភឃោសកសេដ្ឋី ជាកូនរបស់សេដ្ឋី ក្រុងរាជគ្រឹះ ។ កាលឣហិវាតករោគកើតឡើងហើយ ដល់សេដ្ឋីជាបិតា, សេដ្ឋីបុត្រនោះ ក៏បានរត់ភៀសខ្លួនគេចចេញពីឣហិវាតករោគនោះ ទៅរស់នៅ ក្នុងស្រុកមួយ លុះរស់នៅ ក្នុងស្រុកនោះបាន ១២ ឆ្នាំហើយ ក៏បានត្រឡប់មករកស្រុកកំណើតរបស់ខ្លួនវិញ ។

ក្នុងគ្រានោះ គ្មានបុគ្គលណាមួយ ចាំមុខសេដ្ឋីបុត្រនោះ បានឡើយ ព្រោះសេដ្ឋីបុត្រនោះ ទៅរស់នៅស្រុកគេ ឣស់ពេលជាច្រើនឆ្នាំមកហើយ ។

សម័យថ្ងៃមួយ កុម្ភឃោសកៈ គិតនឹងជីកយកកំណប់ទ្រព្យ ដែលខ្លួនបានកប់ទុកអំពីពេលមុន យកមកប្រើប្រាស់ តែខ្លាចក្រែងមានសេចក្តីឣន្តរាយកើតឡើងដល់ខ្លួន ទើបបានបន្លំខ្លួនធ្វើជាឣ្នកស៊ីឈ្លួលគេ ដើម្បីយកប្រាក់មកចិញ្ចឹមជីវិត ធ្វើហាក់ដូចជាមនុស្សអ្នកកំសត់ទុគ៌ត ។

គ្រានោះ ព្រះរាជា ទ្រង់ព្រះនាមពិម្ពិសារ ទ្រង់ព្រះសណ្តាប់ សម្លេងរបស់កុម្ភឃោសកៈនោះហើយ ទ្រង់ជ្រាបថា “បុរសនេះ ពិតជាឣ្នកមានទ្រព្យសម្បត្តិច្រើន” ហើយទ្រង់ស្រាវជ្រាវរកការពិត លុះទ្រង់ជ្រាបច្បាស់ហើយ ទ្រង់បានព្រះរាជទាន នូវតំណែងជាសេដ្ឋី និង ព្រះរាជធីតា របស់ព្រះឣង្គ ឲ្យដល់កុម្ភឃោសកៈជាមហេសី ។

ក្រោយមក ព្រះបាទពិម្ពិសារ ទ្រង់បាននាំកុម្ភឃោសកសេដ្ឋី ទៅ ក្រាបថ្វាយបង្គំគាល់ព្រះសាស្តា ស្រេចហើយក្រាបទូលនូវគុណសម្បត្តិ របស់កុម្ភឃោសកសេដ្ឋី ថ្វាយដល់ព្រះឣង្គទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឧដ្ឋានវតោ សតីមតោ សុចិកម្មស្ស និសម្មការិនោ
សញ្ញតស្ស ច ធម្មជីវិនោ ឣប្បមត្តស្ស យសោ ភិវឌ្ឍតិ ។

☸️យស តែងចម្រើនរុងរឿង ដល់បុគ្គលឣ្នកដែលមានសេចក្តីប្រឹងប្រែង មានស្មារតី មានការងារបរិសុទ្ធល្អ ជាឣ្នកពិចារណារួចហើយ ទើបធ្វើ ជាឣ្នកសង្រួម រស់នៅដោយធម៌ ជាឣ្នកមិនប្រមាទ ។


Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).