

សម្តេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម សង្ឃត្ថេរោ
សម្តេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម ប្រសូតនៅថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំមមែ ព.ស.២៤៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩១៨ នៅឃុំជីរោ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។
បិតានាម មាស អ៊ុម មាតានាម សុខ មឹះ ជាកសិករប្រកបរបរធ្វើ ចំការ ។ សម្តេចមានបងប្អូនបង្កើត១១នាក់, ប្រុស៦នាក់ ស្រី៥នាក់ ។ សម្តេច ជាកូនទី១១ នៅក្នុងគ្រួសារ ។
អំពីកុមារភាព
កាលនៅពីកុមារ ដោយលក្ខណសម្បត្តិធម្មជាតិ គូបផ្សំនឹងការអប់រំពី ឪពុកម្តាយ ចាស់ទុំជាបន្តបន្ទាប់, កុមារ អ៊ុម ស៊ុម បានក្លាយជាក្មេងមាន កិរិយាមារយាទមិនដូចកុមារផងទាំងពួង នៅស្រុកស្រែចំការឡើយ គឺជាក្មេង មានអាកប្បកិរិយាសុភាពរាបសារ ទន់ភ្លន់ រមទម ស្លូតបូត ចេះគោរព កោតក្រែងឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ គួរឲ្យស្រលាញ់រាប់អាន និងមាន និស្ស័យជាអ្នកធ្ងន់ក្នុងព្រះពុទ្ធសាសនា ។
លុះអាយុល្មមដល់ការសិក្សា ឪពុកម្តាយ ក៏បាននាំយកទៅឲ្យសិក្សា អក្សរសាស្រ្ត លេខនព្វន្ត នៅ វត្តនទីរង្សី ហៅ វត្តជីរោ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ កុមារ អ៊ុម ស៊ុម បានខិតខំព្យាយាមរៀនសូត្រ រហូតដល់ ចេះអាន ចេះសរសេរ ស្ទាត់ជំនាញ គួរឲ្យសរសើរ ។ ជាមួយនឹងការរៀនអក្សរ លេខនព្វន្ត កុមារ អ៊ុម ស៊ុម បានរៀអានសាស្រ្តាទេសន៍ រៀនធម៌នមស្សការ ព្រះរតនត្រ័យ ច្បាប់ក្រមង៉ុយ ។ល។ ចេះចាំរត់មាត់ស្ទាត់ជំនាញ ។
អំពីជីវភាពផ្នួស
អាយុបាន ១៦ ឆ្នាំ ឪពុកម្តាយបានបំបួសកុលបុត្រ អ៊ុម ស៊ុម ជា សាមណេរ នៅក្នុងវត្តនទីរង្សី ឃុំជីរោ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ក្នុង សំណាក់លោកគ្រូនាម ខែក មាស ជាព្រះឧបជ្ឈាយ៍ ។ លុះអាយុ ២១ ឆ្នាំ បានឧបសម្បទាជាភិក្ខុ ក្នុងពទ្ធសីមា វត្តនទីរង្សី ក្នុងសំណាក់ព្រះនាគមុនី ជា ព្រះឧបជ្ឈាយ៍ ។ ព្រះឧបជ្ឈាយ៍បានដាក់នាមបញ្ញត្តិថា ‹‹ សង្ឃត្ថេរោ ›› ។
ក្រោយបានបួសហើយ ភិក្ខុ អ៊ុម ស៊ុម បានយកអស់ពីកំលាំងកាយ ចិត្ត ខិតខំរៀសូធ្យនិងប្រតិបត្តិធម៌វិន័យយ៉ាងខ្ជាប់ខ្ជួន ។ បន្ទាប់មក ភិក្ខុ អ៊ុម ស៊ុម បានបន្តការសិក្សារៀសូធ្យព្រះបរិយត្តិធម៌ នៅវត្តសារាវ័នតេជោ ទីក្រុងភ្នំពេញ តរៀងមក ដរាបដល់បានប្រឡងជាប់សាលាបាលីរង និងបាន ប្រឡងចូលជាប់រៀន នៅសាលាបាលីជាន់ខ្ពស់ជាបន្តទៀត ។
អំពីចំណេះវិជ្ជា កិច្ចការបំរើព្រះពុទ្ធសាសនា និងប្រទេសជាតិ
ឆ្នាំ១៩៥០ ភិក្ខុ អ៊ុម ស៊ុម ក៏បានប្រឡងចេញជាប់សញ្ញាបត្រ សាលា បាលីជាន់ខ្ពស់ ‹‹បច្ចុប្បន្ន ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត›› ។ ក្រៅពី ភាសាខ្មែរ និងភាសាបាលី ភិក្ខុ អ៊ុម ស៊ុម បានសិក្សាភាសាបារាំង និងភាសា អង់គ្លេស ដែលអាចប្រើការបានជាបន្ទាប់បន្សំ ។
អាស្រ័យដោយសមត្ថភាពចំណេះវិជ្ជាទាំងផ្លូវលោក ទាំងផ្លូវធម៌នេះ ទើបភិក្ខុ អ៊ុម ស៊ុម ត្រូវបានទទួលនាទីជា អាចារ្យបង្រៀនភាសាបាលី នៅ វត្តសារាវ័នតេជោ ជាច្រើនឆ្នាំ ។
ចាប់តាំងពីបានទទួលភារៈជាអាចារ្យបង្រៀនមក លោកអាចារ្យ អ៊ុម ស៊ុម បានបំពេញតួនាទីរបស់ខ្លួន ដោយសេចក្តីព្យាយាមយ៉ាងជ្រាល ជ្រៅ ទាំងការស្រាវជ្រាវចំណេះដឹងទូទៅ ទាំងកិច្ចបង្រៀនសិស្សានុសិស្ស ដែលធ្វើឲ្យសិស្សានុសិស្សជាច្រើន បានទទួលការចេះដឹង និងអាចបន្តការ សិក្សាទៅកម្រិតថ្នាក់មធ្យម ថ្នាក់ឧត្តមជាបន្តបន្ទាប់ ។
ជាមួយនឹងការសិក្សាស្រាវជ្រាវវិជ្ជាព្រះពុទ្ធសាសនា និង កិច្ចការ បង្រៀន លោកគ្រូអាចារ្យ អ៊ុម ស៊ុម នៅបានជួយបណ្តុះបណ្តាលឧបត្ថម្ភ ទំនុកបំរុងដល់វត្តជាច្រើន ឲ្យបានបើកសាលាបាលីរង សាលាធម្មវិន័យ ដើម្បីបានអនុគ្រោះដល់ភិក្ខុសាមណេរ បានសិក្សារៀនសូធ្យ ដូចជា វត្តជីរោ ខេត្តកំពង់ចាម វត្តកែវព្រះភ្លើង វត្តសារាវ័នតេជោ ទីក្រុងភ្នំពេញ ជាដើម ព្រមទាំងជួយជ្រើសរើសលោកគ្រូអាចារ្យ ទៅបង្រៀននៅវត្តនោះៗ ទៀតផង ។
ក្រៅពីការយកព្រះទ័យទុកដាក់ក្នុងការពង្រីកការសិក្សា និងការគោរព ប្រតិបត្តិធម៌វិន័យព្រះពុទ្ធសាសនា លោកអាចារ្យ អ៊ុម ស៊ុម តែងបានចាប់ អារម្មណ៍ខ្ពស់ក្នុងការណែនាំព្រះសង្ឃ ពុទ្ធបរិស័ទឲ្យចេះថែរក្សា នូវតម្លៃពិត នៃព្រះពុទ្ធសាសនា និងការកសាងវត្តអារាម ទីសេនាសនៈ មានព្រះវិហារ កុដិ សាលា ជាដើម សម្រាប់បំរើវិស័យព្រះពុទ្ធសាសនា ដូចជា វត្តនទីរង្សី ហៅវត្តជីរោ វត្តសំរោងបូរី ខេត្តកំពង់ចាម វត្តឧត្តរាវតី វត្តសារាវ័នតេជោ វត្តមហាមន្រ្តី វត្តឃ្មួញ ក្រុងភ្នំពេញ ជាដើម ។
ទទឹមនឹងការសាងសង់ជាប្រយោជន៍ព្រះពុទ្ធសាសនា លោកគ្រូអាចារ្យ អ៊ុម ស៊ុម ក៏បានយកព្រះទ័យទុកដាក់ចំពោះប្រទេសជាតិ ដូចជាការ កសាងសាលារៀន មន្ទីរពេទ្យ ២ខ្នង ផ្លូវថ្នល់ អណ្តូងទឹក ស្រះទឹកជាច្រើន កន្លែង និងវិស័យសង្គមកិច្ច ជួយសង្គ្រោះអ្នកក្រខ្សត់ ជនពិការ អ្នកជំងឺ របួស សម្រាកពេទ្យ ព្រមទាំងបានទេសនាអប់រំអំពីសីលធម៌សង្គម ជីវភាពរស់ នៅថ្លៃថ្នូរ ចំពោះព្រះសង្ឃ គ្រហស្ថ ជាបន្តបន្ទាប់នៅក្នុងទូទាំងព្រះរាជា ណាចក្រកម្ពុជា ។
ដើម្បីបានជាឯកសារសិក្សាស្រាវជ្រាវតទៅអនាគត លោកគ្រូអាចារ្យ អ៊ុម ស៊ុម បានឆ្លៀតពេលវេលាដ៏មមាញឹក ខិតខំស្រាវជ្រាវនិពន្ធអត្ថបទធម៌ ជាច្រើនបោះពុម្ភជាសៀវភៅ មាន ៖
- ១- សៀវភៅ បញ្ចធម៌
- ២- សៀវភៅ នត្ថិធម្មកថា
- ៣- សៀវភៅ ត្រៃលោកគោកត្រៃលក្ខណ៍
- ៤- សៀវភៅ រកព្រះធម៌
- ៥- សៀវភៅ បំភ្លឺបុណ្យ
- ៦- សៀវភៅ ជុំវិញបញ្ហាបួស
- ៧- សៀវភៅ ព្រះសទ្ធម្ម ៣
- ៨- សៀវភៅ ទស្សនៈពុទ្ធសាសនា
អំពីតួនាទី និង សមណសក្កិ
អំពីតួនាទី
ដោយព្រះទ័យធ្ងន់ក្នុងព្រះពុទ្ធសាសនា និងដោយសមត្ថភាព ចំណេះ វិជ្ជា ព្រមទាំងបុគ្គលិកលក្ខណសម្បត្តិដ៏ល្អប្រពៃ លោកគ្រូអាចារ្យ អ៊ុម ស៊ុម ក៏ត្រូវបានទទួលតួនាទី និងសមណសក្កិជាបន្តបន្ទាប់ នៅក្នុងជីវភាពផ្នួស ៖
- ឆ្នាំ១៩៥៧ បានទទួលតួនាទីជាអ្នកទទួលខុសត្រូវ ក្នុងការគ្រប់គ្រង ភិក្ខុ សាមណេរ នៅវត្តកែវព្រះភ្លើង រាជធានីភ្នំពេញ ជាចៅអធិការស្តីទីផង ជាអាចារ្យបង្រៀនផង ។
- ឆ្នាំ១៩៦០ បានទទួលតួនាទី ជាគ្រូសូត្រស្តាំ នៅវត្តសារាវ័នតេជោ ក្រុងភ្នំពេញ ។
- ឆ្នាំ១៩៥៦1ប្រវត្តិសង្ខេបក្នុងសៀវភៅបំភ្លឺបុណ្យឆ្នាំ១៩៥៥ (បោះពុម្ភ ឆ្នាំ១៩៩០) បានទទួលតួនាទីជាសមាជិកក្រុមជំនុំព្រះត្រៃបិដក នៃ ពុទ្ធសាសនបណ្ឌិត្យ ក្រសួងធម្មការ ។
- ឆ្នាំ១៩៦៩ បានទទួលតួនាទី ជាសមាជិកគណៈកម្មការវចនានុក្រម ខ្មែរ អមសម្តេចព្រះសង្ឃរាជ ជួន ណាត ។
អំពីសមណសក្កិ
ចាប់ពីឆ្នាំ ១៩៥៧ មកលោកអាចារ្យ អ៊ុម ស៊ុម បានទទួលសមណសក្កិជា៖
- ព្រះបាឡាត់ភទ្ទបាល
- ព្រះវិន័យធរ
- បិដកធម្ម រាជាគណៈថ្នាក់ទី៤
- ព្រះញាណវង្ស ថ្នាក់ទី៣
- ព្រះសាសនមុនី ថ្នាក់ទី២
- ឆ្នាំ១៩៩១ បានទទួលសមណសក្កិជា ព្រះមង្គលទេពាចារ្យ ថ្នាក់ទី១
- ឆ្នាំ១៩៩២ បានទទួលសមណសក្កិជា សម្តេចព្រះមង្គលទេពាចារ្យ
- ឆ្នាំ១៩៩៣ បានទទួលសមណសក្កិជា អគ្គាធិការនៃពុទ្ធិក សិក្សា ទទួលបន្ទុកការងារពង្រីកវិស័យពុទ្ធិកសិក្សាក្នុង ព្រះរាជាណាចក្រ កម្ពុជា ។
អំពីការបាត់បង់ភាពផ្នួសនាឆ្នាំ ១៩៧៥-៧៨
ឆ្នាំ១៩៧៥ សភាពការណ៍ប្រទេសជាតិ បានជួបប្រទះនូវគ្រោះ មហន្តរាយនៃរបបប្រល័យពូជសាសន៍ ដែលបង្កឡើងដោយខ្មែរក្រហម ប៉ុល ពត ។ ព្រះសង្ឃ គ្រហស្ថ នៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមទី ប្រជុំជនខេត្ត ក្រុង ក្នុងទូទាំងប្រទេស ត្រូវជន្លៀសឲ្យទៅនៅតាមជនបទ ព្រៃភ្នំ ក្រំថ្ម និងបង្ខំឲ្យធ្វើការជាទម្ងន់ ។ វត្តអារាម ព្រះវិហារ កុដិ សាលា ត្រូវគេកំទេច ។ ព្រះសង្ឃរាប់ម៉ឺនអង្គត្រូវផ្សឹក និងសម្លាប់ ។
ព្រះសង្ឃត្ថេរ អ៊ុម ស៊ុម ក៏ត្រូវបានជន្លៀសចេញពីវត្តសារាវ័នតេជោ និងបានទៅគង់នៅវត្តនានា ខេត្តកំពង់ចាម ។ ការគង់នៅទីនោះ ព្រះសង្ឃត្ថេរ អ៊ុម ស៊ុម ត្រូវបានទទួលការគាបសង្កត់ខាងផ្លូវចិត្ត និងខាង ផ្លូវប្រតិបត្តិយ៉ាងធ្ងន់ធ្ងរពីពួកអង្គការខ្មែរក្រហម ។ ក្រោយមក ពួកវាក៏បាន បង្ខំព្រះសង្ឃត្ថេរ អ៊ុម ស៊ុម ឲ្យលាចាកសិក្ខាបទ ដើម្បីធ្វើពលកម្ម ។ ដោយ ទ្រាំទ្រនឹងការគំរាមកំហែងជារៀងរាល់ថ្ងៃ របស់ពួកខ្មែរក្រហមមិនបាន ព្រះសង្ឃត្ថេរ អ៊ុម ស៊ុម ក៏សម្រេចព្រះទ័យលាចាកសិក្ខាបទទៅជា គ្រហស្ថ ហើយស្នាក់នៅវត្តសំរោងបុរី ។
ពេលនោះ ព្រះអាចារ្យ អ៊ុម ស៊ុម ពិតមែនបានក្លាយខ្លួនទៅជា គ្រហស្ថ ប៉ុន្តែលោកអាចារ្យពុំបានលះបង់ភាពជាអ្នកបួសឡើយ ។ លោក តែងឆ្លៀតឱកាសថ្វាយបង្ខំព្រះរតនត្រ័យដោយលួចលាក់ តាំងអារម្មណ៍ បានស្ងប់ស្ងៀម មិនទទួលទានអាហារពេលល្ងាច មិនយកគ្រួសារទោះបីគេ បង្ខំយ៉ាងណាក៏ដោយ ហើយខិតខំបំពេញការងារតាមការកំណត់បង្គាប់ បញ្ជារបស់អង្គការ ។
ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដោយគុណូបការៈរបស់រណសិរ្យសាមគ្គី សង្រ្គោះជាតិកម្ពុជា ប្រជាពលរដ្ឋខ្មែរ ត្រូវបានរំដោះសង្រ្គោះឲ្យរស់រានមាន ជីវិត រួចចាកផុតពីគ្រោះប្រល័យពូជសាសន៍ ។ អ្វីៗដែលជាប្រពៃណី ទំនៀមទំលាប់ និងជាចរិករបស់ជាតិក៏ត្រូវបានយកចិត្តទុកដាក់ និងរៀបចំ ឡើងវិញ ។ ព្រះពុទ្ធសាសនា ដែលជាសាសនាផ្សារភ្ជាប់នឹងជីវិតសង្គម និងប្រជាពលរដ្ឋខ្មែរ ក៏ត្រូវបានគោរពបូជាឡើងវិញដែរ ។
ដើម្បីរៀបរយព្រះពុទ្ធសាសនា ឲ្យមានដំណើរការប្រព្រឹត្តទៅបាន សមស្របតាមគន្លងធម៌វិន័យព្រះពុទ្ធសាសនា កាលណោះរណសិរ្យសាមគ្គី សង្រ្គោះជាតិកម្ពុជា បានស្រាវជ្រាវរកអតីតបព្វជិតដែលជាពហុសូត្រ មាន សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានយកមកឲ្យបួសជាព្រះសង្ឃឡើងវិញ។
លោកអាចារ្យ អ៊ុម ស៊ុម ក៏ត្រូវបានរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា អញ្ជើញពីវត្តសំរោងបុរី ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មកបំពេញឧបសម្បទា នៅវត្តឧណ្ណលោម នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៨០ និង បានទទួលនាមបញ្ញត្តិថា សង្ឃត្ថេរោ ដូចនាមបញ្ញត្តិកាលបួសលើកមុន ។
ភិក្ខុ អ៊ុម ស៊ុម ក្រោយបានបំពេញឧបសម្បទាជាថ្មីរួចហើយ បានគង់ នៅវត្តឧណ្ណលោម និង បានយកព្រះទ័យទុកដាក់បំរើកិច្ចការព្រះពុទ្ធសាសនា និង ការងារប្រទេសជាតិ ដោយឥតគិតពីការនឿយហត់ ។ ជាពិសេស ការងារតម្រង់ទិសប្រតិបត្តិធម៌វិន័យព្រះពុទ្ធសាសនា របស់ភិក្ខុ-សាមណេរ ត្រូវបានរដ្ឋចាត់តាំងឲ្យដឹកនាំព្រះពុទ្ធសាសនា ជាមួយព្រះវិន័យធរ ទេព វង្ស ព្រោះថានៅពេលរំដោះភ្លាម មានភិក្ខុ-សាមណេរជាច្រើន ដែលបាន បួស ដោយចេតនាកម្ម ហើយបានកែសម្រួលឲ្យបួសតាមបញ្ញត្តិកម្មជាថ្មី ស្របតាមពុទ្ធានុញ្ញាតិ និង ពុទ្ធប្បញ្ញត្តិវិញ ។
ភិក្ខុ អ៊ុម ស៊ុម រួមសហការជាមួយព្រះមហាថេរជាច្រើនអង្គទៀត បានខិតខំព្យាយាមយ៉ាងមុតមាំ ដើម្បីរៀបចំដឹកនាំ និងគ្រប់គ្រងវិស័យ ព្រះពុទ្ធសាសនាឲ្យមានដំណើរការល្អជាប្រក្រតីឡើងវិញ ។ ក្រៅពីនេះ ព្រះសង្ឃត្ថេរ អ៊ុម ស៊ុម បានរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់ ចលនាបង្រួបបង្រួមជាតិ គឺការអនុវត្តគោលនយោបាយសាមគ្គីរួបរួមគ្នាក្នុង ក្របខ័ណ្ឌនៃការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃ និង ស្វែងរកសុខសន្តិភាពសម្រាប់ ប្រទេសជាតិ និង ប្រជាពលរដ្ឋខ្មែរ ។
- ឆ្នាំ ១៩…. ព្រះសង្ឃត្ថេរ អ៊ុម ស៊ុម បានទទួលនាទីជាអនុប្រធាន រណសិរ្យរដ្ឋធានីភ្នំពេញ និង ជាសមាជិកនៃក្រុមប្រឹក្សាជាតិរណសិរ្យ សាមគ្គីកសាងការពារមាតុភូមិកម្ពុជា ។
- ឆ្នាំ១៩៨១ ព្រះសង្ឃត្ថេរ អ៊ុម ស៊ុម បានទទួលនាទីជាប្រធានសង្ឃ រដ្ឋធានីភ្នំពេញ ទទួលបន្ទុកដឹកនាំ គ្រប់គ្រងព្រះសង្ឃទាំងអស់នៅក្នុងក្រុង និងបានទទួលឋានៈជាសមាជិកគណៈអធិបតីកិត្តិយស នៃក្រុមប្រឹក្សាជាតិ រណសិរ្យសាមគ្គីកសាងការពារមាតុភូមិកម្ពុជា និង សង្ឃនាយករងថ្នាក់ទី២ នៃគណៈមហានិកាយ ។
- ឆ្នាំ១៩៨៨ ចុងខែមិថុនា បានស្រាវជ្រាវរកឃើញព្រះសារីរិកធាតុ ព្រមទាំងសម្ភារៈរបស់ព្រះសក្យមុនីចេតីយ៍ខ្លះទៀត យកទៅតំកល់ទុកធ្វើ បុណ្យពុទ្ធាភិសេកយ៉ាងឧឡារិក រួចដង្ហែយកទៅតំកល់ទុកនៅព្រះសក្យមុនី ចេតីយ៍វិញ ដូចមុនដដែល នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៨៨ ។
- ថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាធ ឆ្នាំមមែ ត្រីស័ក ព.ស. ២៥៣៥ ត្រួវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៩១ ត្រួវបានតែងតាំងជា ចៅអធិការវត្តមហាមន្រ្តី រាជធានីភ្នំពេញ ។
- បានកសាងផ្លូវថ្នល់ជុំវិញវត្ត កសាងសាលាបាលី១ខ្នង មន្ទីរពេទ្យ២ខ្នង បណ្ណាល័យ១ខ្នង ជួសជុល សាលាបុណ្យក្នុងវត្តមហាមន្រ្តី ។
- ថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំមមែ ត្រីស័ក ព.ស. ២៥៣៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៩១ ត្រូវបានតែងតាំងជា ព្រះមង្គលទេពាចារ្យ មន្រ្តីសង្ឃរាជាគណៈថ្នាក់ទី១ ។
- ថ្ងៃពុធ ៧រោច ខែផល្គុន ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩២ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ វរ្ម័ន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យ តែងតាំងជា សម្តេចព្រះមង្គលទេពាចារ្យ ។
- ឆ្នាំ១៩៩៣ សម្តេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម ត្រូវបានតែងតាំង ជាអគ្គាធិការនៃពុទ្ធិកសិក្សា ទទួលបន្ទុកការងារពង្រីកវិស័យពុទ្ធិកសិក្សា ក្នុងព្រះរាជាណាចក្រកម្ពុជា ។
ការទំនាក់ទំនងការងារក្រៅប្រទេស
ទន្ទឹមនឹងការងារព្រះពុទ្ធសាសនា និងការងារប្រទេសជាតិ ដែល សម្តេចបានរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងប្រទេស សម្តេចនៅបានបំពេញ ការងារជាប្រយោជន៍ព្រះពុទ្ធសាសនា និង ប្រទេសជាតិ នៅក្រៅប្រទេស ជាច្រើនថែមទៀត ដូចជា ៖
- ថ្ងៃទី២៣ ឧសភា ១៩៩០ សម្តេចបាននិមន្តទៅធ្វើទស្សនកិច្ចនៅ សហរដ្ឋអាមេរិក ជាលើកទី១ រយៈពេល១ខែកន្លះ បានចំនួន៨រដ្ឋ ។
- ថ្ងៃទី៩ កក្កដា ១៩៩២ សម្តេចបាននិមន្តទៅធ្វើទស្សនកិច្ចជាលើកទី១ នៅសាធារណរដ្ឋបារាំង ។
- ថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៩២ បានបន្តដំណើរ ពីរប្រទេសបារាំងទៅសហរដ្ឋអាមេរិកម្តងទៀតនៅទីក្រុងវ៉ាស៊ិនតោន ដើម្បី ពិភាក្សាអំពីដំណើរការងារពុទ្ធិកមធ្យមសិក្សាជាមួយព្រះអង្គ អ៊ុង មាន ។
- ថ្ងៃទី២៧ ឧសភា ១៩៩៤ សម្តេចបាននិមន្តទៅកណ្ឋមណ្ឌូ ប្រទេស នេប៉ាល់ ដើម្បីចូលរួមធ្វើសិក្ខាសាលា ។
- ថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៤ សម្តេចបាននិមន្តទៅធ្វើទស្សនកិច្ច នៅប្រទេសចិនប្រជាមានិតលើកទី១ ។
- ថ្ងៃទី៦ ខែមីនាឆ្នាំ១៩៩៤ សម្តេចបាននិមន្តទៅធ្វើទស្សនកិច្ចនៅ ប្រទេសចិនប្រជាមានិតលើកទី២ ។
- ថ្ងៃទី១ ខែ… ឆ្នាំ១៩៩៤ សម្តេចបាននិមន្តទៅធ្វើទស្សនកិច្ចនៅ ប្រទេសចិនប្រជាមានិតលើកទី៣ ។
- ថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៩៤ សម្តេចបាននិមន្តទៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីប្រជុំដោះស្រាយបញ្ហាជំលោះខ្មែរ ។
បច្ចុប្បន្ន ការងារបន្ទុកដ៏ធ្ងន់ធ្ងររបស់សម្តេចព្រះមង្គលទេពាចារ្យ គឺ ការពង្រីកវិស័យពុទ្ធិកសិក្សាទាំងថ្នាក់បឋម ថ្នាក់មធ្យម និងថ្នាក់ឧត្តម ព្រម ទាំងការងារ ពង្រឹងទិសប្រតិបត្តិធម៌វិន័យព្រះពុទ្ធសាសនារបស់ព្រះសង្ឃ ពុទ្ធបរិស័ទ ក្នុងទូទាំងប្រទេសទៀតផង ។
សម្តេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម ត្រូវបានព្រះសង្ឃ គ្រហស្ថ ពុទ្ធបរិស័ទ ទាំងជាសិស្សគណ ទាំងមិនមែនជាសិស្សគណ គោរព ប្រណិបតន៍ស្រលាញ់ និងទទួលយកដំបូន្មានគ្រប់ៗគ្នា ។ សម្តេចត្រូវបាន មជ្ឈដ្ឋានទូទៅចាត់ទុកថា ជាព្រះមហាថេរ ពហុសូត្រ មួយព្រះអង្គ ដែល មានបទពិសោធន៍ចាស់ទុំ ទាំងក្នុងវិស័យពុទ្ធសាសនា និង ផ្លូវលោក ។
-អ្នកចងក្រងជីវប្រវត្តិ
ជា គាន
ស្រាវជ្រាវកងចងក្រង និង វាយអក្សរកុំព្យូទ័រឡើងវិញដោយៈ
ព្រះគ្រូសង្ឃសុមេធ ស្រី ណារុណ ។
វត្តឧណ្ណាលោម, ថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on May 9, 2025 by Johnny ចន្នី
Footnotes-សម្គាល់ៈ
- 1ប្រវត្តិសង្ខេបក្នុងសៀវភៅបំភ្លឺបុណ្យឆ្នាំ១៩៥៥ (បោះពុម្ភ ឆ្នាំ១៩៩០)