វីរសមណៈសង្ឃ អ៊ុម ស៊ូ

ជីវប្រវត្តិវីរសមណៈសង្ឃ អ៊ុម ស៊ូ
វិរសមណ អ៊ុម ស៊ូ
Devider
Biography

ព្រះឧត្តមមុនី អ៊ុម ស៊ូរ ជាអ្នកប្រាជ្ញសង្ឃមួយអង្គទៀតរបស់កម្ពុជាផ្នែកខាងព្រះអភិធម្មបរមត្ថ ដែលបានបំពេញកិច្ចការងារទាំងឡាយតាមតួនាទីដើម្បីពុទ្ធសាសនា និងអក្សរសាស្ត្ររជាតិ ហើយមានព្រះកិត្តិនាមល្បីទូទៅទាំងក្នុងប្រទេស និងក្រៅប្រទេស។មិនតែប៉ុណ្ណោះថែមទាំងបានទទួលគ្រឿងឥស្សរិយយសជាច្រើនដោយសារបានបម្រើព្រះពុទ្ធសាសនា និងសង្គមជាតិ។

យោងតាមសៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរបានបង្ហាញថា កុមារ អ៊ុម ស៊ូរ កើតនៅថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ ត្រីស័ក ព.ស.២៤៣៣ គ.ស.១៨៨០ វេលាម៉ោង៦ព្រឹក នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលមានបិតានាម ទេស និងមាតានាម អ៊ុម។ កុមារនេះបានរៀនលេខអក្សរក្នុងសំណាក់បិតា រហូតដល់ចេះមើលអានសរសរបាន។ អាយុ១៦ឆ្នាំ ចូលទៅស្នាក់នៅជាមួយនឹងព្រះគ្រូធម្មរតនវង្ស ទៀង ចៅអធិការវត្តសិរីសាគរស្រុកកំពង់ត្របែក ជាមេគណខេត្តបាភ្នំ ដែលសព្វថ្ងៃខេត្តនេះត្រូវបានទៅជាស្រុកវិញ។ រៀនធម៌វិន័យបាន១វស្សា ក៏បានបព្វជ្ជាជាសាមណេរក្នុងអាយុ១៧ឆ្នាំ។

សៀវភៅដដែលបានបញ្ជាក់ថា ក្នុងភាពជាសមណេររយៈពេល៣ព្រះវស្សា បានសិក្សាគម្ពីរនានា មានព្រះអភិធម្ម៧គម្ពីរជាដើម ចារសាស្ត្រាគ្រែ៣ ទន្ទេញចាំមាត់បាតិមោក្ខ។បន្ទាប់ពីព្រះធម្មរតនវង្ស ទៀង អនិច្ចធម្មទៅ សាមណេរ ស៊ូរ ខំចម្លងសាមណេរវិន័យមកចែកគ្នាសិក្សា និងរៀនសមណធម៌ពីគ្រូអាចារ្យប៉ែន ជាឧបាសក។លុះដល់ព្រះជន្នាយុ១៩ព្រះវស្សា ក៏បានសឹកមកជាឧបាសករក្សាឧបោសថវិញ។

បន្ទាប់ពីបានសឹកមកជាឧបាសកបានត្រឹមតែ២ឆ្នាំ គឺមកដល់អាយុ ២១ឆ្នាំពេញបរិបូរណ៍ ឧបាសក ស៊ូរ ក៏បានចូលមកឧបសម្បទាជាភិក្ខុក្នុងវត្តសិរីសាគរវិញ ដែលមានលោកគ្រូព្រហ្មសរោ ឃួន ចៅអធិការវត្តពោធិ៍លាស់ ជាព្រះឧបជ្ឈាយ៍ លោកគ្រូបញ្ញាសទ្ធម្មោ មាស ចៅអធិការវត្តសិរីសាគរ និងលោកគ្រូចន្ទកេសរោ ឃឹម វត្តពោធិ៍លាស់ ជាឧបសម្បទាចារ្យបាននាមបញ្ញាត្តិថា ធម្មវិនយរក្ខិត ដែលប្រែថា អ្នករក្សាព្រះធម៌វិន័យ។

ព្រះអង្គបានបំពេញជាភិក្ខុរួចមក ក្នុងវស្សាទី១ រៀនបាតិមោក្ខប្រែ ចតុប្បារិសុទ្ធិសីល នៅក្នុងវត្តកំណើត។ វស្សាទី២ និមន្តចេញទៅរៀនព្រះត្រៃបិដក មូលកច្ចាយនៈនៅខេត្តកំពង់ស្ពឺ ហើយវស្សាទី៣ និមន្តមកគង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ រៀនមូលកច្ចាយនៈ។ មកដល់វស្សាទី៤និមន្តទៅរៀននៅវត្តសិរីសាគរដែលជាវត្តកំណើតវិញ និងជួយបង្ហាត់មូលច្ចាយនៈ និងធម្មបទអស់៣វស្សា។ក្នុងវស្សាទី៧ ទី៨ និងទី៩ ព្រះអង្គនិមន្តមកនៅភ្នំពេញវិញ រៀនមង្គលត្ថទីបនី វិសុទ្ធិមគ្គ គម្ពីរផ្សេងៗទៀត និងបឋមសាមន្តប្បាសាទិកា ជាដើម ពីសំណាក់អាចារ្យ អួន និងព្រះមហាវិមលធម្មថោង។

វស្សាទី១០ ដល់ទី១៦ ជាអាចារ្យបង្រៀននៅវត្តសិរីសាគរ ព្រមទាំងទទួលចំណាត់តាំងពីសម្តេចមហាសង្ឃរាជ និល ទៀង ឱ្យបង្ហាត់ធម៌ភាណវារៈដល់ភិក្ខុសាមណេរចំនួន២៨វត្តក្នុងខេត្តបាភ្នំ។ ក្នុងវស្សាទី១៧ ព្រះមហាវិមលធម្ម ថោង និមន្តឱ្យមកនៅភ្នំពេញវិញ បានតែងតាំងជាព្រះគ្រូវិមលប្បញ្ញាក្នុងឆ្នាំដែលរាជការតាំងសាលាបាលីជាន់ខ្ពស់ នៅវិហាព្រះកែវ។

ពេលនោះហើយព្រះអង្គបានជួបនឹងព្រះញាណបវរវិជ្ជា ឯម ព្រះគ្រូសង្ឃសត្ថា ជួន ណាត ព្រះគ្រូសង្ឃវិជ្ជា ហួត តាត និងអាចារ្យជាច្រើនទៀត ពិនិត្យគម្ពីរ បាលី អដ្ឋកថា ដីកា យោជនា សង្កេតរកផ្លូវបដិបត្តិឱ្យត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិនិង ពុទ្ធានុញ្ញាត ហើយព្រាងរៀបរៀងសៀវភៅជាច្រើនចែកសិស្សរៀនសូត្រ។

សមណៈសក្តិដែលបានទទួល
ព.ស. ២៤៦០ គ.ស. ១៩១៧ បានឋានៈជាព្រះវិមលបញ្ញា។
ព.ស. ២៤៣១ គ.ស. ១៩១៨ ព្រះករុណាម្ចាស់ជីវិត និងរាជការប្រូតិកតូរ៉ាត៍ បង្កើតព្រះរាជបណ្ណាល័យ តម្កល់ក្បូនច្បាប់ បានតែងតាំងអាចារ្យស៊ូជាអាចារ្យផ្ទៀងផ្ទាត់ធម៌វិន័យ ហើយលោកបានយកសេចក្តីព្រាងធម៌មកបោះពុម្ពផ្សាយតាមលំដាប់។
ព.ស. ២៤៧២ រាជការបង្កើតពុទ្ធសាសនបណ្ឌិត្យ ឱ្យមានក្រុមជុំនុំច្រើនរូបប្រែព្រះត្រៃបិដក ពីបាលីមកសម្រាយ បានតាំងលោកជាអធិបតីរងអ្នកចាត់ការឱ្យក្រុមជុំនុំប្រែព្រះបិដក។
ព.ស. —- ព្រះករុណាជាម្ចាស់ជីវិតលើត្បូងប្រទានកិត្តិយសជាព្រះឧត្តមមុនីទីរាជាគណៈពិសេស។

គ្រឿងឥស្សរិយយស ដែលទទួលបាន
•មេដាយ មុនីសារភ័ណ្ឌ ពីព្រះចៅក្រុងកម្ពុជា
•មេដាយ អស្សរឹទ្ធិ ពីព្រះចៅក្រុងកម្ពុជា
•មេដាយ អស្សរឹទ្ធិ ពីព្រះចៅក្រុងហ្លួងព្រះបាង(ប្រទេសលាវ)
•អូហ្វីស្យេដាកាដេមី ពីរាជាការបារាំងសេស
•បដិញ្ញាណ អំពីទ័ពក្រុងកម្ពុជា ដោយគុណដែលលោកបានជួយឧប្ថម្ភព្រះពុទ្ធសាសនានិងការសិក្សាវិជ្ជាខ្មែរឱ្យចម្រើន។

ស្នាដៃកសាង និងការតែងនិពន្ធ
សាងព្រះពុទ្ធរូបធំ១អង្គ មធ្យម២អង្គ សាងកុដិ ឧបដ្ធានសាលាចេតិយជីកស្រះក្នុងវត្តសំរោង(ស្រុកកំពង់ត្របែក)បង្ហើយព្រះវិហារសាងបល្ល័ង្កសាងព្រះត្រៃបិដក២ ចប់និងទូ២ សាងចេតិយមាសតម្កល់ព្រះសារីរិកធាតុសាងមន្ទីធម្មសភា សម្ពោធសាលាបាលី សាងចេតិយប្រាក់កំពូលលមាសដាំត្បូងតម្កល់សារីរិធាតុ និងព្រះអរហន្ត។
សាងគម្ពីរបាលីស្លឹករឹត មានមូលកច្ចាយនៈ ធម្មបទជាដើម សៀវភៅធម៌អក្សរសៀម អក្សរខ្មែរជាច្រើន មាន ១គិហិបដិបត្តិ ២វិសុទ្ធិមគ្គ ៣អភិធានប្បទីបិកា ៤សារត្ថសង្គហៈ ៥អភិធម្មត្ថសង្គហៈ ៦មិលិន្ទប្បញ្ហាភាគ១/២(បកប្រែ)៧រតនប្បភា ៨មហាវស្ស ៩អវសានកិច្ច ១០មរណានុស្សតិកម្មដ្ធាន។

ព្រះឧត្តមមុនី អ៊ុម ស៊ូ អនិច្ចធម្ម នៅវេលាយប់រំលងអធ្រាត្រម៉ោង២កន្លះ ក្នុងថ្ងៃសុក្រ ៥កើត ខែទុតិយាសាឍ ឆ្នាំថោះ ឯកស័កព.ស. ២៤៨២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា គ.ស. ១៩៣៩ ក្នុងជន្មាយុ៥៩ឆ្នាំនៅមហាកុដិ វត្តឧណ្ណាលោម ក្រុងភ្នំពេញ។

បញ្ជាក់ព្រះសពព្រះឧត្តមមុនី អ៊ុម ស៊ូ ជាអ្នកប្រាជ្ញធំមួយនៅក្នុងស្រុកខ្មែរ ប៉ែកខាងព្រះអភិធម្មបរមត្ថ មានកេរ្តិ៍ឈ្មោះល្បីទូទាំងក្នុងស្រុកខ្មែររហូតដល់ក្រៅប្រទេស។ លោកគឺជា ព្រះមហាថេរ១អង្គ ដែលមានភាពស្ងប់ស្ងាត់និងសន្សំសំចៃពេលវេលាណាស់ បើអ្នកណាម្នាក់មករកលោក ដើម្បីប្រាស្រ័យទាក់ទងនឹងរឿងអ្វីមួយនោះ លោកកម្រនឹងចេញជួបណស់ពីព្រោះក្នុងមួយជីវិតរបស់លោក លោកបានបូជាជីវិតដើម្បីពុទ្ធសាសនានិងអក្សរសាស្រ្ត របស់ជាតិតែប៉ុណ្ណោះ។

(ឯកសារយោង សៀវភៅមហាបុរសក្នុងព្រះពុទ្ធសាសនាខ្មែរ)

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).