គុណតួព្យញ្ជនៈ

គុណតួព្យញ្ជនៈ

បទពាក្យប្រាំពីរ

គុណតួព្យញ្ជនៈជាក់អស្ចារ្យគុណនោះថ្លៃថ្លាហួសគណនា
ផ្តល់គុណប្រយោជន៍កេរទ្រព្យាផ្តល់គោត្តនាមាកេរ្តិ៍កិត្តិយស ។
ផ្តល់ផលសព្វគ្រប់ទាំងយប់ថ្ងៃផ្តល់ន័យសេចក្តីថ្លៃខ្ពង់ខ្ពស់
ផ្តល់ស័ព្ទសញ្ញាឃ្លាពិរោះផ្តល់នោះឈ្មោះថាអស្ចារ្យក្រៃ ។
-ផ្តល់កំណើតកើតជាមនុស្ស-ការពារគ្រោះទាំងយប់ថ្ងៃ
-ផ្តល់កំណប់គាប់ថ្លាថ្លៃ-ជួយកែច្នៃកើតកិច្ចការ ។
-ផ្តល់ខោអាវស្លៀកដណ្តប់-ខិតខំគ្របថែរក្សា
-ផ្តល់ខមាអត់ទោសា-ខំរក្សាដោយខន្តី ។
-ផ្តល់គំនិតគិតវែងឆ្ងាយ– គន់គូរស្រាយឱ្យសិរី
-ផ្តល់គន្លងដងវិថី-ផ្តល់គប្បីន័យស្រស់ស្រាយ ។
-ផ្តល់គំហើញឃើញខុសត្រូវ-ឃាត់ឃាំងផ្លូវទៅអបាយ
-ផ្តល់ឃ្លៀងឃ្លាតភ័យអន្តរាយ-ផ្តល់ឃ្លាតឆ្ងាយអកុសល ។
– ផ្តល់ការងារមមិនឱ្យងាប់-ផ្តល់ងារជាប់មិនឱ្យខ្វល់
-ផ្តល់ងាយស្រួលផុតកង្វល់-ផ្តល់ងើបងើយលែងងងឹត ។
-ផ្តល់ចំណេះចេះចរចា-ផ្តល់ចំណារជាគំនិត
-ផ្តល់ចំណោទចោទចូរគិត-ផ្តល់ចេះពិតចូរចងចាំ ។
– ផ្តល់ឆន្ទៈពាក់បំណង-ផ្តល់ឆ្លើយឆ្លងឆ្លាតចំណាំ
-ផ្តល់ឆទានមានរាល់ឆ្នាំ-ផ្តល់ឆៃយ៉ាំថ្នាំអផ្សុក ។
– ផ្តល់ជំនួយជួយដល់ជាតិ-ផ្តល់ជូនញាតិឱ្យឃ្លាតទុក្ខ
– ផ្តល់ជោគជ័យសិរីសុខ-ផ្តល់ជម្រកជ្រកសុខសាន្ត ។
– ផ្តល់ឈាមជ័រឈររស់រៀន-ផ្តល់ជំហានឈានដល់ដាន
-ផ្តល់ជំហុបឈប់សាមាន្យ-ឈប់ឈ្លានពានឈ្លោះទាស់គ្នា
-ផ្តល់ញញឹមស្រស់ប្រិមប្រិយ-ផ្តល់ញាណីថ្លៃសោភា
-ផ្តល់បញ្ញត្តិញេយ្យធម្មាញ-ញាក់ញច់គ្នាឈប់ញុះញង់ ។
-ផ្តល់ដំបូន្មានល្អៗ-ផ្តល់ដំណតពូជពង្ស
-ផ្តល់ដំណឹងដឹងលែងល្ងង់ដើរដេកលែងលង់វង្វេងដាន ។
-ផ្តល់ទីឋានបានស្នាក់នៅ-ផ្តល់ឋានត្រូវនៅសុខសាន្ត
-ផ្តល់ឋានៈថ្នាក់ថ្កើងថ្កាន-បានឋិតថេរជាស្ថាពរ ។
-ផ្តល់ ភណ្ឌៈជាដើមទុន-ឌុនសេចក្តីន័យបវរ       
– ឌិនមាសប្រាក់ប៉ាក់លំអ-ឌឺមិនល្អឈប់ឌឺដងគ្នា ។
– ផ្តល់ឍាមរាដ៏ឆ្អៅឆ្អិន-ផ្តល់ឍាលិនប៉ិនការពា
-ផ្តល់ឍាលាខែលឈ្នះមារ-ធន់ធានាបច្ចាមិត្រ ។     
– ផ្តល់ដំណឹងឱ្យដឹងការណ៍-ផ្តល់ចំណារឱ្យពិនិត្យ
-ផ្តល់ណែនាំឱ្យខំគិត-ផ្តល់គំនិតឱ្យចំណាប់ ។
-ផ្តល់តំណែងតែងតាំងងារ-ផ្តល់តម្រាជាក្បួនច្បាប់
-ផ្តល់ត្រចៀកសម្រាប់ស្តាប់-ផ្តល់តម្រាប់ឱ្យត្រាប់តាម ។
– ផ្តល់ថែទាំថ្នមរក្សា-ផ្តល់ថវិកាតែហាមប្រាម
-ថាថង់ធ្លាយងាយរហាម-ថាកុំញ៉ាមតាមគេឱ្យ ។
-ផ្តល់ទំនាក់ទាក់ទងគ្នា-ផ្តល់ទានាជាអំណោយ
-ផ្តល់ទន់ភ្លន់គន់មិនធ្លោយ-ផ្តល់ទឹកឱ្យស្ទួយជីវិត ។
-ផ្តល់ធនធានមានធូរធារ-ផ្តល់ធម្មាដ៏ស័ក្តិសិទ្ធិ៍
-ផ្តល់ធរណីទ្រជីវិត-ពិតធំធេងជួយធានា ។
-ផ្តល់នគរដ៏ថ្កើងថ្កាន-ផ្តល់និព្វានឋានសោភា
-ផ្តល់និស្ស័យជួបជុំគ្នា-ផ្តល់នាមាហៅគ្នាបាន ។
-ផ្តល់បែបបទឱ្យប្រតិបត្តិ-បានបង្ហាត់និងបង្រៀន
-ផ្តល់របៀបរៀបចំប្រាណ-បានប្រទាននូវបញ្ញា ។
-ផ្តល់ភោគផលយ៉ាងផូរផង់-ផ្តល់ផ្ចិតផ្ចង់ជាផ្លែផ្កា
-ផ្តល់ផាសុកចិត្តកាយា-ផ្តល់ផែនការផលិតផល ។
-ផ្តល់ពូជពង្សវង្សត្រកូល-ផ្តល់ពំនោលពោលសម្គាល់
-ផ្តល់ពាក្យពិតផុតកង្វល់-ផ្តល់ពេជ្រមាសពាសពេញដី។
-ផ្តល់ភូមិភាគភពផែនដី-ផ្តល់ភក្តីស្រស់ប្រិមប្រិយ
-ផ្តល់ភាសិតពិតថ្លាថ្លៃ-ផ្តល់អភ័យអត់ទោសា ។
-ផ្តល់មាគ៌ាដ៏មង្គល-ផ្តល់មគ្គផលតាមកម្មា
-ផ្តល់មតិឱ្យភ្លឺថ្លា-ផ្តល់មាតាបិតាផង ។
-ផ្តល់យុត្តិធម៌ដ៏ត្រឹមត្រូវ-យោនយកផ្លូវទៅមិនឆ្គង
-ផ្តល់យោគយល់ញាតិប្អូនបង-យកគន្លងធម៌ជាធំ ។
-ផ្តល់រតនៈត្រ័យថ្លៃថ្លា-ផ្តល់រក្សាសរណគម
-ផ្តល់រាក់ទាក់យ៉ាងមនោរម្យ-រស់ថ្កើងថ្កុំផ្តុំរមនា ។
-ផ្តល់លាភយសលូតលាស់ល្អ-លះបាបធម៌ដ៏ពាលា
-ផ្តល់លក្ខណាសមសោភា-ផ្តល់វេលាឥតលក្ខខណ្ឌ ។
-ផ្តល់រង្វាន់ឱ្យវិវឌ្ឍន៍-ផ្តល់វត្តបទធម៌សំខាន់
-ផ្តល់វាយោប្តូរឧស្ម័ន-ផ្តល់វិមានឋានវិសេស ។
-ផ្តល់សង្គហៈជួយសង្រ្គោះ-ផ្តល់ស្ម័គ្រស្មោះមិនគេចវេស
-ផ្តល់សង្ខារសព៌ាង្គនេះ-ស៊ូចំណេះនឹងសិក្សា ។
-ផ្តល់ហត្ថាចារសរសេរ-ផ្តល់ហត្ថលេខ៍ឱ្យសញ្ញា
-ផ្តល់ក្លាហានហ៊ានចាត់ការហ-ហាហាមប្រាមកុំហួសហេតុ ។
-ផ្តល់ឡើងថ្នាក់ឬស័ក្តិយស-ឡើងកេរ្តិ៍ឈ្មោះខ្ពស់ត្រដែត
-កុំឡិមឡុមយកតែឆ្អែតឡូឡាអត់ហេតុដូចអ្នកឡប់ ។
-ផ្តល់អំណោយឱ្យឱនអង្គ-ឱ្យផូរផង់ស្ទើរគ្រប់សព្វ
-ផ្តល់អំណាចអាចស្កល់ស្កប់-អប់កិត្តិយសខ្ពស់ដោយអត្ថ។
នេះហើយគុណតួនៃព្យញ្ជនៈបញ្ជាក់លោកអ្នកដោយកាត់ៗ
សូមស្លេះបញ្ចប់ដោយប្រតិបត្តិកណ្តាលយប់ស្ងាត់ប៉ុណ្ណេះហោង៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តខេមររតនារាម, ថ្ងៃទី១១ ខែមករា ឆ្នាំ២០១១

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).