៣. កុំជាប់ចិត្តក្នុងរសអាហារ
| 🔸ព្រះពុទ្ធជាម្ចាស់ប្រៀបឧបមា | កវលិង្កាហារមានន័យ |
| ដូចជាភរិយានិងស្វាមី | បីទាំងកូនខ្ចីដើរផ្លូវឆ្ងាយ ។ |
| 🔸ផ្លូវកន្តារៈកើតទុរភិក្ស | ព្រោះខ្វះបាយទឹកផ្គត់ផ្គង់កាយ |
| មានចោរសត្វកាចនាំអន្តរាយ | អមនុស្សទាំងឡាយបៀតបៀនផង ។ |
| 🔸ដើរយូរស្បៀងតិចដាច់អាហារ | គិតគ្នាប្រហារកូនតែម្តង |
| យកសាច់បរិភោគដើម្បីឆ្លង | វាលធំកន្លងជាផ្លូវឆ្ងាយ ។ |
| 🔸ពេលលេបសាច់កូនពិចារណា | មិនមែនជាការលេងសប្បាយ |
| មិនមែនសម្រាប់តាក់តែងកាយ | ជាប់ចិត្តរីករាយក្នុងការឆី ។ |
| 🔸ពីព្រោះជាសាច់កូនបង្កើត | ជាទីស្រលាញ់ពេញហឫទ័យ |
| សាច់នោះនៅឆៅហើយទន់ខ្ចី | គ្មានរសជាតិប្រៃសាបសូន្យឈឹង ។ |
| 🔸មិនបានចំអិនក្លិនអសោច | ប៉ុន្តែយ៉ាងហោចគ្រាន់ទីពឹង |
| បរិភោគបានរស់មានលំនឹង | ដើរឆ្លងវាលស្ទឹងឱ្យដល់ត្រើយ ។ |
| 🔸លុះដល់ទីដៅលាក់រឿងពិត | សល់សាច់កប់ជិតរួចស្រេចហើយ |
| មិនអួតប្រាប់ញាតិមិត្តណាឡើយ | ថាបានបរិភោគសាច់កូនឯង ។ |
| 🔸រឿងនេះប្រៀបដូចពុទ្ធបរិស័ទ | បានលាភហើយស្ងាត់មិនសំដែង |
| មិនអួតមិនមើលងាយគ្នាឯង | ប្រឹងប្រែងតម្រង់ផ្លូវជីវិត ។ |
| 🔸អនុគ្រោះដល់ព្រហ្មចរិយធម៌ | ថាស្អាតបវរល្អពេកពិត |
| ដែលគួរក្រេបផឹកហើយប្រព្រឹត្ត | ជំរះផ្លូវជិតទៅនិព្វាន ។ |

នាទីកំណាព្យ រៀបរៀងដោយៈ ឧបាសិកា ឱម លក្ខិណា


🔸កំណែចុងក្រោយ Last Updated on July 12, 2024 by Johnny ចន្នី




