២. ព្រះសម្មាសម្ពុទ្ធជាគ្រូពេទ្យ
| 🔸យប់មួយត្រជាក់ខែរនោច | ព្រះច័ន្ទនៅតូចរះព្រាងៗ |
| ជួនភ្លឺជួនល្ងឹតប្រែមិនទៀង | ពពកមុនភ្លៀងបាំងច័ន្ទបាត់ ។ |
| 🔸ភ្លៀងធ្លាក់រន្ទះភ្លឺម្តងៗ | សូរភ្គរឆ្លើយឆ្លងទាំងយប់ស្ងាត់ |
| មែកស្រល់រេរាំដោយខ្យល់បក់ | អ្នកភូមិលក់បាត់ក្នុងនិទ្រា ។ |
| 🔸ខ្ញុំបើកបង្អួចសម្លឹងមេឃ | ចិត្តនឹកសង្វេគយើងគ្រប់គ្នា |
| កើតមកត្រូវជួបចាស់ជរា | ថែមទាំរោគាតាមប្រល័យ ។ |
| 🔸សង្វេគនឹងស្លាប់ដូចគល់ឱស | កំពុងនៅរស់ប្រែក្សិណក្ស័យ |
| សង្វេគសត្វលោកខ្លាចទុក្ខភ័័យ | ប៉ុន្តែគ្មានអ្វីអាចជួយបាន ។ |
| 🔸សង្វេគម្យ៉ាងទៀតនឹងអ្នកក្រ | រស់ទាំងត្រដរមិនសុខសាន្ត |
| សង្វេគអ្នកមានខ្លះក៏បាន | ទុក្ខសោករំខានប្រហែលគ្នា ។ |
| 🔸ជីវិតជាទុក្ខព្រោះមិនទៀង | រាំងធ្លាក់ដូចភ្លៀងគ្រប់វេលា |
| ផ្លាស់ខ្នើត រនោចដូចចន្ទ្រា | ជួនយោលរេរាដូចចុងស្រល់ ។ |
| 🔸ដួងខែគង់តែពពកបាំង | ជួនផ្គរលាន់ខ្លាំងដោយមេខ្យល់ |
| សត្វលោកងុយងោកក្នុងកម្មផល | គប្បីស្វែងយល់រសធម្មា |
| 🔸ព្រះធម៌មានគុណយ៉ាងសក្តសិទ្ធ | ព្យាបាលរោគចិត្តឱ្យបានជា |
| ព្រះពុទ្ធជាគ្រូពេទ្យសួគ៌ា | ពួកយើងរាល់គ្នាជាអ្នកឈឺ ៕ |

នាទីកំណាព្យ រៀបរៀងដោយៈ ឧបាសិកា ឱម លក្ខិណា


🔸កំណែចុងក្រោយ Last Updated on July 13, 2024 by Johnny ចន្នី




