រឿង នាងកាលីយក្ខិនី

☸️ព្រះបរមសាស្តា ទ្រង់ប្រារឰស្ត្រីម្នាក់ ជាស្ត្រីឣារ គ្មានកូន ។ នាង ដឹងថាៈ ខ្លួន ប្រាកដជាមិនមានកូន ហើយនាងខ្លាចស្វាមីមានប្រពន្ធថ្មីទៀតដែលឣាចមានកូន ប្រពន្ធថ្មីនោះ នឹងមានឣំណាចធំជាងខ្លួន ទើបខ្លួនឯង សម្រេចចិត្ត ដើរទៅរកស្រីម្នាក់ យកមកឲ្យស្វាមី ធ្វើជាប្រពន្ធចុង ។

មិនយូរប៉ុន្មាន ស្ត្រីដែលនាងរកមកឲ្យស្វាមី ធ្វើជាប្រពន្ធចុងនោះ ក៏ចាប់ផ្តើមមានផ្ទៃពោះ ។ ប្រពន្ធដើមនោះ ដឹងច្បាស់ថាៈ នាងប្រពន្ធចុងមានផ្ទៃពោះហើយ ក៏យកថ្នាំពិសមក ឲ្យប្រពន្ធចុងផឹក ។ ប្រពន្ធចុង ស្មានថា ជាថ្នាំសម្រាប់ថែរក្សាគភ៌ ក៏បានយកថ្នាំពិសនោះទៅផឹក នាងបានរលូតកូនស្លាប់ដល់ទៅពីរលើក ព្រោះថ្នាំពិសរបស់ប្រពន្ធដើម ។ ក្នុងលើក ទី៣ នាងប្រពន្ធចុង ត្រូវបានស្លាប់ទាំងខ្លួន ព្រមទាំងកូននៅក្នុងផ្ទៃ ព្រោះថ្នាំពិសរបស់ប្រពន្ធដើម ដូចជាលើក មុនៗ ដែរ ។

ស្វាមីរបស់នាង បានដឹងរឿងនោះហើយ ក៏វាយធ្វើបាបនាងប្រពន្ធដើម រហូតដល់ក្ស័យជីវិតតែម្តង ។ នាងប្រពន្ធដើម និង ប្រពន្ធចុង ពីរនាក់នេះ បានចងកម្មពៀរវេរា នឹងគ្នាម្នាក់ម្តងៗ យ៉ាងនេះ គឺ ៖ ប្រពន្ធចុង ស្លាប់ទៅ ក៏បានទៅកើតជាមេឆ្មា, ឯប្រពន្ធដើម ស្លាប់ទៅ បានទៅកើតជាមេមាន់ ។ មេឆ្មា បានស៊ីពងមាន់ និង មេមាន់ ។

ប្រពន្ធដើម ស្លាប់ពីមេមាន់ បានទៅកើតជាមេខ្លា, ឯប្រពន្ធចុង (មេឆ្មា) ស្លាប់ទៅ បានទៅកើតជាមេប្រើស ។ មេខ្លា បានខាំស៊ីមេប្រើស ។

ប្រពន្ធចុង (មេប្រើស) ស្លាប់ទៅកើតជានាងយក្ខិនី, ឯប្រពន្ធដើម (មេខ្លា) ស្លាប់ទៅ ក៏បានកើតជានាងកុលធីតា ។ នាងយក្ខិនី (ប្រពន្ធចុង) ក៏បានចាប់កូននាងកុលធីតា (ប្រពន្ធដើម) យកទៅខាំ ស៊ីឣស់ រហូតដល់ទៅពីរលើក ។ ក្នុងលើកទីបី នាងកុលធីតា ក៏បាននាំយកកូនខ្ចី រត់គេចទៅផ្ទះដើមកំណើតរបស់ខ្លួន លុះដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែនាងយក្ខិនី (ស្រីប្រពន្ធចុង) ដេញជាប់ តាមក្រោយនាង មកប្រកិតៗ ។ នាងកុលធីតា ក្រឡេកឃើញនាងយក្ខិនី ដេញតាមជាប់ពីក្រោយខ្លួន យ៉ាងដូច្នេះហើយ ក៏មានសេចក្តីតក់ស្លុត ភ័យខ្លាចជាទីបំផុត ហើយបានរត់ចូលទៅ ក្នុងវត្តជេតពនមហាវិហារ យ៉ាងប្រញាប់ប្រញាល់ ។

ជួនជានៅពេលនោះ ព្រះបរមសាស្តា កំពុងតែទ្រង់សម្តែងព្រះធម៌ទេសនា ឣប់រំដល់ពួកពុទ្ធបរិស័ទ ។ នាងកុលធីតា បានចូលទៅជិតព្រះសាស្តា ហើយយកកូនទៅដាក់ នៅក្បែរព្រះបាទ របស់ព្រះឣង្គ ក្រាបបង្គំទូលថាៈ បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណា សូមប្រគេនកូនតូចនេះ ដល់ព្រះឣង្គ សូមព្រះឣង្គមេត្តាទទួលយកចុះ ។ បន្ទាប់គ្នានោះឯង នាងយក្ខិនី ក៏បានមកដល់វត្តជេតពននោះដែរ ។

ព្រះសាស្តា ទ្រង់បានត្រាស់ទៅកាន់នាងទាំងពីរនោះ ថា “នែនាងទាំងពីរនាក់ ព្រោះហេតុអ្វី បានជាពួកនាង តាមចងកម្មចងពៀរនឹងគ្នា មិនចេះឈប់ឈរ យ៉ាងនេះ?” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន ហិ វេរេន វេរានិសម្មន្តីធ កុទាចនំ
ឣវេរេន ច សម្មន្តិឯស ធម្មោ សនន្តនោ ។

☸️មែនពិត ក្នុងពេលណាៗ ក៏ដោយ ក្នុងលោកនេះ ធម្មតាពៀរទាំងឡាយ មិនដែលរម្ងាប់ ដោយការចងពៀរឡើយ ពៀរទាំងឡាយ តែងរម្ងាប់ ដោយការមិនចងពៀរ នេះជាបវេណីធម៌ ។

☸️យមកវគ្គ ទី១

🔸Last Updated កំណែចុងក្រោយ on December 20, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).