បុរាណភាសិត ៣៣
អ្វីដែលស្រីមានច្រើនជាងប្រុស ?
द्विगुणो थीनमाहारो,
बुद्धि चापि चतुग्गुणो।
छग्गुणो होति वायामो,
कामो त्वट्ठगुणो भवे॥ (តួអក្សរទេវនាគរី)
ទ្វិគុណោ ថីនមាហារោ,
ពុទ្ធិ ចាបិ ចតុគ្គុណោ;
ឆគ្គុណោ ហោតិ វាយាមោ,
កាមោ ត្វដ្ឋគុណោ ភវេ ។
ស្ត្រីមានការបរិភោគអាហារ ច្រើនជាងប្រុស ២ ដង, មានពុទ្ធិប្រាជ្ញា ច្រើនជាងប្រុស ៤ ដង; មានសេចក្ដីព្យាយាម ច្រើនជាងប្រុស ៦ ដង, ចំណែក កាមគុណអារម្មណ៍ ស្តី្រមានច្រើនជាងប្រុស ៨ ដង ។
——————————————-
ប្រភពៈ #លោកនីតិ បណ្ឌិតកណ្ឌ ១៦១, #ធម្មនីតិ ១៦៧, #ចាណក្យនីតិ ៧៨, #មហារហនីតិ ២០០, #កវិទប្បណនីតិ ៣១១
ក្នុងចាណក្យនីតិ គាថាទី ៧៨ ប្រើពាក្យខុសគ្នាខ្លះ តែមានអត្ថន័យដូចគ្នា មានសេចក្ដីដូចតទៅនេះ –
អាហារោ ទ្វិគុណោ ថីនំ, ពុទ្ធិ តាសំ ចតុគ្គុណោ;
ឆគ្គុណោ ព្យវសាយោ ច, កាមោ ចដ្ឋគុណោ មតោ ។
នេះជាភាសិតបុរាណដែលបុរាណាចារ្យបាននិពន្ធទុក ខ្ញុំមិនដឹងថាជាការពិត ឬមិនពិតយ៉ាងណាទេ ខ្ញុំគ្រាន់តែប្រែយកមកបង្ហាញ ក្នុងគោលគំនិតសម្រាប់ពិចារណាទាំងអស់គ្នា ប្រិយមិត្តសុភាពស្ត្រីណា ចង់បញ្ចេញយោបល់ជំទាស់យ៉ាងណាក៏បានដែរ មិនទាស់ខុសអ្វីឡើយ ។ សួរថា អ្វីគឺកាមគុណអារម្មណ៍? ឧ. ចក្ខុទ្វារ គឺរូបគ្រប់យ៉ាងទាំងអស់ដែលជាទីចូលចិត្ត មានរូបមនុស្ស សត្វ គំនូរ សម្លៀកបំពាក់ មាសពេជ្រ ទេសភាព រុក្ខជាតិ ព្រៃព្រឹក្សាលតាវល្លិ ។ល។ ផ្លូវធម៌លោកហៅសរុបចូលក្នុងពាក្យយ៉ាងខ្លីថារូប នេះជាកាមគុណអារម្មណ៍មួយក្នុងចំណោមកាមគុណអារម្មណ៍ទាំង ៥… សំឡេង ក្លិន រសជាតិ ផោដ្ឋព្វៈ ក៏គប្បីយល់តាមនេះដែរ ។ កាមគុណអារម្មណ៍ជាអារម្មណ៍ជាទីជាប់ជំពាក់ តាមសេចក្ដីត្រង់ចំណុចខាងចុងគាថានេះ បង្ហើបសេចក្ដីថា ស្ត្រីពិបាកនឹងសម្រេចធម៌ជាងប្រុស ព្រោះមានការជាប់ជំពាក់ខ្លាំងជាងប្រុស ។
ខ្ញុំសូមលើកយកទស្សនៈវេជ្ជបណ្ឌិតខាងចិត្តសាស្ត្រម្នាក់និងទន្តសាស្ត្រម្នាក់ ដែលជាអ្នបបដិបត្តិវិបស្សនាមកបង្ហាញ សូមលើកយកចក្ខុទ្វារជាតួយ៉ាង គាត់អធិប្បាយថា ភ្នែកស្រីមានសមត្ថភាពខ្ពស់ជាងប្រុស ក្នុងការឃើញលម្អិតផ្សេងៗ ភ្នែកស្រីអាចឃើញលម្អិតឆ្នូតពណ៌ (color shade) ដល់ទៅ ២៥៦ ឆ្នូតពណ៌ ស្រីអាចឃើញក្រែមពណ៌ជម្ពូទាំង ១៦ ពណ៌យ៉ាងច្បាស់លាស់ (ចំណែកប្រុសអាចឃើញបានតែ ៧០ ឆ្នូតពណ៌ប៉ុណ្ណោះ) ទាំងប្រូទីនសម្រាប់ទទួលពន្លឺក្នុងភ្នែកស្រី ក៏ខ្ពស់ជាងប្រុស ហេតុដូច្នេះហើយ ពេលឃើញមាសពេជ្រ ប្រុសមានអារម្មណ៍ហីៗ តែស្រីនឹងឃើញស្អាតរស្មីភ្លឺផ្លេកចែងចាំង អារម្មណ៍របស់ស្រីនឹងកើតការពេញចិត្តយ៉ាងខ្លាំង ពេលឃើញផ្កាក៏ដូចគ្នា នេះជាចម្លើយថាផស្សៈផ្លូវភ្នែករបស់ស្រីមានប្រសិទ្ធភាពខ្ពស់ណាស់ ….។ល។ គាត់បានអធិប្បាយអាយតនៈរបស់ស្រីគ្រប់ទាំង ៦ ទ្វារ ខ្ញុំលើកមកជាតួយ៉ាងតែមួយទ្វារប៉ុណ្ណោះ សរុបគឺស្រីមានការដង្ហោយរកកាមអារម្មណ៍ដែលសុទ្ធតែជាការជាប់ជំពាក់ជាងប្រុស ខ្ញុំខំសរសេរឱ្យខ្លីបំផុត យល់ស្របឬមិនយល់ស្របមិនជាចំណុចសំខាន់ទេ ដែលសំខាន់គឺការចេះទទួលយកទស្សនៈដទៃមកពិចារណា ។
….. កម្លាំងសតិ(សតិពលៈ)ដែលខ្លាំង នឹងធ្វើឱ្យឃើញការផ្លាស់ប្ដូរ(ត្រៃលក្ខណ៍)ខាងផ្លូវលោកនិងផ្លូវធម៌ទាំងអស់ !!!
——————————————-
ប្រែពីបាឡីជាភាសាខ្មែរដោយ តាអារាមប៊យ
៣០ សីហា ២០១៩
🔸Last Updated កំណែចុងក្រោយ on March 27, 2023