ព្រះធម៌របស់ព្រះចមមុនី

សូមឧទ្ទិសបុណ្យដែលកើតឡើងអំពីផុស្ដនេះ ថ្វាយជាព្រះរាជកុសលចំពោះសម្ដេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត ។

តាមសំណេររបស់លោកកុល ភួង ក្នុងសៀវភៅគាថាធម្មបទប្រែ ដែលគាត់បានប្រែជាកំណាព្យថា គាត់បានគាថាដែលខ្ញុំនឹងផុស្ដខាងក្រោមនេះពីសម្ដេចក្នុងព្រះវិហារវត្តឧណ្ណាលោម គាត់សរសេរក្នុងលក្ខណៈរលឹកដល់ព្រះអង្គក្នុងឋានៈជាគ្រូ មិនដឹងជាមានអស់លោកណាដែលនៅក្នុងហេតុការណ៍ថ្ងៃនោះនៅរស់រានមានជីវិតនៅឡើយឬទេ… ខ្ញុំសូមអនុញ្ញាតធ្វើនាទីក្នុងនាមនៃសិស្សរបស់ព្រះអង្គ ។

ខ្ញុំបានអានគាថានេះយូរឆ្នាំមកហើយកាលបានអានគម្ពីរ “សុពោធាលង្ការ” ជាលើកដំបូង ។ គម្ពីរនេះជាកវីនិពន្ធស្ដីអំពីការចងក្រងឆន្ទភាសាបាលី ជាគាថាទី ១ ក្នុងការចាប់ផ្ដើមរចនាគម្ពីរ ខ្ញុំមានអារម្មណ៍ថាជាគាថាដ៏ពីរោះអស្ចារ្យមួយ ជាពិសេសវិធីប្រើពាក្យពេចន៍ចូលសមាសជាបាទគាថា ។

កាលបានអានសេចក្ដីប្រែជាភាសាខ្មែរដែលខ្ញុំនឹងប្រែជូននេះហើយ ខ្ញុំមិនដឹងថាប្រិយមិត្តនឹងមានអារម្មណ៍ថាពីរោះដែរឬទេ ព្រោះមានគម្ពីរជាច្រើនដែលប្រែពីភាសាបាលីមកជាសម្រាយខ្មែរហើយ អ្នកអានជាទូទៅដែលចេះបាលី មានអារម្មណ៍ថារសជាតិសាបជាងប្រភពដើមទៅវិញ ។

សូមប្រិយមិត្រកំសាន្ដអារម្មណ៍នឹងគាថានោះ មានសេចក្ដីទាំងស្រុងដូចតទៅនេះ-

————————–

មុនិន្ទវទនម្ភោជ- ……….. គព្ភសម្ភវសុន្ទរី
សរណំ បាណិនំ វាណី……. មយ្ហំ បិណយតំ មនំ ។

សូមព្រះសទ្ធម្មដ៏ប្រសើរដែលសម្ភពក្នុងគភ៌នៃបទុមជាតិ គឺព្រះឱស្ឋរបស់ព្រះចមមុនី
ដែលជាសរណៈរបស់សត្វទាំងឡាយ ចូរញ៉ាំងចិត្តរបស់ខ្ញុំព្រះអង្គឱ្យឆ្អែត(ដោយបីតិ)ផងចុះ ។

————————

គាថានេះជាបឋ្យាវត្ត
សូមកាត់បទសមាសឱ្យឃើញពាក្យពេចន៍ដែលកវីបានប្រើក្នុងបាទគាថាទី ១-២

មុនី+ឥន្ទ+វទន+អម្ពុ+ជ+គព្ភ+សម្ភវ+សុន្ទរី

មុនី=ព្រះមុនី, ឥន្ទ=ចម, វទន=ព្រះឱស្ឋ, [អម្ភុ=ទឹក, ជ=កើត],
គព្ភ=គភ៌, សម្ភវ=កើត សម្ភព, សុន្ទរី=ប្រសើរ ស្អាត ល្អ ប្រពៃ ពីរោះ ។

ពាក្យថា អម្ភោជ(អម្ភុ+ជ) ប្រែថាកើតក្នុងទឹក សំដៅយកផ្កាឈូក, គួរតែជាជើង ព តែលោកសរសេរដូច្នេះ ខ្ញុំរក្សាទុកតាមរបស់ដើម ។

តាអារាមប៊យ
១៨ សីហា ២០១៨

🔸Last Updated កំណែចុងក្រោយ on March 27, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram