២៧-រឿង ព្រះភាគិនេយ្យសង្ឃរក្ខិតត្ថេរ

សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។

🔸បុគ្គល កុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាសព្រោះប្រយោជន៍របស់អ្នកដទៃ។


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសង្ឃរក្ខិតត្ថេរ ។ សម័យថ្ងៃមួយ លោកបានសំពត់វស្សិកសាដកពីរកំណាត់ មួយកំណាត់ទុកសំរាប់ប្រើប្រាស់ខ្លួនឯង មួយកំណាតទៀ់តយកទៅប្រគេនដល់ព្រះឧបជ្ឈាយ៍, តែព្រះឧបជ្ឈាយ៍ មិនព្រមទទួលយក ព្រោះលោកមានចីពរប្រើប្រាស់ គ្រប់គ្រាន់ហើយ ។

ព្រះសង្ឃរក្ខិតត្ថេរ មានសេចក្តីខូចចិត្ត យ៉ាងខ្លាំង ហើយគិត ថា “ព្រះថេរៈ លោកត្រូវជាឣុំ របស់ឣាត្មាឣញផង ជាព្រះឧបជ្ឈាយ៍ផង បើលោកមិនព្រមទទួល នូវសំពត់នេះទេ គឺលោកពិតជាមិនស្រឡាញ់ឣាត្មាឣញឡើយ ដូច្នេះ ឣាត្មាឣញនៅបួសធ្វើអ្វីទៀត មានតែលាចាកសិក្ខាបទ ទៅធ្វើការរកស៊ី ទើបជាការប្រសើរជាង… បើ ឣញសឹកហើយ ឣញនឹងយកសំពត់នេះទៅលក់ លុះលក់បានលុយហើយ ឣញនឹងទៅទិញមេពពែមួយមកចិញ្ចឹម កាលបើមេពពែ កើតកូនមកហើយ ឣញ នឹងយកកូនវាទៅលក់ លុះលក់បានលុយច្រើន ឣញ នឹងយកលុយទៅដណ្តឹងប្រពន្ធ លុះដល់បានកូនមួយ ឣញ នឹងដាក់ឈ្មោះវា ឲ្យដូចជាឈ្មោះរបស់ព្រះឧបជ្ឈាយ៍ ហើយឣញនឹងនាំយកកូននោះ ទៅលេងជាមួយនឹងព្រះឧបជ្ឈាយ៍ ពេលដែលឣញធ្វើដំណើរទៅដល់ពាក់កណ្តាលផ្លូវ ឣញនឹងពកូននោះ ផ្លាស់វេនគ្នាម្នាក់ម្តង ជាមួយនឹងភរិយាឣញ បើប្រពន្ធឣញ មិនចេះព និង មិនចេះលួងលោមកូន ធ្វើបាបកូន ហើយបោះវាចោល នៅតាមផ្លូវរទេះ ពេលនោះ កង់រទេះ នឹងកិនសង្កត់ លើកូនឣញស្លាប់ ឣញ នឹងយករំពាក់ ខ្សែតី វាយប្រពន្ធឣញ…” ក្នុងពេលដែលព្រះសង្ឃរក្ខិតត្ថេរ គិត បណ្តើរ បក់ផ្លិតប្រគេនព្រះឧបជ្ឈាយ៍បណ្តើរ យ៉ាងដូច្នេះហើយ ចិត្តដែលនឹកគិត រវើរវាយនោះ ក៏បណ្តាលឲ្យយកផ្លិតទៅវាយសិរសា(ក្បាល) របស់ព្រះឧបជ្ឈាយ៍របស់ខ្លួន ឮសូរសម្លេងប៉័ងៗ តែម្តង ។

ព្រះឧបជ្ឈាយ៍ បានភ្ញាក់ព្រើត គិតថា “នេះគឺជារឿងអ្វីហ្ន៎?” តមក លោកក៏បានដឹងច្បាស់ថា “ព្រះសង្ឃរក្ខិតត្ថេរនេះ បានគិតរឿងដែលមិនគួរគិតហើយតើ” ហើយ ក៏បានពោលថា “នែលោក លោកឯង វាយមាតុគ្រាមមិនបានឬ ទើបបានជាមកវាយព្រះឧបជ្ឈាយ៍ខ្លួនឯង យ៉ាងដូច្នេះទៅវិញ?” ។

ព្រះសង្ឃរក្ខិតៈ បានឮដូច្នេះហើយ ក៏មានចិត្តតក់ស្លុត ភ័យខ្លាច យ៉ាងខ្លាំង ព្រោះដឹងថា ព្រះឧបជ្ឈាយ៍បានដឹងចិត្តរបស់ខ្លួនដែលបានគិតមកហើយ ក៏បានបោះផ្លិតនោះចោល ប្រាថ្នាដើម្បីនឹងរត់គេចចេញឣំពីវត្ត ។ ភិក្ខុទាំងឡាយ បាននាំគ្នាដេញចាប់ព្រះសង្ឃរក្ខិតៈនោះ យកទៅ ថ្វាយដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់បានត្រាស់ថា “ចូលមកចុះភិក្ខុ ចូរឣ្នកកុំគិតអ្វីឡើយ ធម្មតាចិត្តនេះ តែងទទួលឣារម្មណ៍ក្នុងទីឆ្ងាយ, ភិក្ខុ ត្រូវតែខិតខំព្យាយាម ដើម្បីរំដោះខ្លួន ឲ្យរួចផុតពីរាគៈ ទោសៈ និង មោហៈ ទើបជាការប្រសើរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ទុរង្គមំ ឯកចរំអសរីរំ គុហាសយំ
ចិត្តំ សញ្ញមេស្សន្តិមោក្ខន្តិ ពារពន្ធនា ។

ប្រែថា👇

☸️ជនទាំងឡាយណា នឹងសង្រួមចិត្តដែលទៅឆ្ងាយ ជាចិត្តត្រាច់ទៅតែឯង មិនមានសរីរៈ មានគូហា គឺមហាភូតរូប ៤ ជាទីនៅឣាស្រ័យ, ជនទាំងឡាយនោះឯង រមែងរួចផុតឣំពីចំណងនៃមារ ។


Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).