អាទិសង្កេតគឺជាអ្វី ?
ក្នុងផុស្ដកន្លងមក(១២ សីហា ១៧) ខ្ញុំបានផុស្ដថា បុរាណប្រើវិធីដែលហៅថា “អាទិសង្កេត” សម្រាប់ទន្ទេញចាំឈ្មោះនិកាយទាំង ៥ គឺ ទី ម សំ អំ ខុ (អ.ថ. ទី មៈ ស័ង អ័ង ខុ) ។
អាទិសង្កេត ប្រែថា សង្កេតអក្ខរៈខាងដើម ឬសម្គាល់អក្ខរៈខាងដើម ជាវិធីបុរាណសម្រាប់ទន្ទេញចាំគោលធម៌ គោលព្រះវិន័យ ឬអ្វីៗដែលមានច្រើនខជាដើម ដែលខ្លួនយើងយល់សេចក្ដីរួចហើយ គ្រាន់តែទន្ទេញព្យាង្គខាងដើមតែមួយម៉ាត់ឱ្យចាំ ក៏ចាត់ទុកថាជាការចាំបានទាំងអស់ ដល់ពេលត្រូវអធិប្បាយក៏នឹងនឹកបានឆាប់រហ័សទាន់ចិត្ត ។
សូមលើកយកឆន្ទ(កំណាព្យ)ដែលលោកនិពន្ធទុកជាភាសាបាលីជារបៀប “អាទិសង្កេត” មកជូនប្រិយមិត្តបានអាន ជាការកំសាន្ដអារម្មណ៍ និងជាចំណេះចេះដឹងដូចតទៅនេះ
សំវិធាបុកយបាទិ អាបាមចុបអាទិកា
ទីមសំអំខុបុព្វកា ច សកលត្ថបកាសកា ។
[(អាន) ស័ង-វិ-ធា-ប៉ុ-កៈ-យៈ-ប៉ា-ទិ អា-ប៉ា-មៈ-ចុ-ប៉ៈ-អា-ទិ-កា
ទី-មៈ-ស័ង-អ័ង-ខុ-ប៉ុប-ពៈ-កា ចៈ សៈ-កៈ-ឡ័ត-ថៈ-ប៉ៈ-កា-សៈ-កា]
ប្រែថា
អក្ខរៈមាន សំ វិ ធា បុ ក យ ប ជាខាងដើម, មាន អា បា ម ចុ ប ជាខាងដើម
និងមាន ទី ម សំ អំ ខុ ជាខាងដើម ជាអក្ខរៈប្រកាសនូវប្រយោជន៍ទាំងពួង ។
————————–
អធិប្បាយ
គាថានេះ និយាយអំពីអក្ខរៈខាងដើម ៣ ពួក ថាជាអក្ខរៈប្រកាសនូវប្រយោជន៍ទាំងពួង អក្ខរៈនីមួយៗ ជាអក្ខរៈខាងដើមនៃគម្ពីរព្រះត្រៃបិដក ដែលមានសេចក្ដីពេញលេញដូចតទៅនេះ
១. អក្ខរៈពួកទី ១ មាន ៧ អក្ខរៈ, អក្ខរៈនីមួយៗ ជាអក្ខរៈខាងដើមនៃគម្ពីរព្រះអភិធម្មបិដក មានឈ្មោះអក្ខរៈខាងដើមតាមអក្ខរៈទាំង ៧ ដូចតទៅនេះ
សំ – ព្រះអភិធម្មគម្ពីរទី ១ គឺ សង្គណី
វិ – ព្រះអភិធម្មគម្ពីរទី ២ គឺ វិភង្គ
ធា – ព្រះអភិធម្មគម្ពីរទី ៣ គឺ ធាតុកថា
បុ – ព្រះអភិធម្មគម្ពីរទី ៤ គឺ បុគ្គលបញ្ញត្តិ
ក – ព្រះអភិធម្មគម្ពីរទី ៥ គឺ កថាវត្ថុ
យ – ព្រះអភិធម្មគម្ពីរទី ៦ គឺ យមក
ប – ព្រះអភិធម្មគម្ពីរទី ៧ គឺ បដ្ឋាន
២. អក្ខរៈពួកទី ២ មាន ៥ អក្ខរៈ, អក្ខរៈនីមួយៗ ជាអក្ខរៈខាងដើមនៃគម្ពីរព្រះវិន័យបិដក មានឈ្មោះអក្ខរៈខាងដើមតាមអក្ខរៈទាំង ៥ ដូចតទៅនេះ
អា – ព្រះវិន័យគម្ពីរទី ១ គឺ អាទិកម្ម
បា – ព្រះវិន័យគម្ពីរទី ២ គឺ បាចិត្តិយ
ម – ព្រះវិន័យគម្ពីរទី ៣ គឺ មហាវគ្គ
ចុ – ព្រះវិន័យគម្ពីរទី ៤ គឺ ចុល្លវគ្គ
ប – ព្រះវិន័យគម្ពីរទី ៥ គឺ បរិវារវគ្គ
៣. អក្ខរៈពួកទី ៣ មាន ៥ អក្ខរៈ, អក្ខរៈនីមួយៗ ជាអក្ខរៈខាងដើមនៃគម្ពីរព្រះសុត្តន្ដបិដក មានឈ្មោះអក្ខរៈខាងដើមតាមអក្ខរៈទាំង ៥ ដូចតទៅនេះ
ទី – ព្រះសុត្តន្ដបិដកគម្ពីរទី ១ គឺ ទីឃនិកាយ
ម – ព្រះសុត្តន្ដបិដកគម្ពីរទី ២ គឺ មជ្ឈិមនិកាយ
សំ – ព្រះសុត្តន្ដបិដកគម្ពីរទី ៣ គឺ សំយុត្តនិកាយ
អំ – ព្រះសុត្តន្ដបិដកគម្ពីរទី ៤ គឺ អង្គុត្តរនិកាយ
ខុ – ព្រះសុត្តន្ដបិដកគម្ពីរទី ៥ គឺ ខុទ្ទកនិកាយ
គម្ពីរផ្សេងៗ ដូចពោលមកខាងលើ គឺជាព្រះពុទ្ធវចនៈ ពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ បានប្រកាសនូវប្រយោជន៍ទាំង ៣ ប្រការគឺ ប្រយោជន៍បច្ចុប្បន្ន(ទិដ្ឋធម្មិកត្ថប្រយោជន៍) ប្រយោជន៍អនាគត(សម្បរាយិកត្ថប្រយោជន៍) និងប្រយោជន៍ដ៏ក្រៃលែងគឺព្រះនិព្វាន សុទ្ធតែជាប្រយោជន៍ដ៏ពិតសម្រាប់សកលពិភព ហេតុដូច្នេះអក្ខរៈទាំង ១៧ អក្ខរៈដែលជាឈ្មោះគម្ពីរទាំង ១៧ គម្ពីរ បុគ្គលណាចាំបាន ចាត់ទុកថាចាំឈ្មោះគម្ពីរព្រះត្រៃបិដកបានទាំងអស់ ។
តាអារាមប៊យ
សីហា ១២, ២០១៧
🔸Last Updated កំណែចុងក្រោយ on March 26, 2023