សប្បុរសធម៌
បទពាក្យប្រាំពីរ
ជនណាមានចិត្តស្ងប់រម្ងាប់ | សង្កត់បង្គ្របនូវបាបធម៌ |
មិនឱ្យកម្រើកពើកញាប់ញ័រ | ជននោះឈ្មោះក្រហៅសប្បុរស ។ |
សប្បុរសជាឈ្មោះសុជីវធម៌ | ស្អាតស្អំបវរល្អខ្ពង់ខ្ពស់ |
ជួយទ្រទ្រង់មនុស្សឱ្យមានយស | មានកេរ្តិ៍មានឈ្មោះពិរោះល្អ ។ |
អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធ | ទ្រង់ត្រាស់កំណត់ហៅទេវធម៌ |
មានប្រាំពីរយ៉ាងតាងធម៌ស | ធម៌ល្អនាំសត្វបាត់សៅហ្មង ។ |
ទីមួយឈ្មោះធម្មញ្ញុតា | ចេះស្គាល់ហេតុការណ៍ណាត្រឹមត្រង់ |
ស្គាល់សុខស្គាល់ទុក្ខមិនកន្លង | តាមកងសង្ខារតាក់តែងផ្តល់ ។ |
ទីពីរឈ្មោះអត្ថញ្ញុតា | ភាពជាអ្នកជាស្គាល់ហេតុផល |
ធ្វើល្អបានល្អជាកុសល | តាមពូជតាមផលផ្តល់ជាក់ស្តែង ។ |
ទីបីឈ្មោះអត្តញ្ញុតា | ភាពជាអ្នកជាស្គាល់ខ្លួនឯង |
ស្គាល់ជាតិត្រកូលស្គាល់ខ្លីវែង | មិនឫក្សខែងរែងឬឡេះឡោះ ។ |
ទីបួនឈ្មោះមត្តញ្ញុតា | ភាពជាអ្នកស្គាល់យល់របស់ |
របរចិញ្ចឹមជីវិតរស់ | មានឈ្មោះជាមនុស្សស្គាល់ប្រមាណ ។ |
ទីប្រាំឈ្មោះកាលញ្ញុតា | ស្គាល់កាលវេលាទ្វារដើមដាន |
ប្រកបកិច្ចការចេះត្រាស្មាន | នាំប្រាណបានសុខរួចទុក្ខភ័យ ។ |
ប្រាំមួយបរិសញ្ញុតា | ភាពជាអ្នកស្គាល់យល់ប្រពៃ |
នូវទីប្រជុំជនច្រើនក្រៃ | ចេះច្នៃរៀបរយស្ទួយកិរិយា ។ |
ប្រាំពីរបុគ្គលបរោបរញ្ញុតា | ភាពជាអ្នកស្គាល់យល់មនុស្សា |
អាក្រក់ឬល្អឬបច្ចា | សេពគប់កាលណាមិនខុសឡើយ ៕ |
និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តចាក់អង្រែក្រោម, ថៃ្ងទី១៥ មិថុនា ឆ្នាំ២០០៩
🔸Last Updated កំណែចុងក្រោយ on August 9, 2024