វីរសមណៈសង្ឃ សេខ នាង

ជីវប្រវត្តិវីរសមណៈសង្ឃ សេខ នាង
វិរសមណ សេខ នាង
ព្រះពុទ្ធឃោសាចារ្យ សេខ នាង សារញ្ញាណោ

អតីតក្រុមជំនុំប្រែព្រះត្រៃបិដក

និងជា សាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់

       ព្រះពុទ្ធឃោសាចារ្យ សេខ នាង អ្នកប្រាជ្ញសង្ឃខ្មែរមួយព្រះអង្គដែលជាអតីតសាស្ត្រាចារ្យបង្រៀនសមណសិស្សនៅសាលាបាលីជាន់ខ្ពស់ ជាអគ្គាធិការរងនៃពុទ្ធិកបឋមសិក្សា និងជាអតីតសមាជិកក្រុមជំនុំប្រែព្រះត្រៃបិដក។ ព្រះអង្គមានការជំនាញខាងសម្តែងភិក្ខុបាតិមោក្ខផង មានជំនាញខាងការគោរពតាមព្រះបាតិមោក្ខផង ហើយបានបន្សល់ទុកនូវស្នាដៃមួយចំនួន និងជាគំរូល្អដល់អ្នកជំនាន់ក្រោយ។

       កុមារ សេខ នាង ប្រសូតនៅក្នុងឆ្នាំឆ្លូវ ព.ស.២៤៥៧ គ.ស.១៩១៣ ជាបុត្ររបស់ឧបាសក សេខ និងឧបាសិកា ជូ នៅភូមិព្រៃតានេន ឃុំព្រៃឈរ ស្រុកកំពង់ត្របែកខេត្តព្រៃវែង។ កុមារនេះមានបងប្អូន៨នាក់គឺប្រុស៥នាក់ និងស្រី៣នាក់។ កាលនៅជាកុមារភាពមាតាបិតាបានយកទៅឱ្យ រៀនអក្សរសាស្ត្រនៅវត្តអំពិល ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។លុះកុមារ សេខ នាង រៀនអក្សរចេះអាន និងសរសេរបានរហើយ មាតាបិតាក៏បានបំបួសជាសាមណេរក្នុងសំណាក់ព្រះគ្រូ មោក ពាញ នៅក្នុងវត្តអំពិល។

       ក្នុងសៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរបានបញ្ជាក់ថា នៅពេលបួសរួច សាមណេរ សេខ នាង បានខិតខំរៀនព្រះធម៌វិន័យ និងប្រពៃណីផ្សេងៗ រហូតបានចេះចាំច្រើន។បន្ទាប់ មកព្រះអង្គបានលាគ្រូទៅរៀនភាសាបាលីនៅវត្តឧណ្ណាលោម ក្នុងសំណាក់ព្រះវនរ័ត ពេជ្រ មឿង រហូតដល់ប្រឡងជាប់សាលាបាលីរង។លុះសាមណេរមានព្រះជន្ម២០ឆ្នាំពេញបរិបូរណ៍ហើយ នៅឆ្នាំរកា ព.ស.២៤៧៧ គ.ស.១៩៣៣ មាតាបិតា និងបងប្អូន បានបំបួសសាមណេរ សេខ នាង ជាភិក្ខុនៅក្នុងវត្តឧណ្ណាលោម

       បន្ទាប់ពីបានបួសជាភិក្ខុហើយ ព្រះអង្គរឹងរឹតតែមានការខិតខំរៀនភាសាបាលី បន្តរហូតដល់បានប្រឡងជាប់សញ្ញាបត្រសាលាបាលីជាន់ខ្ពស់ ដែលជាសញ្ញាបត្រខ្ពស់បំផុតផ្នែកខាងភាសាបាលីនៅសម័យនោះ។ ក្រោយពីបានប្រឡងជាប់មកព្រះអង្គបានចេញទៅបង្រៀនសមណសិស្សនៅកម្ពុជាក្រោម តែបើតាមឯកសារមិនបានដឹងថាព្រះអង្គចេញទៅបង្រៀនពីឆ្នាំណានិងគង់នៅវត្តណាទេ។

       ពេលត្រឡប់ពីការបង្រៀនសមណសិស្សនៅកម្ពុជាក្រោមវិញ ព្រះអង្គបានធ្វើជាសាស្រ្តាចារ្យបង្រៀនសមណសិស្សនៅសាលាបាលីជាន់ខ្ពស់ និងធ្វើជាសមាជិកក្រុមជំនុំប្រែព្រះត្រៃបិដក ជំនួសសមាជិកចាស់ៗ ដែលបានទទួលមរណកាលទៅ។ ក្រោយមកទៀតបានធ្វើជាអគ្គាធិការរងនៃពុទ្ធិកបឋមសិក្សា បន្ទាប់ពីសម្តេចព្រះសង្ឃរាជ ហួត តាត។បន្ទាប់មក ព្រះអង្គបានទទួលគោរមងារជាព្រះពុទ្ធឃោសាចារ្យ រាជាគណៈថ្នាក់ទោ និងនៅឆ្នាំ១៩៧១ បានទទួលឋានៈជាព្រះធម្មឃោសាចារ្យ។តាមឯកសារបានបញ្ជាក់ថា ព្រះអង្គតែងមានសន្តានចិត្តសណ្តោសប្រោសប្រណីដល់ឧបាសក ឧបាសិកាភិក្ខុសាមណេរនិងក្មេងៗដែលរស់នៅជាមួយនឹងព្រះអង្គ។

       ចំណែកស្នាដៃដែលព្រះអង្គបានរៀបរៀងមានចំនួន១១ ចំណងជើង រួមមាន ១ ប្រវត្តិខាងសាសនា ២ អភិធម្មសង្គហៈ ៣ អារ្យធម៌ខ្មែរ ៤ វិជ្ជាសម្រាប់បង្រៀនក្នុងពុទ្ធិកវិទ្យាល័យ ៥ សាសនាសកលភាគ១ ភាគ២ និងភាគ៣ ៦បាលីវេយ្យាករណ៍ ៧ ប្រវត្តិភាសាបាលី ឬបាលីភាសា ៨ អត្តនាថកថា ៩អធិប្បាយបាលីវេយ្យាករណ៍ចាប់ពីអក្ខរនិទ្ទេស រហូតដល់ឧណ្ណាទិនិទ្ទេស ១០របៀបប្រែនិងសម្ព័ន្ធវិគ្គហៈក្នុងបាលីវេយ្យាករណ៍សម្រាប់ពុទ្ធិកបឋមសិក្សា និង១១ ឃរាវាសធម្មកថា។

       ក្នុងសៀវភៅដដែលនោះបានបញ្ជាក់ថា លុះមកដល់ឆ្នាំ១៩៧៥ គឺក្នុងព្រះជន្ម៦២ព្រះវស្សា ពេលនោះបនប្រល័យពូជសាសន៍ បាននាំព្រះអង្គទៅវាយសម្លាប់ នៅក្នុងភូមិក្រាំងតាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ពីព្រោះតែព្រះអង្គមិនព្រមសឹកមកជាគ្រហស្ថ។

       យោងតាមពត៌មានបានឱ្យដឹងបន្ថែមថាៈ
បនប្រល័យពូជសាសន៍បានបញ្ជាឱ្ព្រះពុទ្ធឃោសាចារ្យ សេខ នាង អង្គុយឱបចីវរនៅមាត់រណ្តៅ៕

(មហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ – វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ)

ប្រភពៈ ធី ធុច – Thy Thuch

🔸Last Updated កំណែចុងក្រោយ on June 24, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).