វីរសមណៈសង្ឃ សូ ហាយ

ជីវប្រវត្តិវីរសមណៈសង្ឃ សូ ហាយ
វិរសមណ សូ ហាយ
ព្រះមុនីកោសល សូ ហាយ សុវណ្ណស្សរោ

អតីតក្រុមប្រែព្រះត្រៃបិដក

និងជា ចៅអធិការវត្តនិរោធរង្សី

គ.ស. ១៩០៥ – ១៩៦១

ទេសនា បុច្ឆា-វិសជ្ជនា គ្រែពីរ ដោយ
ព្រះមហា មុនីកោសល សូ​ ហាយ និងព្រះមហា វិរយបណ្ឌិតោ ប៉ាង ខាត់

ទេសនា បុច្ឆា-វិសជ្ជនា គ្រែពីរ

ជីវប្រវត្តិ

ព្រះ​មុនី​កោសល  សូរ ហាយ កើត​នៅ​ថ្ងៃ ប្រហស្បតិ៍ ៨រោច ខែ​ពិសាខ ឆ្នាំ​រោងឆស័ក ព.ស. ២៤៤៨ គ.ស. ១៩០៤ ក្នុង​ភូមិ​តូច​មួយ ​ឈ្មោះ​ភូមិឫស្សី​ជួរ​ ក្នុង​សង្កាត់​ក្រោល​គោ ឋិត​នៅ​ក្នុង​ទិស​ខាង​លិច​វត្ត​បឹង​រ៉ៃ ចំនួន​ជាង ​២ គ.ម ក្នុង​កាល​ណោះ ភូមិ​នោះ​មាន​ផ្ទះ​ចំនួន​តែ​៩​ខ្នង។

មាតា​របស់​លោក​ឈ្មោះ​  ម៉ុង-ឧក ជា​ស្ត្រី​មាន​សីល​តាំង​ពី​ក្មេង បិតា​ឈ្មោះ ​សៅ សូរ មាន​លំនៅ​ដើម​ឈ្មោះ​ភូមិ​កន្ទួត​ប្រោង សង្កាត់​ស្វាយ​ជ្រំ ស្រុក​ខេត្តស្វាយ​រៀង ។ មាតា​បិតា នៃ​ព្រះ​មុនី​កោសលមាន​របរ​ខាង​កសិកម្ម​ថ្នាក់​មធ្យម ។

– ព្រះអង្គមានបងប្អូន ៦ នាក់។

  • ស្រី​៤នាក់​នោះគឺ៖ ១-សូរ នួន, ២- សូរ យួន, ៣- សូរ ថោ, ៤- សូរ ឡូត ។
  • ប្រុស​២នាក់គឺ៖ ១- សូរ ហុង ២-សូរ ហាយ ។

ទារក សូរ ហាយ ជា​កូន​ពៅ​របស់​មាតា​បិតា ដែល​បាន​ទទួល​ការ​សង្គ្រោះ​ថ្នាក់​ថ្នម​អំពី​មាតាបិតាជាង​បង​ៗ​ទាំង​អស់ ។

កុមារ ​សូរ-ហាយ មាន​អាយុ ១០ ឆ្នាំ  ទើប​មាតាបិតា​នាំ​យក​ទៅ​ឲ្យ​សិក្សា​អក្សរសាស្ត្រ​ជាតិ តាម​ប្រពៃណី​ឯ ​វត្ត​បឹង​រ៉ៃ ក្នុង​សំណាក់​លោក​គ្រូ​សូត្រ​នាម ទេព-យិន។ 

លុះ​លោក​គ្រូ​សូត្រ​ ទេព-យិន  លាចាក​សិក្ខា​បទ​ទៅ​ជា​គ្រហស្ថ,  កុមារ ​សូរ-ហាយ ក៏​មក​នៅ​រៀន ក្នុង​សំណាក់​លោក​គ្រូ​នាម​ សុខ-ហែម​ទៀត។ លុះ​ដល់​អាយុ​១៣ ឆ្នាំ បានទទួល​ការ​សិក្សា​អក្សរសាស្ត្រ​ចេះ​ដឹង​គួរ​សម អាច​មើល​បាន​សរសេរ​កើត ទើប​ត្រឡប់​មក​នៅ​ឯ​ផ្ទះវិញ ដើម្បី​ជួយ​បំពេញ​កិច្ចការ​បន្តិច​បន្តួច​របស់​មាតាបិតា​តាម​ទំនៀម​នៃ​ត្រកូល​កសិករ ។

ដល់​អាយុ​១៧ ឆ្នាំ ក៏​ត្រឡប់​ទៅ​សិក្សា​ធម៌​វិន័យ​ឯ​វត្ត​បឹង​រ៉ៃ​វិញ   ដើម្បី​នឹង​បួស​ជា​សាមណេរ ដោយ​និមន្ត​លោក​គ្រូ​ចៅអធិការ​នាម កែវ-ទិត ជា​ព្រះ​ឧបជ្ឈាយ៍ បួស​ក្នុង​ថ្ងៃ ៨ កើត  ខែ​ពិសាខ ព.ស. ២៤៦៦ គ.ស. ១៩២២ ។

លុះ​បាន​ទទួល​ផ្នួស​ជា​សមាណេរ​ភាព​នៅ​ក្នុង​វត្តនោះតែ  ១ វស្សា ក៏​សូម​លា​ព្រះ​ឧបជ្ឈាយ៍​ចេញ​អំពី​វត្ត​បឹង​រ៉ៃ  មក​នៅ​រៀន​ទន្ទេញ​មេ​សូត្រ តាម​សម័យ​នោះ  ឯ​វត្ត​សិរីសាគរកំពង់​ត្របែក​បាន​ចំនួន​២​ខែ  រួច​ចេញ​អំពី​វត្ត​សិរីសាគរ មក​នៅ​រៀន​វត្ត​ព្រែក​ចាម ក្នុង​ស្រុក​ពាម​រក​ ខេត្ត​ព្រៃ​វែង ក្នុង​សំណាក់​លោក​គ្រូ​អាចារ្យ​នាម មុត

បាន​រៀន​ប្រែ​មូល​កច្ចាយនូសន្ធិ​នឹង​មូល​នាម  ចំនួន​៤​ខែ   ក៏​ចេញ​អំពី​ទី​នោះ​មក​រៀន​ឯវត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ ១៩២២ នៅ​ក្នុង​ក្រុម​លោក​គ្រូ​ព្រះ​មហា សោម-ឈុន អតីត​ចៅ​អធិការ​វត្ត​និរោធរង្សី

កាល​សិក្សានៅ​វត្ត​ឧណ្ណាលោម​ក្នុង​សម័យ​នោះ រៀន​ប្រែ​ប្រមូល​កច្ចាយនៈ ​ ក្នុង​សំណាក់លោក​គ្រូ​ព្រះ​មហា  សោម-ឈុន  និង​លោក​គ្រូ​អាចារ្យ ម៉ៅ-នុត ​។ នៅ​រៀន​អស់​ពីរ​ឆ្នាំ   ទើប​ចប់​មូលកច្ចាយនៈ  ។

បន្ទាប់​មក​មាន​ជម្ងឺ​គ្រុន​ចាញ់​ជា​ទម្ងន់ ក៏ត្រឡប់​ទៅឯ​វត្ត​កំណើត​ដើម​វិញ   ដើម្បី​ព្យាបាល​រោគ​គ្រុន​រវាង​ជាង​ ១​ខែទើប​ជា​សះ​ស្បើយ រួច​ក៏​ទៅ​នៅ​រៀន ឯ​វត្ត​ស្វាយ​ព្រហូត   ក្នុង​សង្កាត់​គោគ​ព្រីង ស្រុក-ខេត្ត ស្វាយ​រៀង  ក្នុង​សំណាក់​លោក​គ្រូ​អាចារ្យ​នាម  ទៀង បាន​១វស្សា​គត់ក៏​វិល​ត្រឡប់​មក​វត្ត​ឧណ្ណាលោម​ ក្រុង​ភ្នំពេញ​វិញ នៅ​ក្នុង​កុដិ​ក្នុង​ក្រុម​ដដែល​ដូច​មុន បាន​សូម​រៀន​ប្រែ​គម្ពីរ​ធម្មបទ​ដ្ឋកថា​បព្វភាគ   ក្នុង​សំណាក់​លោក​គ្រូ​ព្រះ​មហា​​  សោម-ឈុន  និង​លោក​គ្រូ​អាចារ្យ​ ម៉ៅ-នុត ដរាប​ដល់​អាយុ​ ២១ ឆ្នាំ​ទើប​ត្រឡប់​ទៅ​បំពេញ​ឧបសម្បទា ជា​ភិក្ខុ​វត្ត​បឹង​រ៉ៃ ជា​វត្ត​ដើម​កំណើត​របស់​ខ្លួន​វិញ ។

សាមណេរ ​សូរ-ហាយ ជា​បព្វជិត​មាន​ចិត្ត​ស្វះ​ស្វែង​ហ៊ាន​មក​នៅ​ដល់​ក្រុង​ភ្នំពេញព្រោះ​សម័យ​នោះ ពុំ​មាន​សាមណេរ​ណា​មួយ ​នៃ​ខេត្ត​ស្វាយរៀង​​មក​នៅ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ​ទេ ។

ជីវិត​ក្នុង​ការ​ព្យាយាម​នៃ​ សាមណេរ សូរ-ហាយ ឃើញ​ថា​វិល​វល់​អណ្ដឹក​អណ្ដក​កំសត់​ណាស់​ដែរ ទំរាំ​នឹង​បាន​ស្រួល ត្រូវ​ត្រាច់​រង្គាត់ លា​ចុះ សា​ឡើង អស់​ច្រើន​ត្រឡប់ ។

មុន​ឧបសម្បទា សាមណេរ សូរ-ហាយ មាន​ជម្ងឺ​ឫសដូង​បាត​នៅ​ពេល​នោះ បាន​លា​ព្រះ​ឧបជ្ឈាយ៍​ចាក​សិក្ខាបទ​ទៅ​ជា​គ្រហស្ថ ដើម្បី​​ព្យាបាល​រោគ​ឫស​ដូងបាត ​ ក្នុង​សំណាក់​កន្ទួត ក្នុង​សង្កាត់​ស្វាយ​យារ ចំនួន​១​ខែ លុះ​ជា​សះ​ស្បើយ​ចាក​រោគ​នោះ​ហើយ  ទើប​មក​សូម​ឧប​សម្បទា​ឯ​វត្ត​បឹង​រ៉ៃ  ក្នុង​ថ្ងៃ​៨​កើត ខែ​ជេស្ឋ​ ឆ្នាំ​ឆ្លូវ​សប្ដស័ក ​ព.ស. ២៤៦៩ គ.ស. ១៩២៥  មាន​លោក​គ្រូ​ចៅអធិការ កែវ-ទិត ជា​ព្រះ​ឧបជ្ឆាយ៍ លោក​គ្រូ​សូត្រ  សុខ-ហែម និងលោក​គ្រូ​សូត្រ ងួន-ស៊ិន ​ ជា​ព្រះ​ឧបសម្បទាចារ្យ លុះ​បាន​ទទួល​ឧបសម្បទា​ជា​ភិក្ខុ​ហើយ ក៏​ត្រឡប់​វិល​មក​រៀន​ឯ​វត្ត​ឧណ្ណាលោម​វិញ នៅ​ក្នុងកុដិ​ក្នុង​ក្រុម​ដដែល​។

ភិក្ខុ​ សូរ-ហាយ បាន​សិក្សា​ព្រះ​បរិយត្តិ​ធម៌​ជាប់​មាំ​មួន​ដោយ​មាន​សុខភាព​បរិបូណ៌ តាំង​អំពី​កាល​ដែល​បាន​ទទួល​ឧប​សម្បទា​ជា​ភិក្ខុ​មក លុះ​ដល់ គ.ស ១៩២៧ បាន​ទៅ​រៀន​ឯ​វត្ត​ជយ​នាទី​ចុង​កោះ​សំរោង ខេត្ត​កំពង់​ចាម អស់ ១ វស្សាក្នុង​សំណាក់​លោក​គ្រូ​អាចារ្យ​នាម  ប៉ែន-សុខ សព្វ​ថ្ងៃ​លោក​មាន​សមណ​សក្តិ ជា​ព្រះ​បិដក​សោភ័ណ “រាជាគណៈ​ពិសេស” ។

ការ​សិក្សា​ព្រះ​បរិយត្តិ​ធម៌​ក្នុង​សម័យ​នោះ នៅ​ជា​របៀប​ទម្រង់​ចាស់​នៅ​ឡើយ ពុទ្ធិក​វិទ្យាល័យ​ក្នុង​ជំនាន់​នោះ​ហៅ​ថា សាលាបាលី​ជាន់​ខ្ពស់​មាន  ព្រះ​តេជ​ព្រះ​គុណ   ព្រះ​មហាវិមល​ធម្ម​ព្រះ​នាម   ថោង ជា​  ចាងហ្វាង​មាន​លោក​គ្រូ​បង្រៀន​ប្រចាំ​ថ្នាក់​ច្រើន​រូប  មាន​សម្ដេច​ព្រះសង្ឃរាជ​ជា​ដើម  កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃសត្ថា ។

ការ​សិក្សា​នៅ​សម័យ​នោះ មានកម្មវិធី​សិក្សា​មិន​ច្រើន​ល្អិត​ហ្មត់​ចត់​ដូច​សម័យ​សព្វ​ថ្ងៃ​នេះ​ទេ ។កាល​បើ​បេក្ខសមណៈ​ប្រឡង​ប្រជែង​ចូល​ជាប់​ត្រូវ​រៀន​តាម​កំណត់​ច្បាប់​សាលា ក្នុង​សម័យ​នោះ​អស់​ប្រាំ​ឆ្នាំ​ទើប​ប្រឡង​ចេញ ។

ភិក្ខុ​  សូរ-ហាយ  ជា​បេក្ខសមណ​មួយ​រូប  បាន​ចូល​ប្រឡង​ប្រជែង​ក្នុង​ឆ្នាំ​ ១៩២៩ បាន​ជាប់​ជា​សិស្ស​សុទ្ធ ពី​ព្រោះ​កាល​នោះ រាជការ​កំណត់​សិស្ស​ប្រឡង​ជាប់​តែ​ចំនួន​២៥ រូប​ប៉ុណ្ណោះ ហើយ​បន្ថែម​សិស្ស​ស្ដាប់​៥​រូប​ទៀត ។

ការ​សិក្សា​ព្រះ​បរិយត្តិ​ធម៌​នៃ ​ភិក្ខុ សូរ-ហាយ មាន​ជោគ​ជ័យ​ល្អ​គួរ​សម​ដែរគឺ​ថា​ចេះ​តែ​មាន​សុភាព​បរិបូណ៌  ពុំ​ដែល​មាន​ជម្ងឺ​ដំកាត់​អ្វី​ឡើយ  រហូត​ដល់​ឆ្នាំ ១៩៣៣ ទើប​ប្រឡង​ចេញ ។ តាម​លេខ​រៀង​នៃ​លោក​អ្នក​ប្រឡង​ជាប់​បាន​ពិន្ទុ​គ្រប់​វិញ្ញាសា​នៃ​ការ​ប្រឡង​នោះ ភិក្ខុ សូរ-ហាយ បាន​ជាប់​លេខ​៣ ។

លុះ​ ភិក្ខុ  សូរ-ហាយ បាន​ប្រឡង​ចេញ​ជាប់​ហើយ សម្ដេច​ព្រះ​សង្ឃរាជ កាល​ព្រះ​អង្គ​នៅ​ជា​ព្រះ​សាសន​សោភ័ណ បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​អាចារ្យ​បង្រៀន​សាលា​បាលី​រង ឯ​វត្ត​បរិវាស​សង្កាត់​សំរោង ស្រុក​បន្ទាយ​មាស​ខេត្ត​កំពត​អស់​៥​ខែ គឺ​តាំង​ពី​ខែ​ ជេស្ឋ  រហូត​ដល់​រនោច​ខែ​អស្សុជ​ ក៏​ត្រឡប់​មក​វត្ត​ឧណ្ណាលោម  ក្នុង​ភ្នំពេញ​វិញ ដោយ​ពុទ្ធសាសនបណ្ឌិត្យ តម្រូវ​និមន្ត​មក​ធ្វើ​ជា​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក ក្នុង​ខែ​តុលា ១៩៣៣ ពី​ព្រោះ​បាន​ប្រឡង​ជាប់​ជា​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​នោះតាំង​ពី​ខែ​កញ្ញា ប៉ុន្តែ​ពេល​នោះ​នៅ​ក្នុង​វស្សា​នៅ​ឡើយ លុះ​វារណា​ចេញ​វស្សា​ហើយ  ទើប​មក​ភ្នំពេញ  ចូល​ធ្វើ​ការ​ក្នុង​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក តាំង​ពី​កាល​នោះ​ដរាប​មក ។

ភិក្ខុ​មហា សូរ-ហាយ បាន​ទទួល​នាទី​ជា​ព្រះ​បាឡាត់​ពុទ្ធញ្ញាណ​ជា​បាឡាត់​ នៃ​ព្រះ​ពុទ្ធវង្ស សោម ឈុន ក្នុង ព.ស. ២៤៨១ គ.ស ១៩៣៧ ។

  • – បាន​ទទួល​នាទី​ជា​ព្រះ​គ្រូ​សុវឌ្ឍញ្ញាណ ក្នុង​គ.ស. ១៩៤២ ។
  • – បាន​ទទួល​នាទី​ជា​ព្រះ​ទេពសត្ថា រាជា​គណៈ​ថ្នាក់​ទី​៤ ដោយ​ព្រះ​រាជ​ ក្រិត្យ​លេខ ៩៣ ប.រ. ចុះ​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ ១៩៤៨ ។
  • – បាន​ទទួល​នាទី​ជា​ព្រះ​ឧបាលិវង្ស រាជា​គណៈ​ថ្នាក់​ទី​៣​ដោយ​ព្រះរាជក្រិត្យ​លេខ​៥ ប.រ. ចុះ​ថ្ងៃ​២១ ខែ​មករា ឆ្នាំ​១៩៥៤ ។
  • – បាន​ទទួល​នាទី​ជា​ព្រះ​មុនីកិសល​រាជា​គណៈ​ថ្នាក់​ទី​២ ដោយ​ព្រះរាជក្រិត្យ​លេខ​២៣ រ.វ ចុះ​ថ្ងៃ​ទី​៤ ខែ កញ្ញា​ឆ្នាំ​១៩៦០ ។
  • – បាន​ចូល​ចា​សមាជិក​នៃ​គណៈកម្មការ​វប្បធម៌​ផ្នេក ក ដោយ​ព្រះ​រាជក្រម​លេខ ៣៩៣ ន.ស ចុះ​ថ្ងៃ ទី​២១ វិច្ឆិកា ឆ្នាំ​១៩៤៧ ។
  • – បាន​ចូល​ជា​សមាជិក​ថេរសភា​ដោយ​ព្រះ​រាជ​ក្រិត្យ​លេខ​១១៧​ប.រ ចុះ​ថ្ងៃ​ទី​៩​កញ្ញា ឆ្នាំ​១៩៤៨ ។
  • – បាន​ទទួល​នាទី​ជា​អធិបតីរង នៃ​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក ដោយ​ព្រះ​សង្ឃ​ដីកា​នៃ​សម្ដេច​ព្រះ​ពោធិវង្ស លេខ ១៨៥ ចុះ​ថ្ងៃ​ទី ២៨ ខែ កក្កដា ឆ្នាំ ១៩៥៩ ។
  • – បាន​ទទួល​នាទី​ជា​ចៅ​អធិការ វត្ត​និរោធរង្សី ដោយ​សញ្ញាប័ត្រ លេខ​៣ ចុះ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​១៩៦១ ។ 

ព្រះ​មុនី​កោសល សូរ-ហាយ បាន​ធ្វើ​មេ​ប្រយោគ​នៃ​ការ​ប្រឡង​សមណ​សិស្ស យក​វិញ្ញាបនប័ត្រ​ពុទ្ធិកបឋមសិក្សា សមណសិស្ស ប្រឡង​ចូល​ពុទ្ធិក​វិទ្យាល័យ ព្រម​ទាំង​សមណ​សិស្ស ប្រឡង​យក​សញ្ញាប័ត្រ​ពុទ្ធិក​មធ្យមសិក្សា​រៀង​រាល់​ឆ្នាំ តាំង​ពី ព.ស. ២៤៧៨ គ.ស. ១៩៣៤ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

  • – បាន​ធ្វើ​ជា​អាចារ្យ​បង្រៀន​សាលា​បាលី​រង វត្ត​បរិរាស ​ស្រុក​បន្ទាយ​មាស ខេត្ត​កំពត ពី​ឆ្នាំ​១៩៣៣ ។
  • – បាន​ប្រឡង​ជាប់​ជា​ទី​ក្រុម​ជំនុំ​ព្រៃ​ត្រៃ​បិដក​ពី​ឆ្នាំ ១៩៣៣ ។
  • – បាន​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​សង្ឃ វត្ត​ឧណ្ណាលោម ជា​ដំបូង​ក្រោម​ព្រះ​អធិបតីភាព​នៃ​សម្ដេច​ព្រះ​សង្ឃរាជ ។
  • – បាន​ធ្វើ​ជា​អាចារ្យ​បង្រៀន​សមណ​សិស្ស​វត្ត​ឧណ្ណាលោម ដែល​បម្រុងប្រឡង​ប្រជែង​មួយ​រៀន​ក្នុង​ពុទ្ធិក​វិទ្យាល័យ ។
  • – បាន​ធ្វើ​ជា​សមាជិក​គណៈកម្មការ​រៀបរៀង​ធម៌​វិន័យ ក្រោម​ព្រះ​រាជាធិបតីភាព​នៃ​សម្ដេច​ព្រះ​សង្ឃរាជ
  • – បាន​ធ្វើ​ជា​សមាជិក​គណៈប្រតិភូ​ជា​មួយ​នឹង​សម្ដេច​ព្រះ​សង្ឃ​រាជ​ទៅក្រុង​រង្គួន​ប្រទេស​ភូមា ដើម្បី​ធ្វើ​ឆដ្ឋ​សង្គាយនា​ពុទ្ធសាសនា​ពី​ឆ្នាំ ១៩៥៣ ។
  • – បាន​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​អត្ថបទ​ធម៌ បោះពុម្ព​ចែក​ជា​ធម្មទាន​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ជន្មាយុ​ពុទ្ធសាសនា ២៥០០ វស្សា ។
  • – បាន​ចូល​ជា​ជនក​សមាជិក នៃ​ពុទ្ធិកសមាគម​មជ្ឈមណ្ដល​កម្ពុជរដ្ឋ​តាំងពី​ការ​បង្កើត​ជា​ដំបូង​ដរាប​មក ។
  • – បាន​ធ្វើ​ជា​សមាជិក​តែង​អត្ថបទ​បោះ​ពុម្ព​ដាក់​ក្នុង​ទស្សនាវដ្ដីកម្ពុជសុរិយា​ និង​ ពន្លឺ​ពុទ្ធចក្រ
  • – បាន​ធ្វើ​សន្និសីទ​អំពី​សីលធម៌​អប់រំ​យុវជន វត្ត​ឧណ្ណាលោម​ក្រោម​ព្រះអធិបតីភាព​នៃ​សម្ដេច​ព្រះ​សង្ឃរាជ ។
  • – បាន​ចូល​ជា​សមាជិក​នៃ​សមាគម​គិលានុបដ្ឋាន​ព្រះ​មហាក្សត្រិយានី “ពេទ្យ​ព្រះ​សង្ឃ” ។
  • – បាន​ធ្វើ​កឋិនទាន ដង្ហែ​ទៅ​វត្ត​ឈើទាល ស្រុក​ស្វាយ​រៀង​ពីរ​ដង ។
  • – បាន​ធ្វើ​កឋិនទាន​ជា​មួយ​ពុទ្ធបរិស័ទ ដង្ហែ​ទៅ​វត្ត​សិរី​សាគរ កំពងត្របែក​ម្ដង ។
  • – បាន​ចូល​ជា​សមាជិក​សមាគម​មិត្ត​ពុទ្ធិក​វិទ្យាល័យ តាំង​ពី​ដំបូង ។
  • – បាន​ចូល​ជា​សមាជិក​នៃ​សមាគម មតក​សង្រ្គោះ​ក្នុង​ក្រុម​ពុទ្ធបរិស័ទ សាលា​សន្សំ​សុខ សង្កាត់​លេខ​៥ ក្រុង​ភ្នំពេញ ។

👉ឈ្មោះ​សៀវភៅ​ធម៌​ដែល​ព្រះ​មុនី​កោសល​បាន​រៀបរៀង

  • ១- វិសុទ្ធិកថា
  • ២- បទពិចារណា​ពុទ្ធាភិសេក
  • ៣- បទ​ពិចារណា​ធម៌​វិន័យ
  • ៤- អធិប្បាយ​ប្រជុំ​កង​ធម៌ ភាគ​១ ភាគ​២ ថ្នាក់​ទោ
  • ៥- អធិប្បាយ​ចតុប្បារិសុទ្ធិសីល
  • ៦- ពុទ្ធបារមិកថា
  • ៧- គិហិសមណសុខកថា
  • ៨- ទ្វាទស​កម្មកថា
  • ៩- កាលិក​វិនយកថា
  • ១០- សីលធម៌​របស់មនុស្ស
  • ១១- សាមគ្គី​កថា
  • ១២- សិប្បកថា
  • ១៣- អរិយ​សច្ចកថា​សង្ខេប
  • ១៤- ពុទ្ធោវាទកថា
  • ១៥- ជីវិត​ធម្មកថា
  • ១៦- កតញ្ញុកតវេទីកថា
  • ១៧- ព្រហ្មវិហារ​ធម្មកថា
  • ១៨- សាសនា​ប្រៀបធៀប ។
  • អត្ថបទ​ធម៌​រាយ​រង​ខ្លី​ៗ ដែល​បោះ​ពុម្ព​ក្នុង​ទស្សនាវដ្ដី​កម្ពុជ​សុរិយា​នឹងពន្លឺ​ពុទ្ធចក្រ ក៏​មាន​ច្រើន ស្ទើរ​តែ​គ្រប់​សៀវភៅ ។

👉ឥស្សរិយយស​នៃ​ព្រះ​មុនី​កោសល

  • ១-មេដាយ អស្សរឹទ្ធិ​មុនី​សោភ័ណ្ឌ ដោយ​គុណ​បំណាច់​នៃ​ការ​ប្រែ​ព្រះ​ត្រៃ​បិដក បោះ​ពុម្ព​ព្រះ​ត្រៃ​បិដក ។
  • ២-មេដាយ​ព្រះរាជា​ណាចក្រ​ជា​ទី​សេនា (Officier de L’order royale de comboge) ដោយ​គុណ​បំណាច់​នៃ​ការ​សាង​គិលានដ្ឋាន​នឹង​អនុវិទ្យាល័យ ។
  • ៣-មេដាយ​ស្ថាបនា​ជាតិ​៣ ទៀត ដោយ​ចេញ​តម្លៃ​មួយ​៣៥០ រៀល ។

– ប្រភពយោងៈ ឯកសារ មហា គួច-គីឡេង, មហា អ៊ុង-មាន

🔸កំណែចុងក្រោយ Last Updated on February 4, 2025 by Johnny ចន្នី

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).