វីរសមណៈសង្ឃ រតន៍ ថោង

វិរសមណ រតន៍ ថោង

ព្រះមហាវិមលធម្ម រតន៍ ថោង ព្រហ្មបណ្ឌិត

ព្រះអាចារ្យបង្រៀនព្រះត្រៃបិដក

និងជា អតីតចាងហ្វាងសាលាបាលីជាន់ខ្ពស់

ព.ស. ២៤០៥ – ២៤៧០
គ.ស. ១៨៦២ – ១៩២៧

ជីវប្រវត្តិវីរសមណៈសង្ឃ រតន៍ ថោង

ព្រះមហាវិមលធម្ម នាមដើម ថោង នាមក្នុងភិក្ខុភាវៈជាព្រហ្មបណ្ឌិតជាតិខ្មែរ បិតាឈ្មោះរ័តន៍ មានគោរម្យងារជាឧកញ៉ាពិភក្ដិវាទិ មាតាឈ្មោះខាវ ស្រុកកំណើតនៅភូមិកំពង់ផែ ក្រុងភ្នំពេញ ។
លោកកើតនៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ឆ្នាំកុរចត្វាស័ក ព.ស. ២៤០៥ (គ.ស. ១៨៦២) ។
លុះដល់បានអាយុ ១៧ ឆ្នាំ ក្នុងឆ្នាំខាលសំរឹទ្ធិស័ក បានបួសជាសាមណេរ ក្នុងសំណាក់សម្ដេចព្រះមហាសង្ឃរាជព្រះនាម ទៀង នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ។
– លោកបានសិក្សាភាសាបាលី – ព្រះត្រៃបិដកអំពីសំណាក់អាចារ្យជាច្រើន មានសម្ដេចព្រះមហាសង្ឃរាជព្រះនាម ទៀង និងលោកឧកញ៉ាសុធម្មមេធា រ៉ត ជាដើម ហើយបានធ្វើជាអាចារ្យបង្រៀនភាសាបាលីដល់សិស្សទាំងឡាយតាំងពីនៅជាសាមណេរ ។
– ក្នុងកំណត់អាយុ ២១ ឆ្នាំ ក្នុងឆ្នាំមមីចត្វាស័ក លោកបានបំពេញឧបសម្ប័ទជាភិក្ខុសង្ឃ ក្នុងពទ្ធសីមាវត្តឧណ្ណាលោម ។
– ក្នុង គ.ស. ១៨៩០ បានឡើងជាសមណស័ក្ដិជាព្រះគ្រូសង្ឃសត្ថា បន្ទាប់មកទៀតឡើងជាបាឡាត់សង្ឃវិជ្ជា ។
ដល់ជន្មាយុ ២១ ឆ្នាំ លោកមានបំណងចង់បានសាស្ត្រាបាលីព្រះត្រៃបិដកអក្សរខ្មែរពីប្រទេសសៀម យកមកតំកល់ទុកនៅប្រទេសខ្មែរពន់ពេក ទើបចូលទៅថ្វាយបង្គំលា សម្ដេចព្រះមហាសង្ឃរាជជាព្រះឧបជ្ឈាយ៍ ទ្រង់បានអនុញ្ញាតបើកឲ្យទៅដោយស្រួល រួចហើយលោករៀបចំដំណើរចេញទៅ នៅថ្ងៃ ៣ រោជ ខែអស្សុជ ឆ្នាំខាល ។ ឯដំណើរទៅប្រទេសសៀម ក្នុងជាន់នោះលំបាកណាស់ ត្រូវទៅតាមផ្លូវទឹកខ្លះ ផ្លូវគោកខ្លះ អស់កាលជាយូរថ្ងៃ ទើបបានដល់ ។
កាលទៅដល់ប្រទេសសៀមហើយ លោកបានគង់នៅវត្តចក្កវត្តិរាជាវាសក្រុងបាងកក បានទទួលសេចក្ដីទំនុកបំរុងរាប់អាននិងសេចក្ដីសរសើរជាច្រើន អំពីឥស្សរជនទាំងឡាយ មានព្រះយ៉ាវុឌ្ឍិការ និងក្រុមព្រះទំរង់រាជានុភាពជាដើម ។ លោកគង់នៅបាងកក បាន ១២ ខែ ក៏សូមថ្វាយព្រះពរលាក្រុមព្រះទំរង់រាជានុភាព វិលត្រឡប់មកប្រទេសខ្មែរវិញ ទ្រង់បានសូមអង្វរឃាត់លោកជាច្រើនលើក ដើម្បីសូមលោកគង់នៅទីនោះឲ្យបានយូរតទៅទៀត ប៉ុន្តែ លោកពុំព្រម ទើបទ្រង់ចាត់ចែងរៀបជូនដំណើរលោក ។ ទ្រង់បានចេញចុតហ្មាយ ១ ច្បាប់ប្រាប់ដល់អ្នករាជការតាមរយៈផ្លូវឲ្យជូនដំណើរលោកតៗ ទៅ តាំងពីក្រុងបាងកករហូតមកដល់បាត់ដំបង ដែលជំនាន់នោះ នៅក្នុងអំណាចរាជការសៀមនៅឡើយ ដល់ទីបំផុតលោកបានចូលមកក្រុងភ្នំពេញវិញ (បានទាំងនាំគម្ពីរដីការផ្សេងៗ ជាច្រើនមកជាមួយផង) ។
លុះមកដល់ គ.ស. ១៩០៣ ព្រះករុណាជាម្ចាស់ជីវិតព្រះបាទសម្ដេចព្រះនរោត្ដម ទ្រង់ប្រោសព្រះរាជទានទីរាជាគណៈ ងារជាព្រះមហាវិមលធម្មរឿនហ្លួង ។ ដល់មកក្នុង គ.ស. ១៩១៤ ព្រះករុណាព្រះបាទសម្ដេចស៊ីសុវត្ថិ ទ្រង់តាំងលោកឲ្យធ្វើជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញ ។ តមកទៀត រាជការបានតាំងលោកជាក្រុមជំនុំសព្វវចនាធិប្បាយខ្មែរ ។
ព្រះមហាវិមលធម្ម ថោង បានទទួលគ្រឿងឥស្សរិយយសពីរាជការ ដូចខាងក្រោមនេះ :
– មណីសារាភរណ៍ (២៩- សីហា ១៩០៥)
– មេដាយមាស (១៩ កុម្ភៈ ១៩១៧)
– អូហ្វិស្យេរដាកាដេមី (៣០ មិថុនា ១៩២២)
ឯចំណេះវិជ្ជាដែលលោកបានចេះដឹងនោះ គឺភាសាបាលី អក្សរ- ភាសាសៀម អក្សរ- ភាសាលាវ ស្ទាត់ដូចភាសាខ្មែរដែរ អក្សរភូមា លង្កា មើលសរសេរជាបាលីបាន ។
កិច្ចការដែលជាស្នាដៃ ដែលលោកបានប្រែនិងរៀបរៀងទុកគឺ អនាគារវិន័យ អាគារវិន័យ បព្វជ្ជាខន្ធកសង្ខេប ឧបោសថកថា កាលាមសូត្រ បរាភវសូត្រ អក្ខរាភិធានស័ព្ទ គម្ពីរវុត្តោទ័យ ។
ព្រះមហាវិមលធម្ម ថោង ជាអ្នកប្រាជ្ញ ១ រូប ដែលយកព្រះទ័យទុកដាក់ជាទីបំផុត ក្នុងការពង្រីកផ្សាយព្រះពុទ្ធសាសនានិងអក្សរសាស្ត្រខ្មែរ ឲ្យបានចំរើនលូតលាស់តាមកាលសម័យ ។ លោកបានបំពេញករណីយកិច្ចតាមនាទីរបស់លោក ឥតធុញទ្រាន់ ដរាបមកដល់ព្រះជន្មាយុគំរប់ ៦៥ ក្នុងឆ្នាំថោះ ខែអាសាធ ៤ រោច (១៨-៧-១៩២៧) នៅវេលាយប់ លោកក៏ចាប់មានរោគាពាធជាទម្ងន់ បណ្ដាលទៅជាទល់ចង្អោរអត់អាហារ ចំនួន១៥ ថ្ងៃ ទើបលោកទទួលអនិច្ចធម្មទៅក្នុងរាត្រីម៉ោង ២ នឹង ១២ នាទី នៅថ្ងៃអង្គារ ៤ កើត ខែស្រាពណ៍ ឆ្នាំ ថោះនព្វស័ក ព.ស. ២៤៧០ (២-៨-១៩២៧) នៅកុដិរបស់លោកក្នុងឧណ្ណាលោមក្រុងភ្នំពេញ ។

(ដកស្រង់អំពីប្រវត្តិដែលព្រះឧត្ដមមុនី អ៊ុម-ស៊ូ បានរៀបរៀងទុកខាងដើមសៀវភៅបរាភវសូត្រ)

ប្រភពៈ ទស្សនាវដ្ដី​កម្ពុជសុរិយា

🔸Last Updated កំណែចុងក្រោយ on June 23, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).