កំសាន្ដ-ល្បងបញ្ញា

កាលពីនៅក្មេងជាសិស្សថ្នាក់បឋមសិក្សា លោកគ្រូបានដាក់សំណួរជាចំណោទឱ្យគិត មិនជាចំណោទសម្រាប់យកពិន្ទុអីទេ លោកគ្រូខ្ញុំគាត់គូរក្រឡាចត្រង្គជា ៩ ក្រឡា ហើយឱ្យសិស្សក្នុងថ្នាក់ដាក់លេខចូលក្នុងក្រឡានីមួយៗ ពីលេខ ១ ដល់លេខ ៩ ស្មើនឹងចំនួនក្រឡា លេខនីមួយៗដាក់បានតែម្ដង បើដាក់ក្នុងក្រឡាមួយហើយ មិនអាចដាក់លេខដដែលទៅក្នុងក្រឡាដទៃទៀតបានទេ ដាក់រួចហើយត្រូវបូកឱ្យបានចំនួន ១៥ បូកពីលើចុះក្រោម ពីស្ដាំទៅឆ្វេង ឬបូកបញ្ឆៀង ក៏ត្រូវតែបាន ១៥ ដូចគ្នាទាំងអស់ ។

ខ្ញុំមិននឹកស្មានថា ក្នុងគម្ពីរពុទ្ធសាសនាដែលជាភាសាបាលី លោកក៏មានចំណោទហ្នឹងដែរ នេះសម្ដែងឱ្យឃើញថា ចំណោទបែបនេះមានមកយូរណាស់ហើយ តែក្នុងគម្ពីរលោកសរសេរជាឆន្ទ ភាសាបាលី  ចំណោទរបស់លោកមានដូចតទៅនេះ

បញ្ជរេបេកមេកស្មឹ       ឯកោ ទុវេ តយោ ចតុ
បញ្ច ឆ សត្តដ្ឋ នវ      សកុណា ឋបិតា សិយុំ
តិណ្ណន្នន្តុ កុមារានំ      កថំ សមំ ទទេ កវី ។

ក្នុងទ្រុងនីមួយៗ គេដាក់បក្សីទុក ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ អ្នក
ចេះ(កវី)គប្បីបែងចែកឱ្យក្មេង ៣ នាក់ ឱ្យបានស្មើគ្នាយ៉ាងណា?

ចំណោទនេះ បានសេចក្ដីថា ក្មេងមាន ៣ នាក់ មានទ្រុង ៩ ទ្រុង ដូច្នេះក្មេងម្នាក់ៗ ត្រូវ
បានបក្សី ៣ ទ្រុង ។ ក្មេងម្នាក់ៗ ដែលបានបក្សី ៣ ទ្រុងនោះ បើបូករួមបក្សីទាំង ៣ ទ្រុង
នោះទៅ នឹងបានចំនួនស្មើៗ គ្នា ។

សូមអស់លោកប្រិយមិត្តព្រមទាំងលោកម្ចាស់ទាំងឡាយ សាកគិតមុននឹងមើលចម្លើយលមើល ចំណុចដែលត្រូវគិតច្រើនគឺ ចំនួនដែលក្មេងនឹងបានស្មើគ្នានោះជាចំនួនប៉ុន្មាន?
បើរកឃើញចំនួនស្មើគ្នានេះហើយនឹងអាចរកតទៅទៀតមិនពិបាកឡើយ តើនឹងចេញជាចម្លើយបានប៉ុន្មានបែបដែរ?

ចម្លើយរបស់លោកក្នុងគម្ពីរមាន ២ ចម្លើយ ចម្លើយទី ២ ជាចម្លើយដូចលោកគ្រូខ្ញុំដាក់ឱ្យសិស្ស គិតលេងៗនោះឯង។

ចម្លើយទី ១ លោកបានសរសេរជាឆន្ទភាសាបាលីថា

ឯកំ បញ្ច នវេកស្ស ឯកស្ស ទ្វេ ឆ សត្ត ច
តយោ ច ចតុរោ អដ្ឋតិណ្ណំ សមំ ទទេ កវី ។

អ្នកចេះ(កវី)គប្បីបែងចែកដល់ក្មេង ៣ នាក់ស្មើៗ គ្នាគឺ ក្មេងម្នាក់បាន ១ ៥ ៩, ម្នាក់
ទៀតបាន ២ ៦ ៧, និងម្នាក់ទៀតបាន ៣ ៤ ៨ ។

គាថានេះ ប្រាប់ចំនួនបក្សីក្នុងទ្រុងនីមួយៗ ដែលក្មេងម្នាក់ៗ ទទួលបាន ៣ ទ្រុងដូចតទៅនេះ៖

១ + ៥ + ៩ = ១៥
២ + ៦ + ៧ = ១៥
៣ + ៤ + ៨ = ១៥

ចម្លើយទី ២ លោកសរសេរជាឆន្ទភាសាបាលីថា
អថវា
ចតុរោ នវមោ ទ្វេ ច    តីណិ បញ្ច ច សត្តកា
អដ្ឋ ឯកោ តថា ឆដ្ឋី    តិណ្ណំ សមំ ទទេ កវី ។

ម្យ៉ាងវិញទៀត អ្នកចេះគប្បីបែងចែងឱ្យក្មេង ៣ នាក់ស្មើ ៗ គ្នាគឺ ក្មេងម្នាក់បាន ៤
៩ ២, ម្នាក់ទៀតបាន ៣ ៥ ៧, និងម្នាក់ទៀតបាន ៨ ១ ៦ ។

គាថានេះប្រាប់ចំនួនបក្សីក្នុងទ្រុងនីមួយ ៗ ដែលក្មេងម្នាក់ៗ បានទទួលដូចតទៅនេះ៖
៤ + ៩ + ២ = ១៥
៣ + ៥ + ៧ = ១៥
៨ + ១ + ៦ = ១៥

សូមអរគុណដែលចូលរួមលេងកំសាន្ដ

៣១ ធ្នូ ២០១៨

🔸Last Updated កំណែចុងក្រោយ on March 27, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram