នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸តក់ៗពេញបំពង់។
រំលឹកអំពីអក្សរខ្មែរ
បទពាក្យប្រាំពីរ
| អក្សរខ្មែរុងរឿងដោយសារខ្មែរ | ពុំហ៊ានបំបែរឱ្យភ្លាត់ខុស |
| ជនខ្មែរគ្រប់គ្នាទាំងស្រីប្រុស | ពុំហ៊ានបង្ខុសឱ្យខូចបង់ ។ |
| ជនខ្មែរស្រុះគ្នាលើកតម្កើង | ដំឡើងពាក្យពេចន៍ដោយផ្ចិតផ្ចង់ |
| ខ្មែរជាគ្រហស្ថខ្មែរជាសង្ឃ | ខំប្រឹងតម្រង់អក្សរជាតិ ។ |
| អក្សរវិបត្តិជាតិវិបត្តិ | ខ្ចាយខ្ចាត់រាត់រាយក្លាយឃ្លៀងឃ្លាត |
| ហេតុនេះខ្មែរយើងកុំរវាត | ត្រូវរក្សាជាតិឱ្យរឹងប៉ឹង ។ |
| បើដឹងមិនដល់កុំធ្វើចេះ | ចំណេះតិចតួចស្តួចស្តើងស្តឹង |
| បើចង់ច្បាស់លាស់ត្រូវខំប្រឹង | កុំដេកសម្លឹងឱ្យចេះឯង ។ |
| ចំណេះកើតមានព្រោះការរៀន | កម្ជិលអៀនប្រៀនកុំសម្តែង |
| ធ្វើឱ្យគេស្ងើចគេកោតក្រែង | ស្លាក់ស្លែងទេកុំរិះគន់គេ ។ |
| ត្រូវរិះគន់ខ្លួនឯងជាមុន | កុំឱ្យស៊យស៊ុនខុសទទេ |
| បើឆ្ងល់ពុំយល់ត្រូវសួរគេ | ឥតថោកអ្វីទេថ្លៃទេតើ ។ |
| បុរាណថាថោកអីនឹងដៃ | ថ្លៃអីនឹងមាត់ពោលសើវ៉ើ |
| រៀនទៅសួរទៅទើបគ្រាន់បើ | អើពើចង់ចេះប្រសើរណាស់ ។ |
| ចាស់ថាបើល្ងង់កុំធ្វើចេះ | បើមានចំណេះឱ្យជាក់ច្បាស់ |
| បើស្តើងហើយចង់ឱ្យបានក្រាស់ | ត្រូវថែមកម្រាស់ផ្សំសាច់គ្នា ។ |
| អបស្ទបប៉ះប៉ុនយកកម្រាស់ | កុំចាំងកុំច្រាស់ហួសមាត្រា |
| ប៉ះផ្សំផ្គុំភ្ជិតទើបកើតជា | ទោលឬបន្ទារ៍មួនជាងមុន ។ |
| បើចេះអក្សរនិងភាសា | នៃជាតិណាៗ កុំជ្រុលស៊ុន |
| ងាប់ស័ព្ទប្រែស្រាយក្លាយជាប់កុន | សុនត្រុនប្រែស្រាយឃ្លាតក្តីពិត ។ |
| កាលដែលប្រារឰនឹងប្រែស្រាយ | ត្រូវគិតនាយអាយដោយពិនិត្យ |
| ឱ្យឃើញសេចក្តីជាខ្មែរពិត | សឹមប្រែកុំផ្តិតតាមពាក្យគេ |
| ត្រូវប្រែឱ្យមកជាសេចក្តី | ដែលខ្មែរប្រុសស្រីអាចរិះរេ |
| ស្តាប់យល់មិនឆ្ងល់ទើបហៅប្រែ | ត្រឹមត្រូវតាមរូបសេចក្តីពិត ។ |
| អ្នករៀនភាសាជនបរទេស | ទ្វេធ្វេសដោយការឥតបើគិត |
| កាលខ្លួនកំពុងរៀនប្រឹងប្រិត | ប្រែផ្តិតឱ្យចំតាមរួបស័ព្ទ ។ |
| ភ្លេចនឹកគិតមកភាសាខ្លួន | ឱ្យយល់សំនួនដែលងាយស្តាប់ |
| សម្លឹងសង្កេតតែរូបស័ព្ទ | ក៏ស្រាប់តែប្រែខុសទាំងស្រុង ។ |
| អ្នករៀនសំស្ក្រឹតឬបាលី | ប្រែខុសសេចក្តីព្រោះភ័ន្តផុង |
| យល់ខុសទទេទាំងដើមចុង | ចូលក្នុងវិងស៊ុងខ្មាសអ្នកផង ។ |
| តិដ្ឋៈបាលីប្រែថាឈរ | អ្នករៀនឈ្លក់វរភ័ន្តម្តងៗ |
| ត្រង់មានសេចក្តីថាស្ងួនគ្រង | ប្រែឆ្គងថាឈរហៅងាប់ស័ព្ទ ។ |
| បារាំង “ពរ៍កតេសួរឡាតែត1” | ខ្មែរឆ្អែតចិត្តជាប់បែរប្រែប្រាប់ |
| អ្នកដែលមិនចេះឱ្យគ្នាស្តាប់ | បង្គាប់ថាឱ្យកាន់លើក្បាល ។ |
| មិនប្រាប់ឱ្យគ្នាដឹងថាទូល | នេះហៅស្រមូលពុំត្រកាល |
| ពាក្យខ្មែរថាទូលក៏លើក្បាល | ត្រអាលប្រែខុសពីពាក្យខ្លួន ។ |
| តែងកាព្យឱ្យត្រូវតាមសម្ផ័ស្ស | តាមកាព្យចាស់ៗ ដែលមានចួន |
| កុំចេះតែតែងតាមចិត្តខ្លួន | ឱ្យកាព្យមានចួនខុសមាត្រា ។ |
| ពាក្យអឺយនិងអើយ2សូរផ្សេងគ្នា | ដូចជាប្អូនអើយ3ម្តេចឡើយថា |
| ស្តាប់បងមិនឮឬស្ងួនភ្ញា | ធ្វើជាមិនឮព្រោះរឹងខ្លួន ។ |
| ព្រះបាទសម្តេចព្រះហរិរ័ក្ស | ទ្រង់បានបញ្ជាក់ដោយផ្ទួនៗ |
| ក្នុងកាព្យព្រះអង្គដែលមានចួន | សំនួនសម្ផស្សឥតមានឆ្គង ។ |
| កវីគួរតែយកតម្រាប់ | ពុំគួរប្រញាប់កាត់រំលង |
| រំលុបបែបនោះមិនត្រាប់ត្រង | ខុសពីបំណងអ្នកប្រាជ្ញចាស់ ។ |
| មានអ្នកតែងកាព្យខ្លះហ៊ានថា | ម្តេចមិនវាចាឱ្យជាក់ច្បាស់ |
| ប្រើជាកិរិយាស័ព្ទខុសណាស់ | គួរផ្លាស់សំដីនេះចោលចេញ ៕ |
Footnotes

កំណាព្យនិពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
វត្តឧណ្ណាលោម, ថ្ងៃទី៩ ខែកញ្ញា ព.ស. ២៥១២ – គ.ស. ១៩៦៨


🔸កំណែចុងក្រោយ Last Updated on August 18, 2025 by Johnny ចន្នី







