រំដេង

ដោយៈ សួង សុខរ៉ូ
រំដេង (ឈ្មោះជាវិទ្យាសាស្ត្រគឺ Alpinia galanga) ជារុក្ខជាតិប្រទាលមួយប្រភេទ មើមមានក្លិនឆួល ហើយដែលគេស្គាល់ជាទូទៅ ដ្បិតគេយកមកប្រើជាគ្រឿងក្នុងម្ហូបអាហារ។ ក្រៅពីប្រើដើម្បីកាត់ក្លិនឆ្អាបនិងបង្កើនរសជាតិក្នុងម្ហូប រុក្ខជាតិនេះនៅមានប្រយោជន៍ក្នុងការប្រើជាឱសថផង។ ឧទាហរណ៍ គេយកមើមរំដេងមកហាន់ឲ្យស្តើងៗហើយហាលឲ្យស្ងួត រួចកិនឲ្យម៉ត់ជាម្សៅសម្រាប់ឆុងជាមួយទឹកក្តៅផឹក ជួយបំបាត់អាការចុកឆ្អល់, ហើមពោះ, ក្អួតចង្អោរ, រាគរូស, ក្អក និងគ្រុនផ្តាសាយបានទៀតផង។ ក្រៅពីនេះ គេអាចយកមើមរំដេងស្រស់បុកត្រាំជាមួយស្រាស ប្រើជាថ្នាំលាបបំបាត់ជំងឺសើស្បែកម្យ៉ាងហៅថា «ភ្លឺ» បានដែរ។
នៅសម័យបុរាណ យើងឃើញមានឈ្មោះរុក្ខជាតិនេះនៅក្នុងសិលាចារិកយ៉ាងហោចណាស់ក៏បីដែរ ហើយដែលបញ្ជាក់ជាស្ថាននាមផង គឺ «ព្រៃរំដេង ឬស្តុករំដេង»។ ឧទាហរណ៍ ៖នៅសម័យបុរាណ យើងឃើញមានឈ្មោះរុក្ខជាតិនេះនៅក្នុងសិលាចារិកយ៉ាងហោចណាស់ក៏បីដែរ ហើយដែលបញ្ជាក់ជាស្ថាននាមផង គឺ «ព្រៃរំដេង ឬស្តុករំដេង»។ ឧទាហរណ៍ ៖
👉សិលាចារិកភ្នំប្រុស (K.430) ៖ ស្លា អាយ៑ វ្រៃ រំតេង៑ (ដើមស្លានៅព្រៃរំដេង)។
👉សិលាចារិកប្រាសាទត្នោតជុំ (K.143) ៖ ភូមិ វ្រៃ រំត្យង៑ (ដីព្រៃរំដេង)។
👉សិលាចារិកគុកត្រពាំងស្រុក (K.91) ៖ ភូមិ ស្តុក រំត្យង៑ (ដីស្តុករំដេង)។
រំដេងងាយដាំដុះណាស់។ គេគ្រាន់តែយកមើមទៅកប់ដីចោលក្នុងជំរៅរាក់ល្មម ដោយពុំចាំបាច់ថែទាំហត់នឿយអ្វីឡើយ ទោះបីក្នុងម្លប់មិនត្រូវថ្ងៃសោះ ក៏រុក្ខជាតិនេះអាចដុះលូតលាស់បានដែរ។ នៅរដូវវស្សា ពេលដែលភ្លៀងធ្លាក់ជោគជាំ រំដេងចាប់ផ្តើមដុះបែកគុម្ពច្រើនសន្ធឹកសន្ធាប់ពាសវាល បើមើលទៅសមតែហៅថាព្រៃរំដេងដូច្នោះមែន (រូបលេខ១)។ រំដេងមានពីរប្រភេទ។ រំដេងដែលគេឯងស្គាល់ទូទៅ ហើយច្រើនដាំដុះនៅតាមផ្ទះសម្បែងជាលក្ខណៈគ្រួសារតិចតួច ឬដាំជាច្បារធំៗសម្រាប់លក់ដូរនៅទីផ្សារ គឺជាប្រភេទ «រំដេងស្រុក» (រូបលេខ២-៣)។ ឯមួយប្រភេទទៀតដែលដុះឯកឯងនៅតាមព្រៃភ្នំជាដើមនោះ ហៅថា «រំដេងព្រៃ» (រូបលេខ៤-៥) ប៉ុន្តែក៏មានអ្នកខ្លះទៀតយករំដេងព្រៃមកដាំនៅតាមភូមិផ្ទះដែរ។ បើយកដើមទាំងពីរមកផ្ទឹមគ្នា ឃើញថារំដេងស្រុកមានដើម, មើម និងស្លឹកធំ ហើយមានក្លិនឆួលហាងជាងរំដេងព្រៃ។ ផ្ទុយទៅវិញ ក្នុងម្ហូបអាហារ គេអាចទាញប្រយោជន៍ពីរំដេងព្រៃបានច្រើនជាងរំដេងស្រុក ហើយអ្នកនៅតំបន់ព្រៃភ្នំខ្លះដូចជាភូមិស្គន់នៅក្បែរជើងភ្នំគូលែនជាដើម តែងនិយមចូលចិត្តប្រើមើមរំដេងព្រៃច្រើនជាងដែរ នៅក្នុងម្ហូប (រូបលេខ៦-៧)។







ក្រៅពីមើមមានក្លិនឈ្ងុយប្រហើរជាងរំដេងស្រុក បណ្តូលស្លឹកខ្ចីៗដែលទើបនឹងលាស់ថ្មី គេអាចដកយកមកស្លជាបន្លែ (ឧ.ស្លម្ជូរកូនត្រី) ឬធ្វើជាអន្លក់ប្រហុកនិងទឹកគ្រឿងបានយ៉ាងឆ្ងាញ់ពិសារផង។ ចំណែកផ្ការំដេងព្រៃ (រូបលេខ៨) ក៏គេអាចយកមកស្រុសឲ្យស្រពាប់ធ្វើជាអន្លក់បានដូចគ្នា (រូបលេខ៩) ឬពុំដូច្នោះទេ គេអាចប្រើជាបន្លែមួយមុខដាច់តែឯងនៅក្នុងសម្លម្ជូរ។ ឯផ្លែខ្ចីៗ (រូបលេខ១០) ក៏ជាបន្លែមួយក្នុងចំណោមបន្លែជាច្រើនទៀតសម្រាប់សម្លកកូរ។ ក្រៅពីនេះក៏មានប្រើសម្រាប់ម្ហូបដទៃទៀតដែរ។ ឧទាហរណ៍ នៅរូបលេខ១១ យើងឃើញមានផ្លែរំដេងខ្ចីនៅលើជ្រុញជាមួយគ្រឿងផ្សេងទៀតដែលគេត្រៀមរៀបចំធ្វើ «ខ្នប់កូនត្រី»។ ចំណែកឯផ្លែទុំក្រហមហើយ ក៏គេពុំដែលទុកចោលឲ្យរុះរោយទទេឥតប្រយោជន៍ដែរ គឺគេអាចបេះយកមកទទួលទានទទេ ឬជាមួយអំបិលបុកម្ទេសជាការកំសាន្តមាត់ទៀតផង (រូបលេខ១២)។






ប្រភពៈ យសោធរ
ផ្សព្វផ្សាយវប្បធម៌ខ្មែរ Khmer Culture
