២២-រឿង អញ្ញត្រភិក្ខុ

Average Rating: No ratings yet


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ដែលបានរៀននូវកម្មដ្ឋាន នៅក្នុងសំណាក់ នៃព្រះពុទ្ធជាម្ចាស់ ហើយបានក្រាបថ្វាយ បង្គំលាព្រះឣង្គ ទៅបំពេញសមណធម៌ នៅក្នុងព្រៃដែលស្ងាត់មួយកន្លែង ។

ភិក្ខុរូបនោះ ទោះបីជាខិតខំបំពេញកម្មដ្ឋាន ដ៏ខ្លាំងក្លា យ៉ាងណាក៏ដោយ ក៏នៅតែមិនបានសម្រេចព្រះឣរហត្តផល ដូចក្តីប្រាថ្នាដែរ ក្រោយមក លោកគិតត្រឡប់មកគាល់ព្រះសាស្តាវិញ ដើម្បីនឹងទូលសុំផ្លាស់កម្មដ្ឋានសាជាថ្មី លុះមកដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់ តែឃើញនូវភ្លើងព្រៃកំពុងឆេះ ក៏បានកំណត់យកភ្លើងនោះ មកធ្វើជាឣារម្មណ៍ ថា “ភ្លើងនេះ ឆេះកំទេចព្រៃបាន យ៉ាងណា, ភ្លើង គឺឣរិយមគ្គញ្ញាណ ក៏ដុតបំផ្លាញ នូវសំយោជនៈ តូចធំបាន យ៉ាងនោះដែរ” ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់បានបញ្ចោញព្រះរស្មីទៅរកភិក្ខុនោះ បីដូចជាទ្រង់ប្រថាប់គង់ នៅត្រង់ទីចំពោះមុខ នៃភិក្ខុរូបនោះ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣប្បមាទរតោ ភិក្ខុ បមាទេ ភយទស្សិ វា
សញ្ញោជនំ ឣណុំ ថូលំ ឌហំ ឣគ្គីវ គច្ឆតិ ។

ប្រែថា👇

☸️ភិក្ខុឣ្នកត្រេកឣរ ក្នុងសេចក្តីមិនប្រមាទ ឬ ឃើញភ័យ ក្នុងសេចក្តីប្រមាទ រមែងដុតចោលនូវសំយោជនៈ ទាំងតូចទាំងធំបាន ដូចភ្លើងឆេះ (រាលនូវកំទេចទាំងតូចទាំងធំ) យ៉ាងដូច្នោះឯង ។


ចំនួនវគ្គ​ក្នុង​គម្ពីរ​ធម្មបទ

គម្ពីរធម្មបទ​ មាន​ទាំង​អស់​ ៤២៣​ បទ​ ការ​រាប់​ជា​បទ​ រាប់​តាម​ចំនួន​គាថា​ គឺ​ គាថា​ ១​ គាថា​ ឬគាថា​ ១​ គាថា​ ជា​មួយ​នឹង​កន្លះ​គាថា​ រាប់​ជា​ ១​ បទ​ ក្នុង​អដ្ឋកថា​ធម្មបទ​ លោក​រួប​រួម​ទុក​ជា​រឿង​ៗ​ មាន​ឈ្មោះ​រឿង​ប្រាកដ​តាម​សភាវធម៌​ ឬ​បុគ្គល​ដែល​ទ្រង់​ប្រារព្ធ​ រឿង​ខ្លះ​មិន​ប្រាកដ​បុគ្គល​ដោយ​ជាក់​ច្បាស់​ លោក​ក៏​ប្រើ​ពាក្យ​ថា​ បុគ្គល​ម្នាក់​ ភិក្ខុ​មួយ​រូប​ រួម​ទាំង​អស់​ ៣០២​ រឿង​ ក្នុង​មួយ​រឿង​ៗ​​ ចាត់​ជា​ពួក​ ជា​ក្រុម​ ហៅ​ថា​​ វគ្គ​ រួម​ជា​ ២៦​ វគ្គ​ វគ្គ​នី​មួយៗ​ មាន​ឈ្មោះ​ប្រាកដ​តាម​អំណាច​ខ្លឹមសារ​នៃ​ធម្មបទ​នោះៗ​ និង​រឿង​នោះៗ​ ពោល​គឺ​ធម្មបទ​ណា​ រឿង​ណា​ ដែល​មាន​សេចក្តី​សម្ពន្ធ​គ្នា​ ទាក់​ទង​គ្នា​ ដូច​គ្នា​ ស្រដៀង​គ្នា​ ឬ​ក៏​ផ្ទុយ​ពី​គ្នា​ លោក​ក៏​ចាត់​ធម្មបទ​នោះៗ​ និង​រឿង​នោះៗ​ ជា​ពួក​ ជា​ក្រុម​ ជា​មួយ​គ្នា​ ឬ​វគ្គ​ជា​មួយ​គ្នា​,​ វគ្គ​នៃ​ធម្មបទ​នោះ​ មាន​ ២៦​ វគ្គ​ គឺ៖

១. យមកវគ្គ មាន​ ១៤​ រឿង​ ២០​ គាថា១៤. ពុទ្ធវគ្គ មាន​ ៩​ រឿង​ ១៦​ គាថា
២. អប្បមាទវគ្គ មាន​ ៩​ រឿង​ ១២​ គាថា១៥. សុខវគ្គ ​ មាន​ ៨​ រឿង​ ១២​ គាថា
៣. ចិត្តវគ្គ មាន​ ៩​ រឿង​ ១១​ គាថា១៦. បិយវគ្គ មាន​ ៩​ រឿង​ ១២​ គាថា
៤. បុប្ផវគ្គ មាន​ ១២​ រឿង​ ១៦​ គាថា១៧. កោធវគ្គ មាន​ ៨​ រឿង​ ១៤​ គាថា
៥. ពាលវគ្គ មាន​ ១៥​ រឿង​ ១៧​ គាថា១៨. មលវគ្គ មាន​ ១២​ រឿង​ ២១​ គាថា
៦. បណ្ឌិតវគ្គ មាន​ ១១​ រឿង​ ១៤ គាថា១៩. ធម្មដ្ឋវគ្គ មាន​ ១០​ រឿង​ ១៧​ គាថា
៧. អរហន្តវគ្គ មាន​ ១០​ រឿង​ ១០​ គាថា២០. មគ្គវគ្គ មាន​ ១២​ រឿង​ ១៦ គាថា
៨. សហស្សវគ្គ មាន​ ១៤​ រឿង​ ១៦​ គាថា២១. បកិណ្ណកវគ្គ មាន​ ៩​ រឿង​ ១៦​ គាថា
៩. បាបវគ្គ មាន​ ១២​ រឿង​ ១៣​ គាថា២២. និរយវគ្គ មាន​ ៩​ រឿង​ ១៤​ គាថា
១០. ទណ្ឌវគ្គ មាន​ ១១​ រឿង​ ១៧​ គាថា២៣. នាគវគ្គ មាន​ ៨​ រឿង​ ១៤​ គាថា
១១. ជរាវគ្គ មាន​ ៩ រឿង​ ១១​ គាថា២៤. តណ្ហាវគ្គ មាន​ ១២​ រឿង​ ២២ គាថា
១២. អត្តវគ្គ មាន​ ១០​ រឿង​ ១២​ គាថា២៥. ភិក្ខុវគ្គ មាន​ ១២​ រឿង​ ២៣ គាថា
១៣. លោកវគ្គ មាន​ ១១​ រឿង​ ១២​ គាថា២៦. ព្រាហ្មណវគ្គ មាន​ ៤០ រឿង​ ៤០​ គាថា
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).