ព្រះបរមសាស្តា ទ្រង់ប្រារឰសេចក្តីស្លាប់របស់ស្ត្រីពីរពួក គឺពួកនាងសាមាវតី ១ ពួកនាងមាគន្ទិយា ១ ។ នាងសាមាវតី និង នាង មាគន្ទិយា ទាំងពីរនាក់នេះ គឺជាមហេសី របស់ព្រះរាជា ទ្រង់ព្រះនាមឧទេន នៅក្នុងក្រុងកោសម្ពី ។
សម័យនោះ ព្រះសាស្តា ទ្រង់គង់ចាំព្រះវស្សានៅ ក្នុងក្រុងកោសម្ពីនោះដែរ ។ ពួកនាងសាមាវតី បានសម្រេចសោតាបត្តិផល, ចំណែកឯ ពួកនាងមាគន្ទិយា មិនបានសម្រេចផលអ្វីទេ ថែមទាំងមិនមានចិត្តជ្រះថ្លា ចំពោះព្រះសាស្តាទៀតផង គិតតែពីរករឿងហេតុប្រទូសរ៉ាយ ចំពោះព្រះសាស្តា និង ព្រះនាងសាមាវតី ដោយប្រការផ្សេងៗ ដូចជាជួលមនុស្ស ឲ្យទៅស្រែកជេរព្រះឣង្គ ប្រើមនុស្សឲ្យទៅលួចដុតប្រាសាទ របស់នាងសាមាវតីជាដើម ។
ពេលនោះ ព្រះនាងសាមាវតី ព្រមទាំងស្រីស្នំ ត្រូវភ្លើងឆេះស្លាប់ ទាំងឣស់គ្នាគ្មានសល់ម្នាក់ឡើយ ។
ព្រះបាទឧទេន ទ្រង់បានជ្រាបហើយ ទើបទ្រង់ស្វះស្វែងរកឧបាយកល ដើម្បីនឹងរកហេតុផល ចាប់ឣ្នកដែលបានដុតប្រាសាទនោះ ឲ្យទាល់តែបាន លុះទ្រង់ជ្រាបច្បាស់ហើយ ទើបទ្រង់ត្រាស់បញ្ជា ប្រើឲ្យពួកឣាមាត្យ ជីកនូវឣន្លុង កប់ក្រុមបក្សពួក របស់នាង មាគន្ទិយា ត្រឹមផ្ចឹត ហើយឲ្យយកភ្លើងដុតទាំងរស់ រួចហើយឲ្យយកនង្គ័លរនាស់ដែក ភ្ជូររាស់ថែមពីលើទៀត ។ សម្រាប់នាងមាគន្ទិយាវិញ ព្រះរាជាទ្រង់ត្រាស់បញ្ជា ឲ្យរាជឣាមាត្យ ឣារសាច់នាងម្តងមួយដុំៗ យកទៅចៀនខ្លាញ់ ឲ្យឆ្អិនហើយ ត្រាស់ឲ្យយកសាច់ចៀននោះ ទៅឲ្យនាងមាគន្ទិយាស៊ី រហូតដល់នាងស្លាប់តែម្តង ។
ភិក្ខុទាំងឡាយ បានប្រជុំ សន្ទនាគ្នាឣំពីរឿងនាងមាគន្ទិយា និង នាងសាមាវតី ដោយប្រការផ្សេងៗ ។
ព្រះសាស្តា ទ្រង់ជ្រាបហើយទ្រង់ត្រាស់នូវព្រះគាថានេះថា ៖
ឣប្បមាទោ ឣមតំ បទំ | បមាទោ មច្ចុនោ បទំ |
ឣប្បមត្តា ន មីយន្តិ | យេ បមត្តា យថា មតា |
ឯតំ វិសេសតោ ញត្វា | ឣប្បមាទម្ហិ បណ្ឌិតា |
ឣប្បមាទេ បមោទន្តិ | ឣរិយានំ គោចរេ រតា |
តេ ឈាយិនោ សាតតិកា | និច្ចំ ទឡ្ហបរក្កមា |
ផុស្សន្តិ ធីរា និព្វានំ | យោគក្ខេមំ ឣនុត្តរំ ។ |
☸️សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់, ជនទាំងឡាយ ដែលមិនប្រមាទហើយ ឈ្មោះថា មិនស្លាប់, ជនទាំងឡាយ ដែលប្រមាទហើយ ទុកដូចជាមនុស្សដែលស្លាប់ទៅហើយ ។ ពួកបណ្ឌិត បានជ្រាបនូវដំណើរនេះ ដោយប្លែកគ្នា (ទើបឋិតនៅ) ក្នុងសេចក្តីមិនប្រមាទ រីករាយ ក្នុងសេចក្តីមិនប្រមាទ, បណ្ឌិតទាំងនោះ ជាឣ្នកត្រេកឣរហើយ ក្នុងធម៌ជាគោចរ នៃព្រះឣរិយបុគ្គលទាំងឡាយ មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្តីប្រឹងប្រែងមាំមួនជានិច្ច ជាឣ្នកមានប្រាជ្ញា តែងប៉ះពាល់នូវព្រះនិព្វាន ជាទីក្សេមក្សាន្តចាកយោគៈ ជាគុណជាត ដ៏ប្រសើរបំផុត ។
ប្រភពៈ វិគីភីឌាខ្មែរ
ធម្មបទ (ធ័ម-មៈ-បត់) (ន.) (បាលី) (Dhammapada) ផ្លូវធម៌, លំអានធម៌ ។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។ គាថាធម្មបទ អាចត្រូវបានរកឃើញនៅក្នុងគម្ពីរសុត្តន្តបិដក សៀវភៅភាគ៥២ ទំព័រទី ២១ ដល់ទំព័រទី ១១២ នៃគម្ពីរព្រះត្រៃបិដករៀបរៀងជាភាសាខ្មែរ ។
ចំនួនវគ្គក្នុងគម្ពីរធម្មបទ
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ គឺ៖
១. យមកវគ្គ មាន ១៤ រឿង ២០ គាថា ១៤. ពុទ្ធវគ្គ មាន ៩ រឿង ១៨ គាថា ២. អប្បមាទវគ្គ មាន ៩ រឿង ១២ គាថា ១៥. សុខវគ្គ មាន ៨ រឿង ១២ គាថា ៣. ចិត្តវគ្គ មាន ៩ រឿង ១១ គាថា ១៦. បិយវគ្គ មាន ៩ រឿង ១២ គាថា ៤. បុប្ផវគ្គ មាន ១២ រឿង ១៦ គាថា ១៧. កោធវគ្គ មាន ៨ រឿង ១៤ គាថា ៥. ពាលវគ្គ មាន ១៥ រឿង ១៦ គាថា ១៨. មលវគ្គ មាន ១២ រឿង ២១ គាថា ៦. បណ្ឌិតវគ្គ មាន ១១ រឿង ១៦ គាថា ១៩. ធម្មដ្ឋវគ្គ មាន ១០ រឿង ១៧ គាថា ៧. អរហន្តវគ្គ មាន ១០ រឿង ១៤ គាថា ២០. មគ្គវគ្គ មាន ១២ រឿង ១៧ គាថា ៨. សហស្សវគ្គ មាន ១៤ រឿង ១០ គាថា ២១. បកិណ្ណកវគ្គ មាន ៩ រឿង ១៦ គាថា ៩. បាបវគ្គ មាន ១២ រឿង ១៦ គាថា ២២. និរយវគ្គ មាន ៩ រឿង ១៤ គាថា ១០. ទណ្ឌវគ្គ មាន ១១ រឿង ១៧ គាថា ២៣. នាគវគ្គ មាន ៨ រឿង ១៤ គាថា ១១. ជរាវគ្គ មាន ៩ រឿង ១១ គាថា ២៤. តណ្ហាវគ្គ មាន ១២ រឿង ២៦ គាថា ១២. អត្តវគ្គ មាន ១០ រឿង ១០ គាថា ២៥. ភិក្ខុវគ្គ មាន ១២ រឿង ២៣ គាថា ១៣. លោកវគ្គ មាន ១១ រឿង ១២ គាថា ២៦. ព្រាហ្មណវគ្គ មាន ៤០ រឿង ៤២ គាថា

🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី