នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸បុគ្គល កុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាសព្រោះប្រយោជន៍របស់អ្នកដទៃ។
ព្រះសាស្តាចារ្យ ទ្រង់បានប្រារឰពួកភិក្ខុកោសម្ពី ។ ពួកភិក្ខុកោសម្ពីទាំងនោះ ជាដំបូង គ្រាន់តែចោទគ្នាពីឣាបត្តិតូចតាចប៉ុណ្ណោះឯង តែដល់ក្រោយៗ មក ក៏កើតមានវិវាទឈ្លោះប្រកែកគ្នា ទៅជារឿងធំដុំខ្លាំងឡើងៗ ទោះបីជាព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់ហាមប្រាម យ៉ាងណាក៏ដោយ ក៏ភិក្ខុទាំងនោះ មិនព្រមធ្វើតាមព្រះឱវាទ របស់ព្រះឣង្គឡើយ ។
កាលបើយ៉ាងនេះហើយ ព្រះពុទ្ធជាម្ចាស់ ទ្រង់ជ្រាបច្បាស់ ក្នុងព្រះទ័យថាៈ ប្រាកដជាមិនបានប្រយោជន៍អ្វីឡើយ ទើបព្រះឣង្គ ទ្រង់ស្តេចយាង ចេញឆ្ងាយពីពួកភិក្ខុកោសម្ពីទាំងនោះ ទៅគង់ចាំព្រះវស្សា នៅក្នុងព្រៃរក្ខិតវ័ន តែមួយព្រះឣង្គឯងគត់ ។
ចំណេរកាលក្រោយមក ពួកពុទ្ធបរិស័ទ បានថ្កោលទោសពួកភិក្ខុទាំងនោះៗ បានដឹងកំហុសរបស់ខ្លួន ក៏បានចូលទៅរកព្រះ ឣានន្ទត្ថេរ ឲ្យលោកជួយសុំខមាទោសចំពោះព្រះពុទ្ធជាម្ចាស់ ហើយទូលសុំ ឲ្យព្រះឣង្គស្តេចយាងត្រឡប់មកវិញ ។
ព្រះសាស្តា ទ្រង់បានទទួលពាក្យ របស់ភិក្ខុកោសម្ពីទាំងនោះហើយ ទើបស្តេចយាងវិលត្រឡប់មកវិញ ទ្រង់ប្រទានព្រះឱវាទដល់ពួកភិក្ខុទាំងនោះ ឲ្យមានសេចក្តីព្រមព្រៀងគ្នា ចេះស្រឡាញ់គ្នា កុំឲ្យមានការឈ្លោះ ទាស់ទែងនឹងគ្នាឯង តទៅទៀត ដោយព្រះធម្មីកថា ទីឃាវុជាតកហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| បរេ ច ន វិជានន្តិ | មយមេត្ថ យមាមសេ |
| យេ ច តត្ថ វិជានន្តិ | តតោ សម្មន្តិ មេធគា ។ |
☸️ពួកជនទាំងឡាយដទៃ (ក្រៅឣំពីបណ្ឌិត) តែងមិនដឹងខ្លួនថា ពួកយើងទាំងឣស់គ្នា នឹងវិនាស ក្នុងកណ្តាលជំនុំនៃពួកនេះ ដូច្នេះឡើយ, ចំណែកឯជនទាំងឡាយណា ក្នុងកណ្តាលជំនុំនៃពួកនេះ ដឹងខ្លួនច្បាស់ថា ពួកយើងទាំងឣស់គ្នា នឹងវិនាស ក្នុងកណ្តាលជំនុំ នៃរឿង ព្រះចុល្លកាល មហាកាលពួកនេះ ដូច្នេះ, ការឈ្លោះប្រកែកគ្នាទាំងឡាយ រមែងរម្ងាប់ឣំពីជនទាំងឡាយនោះ ។
ប្រភពៈ វិគីភីឌាខ្មែរ
ធម្មបទ (ធ័ម-មៈ-បត់) (ន.) (បាលី) (Dhammapada) ផ្លូវធម៌, លំអានធម៌ ។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។ គាថាធម្មបទ អាចត្រូវបានរកឃើញនៅក្នុងគម្ពីរសុត្តន្តបិដក សៀវភៅភាគ៥២ ទំព័រទី ២១ ដល់ទំព័រទី ១១២ នៃគម្ពីរព្រះត្រៃបិដករៀបរៀងជាភាសាខ្មែរ ។


🔸កំណែចុងក្រោយ Last Updated on April 17, 2025 by Johnny ចន្នី

