ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុពីររូប ជាមិត្រសំឡាញ់នឹងគ្នា ។ ភិក្ខុមួយរូបបានរៀនខាងផ្នែកវិបស្សនាធុរៈ ខំបំពេញព្យាយាមយ៉ាងខ្លាំងក្លាបំផុត រហូតដល់បានសម្រេចឣរហត្តផល, ចំណែកភិក្ខុមួយរូបផ្សេងទៀត បានរៀនខាងគន្ធធុរៈ ជាឣ្នកឈ្លាសវាងវៃ ក្នុងព្រះត្រៃបិដក មានកូនសិស្សជាច្រើន ហើយបែរជាមើលងាយ ដល់ភិក្ខុដែលរៀនខាងផ្នែកវិបស្សនាធុរៈ ថា “ជាឣ្នកគ្មានចេះដឹងអ្វីបន្តិចបន្តួចសោះ” ហើយចង់ទៅសាកសួរបញ្ហា ជាមួយនឹងភិក្ខុដែលរៀនវិបស្សនាធុរៈនោះ ។
លុះដល់ថ្ងៃឆ្លើយបញ្ហា ព្រះសាស្តាទ្រង់ស្តេចយាងទៅ ក្នុងទីប្រជុំនោះដែរ ហើយទ្រង់ត្រាស់សួរនូវបញ្ហា ដោយព្រះឣង្គឯងផ្ទាល់ជាមួយនឹងភិក្ខុដែលរៀនគន្ធធុរៈ ។ គន្ធធុរភិក្ខុនោះ ឆ្លើយបញ្ហា របស់ព្រះសាស្តា ពុំបានឡើយ, ចំណែកវិបស្សនាធុរភិក្ខុ ឆ្លើយបញ្ហរបស់ព្រះសាស្តាបានទាំងឣស់ គ្មានទើសទាក់ឡើយ ។ ព្រះឣង្គទ្រង់ប្រទានសាធុការថា សាធុៗ ។
ពួកភិក្ខុជាសិស្ស របស់ភិក្ខុឣ្នករៀនគន្ធធុរៈ បានឮព្រះបរមសាស្តា ប្រទានសាធុការ ដល់ភិក្ខុឣ្នករៀនវិបស្សនាធុរៈ យ៉ាងនេះហើយ ក៏នាំគ្នារិះគន់ព្រះឣង្គ ថា “ចុះហេតុអ្វី បានជាព្រះសាស្តាទ្រង់ប្រទានសាធុការ ដល់ភិក្ខុដែលរៀនវិបស្សនាធុរៈ ជាឣ្នកមិនចេះដឹងអ្វីបន្តិចសោះ យ៉ាងនេះទៅវិញហ្ន៎ ម្តេចក៏មិនទ្រង់ប្រទានដល់ភិក្ខុ ដែលចេះព្រះត្រៃបិដក? ព្រះឣង្គទ្រង់ធ្វើដូច្នេះ មិនត្រឹមត្រូវទាល់តែសោះឡើយ” ។
ព្រះសាស្តា ទ្រង់បានត្រាស់ នូវព្រះគាថានេះ ថា ៖
ពហុម្បិ ចេ សហិតំ ភាសមានោ | ន តក្ករោ ហោតិ នរោ បមត្តោ |
គោបោវ គាវោ គណយំ បរេសំ | ន ភាគវា សាមញ្ញស្ស ហោតិ ។ |
ឣប្បម្បិ ចេ សហិតំ ភាសមានោ | ធម្មស្ស ហោតិ ឣនុធម្មចារី |
រាគញ្ច ទោសញ្ច បហាយ មោហំ | សម្មប្បជានោ សុវិមុត្តចិត្តោ |
ឣនុបាទិយានោ ឥធ វា ហុរំ វា | ស ភាគវា សាមញ្ញស្ស ហោតិ ។ |
☸️បើនរជន ពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីច្រើនយ៉ាងណាក៏ដោយ តែជាឣ្នកប្រមាទ មិនធ្វើតាមពាក្យនោះ រមែងជាឣ្នកមិនមានចំណែកសាមញ្ញផលឡើយ ដូចជាឣ្នករក្សាគោ កាលរាប់គោ ប្រគល់ឲ្យឣ្នកដទៃហើយ (ជាឣ្នកមិនបានបរិភោគនូវបញ្ចគោរស) ដូច្នោះឯង ។
ផ្ទុយទៅវិញ បើនរជន ពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីតែបន្តិចបន្តួច តែជាឣ្នកប្រព្រឹត្តធម៌សមគួរដល់ធម៌ បានលះបង់ចោលនូវរាគៈ ទោសៈ និង មោហៈ ជាឣ្នកដឹងនូវធម៌ ដែលគួរកំណត់តាមហេតុ មានចិត្តដកផុតឣំពីសេចក្តីសៅហ្មង មិនមាន សេចក្តីប្រកាន់មាំ ក្នុងលោកនេះ និង លោកខាងមុខ នរជននោះ រមែងជាឣ្នកបានចំណែកសាមញ្ញផលមែនពិត ។
☸️ចប់ យមកវគ្គ
ប្រភពៈ វិគីភីឌាខ្មែរ
ធម្មបទ (ធ័ម-មៈ-បត់) (ន.) (បាលី) (Dhammapada) ផ្លូវធម៌, លំអានធម៌ ។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។ គាថាធម្មបទ អាចត្រូវបានរកឃើញនៅក្នុងគម្ពីរសុត្តន្តបិដក សៀវភៅភាគ៥២ ទំព័រទី ២១ ដល់ទំព័រទី ១១២ នៃគម្ពីរព្រះត្រៃបិដករៀបរៀងជាភាសាខ្មែរ ។
ចំនួនវគ្គក្នុងគម្ពីរធម្មបទ
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ គឺ៖
១. យមកវគ្គ មាន ១៤ រឿង ២០ គាថា ១៤. ពុទ្ធវគ្គ មាន ៩ រឿង ១៨ គាថា ២. អប្បមាទវគ្គ មាន ៩ រឿង ១២ គាថា ១៥. សុខវគ្គ មាន ៨ រឿង ១២ គាថា ៣. ចិត្តវគ្គ មាន ៩ រឿង ១១ គាថា ១៦. បិយវគ្គ មាន ៩ រឿង ១២ គាថា ៤. បុប្ផវគ្គ មាន ១២ រឿង ១៦ គាថា ១៧. កោធវគ្គ មាន ៨ រឿង ១៤ គាថា ៥. ពាលវគ្គ មាន ១៥ រឿង ១៦ គាថា ១៨. មលវគ្គ មាន ១២ រឿង ២១ គាថា ៦. បណ្ឌិតវគ្គ មាន ១១ រឿង ១៦ គាថា ១៩. ធម្មដ្ឋវគ្គ មាន ១០ រឿង ១៧ គាថា ៧. អរហន្តវគ្គ មាន ១០ រឿង ១៤ គាថា ២០. មគ្គវគ្គ មាន ១២ រឿង ១៧ គាថា ៨. សហស្សវគ្គ មាន ១៤ រឿង ១០ គាថា ២១. បកិណ្ណកវគ្គ មាន ៩ រឿង ១៦ គាថា ៩. បាបវគ្គ មាន ១២ រឿង ១៦ គាថា ២២. និរយវគ្គ មាន ៩ រឿង ១៤ គាថា ១០. ទណ្ឌវគ្គ មាន ១១ រឿង ១៧ គាថា ២៣. នាគវគ្គ មាន ៨ រឿង ១៤ គាថា ១១. ជរាវគ្គ មាន ៩ រឿង ១១ គាថា ២៤. តណ្ហាវគ្គ មាន ១២ រឿង ២៦ គាថា ១២. អត្តវគ្គ មាន ១០ រឿង ១០ គាថា ២៥. ភិក្ខុវគ្គ មាន ១២ រឿង ២៣ គាថា ១៣. លោកវគ្គ មាន ១១ រឿង ១២ គាថា ២៦. ព្រាហ្មណវគ្គ មាន ៤០ រឿង ៤២ គាថា

🔸កំណែចុងក្រោយ Last Updated on April 17, 2025 by Johnny ចន្នី