រូបក្ខន្ធ ២/២៨
– មហាភូតរូប ៤ (បឋវី អាបោ តេជោ វាយោ) បានដល់រូបដែលជាធំ-ប្រាកដច្បាស់
(ឧបាទិន្នានុបាទិន្នសន្ដានេសុ សលក្ខណតោ សសម្ភារតោ ច មហន្តានិ ហុត្វា ភវន្ដិ បាតុភវន្តីតិ មហាភូតានិ = រូបទាំងឡាយណាជាធំនិងប្រាកដច្បាស់ ដោយលក្ខណៈរបស់ខ្លួន និងដោយសណ្ឋានរបស់ខ្លួន ក្នុងសន្ដាននៃវត្ថុមានជីវិតនិងគ្មានជីវិត ព្រោះហេតុនោះ រូបទាំងឡាយនោះ ឈ្មោះថា មហាភូតរូប)
——————————
១. បឋវី (បានបង្ហោះរួចហើ់យ)
២. អាបោធាតុ ឬអាបោរូប ជារូបបរមត្ថដែលដឹងបានដោយចិត្ត មានលក្ខណៈហូរទៅបាន ឬផ្គុំភ្ជាប់ ។
អាបោធាតុមានលក្ខណាទិចតុក្កៈ គឺ
– បគ្ឃរណលក្ខណៈ មានលក្ខណៈហូរទៅបាន (ឬអាពន្ធនលក្ខណៈ មានលក្ខណៈផ្គុំផ្ដុំ)
– ព្យូហនរសា មាន ធ្វើឱ្យរូបដែលកើតរួមចម្រើនជាកិច្ច
– សង្គហបច្ចុប្បដ្ឋានា មានការផ្គុំផ្ដុំរូបដែលកើតរួមឱ្យជាប់គ្នាជាផល
– អវសេសធាតុត្ត្យបទដ្ឋានា មានធាតុ ៣ ដែលនៅសល់ជាហេតុជិត
ធម្មជាតិដែលទ្រទ្រង់ភាវៈយឹតផ្គុំផ្ដុំក្ដី ទ្រទ្រង់ការហូរបានក្ដី ដែលមានក្នុងវត្ថុទាំងឡាយនោះ ហៅថាអាបោធាតុ ។ អាបោធាតុ គឺធាតុទឹកនេះ បើមានច្រើនក្នុងវត្ថុណា រមែងធ្វើបរមាណូក្នុងវត្ថុនោះ ឱ្យទន់រហូតរាវហូរទៅបាន ឬក៏ធ្វើឱ្យវត្ថុនោះៗ ឱ្យផ្គុំភ្ជាប់ជាក្រុមឬជាដុំ, ប្រៀបដូចជ័រស្អិតដែលភ្ជាប់វត្ថុផ្សេងៗ ឱ្យជាប់គ្នាជាដុំមិនឱ្យខ្ចាត់ខ្ចាយយ៉ាងណាមិញ អាបោធាតុក៏អាចយឹតផ្គុំផ្ដុំបរមាណូរបស់ធាតុដទៃឱ្យជាប់គ្នាបានដូច្នោះដែរ ។
កាលណាអាបោធាតុប៉ះនឹងកម្ដៅ បគ្ឃរណលក្ខណៈក៏ប្រាកដ គឺធ្វើឱ្យហូរ, តែបើអាបោធាតុប៉ះនឹងត្រជាក់ អាពន្ធនលក្ខណៈក៏ប្រាកដ គឺធ្វើឱ្យផ្គុំយឹតភ្ជាប់គ្នា ដូចដែកឬក្រមួនជាដើម ។ តាមលោកវោហារ ក្នុងជីវិតប្រចាំថ្ងៃ យើងអាចនិយាយថាទឹកហូរ តែតាមពិត(តាមផ្លូវធម៌)នោះជាការហូររបស់បឋវីធាតុដែលតិច តេជោធាតុ និងវាយោធាតុ ចំណែកអាបោធាតុដើរតួនាទីផ្គុំផ្ដុំឱ្យធាតុទាំង ៣ ឱ្យហូរទៅជាមួយគ្នា ។
អាបោធាតុចែកចេញជា ៤ ប្រភេទគឺ
១. បរមត្ថអាបោ ឬលក្ខណអាបោ បានដល់លក្ខណៈហូរនិងផ្គុំភ្ជាប់ មាននៅក្នុងវត្ថុដែលមានវិញ្ញាណនិងគ្មានវិញ្ញាណ បរមត្ថអាបោនេះមានលក្ខណៈ ២ យ៉ាងគឺ
….. ក) បគ្ឃរណលក្ខណ មានលក្ខណៈហូរបាន
….. ខ) អាពន្ធនលក្ខណ មានលក្ខណៈផ្គុំផ្ដុំ
បរមត្ថអាបោ ជាអាបោធាតុម្យ៉ាង ហៅថាធាតុទឹកនេះ សំដៅយកធាតុទឹកដែលជាបរមត្ថ ដែលមានលក្ខណៈហូរឬផ្គុំផ្ដុំ មិនមែនទឹកផឹកឬទឹកសម្រាប់ប្រើប្រាស់ដែលមើលឃើញទេ ទឹកផឹកឬទឹកប្រើប្រាស់ជាទឹកដោយសន្មត ។ បរមត្ថអាបោ លោកសំដៅយកលក្ខណៈដែលប្រាកដឱ្យដឹងបានតាមផ្លូវចិត្តប៉ុណ្ណោះ មិនអាចឃើញដោយភ្នែក ឬប៉ះពាល់បានដោយកាយបសាទ ដឹងបានតែតាមផ្លូវចិត្ត ។
ធម្មជាតិដែលរក្សាសហជាតរូបឱ្យគង់វង់ មិនឱ្យខ្ចាត់ខ្ចាយ ធម្មជាតិនោះឈ្មោះថា អាបោ ឬ
ធម្មជាតិដែលជ្រួតជ្រាបផ្សាយសព្វទៅក្នុងរូបដែលកើតរួមជាមួយខ្លួន ហើយតាំងនៅជាមួយរូបទាំងអស់នោះ ធម្មជាតិនោះហៅថា អាបោ ។
២. សសម្ភារអាបោ គឺសសម្ភារធាតុផ្សំផ្សេងៗ ប្រជំរួមគ្នាជាចំណែកនៃរាងកាយ មាន ២ ផ្នែក
….. ក) អជ្ឈត្តិកអាបោ បានដល់ធាតុទឹកដែលនៅខាងក្នុង មាន ១២ យ៉ាងគឺ ទឹកប្រមាត់(បិត្តំ) ស្លេស្ម(សេម្ហំ) បុព្វោ……. ទឹកមូត្រ(មុត្តំ) ។
….. ខ) ពាហិរអាបោ គឺធាតុទឹកខាងក្រៅ មានទឹកឬសឈើ ដើមឈើផ្សេងៗ ជាដើម ។
៣. កសិណអាបោ បានដល់ទឹកដែលប្រើជាកសិណសម្រាប់បដិបត្តិសមថកម្មដ្ឋាន ។
៤. សម្មតិអាបោ ឬបកតិអាបោ បានដល់ទឹកដែលសន្មតហៅថាទឹក មានទឹកផឹក ទឹកបឹង ជាដើម ។
ចប់មហាភូតរូបទី ២/រូបក្ខន្ធ(២៨) ដោយសង្ខេបតែប៉ុណ្ណេះ ។
តាអារាមប៊យ
៣០ ឧសភា ២០១៨