រូបក្ខន្ធ ២៨ (មហាភូតរូប ៤ + ឧបាទាយរូប ២៤)
– មហាភូតរូប ៤ (បឋវី អាបោ តេជោ វាយោ) បានដល់រូបដែលធំប្រាកដច្បាស់
(ឧបាទិន្នានុបាទិន្នសន្ដានេសុ សលក្ខណតោ សសម្ភារតោ ច មហន្តានិ ហុត្វា ភវន្ដិ បាតុភវន្តីតិ មហាភូតានិ = រូបទាំងឡាយណាជាធំនិងប្រាកដច្បាស់ ដោយលក្ខណៈរបស់ខ្លួន និងដោយសណ្ឋានរបស់ខ្លួន ក្នុងសន្ដាននៃវត្ថុមានជីវិតនិងគ្មានជីវិត ព្រោះហេតុនោះ រូបទាំងឡាយនោះ ឈ្មោះថា មហាភូតរូប)
————————–
១. បឋវី ជារូបធម៌ ឬរូបធាតុ ១ យ៉ាង ហៅថាធាតុដី មានគុណលក្ខណៈគឺ
– កក្ខឡលក្ខណា មានសភាពរឹងជាលក្ខណៈ
– បតិដ្ឋានរសា មានការទ្រទ្រង់រូបទាំងឡាយទុកជាកិច្ច
– សម្បដិច្ឆនបច្ចុប្បដ្ឋានា មានការទទួលទុកជាផល
– អវសេសធាតុត្ត្យបទដ្ឋានា មានធាតុដែលនៅសល់ជាហេតុជិត
បឋវីធាតុ មានសភាពរឹងជាលក្ខណៈ បើប្រៀបធៀបទៅនឹងមហាភូតរូបដទៃ បឋវីធាតុមានសភាពរឹងជាងធាតុដទៃ ក្នុងវត្ថុណានីមួយ បើមានធាតុដីច្រើនជាងគេ វត្ថុនោះៗនឹងរឹង ឧ. ឈើ ថ្ម ដែក ជាដើម ។ បើមានបឋវីធាតុតិច លក្ខណៈរឹងក៏ប្រាកដតិច ឧ.សំឡី កៅស៊ូ ជាដើម កាលណាប៉ះពាល់នឹងដឹងថាមានលក្ខណៈទន់ ។ ព្រោះហេតុដូច្នេះ ធម្មជាតិណា កាលប៉ះពាល់ត្រូវហើយ មានលក្ខណៈរឹងឬទន់ក៏ដោយ ធម្មជាតិនោះ ចាត់ជាបឋវីធាតុទាំងអស់ ធាតុដទៃៗកាលណាប៉ះពាល់ មិនអាចធ្វើឱ្យកើតការដឹងក្នុងអារម្មណ៍ថារឹងឬទន់បានទេ ។
បឋវីធាតុនេះជាទីអាស្រ័យរបស់រូបផ្សេងៗ ដទៃទៀត ដូចផែនដីជាទីអាស្រ័យរបស់វត្ថុផ្សេងៗ ដែលមានជីវិតនិងគ្មានជីវិត បានសេចក្ដីថា វត្ថុផ្សេងៗដែលនឹងប្រាកដរូបរាងសណ្ឋាន ពណ៌សម្បុរ ព្រមទាំងរូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ ទាំងឡាយនេះ បើប្រាសចាកបឋវីធាតុ ក៏មិនអាចប្រាកដកើតឡើងបានឡើយ (សហជាតរូបានិ បថន្ដិ បតិដ្ឋហន្ដិ ឯត្ថាតិ បឋវី = រូបដែលកើតរួមគ្នាទាំងឡាយ រមែងតាំងនៅក្នុងធម្មជាតិនោះ ហេតុនោះ ធម្មជាតិជាទីតាំងអាស្រ័យរបស់រូបដែលកើតរួមគ្នាទាំងឡាយនោះ ឈ្មោះថា បឋវី) ។
បឋវីធាតុ ឬធាតុដី មាន ៤ យ៉ាងគឺ
១. បរមត្ថបឋវី ឬ លក្ខណបឋវី បានដល់បឋវីធាតុដែលសម្ដែងលក្ខណៈរឹងនិងទន់ឱ្យពិសោធបានដោយការប៉ះពាល់ដោយផ្លូវកាយ មាន ២ លក្ខណៈគឺ
– កក្ខឡលក្ខណ ឬ ខរភាវ មានសភាវលក្ខណៈរឹង
– អថទ្ធលក្ខណ មានសភាវលក្ខណៈទន់
បឋវីធាតុតាមអត្ថន័យនេះ លោកសំដៅយកធម្មជាតិដែលទ្រទ្រង់ទុកនូវសភាវៈរឹងនិងទន់ជាលក្ខណៈតាមការពិត បានជាហៅថា បរមត្ថបឋវី ឬ លក្ខណបឋវី ។
២. សសម្ភារបឋវី បានដល់បឋវីធាតុដែលជាចំណែកប្រកបរបស់ធាតុដីក្នុងវត្ថុមានជីវិតនិងគ្មានជីវិត ដែលសម្ដែងទុកតាមន័យព្រះសូត្រ ហៅម្យ៉ាងទៀតថា សុត្តន្ដបឋវី បែងចែកជា ២ ពួកគឺ
….. ក. អជ្ឈត្តិកបឋវី បានដល់ធាតុដីខាងក្នុង ជាចំណែកប្រកបដែលមានក្នុងរាងកាយរបស់សត្វទាំងឡាយ មាន ២០ យ៉ាងគឺ សក់(កេសា) រោម(លោមា) ក្រចក(នខា) ….។ល។…… អាហារថ្មី(ឧទ្រិយំ) អាហារចាស់(ករីសំ) ខួរក្បាល(មត្ថលុង្គំ) ។
….. ខ. ពាហិរបឋវី បានដល់ធាតុដីខាងក្រៅ ជាធាតុដីដែលនៅខាងក្រៅរាងកាយសត្វឬវត្ថុមានជីវិត ដូចជា ដែក លោហៈ ប្រាក់ មាស ថ្ម ជាដើម ។
៣. កសិណបឋវី ឬ អារម្មណបឋវី បានដល់ដីដែលប្រើជាកសិណសម្រាប់ចម្រើនសមថភាវនា ដោយការកំណត់បឋវីធាតុគឺដីជាអារម្មណ៍របស់កម្មដ្ឋាន ។
៤. សម្មតិបឋវី ឬ បកតិបឋវី បានដល់ធាតុដីដែលសន្មតហៅតាមប្រក្រតីថា ផ្ទៃដី ផែនដី ឬដីដែលសម្រាប់ធ្វើស្រែចម្ការជាដើម ។
សរុប អត្ថន័យធាតុដីទាំង ៤ យ៉ាងនេះ មានន័យផ្សេងគ្នាជា បរមត្ថបឋវី សសម្ភារបឋវី កសិណបឋវី និងសម្មតិបឋវី ដូចបានពោលមកដោយខ្លីនេះ ។
————————–
ចំណុចសំខាន់៖ បឋវីជារូបបរមត្ថក្នុងការចម្រើនវិបស្សនាគឺ “សភាវៈរឹង-ទន់” ដែលដឹងបានដោយកាយសម្ផស្ស(ការប៉ះពាល់)ប៉ុណ្ណោះ ។ យើងអាចនិយាយថា ខ្ញុំឃើញដី តាមលោកវោហារបាន ប៉ុន្ដែបើនិយាយដោយបរមត្ថ សភាវៈរឹង-ទន់ ដែលជាសភាវលក្ខណៈរបស់បឋវី មិនអាចមើលឃើញដោយភ្នែកទេ ដឹងបានតែដោយកាយវិញ្ញាណប៉ុណ្ណោះ បរមត្ថនេះជាសច្ចធម៌ មិនថាជនជាតិណា អ្នកកាន់សាសនាណាប៉ះពាល់ក៏មានអារម្មណ៍ដឹងរឹងទន់ដូចៗគ្នា ដោយមិនបាច់ប្រើសទ្ទបញ្ញតិ្ត(ភាសាហៅ)ឡើយ មុខនាទីរបស់ភ្នែកគឺឃើញវណ្ណរូប(ពណ៌) ដូចខ្ញុំបានបង្ហោះសម្មតិបញ្ញត្តិ-បរមត្ថបញ្ញត្តិក្នុងរោងកុនរួចហើយ អ្វីដែលយើងឃើញលើអេក្រង់(ស្គ្រីន) គឺពណ៌ចម្រុះភ្លឺងងឹត មិនមានមនុស្សឈ្មោះនេះនោះជាតួឯកប្រុស-ស្រី ដើមឈើ ឬក៏ទេសភាពអ្វីទេ មិនថាកាយប៉ះពាល់នឹងអ្វីក៏មានរឹង-ទន់ទាំងអស់ គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ ឧ. ខ្យល់បក់មកប៉ះត្រូវកាយ ក៏មានបឋវីធាតុនេះដែរ ភាសាបច្ចេកទេសតាមធម៌គឺ កាយវិញ្ញាណដឹងផោដ្ឋព្វារម្មណ៍ ។ ខ្ញុំខំសរសេរបង្រួញឱ្យខ្លីបំផុត សង្ឃឹមថានឹងអ្នកសិក្សានឹងយល់រូបបរមត្ថបានខ្លះៗ ជាមិនខាន ។
តាអារាមប៊យ
២៨ ឧសភា ២០១៨