នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸តក់ៗពេញបំពង់។
ព្យញ្ជនៈខ្ជាក់មច្ឆា
បទកាកគតិ
| សម្បតិ្តធម្មជាតិ | សម្បូរព្រោងព្រាត | ជាតិជាមច្ឆា |
| ខ្លះតូចខ្លះធំ | ជុំក្នុងជលសា | សាបប្រៃសីមា |
| បឹងបួរសមុទ្រ ។ | ||
| ខ្លះមានស្រកា | ខ្លះទៀតសោតណា | មានតែស្បែកសុទ្ធ |
| ខ្លះខ្មៅខ្លះស | ខ្លះល្អបំផុត | ខ្លះចេះប្រយុទ្ធ |
| តតាំងច្បាំងគ្នា ។ | ||
| ខ្ញុំសូមរៀបរាប់ | រើសយកមកភ្ជាប់ | ជាប់តួអក្ខរា |
| ចារឆ្លាក់ខ្ជាក់ឈ្មោះ | អស់សព្វមច្ឆា | រស់ក្នុងជលសា |
| សាបក្តីប្រៃក្តី ។ | ||
| ក មានក្រោសក្រាយ | កន្តាំងក្លាំងហាយ | ក្រម៉យក្របី |
| ក្រាញ់ក្រឹមកន្ត្រប | ក្បកកន្ធក្អី | កែសស្លឹកឫស្សី |
| ក្អែកក្អោរកាហែ ។ | ||
| ខ មានខ្ចាខ្ជឹង | ខ្សាច់ខ្សាខ្លាខ្លឹង | ខ្យងបឹងខ្យងស្រែ |
| ខ្មាន់ខ្សានខ្យងដូង | ខ្យងហោងហូរហែ | ខ្យងត្នោតផងដែរ |
| ខ្យងខ្ចៅហោកហ៊ាន ។ | ||
| គ មានគល់រាំង | គល់ព្រេចកាឡាំង | គីគូនគ្រុមគ្រាន |
| គុជជៀគញ្ជាំ | គ្រុមប៉ោកក៏មាន | គ្រែងឈាមឆាចៀន |
| គ្រុមចំពុះទា ។ | ||
| ឃ ឃើញតែឃ្លុំ | ធំធាត់ជាងឃ្មុំ | ពុំមែនមច្ឆា |
| តែសូមលើកយក | មកពិពណ៌នា | បំពេញឃ្លោងឃ្លា |
| តាមការតាក់តែង ។ | ||
| ង មានតែងាវ | តាមការស្រាវជ្រាវ | សព្វគ្រប់កន្លែង |
| ហាក់ដូចងាប់អស់ | គួរឱ្យចំបែង | ងាវនៅម្នាក់ឯង |
| អត់ញាតិសាច់សា ។ | ||
| ច មានចង្កែង | ចង្វាខ្លីវែង | មូលឆ្នូតក្រឡា |
| ស្រកាពង្រូល | លិញក្អែកត្រោសផ្កា | កំភ្លងកំភ្លា |
| ចាបចេកទុំពណ៌ ។ | ||
| ឆ មានឆ្លូញស្លាត | ឆ្លាមឆ្លាំងពុកមាត់ | ឆ្កោកឆ្ពិនព្រុយស |
| ឆ្ពិនមូលឆ្ពិនប្រាក់ | ឆ្មាឆ្មាំងខ្មៅស | ឆ្លូញក្រហមពណ៌ |
| ឆ្តោឆ្លុកឆ្លូញឆ្លាត ។ | ||
| ជ ជញ្ជក់ដៃ | ជញ្ជូនបាយប្តី | ជន្លូញជន្លាត |
| ជន្ទាសភ្លុកតូច | ជន្លូញមាន់ស្អាត | ជន្លូនច្រើនទៀត |
| ជ្រូកជ្រក់ស្ងោរចៀន ។ | ||
| ឈ មានឈ្វាតហ្វូង | ឈ្វាតសឈ្វាតដូង | ឈ្វាតពណ៌ក៏មាន |
| ក្រហមប្រផេះ | ទឹកមាសប្រាក់លាន | កន្ទុយមិនខ្វៀន |
| ឈ្វាតស្មើកន្ទុយ ។ | ||
| ញ មិនឃើញសោះ | ឬមិនទាន់ញាស់ | ព្រោះគ្មានតំរុយ |
| ប្រឹងប្រែងរកដែរ | តែដូចជាខុយ | រកមួយធ្វើនុយ |
| តពូជមិនបាន ។ | ||
| ដ មានដងដាវ | ដងខ្លួនស្រួចស្រាវ | ដូចដាវចំណាន |
| ដំរីដងខ្ទែង | ខ្លួនវែងហំហាន | ដៀបដាវដួលចាន |
| ដំឡូងដូងត្រាវ ។ | ||
| ឋ ឋិតឋានឆ្ងាយ | ហួសហានិយាយ | ស្តីថាមិនត្រូវ |
| ទុកដូចស្មើអត់ | ទុកដូចស្មើអត់ | ថ្ងៃក្រោយមានផ្លូវ |
| ប៉ះប៉ូវបន្ត ។ | ||
| ឌ ក៏ដូចគ្នា | សួរសព្វមីងមា | ដូនតាថាក្រ |
| មិនធ្លាប់មានទេ | រាប់រយតំណ | ចង់ អាំង ខ ស្ល |
| ក៏រកមិនបាន ។ | ||
| ឍ ធំតែឈ្មោះ | មិនមាននៅរស់ | សាបព្រោះសន្តាន |
| សូន្យឈឹងទាំងអស់ | សព្វជ្រោះជលឋាន | រកមួយមិនបាន |
| តពូជពង្សឡើយ ។ | ||
| ណ ក្រក្រីណាស់ | មិនដែលប្រទះ | ជួបជួនមួយឡើយ |
| ប្រហែលជាស្លាប់ | ឬស្លអស់ហើយ | មិនដែលឮឡើយ |
| ថាមានឈ្មោះអ្វី ។ | ||
| ត មានតាអោន | តាពកតាប្រោន | តានេលទ្រេលដី |
| ត្រសក់ត្រសេក | ត្រចៀកដំរី | ត្រសេះខ្លួនខ្លី |
| ត្រសងឆ្លេឆ្លា ។ | ||
| ថ ថាមិនត្រូវ | សួរសព្វម៉ែឪ | មីងមាយាយតា |
| មានតែថ្លាន់ថ្លែន | លោកថ្លែងដោះសារ | មិនមែនមច្ឆា |
| ថាសោះតែខាន ។ | ||
| ទ មានទក់រ៉ស់ | ទន់ជ័យល្អស្រស់ | ទ្រនេសប្រេះចាន |
| ទ្រនេលទាស់ភ្លុក | ងៀតទុកយូរបាន | ស្រេចញាតិសន្តាន |
| លៃលកកែច្នៃ ។ | ||
| ធ ធ្លាប់ធូរធារ | ធនធានហូរហៀរ | ធំធាត់ពេកក្រៃ |
| ឥឡូវក្រីក្រ | ផុតពូជក្សិណក្ស័យ | វិនាសខ្ចាត់ខ្ចាយ |
| គ្មានសល់មួយសោះ ។ | ||
| ន ក៏ដូចគ្នា | មិនមានពូជធារ | សេសសល់ចន្លោះ |
| នឹកគួរអាណិត | គិតគួរស្រណោះ | វិនាសសូន្យអស់ |
| ស្រណោះកន្លង ។ | ||
| ប មានបបែល | បាឡែនក្រាស់ក្រែល | បង្គាបង្កង |
| ប្រាប៉ាសេអ៊ី | ប្រម៉ាប្រម៉ង | បន្ទាសភ្លុកផង |
| ប៉េកាក្របី ។ | ||
| ផ មានផ្ទក់រ៉ស់ | ផ្ទោងផ្ទាត់ផសៗ | ព្រោះខ្លួនមិនខ្លី |
| ផ្សោតសាបសមុទ្រ | ពូជពិតក្រក្រី | ផ្កាចាត្រាបី |
| ផ្កាគស្ងោរឆា ។ | ||
| ព មានព្រលូង | ព្រួលព្រូសដំឡូង | ពោព្រុយសង្ហា |
| ពុកមាត់ក្របី | ពោពុកមាត់ឆ្មា | ពោព្រាចក្រឡា |
| ពោពងពេញពោះ ។ | ||
| ភ មានតែភេ | មិនចំតួទេ | រាប់យកតែឈ្មោះ |
| មានត្រីកំភ្លាញ | កំភ្លងរូបស្រស់ | ស្រង់យកចោះៗ |
| បំពេញឃ្លោងឃ្លា ។ | ||
| ម មានមឹកមាស | មឹកស្នូកសន្ទះ | មឹកបំពង់សា |
| មឹកដៃពីងពាង | មឹកបារីឆ្មា | ក្រម៉យក្រម៉ា |
| ម្រេចប្រៃមករ ។ | ||
| យ មានតែយក្ស | យកមកបញ្ជាក់ | លោកអ្នកយ៉ៗ |
| សូមជួយយឹតយោង | ប្រឹងរកបន្ត | យ យ៉ាប់ក្រីក្រ |
| យូរយារពេកណាស់ ។ | ||
| រ មានរាំងរាជ | រ៉ស់រនូតស្នាច | រាហ៊ូរមាស |
| រៀលតុបអង្កាម | រត់តាមរមាស | រាហ៊ូសម្ភាសន៍ |
| សួរនាំរឿងរ៉ាវ ។ | ||
| ល មានលាសលេញ | ល្អោនរត់ប្រដេញ | លលកសស្ងាវ |
| លាសលាក់ដុំសាច់ | ខ្លាចល្អោនឆាឆៅ | លេញខំអំពាវ |
| លលកបោកខ្ទាត់ ។ | ||
| វ វិនាសអស់ | មិនមានសល់សោះ | ព្រោះតែវិវាទ |
| វង្វេងនឹងឈ្លោះ | ទាស់ទែងសាច់ញាតិ | វឹកវរវ័ណ្ឌស្នៀត |
| ខ្ទាត់ពូជខ្ចាត់ខ្ចាយ ។ | ||
| ស មានស្ទក់ស | សេះសមុទ្រល្អ | ស្មុកសេះសណ្តាយ |
| ស្រកាក្តាមស | សង្កត់ប្រាក់រាយ | សេកស្លឹកកាឆាយ |
| ឫស្សីស្លឹកស្លា ។ | ||
| ហ មានហ្វីឡាប់ | រាប់ឱ្យពេញស័ព្ទ | គឺហ្វីឡាប់យ៉ា |
| ខ្លាំងហាយកាហែ | កែច្នៃស្ងោរឆា | អាងចៀនក្តីណា |
| តាមការបេតី ។ | ||
| ឡ មានឡហាន | សួរសព្វសន្តាន | ក្មេងចាស់ប្រុសស្រី |
| មិនមានចម្លើយ | ឆ្លើយរាយសេចក្តី | រៀបរាប់ឈ្មោះត្រី |
| ណាមួយឱ្យចំ ។ | ||
| អ មានអណ្តែង | អន្ទង់ខ្លីវែង | ខ្មៅសក្រហម |
| អណ្តាតនាគ-ឆ្កែ | អោបទូកទុំក្អម | អាចម៍កុកអន្ទាំ |
| អង្រែវែងខ្លី ។ | ||
| រៀបរាប់មច្ឆា | រាយតាមអក្ខរា | ចារជូនខ្លីៗ |
| បើមានខុសឆ្គង | សូមទានប្រណី | សូមចប់សេចក្តី |
| ប៉ុណ្ណេះឯងហោង ៕ |

និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តខេមររតនារាម, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី






