នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸កម្មតែងចែកសត្វទាំងឡាយ ឲ្យថោកទាបនឹងថ្លៃថ្លា។
ព្យញ្ជនៈខ្ជាក់បក្សាបក្សី
បទកាកគតិ
| សម្បតិ្តធម្មជាតិ | សម្បូរព្រោងព្រាត | ជាតិជាបក្សា |
| បក្សីតូចធំ | ជុំសព្វទិសា | ព្រៃស្រុកសីមា |
| ច្រើនហួសហាស្តី ។ | ||
| ខ្លះរស់ក្នុងស្រុក | ខ្លះទៀតឃើញមុខ | នៅតែឯព្រៃ |
| ខ្លះមានសំបុក | ទុំជ្រកអាស្រ័យ | ខ្លះរស់ផ្ទាល់ដី |
| តាមនិស្ស័យខ្លួន ។ | ||
| ខ្លះមានរូងរន្ធ។ | ការពារអាសន្ន | បានយ៉ាងមាំមួន |
| ពេលមានសត្រូវ | ប៉ងបៀតបៀនខ្លួន | រត់រកជ្រកពួន |
| រួចខ្លួនគ្រប់គ្រា ។ | ||
| ខ្ញុំសូមរៀបរាប់ | រើសរកមកភ្ជាប់ | ជាប់តួអក្ខរា |
| ចារឆ្លាក់ខ្ជាក់ឈ្មោះ | អស់សព្វបក្សា | បក្សី(1)ផងណា |
| ចារជាលំដាប់ ។ | ||
| ក មានកេងកង | កុកក្រកកុកគ្រោង | កុកសកុកសាប់ |
| ក្រសាក្រៀលក្រួច | ក្អែកកាចាតចាប់ | កង្កួច កដប |
| កំផ្លុកក្ងោកក្ង ។ | ||
| ខ មានខ្ទប់ដី | ខ្មៅសស្រុកព្រៃ | ខ្ទប់ដីលឿងពណ៌ |
| ខ្វែកត្រោកតូចធំ | ខ្វែកអុច-ក-ស | ខ្លែងឆាបលឿងល្អ |
| ខ្លែងស្រាកខ្លែងខ្មោច ។ | ||
| គ មានគូកសត្វ | យំយាមមិនស្ងាត់ | គួរឱ្យអាណោច |
| គ្រលីងគ្រលោង | យំឮក្រលួច | គ្រលែងវែកហួច |
| គ្រលួចជាប់ចិត្ត ។ | ||
| ឃ ឃើញតែឃ្មុំ | ស្រុកព្រៃជ្រោះភ្នំ | ធំតូចតាមផ្លិត |
| មានទឹកឈ្ងុយឆ្ងាញ់ | ផ្អែមស្អិតជាប់ចិត្ត | មួយទៀតក្រពិត |
| ពោលគឺសត្វឃ្លុំ ។ | ||
| ង មានងាវកក | ស្រដៀងកុកក្រក់ | ស្លក-ក-ដូចត្រុំ |
| ចូលចិត្តព្រៃស្រោង | ជ្រលងជ្រោះភ្នំ | ដល់ពេលស្រែកយំ |
| យំហៅខ្លួនឯង ។ | ||
| ច មានចចាត | ចេកទុំសំស្អាត | ចេកខ្ចីខ្លីវែង |
| ចាបពូកចាបចៀប | ចាបក្រចគ្រឹកគ្រេង | ចាបដង្កូវក្មេង |
| ចាបលេងកំប៉ោយ ។ | ||
| ឆ ដូចជាឆោត | ឆ្លេឆ្លារហូត | ស្រូតស្រែកដង្ហោយ |
| ដង្ហៅឆ្វេងស្តាំ | មិនចាំមុខក្រោយ | ឥឡូវថ្លោះធ្លោយ |
| រុះរោយបាត់អស់ ។ | ||
| ជ មានជើងទៀន | ជើងទោក៏មាន | ជើងទៀនជើងស្រស់ |
| ច្រើននៅសមុទ្រ | ច្រើនផុតតាមកោះ | ជ្រឹងធំជ្រឹងកោះ |
| ជ្រឹងអង្កាមស្រែ ។ | ||
| ឈ ឈាមស្ងៀមឈឹង | មិនមានដំណឹង | ដឹងឈ្មោះអ្វីទេ |
| ឈឺឬមួយជា | ឈានឈប់ឈរក្បែរ | ឬឈ្មួញថៅកែ |
| លួចលក់អស់ហើយ ។ | ||
| ញ មិនមានសោះ | ឬមិនទាន់ញាស់ | ឬស្លាប់អស់ហើយ |
| សួរសព្វញាតិសា | ប្រាថ្នាចម្លើយ | គ្មាននរណាឆ្លើយ |
| ឱ្យបានដឹងដាន ។ | ||
| ដ មានដូនតា | ដល់ខែវស្សា | ដេរដាសពេញឋាន |
| ពិសេសខែភ្ជុំ | យំរកសន្តាន | សាច់សាព្រៀងលាន |
| ដូចឃ្លានអាហារ ។ | ||
| ឋ ឋិតឋានឆ្ងាយ | ហួសហាបរិយាយ | រាយរាប់ប្រាប់ថា |
| មានឬមិនាមាន | ព្រោះគ្មានសញ្ញា | សូមសព្វញាតិសា |
| មេត្តាជួយផង ។ | ||
| ឌ ដូចតែគ្នា | សួរសព្វមីងមា | ញាតិមិត្តប្អូនបង |
| គ្មាននរណាមួយ | ដឹងត្រួយដើមដង | យកមកចងក្រង |
| ចងទុកជាក្រាំង ។ | ||
| ឍ មានឍាមរា | ហង្សជាតិបក្សា | មហាក្លាខ្លាំង |
| ជាស្តេចបក្សី | គ្មានអ្វីប្រឆាំង | ឬហ៊ានតតាំង |
| ទប់ទល់តប់ត ។ | ||
| ណ មានណូរី | បក្សីសោភី | រូបស្រស់បវរ |
| ស្រដៀងសេកសោម | រូបឆោមលោមពណ៌ | ក្រហមស្រស់ល្អ |
| ឆ្លុះពណ៌ស្រទំ ។ | ||
| ត មានតាវ៉ៅ | ត្មាតភ្លើងត្មាតខ្មៅ | ត្រដក់ថ្នក់ធំ |
| ត្រុំត្រដេវិច | ត្រយងស្រែកយំ | ត្រចៀកកាំត្លុម |
| ត្រសេះត្រុំត្វា ។ | ||
| ថ ថាមិនត្រូវ | សាកសួរម៉ែឳ | មីងមាយាយតា |
| មានតែថ្លាន់ថ្លែន | លោកថ្លែងដោះសារ | មិនមែនបក្សា |
| ថាសោះតែខាន ។ | ||
| ទ មានទទា | ទីទុយទុងទា | ទោមទៀវតិរច្ឆាន |
| ទាទឹកទាគោក | ស្រុកព្រៃក៏មាន | ទុកទ្រូរំខាន |
| យំគ្មានទំនេរ ។ | ||
| ធ ធីបទុកសិន | រងចាំសុបិន | ឬស៊ើបសួរគេ |
| បើមានចម្លើយ | ឆ្លើយឆ្លងហូរហែ | ខ្ញុំនឹងរិះរេ |
| ចារជូនជាថ្មី ។ | ||
| ន មានរនាល | រាងស្ទើរជាងក្រៀល | ក-ជើងមិនខ្លី |
| ចូលចិត្តមច្ឆា | មានចង្វាត្រី | ចឹកជាចំណី |
| ចិញ្ចឹមអាត្មា ។ | ||
| ប មានបគូ | ប៉ោលតោកយំយូរ | ប្រមង់សង្ហា |
| ប្រវឹកប្រវែក | មិនស្រែកឡូឡា | ប្រចៀវមុខស្វា |
| យាត្រាពេលយប់ ។ | ||
| ផ ដូចផិតផើយ | មិនមានឃើញឡើយ | ឬនៅក្រៅភព |
| ឬភឿនផឹកស៊ី | ផុងផុតទំនប់ | ស៊ីផឹកមិនឈប់ |
| ស៊ីផុតពូជអស់ ។ | ||
| ព មានពពេច | ពពូលបូលព្រិច | ព្រាបយំស្រណោះ |
| ពភ្លាក់ភ្លីភ្លើ | មិនមើល៍អីសោះ | ពពុះទឹកទាស់ |
| យំខ្សោះទឹកភ្នែក ។ | ||
| ភ មានភូវាំង | ភពភូមិទីតាំង | ដឹងដោយសម្រែក |
| ស្រែកគួរឱ្យខ្លាច | កំណាចកាចប្លែក | ភមរាយំយែក |
| ស្រែកប្រាប់ភរិន្ទ ។ | ||
| ម មានមាន់ស្រុក | មាន់ព្រៃគរគោក | មានទឹកមុមធិន(2) |
| មាន់ទោរមាន់ទោម | មៀមមុមធុំក្លិន | មុខមាំឆ្អៅឆ្អិន |
| មើលចំចង់ខ្លាច ។ | ||
| យ យក្ខយឹត(3)អស់ | យឹតមិនស្រណោះ | យឹតព្រោះអំណាច |
| យឹតមិនរើសមុខ | យឹតមិនកោតខ្លាច | យឹតដល់តែដាច់ |
| ផុតពូជពង្សអស់ ។ | ||
| រ មានរំពេ | ស្ទឹងបឹងទន្លេ | សមុទ្រត្រើយកោះ |
| មានច្រើនអនេក | ត្រារាប់មិនអស់ | រនាលស៊ីរ៉ស |
| រៃយំសោកា ។ | ||
| ល មានលលក | បាយខ្មោចទ្រាំងគូក | ល្វាចេកបែកសារ |
| ប៉ប៉ាច់ប៉ប៉ោច | ខូចខាតសាច់ការ | ល្អូតតូចធំថា |
| ពួកអាអេចអូច ។ | ||
| វ វីវរហើយ | មិនមានឃើញឡើយ | តាមត្រើយធំតូច |
| ដូចជាវិនាស | និរាសផុតពូជ | ឬមានអ្នកខូច |
| លបលួចលក់អស់ ។ | ||
| ស មានសេកសោម | សារិកាកែវឆោម | ស្ទាំងស្លាបឆាបហោះ |
| សេកសោមបណ្ឌិត | គិតមិនទើសទាស់ | សារិកាកែវស្រស់ |
| ឈ្មោះគួរស្រឡាញ់ ។ | ||
| ហ មានសត្វហង្ស | កេរ្តិ៍ឈ្មោះផូរផង | ហង្សគួរស្រឡាញ់ |
| ហង្សលឿងខៀវស | ហង្សប្រាក់ទាក់ខ្លាញ់(4) | ហង្សមាសកណ្តាញ់ |
| ហង្សលើករាសី ។ | ||
| ឡ មានឳឡ | ស្រែកឮឡើងខ្ទ័រ | ញ័រអស់ស្មារតី |
| ស្រែកទៅទិសណា | ទិសនោះភិតភ័យ | កើតគ្រោះអប្រិយ |
| ចង្រៃអន្តរាយ ។ | ||
| អ មានឥន្ទ្រី | អាអូតឈ្មោលញី | អកអន្ទេបបាយ |
| អន្ទេបខ្មៅស | ប្រផេះកន្ត្រៃ | អកចាំប្រឡាយ |
| ចាំចឹកចំណី ។ | ||
| រៀបរាប់បក្សា | រាយតាមអក្ខរា | ចារជូនខ្លីៗ |
| បើមានខុសឆ្គង | សូមទានប្រណី | សូមចប់សេចក្តី |
| ប៉ុណ្ណេះឯងហោង ៕ |
- ១- សូមបញ្ជាក់ថាៈ ឈ្មោះសត្វដែលមាននៅក្នុងអត្ថបទកំណាព្យនេះ មិនមែនសុទ្ធតែបក្សាបក្សីទាំងអស់នោះទេ, សូមមេត្តាអភ័យទោសផង! ↩︎
- ២- មុមធិន គ្រលាស់ថា មិនធំ ↩︎
- ៣- យឹត មានន័យថា ស៊ីមិនគិត ឬ បំផ្លាញមិនគិត ↩︎
- ៤- ទាក់ខ្លាញ់ មានន័យថា ទាក់លាភ ↩︎

និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តខេមររតនារាម, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី







