នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸រនាបបាក់យករនាបជួស សំដីជ្រុលជ្រួសជួសមិនបានឡើយ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ
បទពាក្យប្រាំពីរ
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ក | ព្រួយខ្លាចកូនល្អ កែកកិច្ចការ |
| កែកគោត្តត្រកូលកែកមេបា | កែកកោងឫស្យាកែកក្រឹត្យក្រម ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ខ | ព្រួយខ្លាចកូនល្អ ខ្វះខិតខំ |
| ខ្វះខាតខ្វាយខ្វល់ផលមិនសម | ខ្វះខ្វែងស្តុកស្តម្ភនាំទុក្ខា ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ គ | ព្រួយខ្លាចកូនល្អ គេចគិតការ |
| គេចគុណគួរគាប់គុណមេបា | គេចគុណអាចារ្យគុណរៀមច្បង ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ឃ | ព្រួយខ្លាចកូនល្អ ឃ្លាតគន្លង |
| ឃ្លាតឃ្លៀងឃ្លោងឃ្លាឃ្លាតប្អូនបង | ឃ្លាតឃ្លាញាតិផងឃ្លោងឃ្លាតផ្លូវ ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ង | ព្រួយខ្លាចកូនល្អ ងរង៉ូវ |
| ងងើយងើបងើមិនមើល៍ឳ | ងងាកខុសផ្លូវទៅងាប់ងាយ ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ច | ព្រួយខ្លាចកូនល្អ ចាយខ្ជះខ្ជាយ |
| ចាយវាយតាមចិត្តមិនគិតឆ្ងាយ | ចាយចូលអន្តរាយចាយចែវខ្ទង់ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ឆ | ព្រួយខ្លាចកូនល្អ ឆោតឆៅល្ងង់ |
| ឆោតឆៅល្ងីល្ងើភ្លីភ្លើផង | ឆោតឆៅសៅហ្មងឆ្គងឆ្គាំទៀត ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ជ | ព្រួយខ្លាចកូនល្អ ជិះជាន់ជាតិ |
| ជិះជាន់សាសនាជិះជាន់ញាតិ | ជិះជាន់ប្លន់ជាតិកំណើតខ្លួន ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ឈ | ព្រួយខ្លាចកូនល្អ ឈ្លើយឈ្លោះក្បួន |
| ឈ្លើយឈ្លោះឈ្លានពានហ៊ានគុំគួន | ឈ្លើយឈ្លោះឈ្លក់ខ្លួនឈ្លេមឥតន័យ ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ញ | ព្រួយខ្លាចកូនល្អ ញៀនស្រាស្រី |
| ញៀនល្បែងពាលាមិនគប្បី | ញៀនល្បែងស្រាស្រីក្តីវិនាស ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ដ | ព្រួយខ្លាចកូនល្អ ដើរផ្តេសផ្តាស |
| ដើរដេកផឹកស៊ីដួលចោលផ្ទះ | ដើរដាច់កេរ្តិ៍ខ្មាសប៉ះដើមដាន ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ឋ | ព្រួយខ្លាចកូនល្អ ឋិតឆ្ងាយឋាន |
| ឋិតឆ្ងាយទានសីលឆ្ងាយនិព្វាន | ឋិតឆ្ងាយកល្យាណឆ្ងាយសួគ៌ា ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ឌ | ព្រួយខ្លាចកូនល្អ ឌឺដងគ្នា |
| ឌឺដងឌុកដាន់ជាន់ដានមារ | ឌឺដងដុះពៀរពេញចង្រៃ ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ឍ | ព្រួយខ្លាចកូនល្អ ធូរធារដៃ |
| ធូរធារថែមថយធនធានក្ស័យ | ធូរធារអត់ន័យក្លាយធូរថោក ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ណ | ព្រួយខ្លាច កូនល្អ ណាយនឹងស្លោក |
| ណាយនឹងណែនាំពាក្យពេចន៍លោក | ណាយហ្នឹងនាំថោកទាបអាត្មា ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ត | ព្រួយខ្លាចកូនល្អ តុះតុញសារ |
| តុះតុញគំនិតគិតកិច្ចការ | តុះតុញប្រាជ្ញាការរាក់ជ្រៅ ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ថ | ព្រួយខ្លាច កូនល្អ ថ្លាថ្លែងទៅ |
| ថ្លាថ្លែងថ្លោះធ្លោយថ្លឹងមិនត្រូវ | ថ្លាថ្លែងធ្លាក់ផ្លូវទៅលែងថ្លា ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ទ | ព្រួយខ្លាច កូនល្អ ទាស់ទែងគ្នា |
| ទាស់ទែងទាក់ទងពង្សញាតិសា | ទាស់គ្នាជាទោសទៅអបាយ ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ធ | ព្រួយខ្លាច កូនល្អ ធ្លោយធ្លាក់កាយ |
| ធ្លោយធ្លាក់គំនិតគិតមិនឆ្ងាយ | ធ្លោយធ្លាក់អន្តរាយធ្លាយធូរធារ ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ន | ព្រួយខ្លាច កូនល្អ និន្ទាគ្នា |
| និន្ទាឈ្នានីសនាំមានពៀរ | និន្ទាជាទោសបន្សាបគុណ ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ប | ព្រួយខ្លាច កូនល្អ បោះបង់បុណ្យ |
| បោះបង់បណ្តាំបំពានគុណ | បោះបង់នេះធ្ងន់ពន់ពេកណាស់ ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ផ | ព្រួយខ្លាច កូនល្អ ផឹកផិតផ្ទះ |
| ផឹកផិតភូតភរអាក្រក់ណាស់ | ផឹកផិតផ្តេសផ្តាស់ប៉ះផ្តឹងផ្តល់ ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព | ព្រួយខ្លាចកូនល្អ ពោលប៉ះពាល់ |
| ពោលពាក្យមិនពិតពាំអំពល់ | ពោលពាក្យពិសពុលពារពូជពង្ស ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ភ | ព្រួយខ្លាច កូនល្អ ភរប្អូនបង |
| ភរភូតមិនពិតផុតផូរផង់ | ភរភូតច្រើនលង់ផុងអាត្មា ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ម | ព្រួយខ្លាច កូនល្អ មិនមេត្តា |
| មិនមានមិត្តភ័ក្តិស្ម័គ្ររក្សា | មិនមានមីងមាណារាប់រក ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ យ | ព្រួយខ្លាច កូនល្អ យាយីលោក |
| យាយីយុកយាក់ធ្លាក់ធ្លុងថោក | យាយីយឺតយោកលោកហៅយ៉ាប់ ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ រ | ព្រួយខ្លាច កូនល្អ រស់រុលច្បាប់ |
| រស់រុំរឿងរ៉ាវហួសរ៉ាយរ៉ាប់ | រស់រៀនគ្មានច្បាប់ជាប់ទារុណ្ឌ ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ល | ព្រួយខ្លាច កូនល្អ លង់លោភលន់ |
| លង់លក់លួចលាក់រលាកគុណ | លង់លក់លូកលាន់ជួនលិចលង់ ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ វ | ព្រួយខ្លាចកូនល្អ វង្វេងវង្ស |
| វង្វេងវត្តវ៉ាធម៌អារ្យផង | វង្វេងគន្លងប្លង់វឌ្ឍនា ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ស | ព្រួយខ្លាច កូនល្អ សូន្យឧស្សាហ៍ |
| សូន្យសោះរៀនសូត្រស្រូតសិក្សា | សូន្យសព្វសញ្ញាសូន្យសុខសាន្ត ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ហ | ព្រួយខ្លាច កូនល្អ ហៀរហួសប្រាណ |
| ហៀរហូរហឺហាហាច់ហំហាន | ហៀរហួសប្រមាណហូរហួតអស់ ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ឡ | ព្រួយខ្លាច កូនល្អ ឡូយឡេះឡោះ |
| ឡូយឆាយឡេមឡឺមមិនសមសោះ | ឡូយថូយឡេះឡោះមិនល្អឡើយ ។ |
| ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ អ | ព្រួយខ្លាច កូនល្អ អួតអត់ត្រើយ |
| អួតអាងអេចអូចមិនល្អឡើយ | អួតអាងនោះហើយនាំអំពល ។ |
| ពាក្យម្តាយរាយតាមតួអក្ខរា | បញ្ជាក់ប្រាប់ថាលោកខ្វាយខ្វល់ |
| គិតគូរកូនចៅមិនមានសល់ | លោកសែនអំពល់គ្រប់វេលា ។ |
| ច្នេះហើយសូមអស់កូនប្រុសស្រី | គប្បីគិតគូរគុណគាប់ជា |
| គឺគុណព្រះព្រហ្មជុំគេហា | នឹងបានសុខាប្រាកដហោង ៕ |

និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តចាក់អង្រែក្រោម, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី







