ប្រុសដើមទ្រូងប្រាំហត្ថ

សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។

🔸រនាបបាក់យករនាបជួស សំដីជ្រុលជ្រួសជួសមិនបានឡើយ។


ប្រុសដើមទ្រូងប្រាំហត្ថ

ដោយ សួស៊ីយ៉ុន សុភារិទ្ធ

ក្នុងភាសាខ្មែរមានពាក្យនិយាយថា “ប្រុសដើមទ្រូងប្រាំហត្ថ”។ ថ្វីបើគេតែងនិយាយញឹកញាប់ក៏ដោយ ក៏នៅមានមនុស្សច្រើនដែលពុំយល់ន័យដើមថាពាក្យនេះចេញពីណាមក ជាពិសេសបើពោលពីក្មេងជំនាន់ក្រោយ។

ប្រវែងប្រាំហត្ថ ដែលត្រូវនឹងប្រមាណ២,៥ម. នោះ គឺជាប្រវែងនៃសំពត់ ដែលព្រះសង្ឃយកមក “ពាន់ទ្រូង” ពេលធ្វើកិច្ចសាសនាសំខាន់ៗ ត្បិតទាល់តែពាន់ទ្រូងដូច្នេះហើយ ទើបចាត់ទុកថាការគ្រងស្បង់ចីពរពេញលេញពិតប្រាកដ (ខ្ញុំមិននិយាយពីការគ្រងមួយចំហៀងឬឃ្លុំជិតខ្លួននោះទេ នៅទីនេះ)។

វចនានុក្រមនៃពុទ្ធសាសនបណ្ឌិត្យបញ្ជាក់ថា “វត្ថពន្ធ” មានពីរបែប មួយគឺ “វត្ថពន្ធចង្កេះ” ឯមួយបែបទៀតគឺ “វត្ថពន្ធទ្រូង”។

ហេតុអ្វីបានជាថា “ប្រុសដើមទ្រូងប្រាំហត្ថ”? ទីមួយគឺថាមានតែប្រុសទេដែលបួស។

ឯសំណួរទីពីរគឺហេតុអ្វីក៏យកពាក្យ “ប្រាំហត្ថ” នោះមកនិយាយក្នុងន័យថា “ខែងរែង”, “ក្លាហាន”, “មិនរួញរា”… ដូច្នេះ? នេះគឺមកពីការនៅក្នុងផ្នួស ឬធ្លាប់នៅក្នុងផ្នួស ជាការដែលគេចាត់ទុកថាប្រសើរ ជាពិសេសបើនៅក្នុងផ្នួសនោះយូរ ត្បិតពីមុនមកពុំអាចរៀនសូត្រចេះដឹងអ្វីឡើយបើមិនបួស ដូច្នេះហើយបានជាមានពាក្យថា “បួសរៀន”។

ធម្មតាអ្នកចេះ គឺអ្នកដែលយល់ការរាក់ជ្រៅ ចេះថ្លឹងថ្លែងសភាពការទាំងឡាយតាមការជាក់ស្តែង ពុំឱ្យការតក់ស្លុតមកគ្របដណ្តប់។ បើនិយាយតាមព្រះពុទ្ធសាសនា គឺត្រូវឥតមានល្អៀង ត្បិតទស្សនវិជ្ជានេះពន្យល់មនុស្សឱ្យមើលការពិតនៅចំពោះមុខ។ ដូច្នេះន័យថា “ខែងរែង”… ដែលពោលខាងលើអម្បាញ់មិញ មិនមែនសំដៅទៅតែការក្លាហានក្នុងកម្លាំងបាយនោះទេ គឺសេចក្តីក្លាហាន ទទួលខុសត្រូវ (បើខុសទទួលខុស បើត្រូវដឹងខ្លួនថាត្រូវ)សមជាអ្នកចេះ។

ប្រភពៈ យសោធរ

ផ្សព្វផ្សាយវប្បធម៌ខ្មែរ Khmer Culture
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).